អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចំហាយ​នៃ​ជ័យជំនះ​លោក​ដូណាល់​ ត្រាំ​ ជះ​លើ​បរិយាកាស​នៅ​រុស្ស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ដូណាល់ ត្រាំ ដែល​តាំងពី​នៅជា​បេក្ខជន​ខាង​បក្ស​សាធារណរដ្ឋ​ម្ល៉េះ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រមែង​ថ្លែងថា​សម្រាប់​ស.រ.អា.ល្អជាង កុំ​ចងសត្រូវ​ជាមួយ​រុស្ស៊ីអី តែ​គឺ​សហការ​ជាមួយ​ប្រទេស​នេះ​ទៅ ហើយ​ពួតដៃ​គ្នា​វាយកំទេច​ពួក​ភេរវជន​គ្រប់​ស្បែកមុខ​នៅក្នុង​លោក។ ម៉្លោះហើយ​បានជា​ជ័យជំនះ​របស់​គាត់​ត្រូវបាន​ម៉ូស្គូ​សាទរ​នៅតាម​អង្គការ​ ប្លែកៗ​នៃ​រដ្ឋអំណាច​រុស្ស៊ី ប៉ុន្តែ ដោយ​នៅចាំ​អ៊ុតមើល​នៅឡើយ តើ​ក្នុង​ការ​អនុវត្តន៍​ជាក់ស្តែង គាត់​នឹង​បំពេញ​ឬទេ​តាម​ពាក្យសន្យា​របស់​គាត់។

វិមាន​ក្រេមឡាំង នៅ​ម៉ូស្គូ
វិមាន​ក្រេមឡាំង នៅ​ម៉ូស្គូ all-free-photos.com
ផ្សាយពាណិជ្ជកម្ម

ជា​បឋម វិមាន​ក្រេមឡាំង៖ ថ្ងៃ​៩វិច្ឆិកា នា​ពិធី​ទទួល​សារតាំង​ពី​ឯកអគ្គរដ្ឋទូត​និង​រាជទូតថ្មីៗ​នៃ​១៩ប្រទេស ក្នុងនោះ​មានទាំង​រាជទូត​កម្ពុជា​ផង ដែលបាន​ប្រព្រឺត្ត​ទៅ​ក្នុង​មហាសាល​នៃ​វិមាន​ក្រេមឡាំង លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដោយ​ស្រដី​អំពី​ស្ថានការណ៍​នៅ​ស.រ.អា.បាន​ថ្លែង​ទៅកាន់​បណ្តា​តំណាង​ពេញសមត្ថកិច្ច​នៃ​រដ្ឋ​ទាំងនោះ ដើម្បី​ឲ្យ​គេ​ពាំនាំ​ដល់​រដ្ឋាភិបាល​គេ​រៀងៗ​ខ្លួន ហើយ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ដល់​សហគមន៍​ពិភពលោក​តែម្តង​អំពី​គោលជំហរ​រុស្ស៊ី។ លោក​ពូទីន​បាន​លើកឡើង​ដូច​តទៅ ៖

-ប៉ុន្មាន​ម៉ោង​មុន នៅ​ស.រ.អា. ការ​បោះឆ្នោត​ប្រធានាធិបតី​បាន​ចប់​សព្វគ្រប់​ទៅហើយ។ យើង​តែង​បាន​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​អំពី​ការ​បោះឆ្នោត​នេះ។ ខ្ញុំ​សូម​អបអរ​សរសើរ​ប្រជាជន​អាមេរិក​ដែល​បាន​ធ្វើការ​ជ្រើសរើស​របស់​ខ្លួន និង​សូម​អបអរ​សាទរ​លោក​ដូណាល់ ត្រាំ ដែល​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​នេះ។ យើង​បាន​ឮ​សេចក្តី​ថ្លែងការណ៍​របស់​គាត់​តាំងពី​នៅជា​បេក្ខជន​ប្រធានាធិបតី​នៅឡើយ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត ថ្លែង​ដើម្បី​ការ​ស្តារ​ឡើងវិញ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ស.រ.អា។

យើង​ក៏​យល់ដឹង​ក្នុង​ចិត្ត​ដែរ​ថា ផ្លូវដែល​ត្រូវ​ដើរ​នោះ មិនមែន​ងាយស្រួល​ឡើយ បើ​គន់គិត​អំពី​ការ​ស្រុតចុះ​អាក្រក់​មែនទែន​ទៅហើយ​នៃ​ទំនាក់ទំនង​នេះ។ ដូច​ដែល​យើង​តែងបាន​ថ្លែង​ជាច្រើន​លើក​ទៅហើយ ការ​ដែល​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ មិនមែន​មកពី​កំហុស​រុស្ស៊ី​ឡើយ។

ប៉ុន្តែ​រុស្ស៊ី​ត្រៀម​ហើយ ចង់​ស្តារ​ទំនាក់ទំនង​ឲ្យបាន​ពេញលេញ​ជាមួយ​ស.រ.អា. ទោះបី​ដូច​ដែល​ខ្ញុំ​បាន​និយាយ​ទៅហើយ​ថា​ផ្លូវនេះ​មិនមែន​ងាយស្រួល​ក្តី។ ប៉ុន្តែ​រុស្ស៊ី​ត្រៀមដើរ​ឲ្យបាន​ផុត​ចំណែកផ្លូវ​របស់​ខ្លួន ដើម្បី​បង្វែរ​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក ឲ្យ​អភិវឌ្ឍ​យ៉ាង​ស្ថិតស្ថេរ។

ការនេះ​មុខជា​នឹង​នាំមក​នូវ​កុសល​ទាំង​សម្រាប់​ប្រជាជន​អាមេរិក ទាំង​សម្រាប់​ប្រជាជន​រុស្ស៊ី ហើយនឹងជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅលើ​បរិយាកាស​ទូទៅ​ក្នុង​កិច្ចការ​ពិភពលោក បើ​គន់គិត​អំពី​នាទី​ទទួល​ខុសត្រូវពិសេស​របស់​សហព័ន្ធ​រុស្ស៊ី និង​ស.រ.អា​ចំពោះ​ការ​ទ្រទ្រង់​ឲ្យមាន​ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​លោក។

ក្នុង​សភា​ឌូម៉ា ជា​សភា​ជាន់ក្រោម​នៃ​រដ្ឋសភា​រុស្ស៊ី៖ ដំណឹង​ស្តីអំពី​ជ័យជំនះ​លោក​ដូណាល់ ត្រាំ ត្រូវបាន​តំណាងរាស្ត្រ​ទាំង​៤៤៩នាក់​នៃ​សភា​ឌូម៉ា​ទទួលយក​ដោយ​ទះដៃ​សាទរ​លាន់​ទ្រហឹង។ ដំណឹង​នេះ​ប្រកាស​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​សភា ព្រឹក​ថ្ងៃ​៩វិច្ឆិកា ដោយ​ប្រធាន​គណៈកម្មាធិការ​សភា​ខាង​បញ្ហា​អប់រំ លោកVyacheslav Nikonov។ គាត់ថា​លោកស្រី​ហ៊ីឡារី គ្លិនតុន ទើប​៣នាទី​មុន បាន​ទទួលស្គាល់​បរាជ័យ​ខ្លួន។ ហើយ​មុននេះ​បន្តិច លោក​ដូណាល់ ត្រាំ បានថ្លែង​សុន្ទរកថា​លើក​ដំបូង​របស់​ខ្លួន ក្នុងឋានៈ​ជា​អ្នក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ស.រ.អា។

រីឯ​លោក​ប្រធាន​សភា​ឌូម៉ា Vyacheslav Volodine រំពឹងថា ជ័យជំនះ​លោក​ត្រាំ មុខជា​នឹង​ផ្តល់​លក្ខណៈ​បាន​ស្ថាបនា​ឡើង​ដល់​ការ​សន្ទនា​រវាង​រុស្ស៊ី​និង​អាមេរិក ។ ពីព្រោះ​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​សព្វថ្ងៃ មិន​អាច​ត្រូវ​ចាត់ទុក​”ជា​មិត្តនឹងគ្នា”ឡើយ។ តាម​សម្តី​គាត់ រដ្ឋសភា​រុស្ស៊ី​នឹង​“ សាទរ​ហើយ​គាំទ្រ​ដល់​ជំហាន​ណា​ក៏ដោយ​“នៅ​តាម​ទិសដៅ​នេះ”។ លោក​ប្រធាន​សភា​គូស​បញ្ជាក់​ថា ទំនាក់ទំនង​ត្រូវតែ​កសាង​ឡើង​ដោយ​ឈរលើ​”មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក និង​ភាព​ជា​ដៃគូ​ស្មើ​សិទ្ធិគ្នា” ចំណែក​សហប្រតិបត្តិការ​ត្រូវតែ​ផ្តិតជាប់​ដោយ​លក្ខណៈ​នាំជា​គុណប្រយោជន៍​ទៅវិញ​ទៅមក”។

ប្រធាន​បក្ស​ជាតិនិយម​LDPR ដែលមាន​៣៩​អាសនៈ​ប្រចាំ​នៅ​សភា​ឌូម៉ា​នីតិកាល​ថ្មី គឺលោកVladimir Zhirinovski ដែលបាន​ទាយ​ត្រូវមែន​ថា លោកស្រី​ហ៊ីឡារី គ្លិនតុន មុខជា​ចាញ់ឆ្នោត​ក្នុង​ចន្លោះ​ពេល​សម្រាក​នៃ​សម័យ​ប្រជុំ​នោះ បាន​រៀបចំ​កូន​ពិធី​ជប់លៀង​មួយ ដោយ​លើក​កែវស្រាChampagne អបអរ​សាទរ​ជ័យជំនះ​លោកត្រាំ។ គាត់​សំដែង​សេចក្តី​សង្ឃឹម​ថា ថា​ចាប់ពី​អំណើះ​តទៅ ស.រ.អា​មុខជា​នឹង​មិន​សូវ​លូកដៃ​ជ្រៀតជ្រែក​ទៀតឡើយ ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​រុស្ស៊ី។ គាត់​បាន​ឲ្យដឹង​ថា សម្រាប់​ទិញ​ស្រា​Champagne និង​គ្រឿងក្លែម​ប្លែកៗ គាត់​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​អស់​១សែនរូប្ល ឬ​ជិត​១.៦០​ដុល្លារ។  

លោក​Constantin Kocachev ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​រុស្ស៊ី ខាង​កិច្ចការ​អន្តរជាតិ ក្នុង​បទអន្តរាគមន៍​តាម​ទូរទស្សន៍​ជាតិ បាន​ថ្លែងថា ក្នុង​ដំណាក់​ឥឡូវ គប្បី​ស្ងប់ស្ងាត់​ក្នុង​ចិត្ត​សិនទៅ កុំអាល​អរ​ជ្រុល។ ដំណើរ​វិវឌ្ឍន៍​ទៅ​ថ្ងៃមុខ​នៃ​ទង្វើ​លោកត្រាំ​ចំពោះ​រុស្ស៊ី នឹង​បង្ហាញ​ឲ្យឃើញ​ពី​ធាតុពិត​នៃ​ប្រធានាធិបតី​ថ្មី​នេះ​របស់​ស.រ.អា។

ក្រសួង​ការ​បរទេស​រុស្ស៊ី៖ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ថ្លែងថា សហព័ន្ធ​រុស្ស៊ី​នឹង​វាយតម្លៃ​ដល់​ការងារ​ប្រធានាធិបតី​ថ្មី​នៃ​ស.រ.អា.គឺ​ទៅតាម​សាច់ការ​របស់​គាត់ ហើយ​រុស្ស៊ី​ឆ្លើយ​ទៅវិញ​ដោយ​សាច់ការ​ដែរ។

ប្រមុខ​ការទូត​រុស្ស៊ី​គូស​បញ្ជាក់​ថា រុស្ស៊ី​មិន​លើក​នរណា​ខ្ពស់ជាង​នរណា​ឡើយ ហើយ​ត្រៀម​ធ្វើ​ការងារ​ជាមួយ​មេដឹកនាំ​អាមេរិកាំង​ណាក៏ដោយ ដែល​ត្រូវ​ប្រជាជន​បោះឆ្នោត​ជ្រើសរើស។ តាម​ប្រសាសន៍​គាត់ គោលជំហរ​នេះ​របស់​រុស្ស៊ី ស្ថិត​នៅ​ដដែល​ឥត​ប្រែប្រួល​សោះឡើយ។

អ្នក​ការទូត​កំពូល​នេះ​របស់​រុស្ស៊ី​ទាញយក​សេចក្តី​សន្និដ្ឋាន៖
-ខ្ញុំ​មិនអាច​និយាយ​ឡើយ​ថា គ្រប់តែ​មេដឹកនាំ​អាមេរិកាំង​លើកមុនៗ​ដែលជា​ដៃគូ​យើង ទោះ​ក្នុង​ស្ថានការណ៍​ណា​ក៏ដោយ សុទ្ធតែ​ជា​មនុស្ស​ដែល​យើង​អាច​ទស្សន៍ទាយ​ជាមុន -គេ​ជា​ភាគមួយ​នៃ​ជីវិត  គេ​ជា​ភាគមួយ​នៃ​នយោបាយ។ វោហារ​ដែលគេ​បាន​ពោលមក​គឺច្រើន ប៉ុន្តែ​យើងនឹង​វិនិច្ឆ័យ​សម្តីគេ គឺ​ទៅតាម​កិច្ចការ​ជាក់ស្តែង ហើយយើង​នឹង​ឆ្លើយតប​វិញ​ដោយ​កិច្ចការ​បែបនេះ​ដែរ។

អ្នក​នាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova បាន​ឆ្លើយតប​នឹង​សម្តី​លោក Michael McFaul អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​រុស្ស៊ី ដែលថា​លោក​ប្រធានាធិបតី​​រុស្ស៊ី​ពូទីន​បាន​ជះ​ឥទ្ធិពល​ទៅលើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ស.រ.អា.តាម​រយៈ​ការ​លូកដៃ​ចូល​ក្នុង​ការបោះឆ្នោត​អាមេរិកាំង ហើយ​ចេះ​”សម្រេច​បាន​ដូចចិត្ត​មែន”។ អតីត​អ្នក​ការទូត​អាមេរិក​ថែមទាំង​បានហៅ​មេដឹកនាំ​រុស្ស៊ី​ជា​ពាក្យ​រុស្ស៊ី​ថា​“Molodets“ ដែល​មាន​ន័យថា” ចំជា​គ្រាន់បើ​មែន“។

រីឯ​ចម្លើយ​លោកស្រី​អ្នក​ការទូត​រុស្ស៊ី​គឺថា៖
-មុនដំបូង រដ្ឋបាល​លោក​Obama បាន​តែងតាំង​“ពពួកជន​McFaul l”​ បែបនេះ​ឲ្យកាន់​តំណែង ទទួលខុសត្រូវ​ទាំង​ផ្ទុកផ្តាក់​ពួកគេ​ឲ្យ​គ្រប់គ្រង​មិន​គ្រាន់តែ​លើ​ប្រទេសខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​លើ​​ប្រទេស​ចំណុះ​ជាច្រើន រួច​បន្ទាប់​មក កាល​ដែល​ស្ថានការណ៍​ធ្លាក់​ក្នុង​ភាព​ទ័លច្រក ក៏​ចាប់ផ្តើម​​ស្រែកថា​គឺ​ម៉ូស្គូដែលជាប់ពិរុទ្ធក្នុងគ្រប់កិច្ចការរបស់ពួកគេ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ