អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

លោកពូទីន​​បាន​​អបអរសាទរ​​លោក​​ដូណាល់ ត្រាំ ​ដែល​ទើប​​ឈ្នះឆ្នោត​​នៅ​ស.រ.អា​

ព្រឹក​​ថ្ងៃ៩វិច្ឆិកា​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាន​ផ្ញើ​សារទូរលេខ​សំដែង​ការ​អបអរសាទរ​ជូនលោក​ដូណាល់ ត្រាំ ដែល​ទើប​ឈ្នះឆ្នោត​ឡើង​ជា​ចៅហ្វាយថ្មី​នៃ​សេតវិមាន​ទាំង​សង្ឃឹម​ស្តារ​ ទំនាក់ទំនង​រុស្ស៊ី-អាមេរិក ​ឲ្យបាន​ល្អ​ឡើងវិញ។  

ប្រធានាធិបតី​រុស្ស៊ី ពូទីន
ប្រធានាធិបតី​រុស្ស៊ី ពូទីន REUTERS/Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

ក្នុង​សារ​ទូរលេខ​នេះ លោក​ពូទីន​បាន​សំដែង​សេចក្តី​សង្ឃឹម​ទៅលើ​ការ​ធ្វើ​ការងារ​រួមគ្នា ដើម្បី​ស្រោចស្រង់​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក ចេញពី​ស្ថានភាព​វិបត្តិ ព្រមទាំង​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តរជាតិ​ផង​ទាំងឡាយ ប្រកបដោយ​បច្ចុប្បន្នភាព និង​ស្វែង​រក​ចម្លើយ​ឲ្យបាន​ស័ក្តិសិទ្ធិ តបនឹង​ការ​គម្រាម​ដល់​សន្តិសុខ​ពិភពលោក។

លោកពូទីន​ក៏​សំដែង​នូវ​ជំនឿថា កិច្ចសន្ទនា​ស្ថាបនា​រវាង​ក្រុងម៉ូស្គូ និង​វ៉ាស៊ីនតោន ដែល​ឈរ​លើ​គោលការណ៍​ស្មើភាព​គោរពគ្នា​ទៅវិញ​ទៅមក គន់គិត​ជាក់លាក់​មែន​អំពី​គោលជំហរ​ម្ខាងៗ មុខជានឹង​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​មហាប្រទេស​ទាំងពីរ និង​ផល​ប្រយោជន៍​សហគមន៍​អន្តរជាតិ។

បេក្ខជន​ខាង​បក្សសាធារណរដ្ឋ ​លោក​ដូណាល់ ត្រាំ ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី៤៥​នៃស.រ.អា.ក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត​តែងបាន​ត្រូវ​គូប្រជែង​គាត់​ខាង​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ីឡារី គ្លិនតុន ចោទថា​ជា “ អាយ៉ង”​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន ដោយ​គ្រាន់តែ​គាត់ចង់​សហការ​ជាមួយ​រុស្ស៊ី ដើម្បី​ប្រយុទ្ធ​ទល់នឹង​ពួកភេរវជន​នៃ​អង្គការ​”រដ្ឋអ៊ីស្លាម”។

ម៉ូស្គូ​ក៏ជាប់​ក្នុង​ក្តីសង្ស័យ​របស់​វ៉ាស៊ីនតោន​ថា​ជួយ​ចូកចែវ​ឲ្យលោក​ដូណាល់ ត្រាំ ឈ្នះឆ្នោត​តាមផ្លូវ​ទម្លាយចេញ​នូវ​សារចំនួន​ជាង​២ម៉ឺនច្បាប់​របស់​ពួក​មន្ត្រី​បក្ស​ប្រជាធិបតេយ្យ។

លោកត្រាំ​ពី​ចំណែកខ្លួន តែងបាន​ស្ងើចសរសើរ​លក្ខណៈ​សម្បត្តិ​មេដឹកនាំ​រុស្ស៊ី ទាំង​សង្ឃឹម​ថា នឹងមាន​”ទំនាក់ទំនង​ល្អមែនទែន “​ជាមួយ​លោក​ពូទីន។

លោកពូទីន​បាន​ហៅ​លោកត្រាំ ទៅហើយ​ថា​ជា “ បុរស​ប្រកបដោយ​ទេពកោសល្យ​យ៉ាង​ត្រចះត្រចង់” ​ដែល​គាត់​ត្រៀមតាំង​ជាមួយ​គឺ​ទំនាក់ទំនង​ពេញ​លក្ខណៈ​រវាង​រុស្ស៊ី​និង​អាមេរិក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ