អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល​បារម្ភ​ប៉ាឡេស្ទីន​ប្តឹង​ខ្លួន​ទៅ​តុលាការ បើ​ប៉ាឡេស្ទីន​ក្លាយ​ជា​រដ្ឋ​សមាជិក​អសប

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ីស្រាអែល​បាន​បង្កើន​កម្លាំង​ទាហាន​ បីកងពល ទៅ​ក្នុង​តំបន់​Cisjordanie ដើម្បី​ត្រៀម​ទប់ទល់​បាតុកម្ម​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅថ្ងៃ​សុក្រ​ទី ១៦ កញ្ញានេះ។ ប្រជាជន​ប៉ាឡេស្ទីន​ត្រៀម​អបអរ​ការប្រកាស​របស់​ប្រមុខរដ្ឋខ្លួន គឺ​លោក​ Mahmoud Abbas ស្តី​ពី​ការដាក់​បេក្ខភាព​របស់​ប៉ាឡេស្ទីន ជា​រដ្ឋ​សមាជិក​របស់​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​បើកមហាសន្និបាត ថ្ងៃ​ទី ២៣​កញ្ញាខាងមុខ។ រហូតមក​ដល់ពេល​នេះ​ពាក្យ​សុំចូល​របស់​ប៉ាឡេស្ទីន​ជា​រដ្ឋសមាជិក​របស់អង្គការ ​សហប្រជាជាតិ ត្រូវ​អ៊ីស្រាអែល និង​អាមេរិក​ប្រឆាំង​ដាច់ខាត។ នៅពីរថ្ងៃចុងក្រោយនេះ អាមេរិក​បាន​បញ្ជូន​បេសកជន​ពិសេស​របស់ខ្លួន​ទៅនិយាយ​បញ្ចុះបញ្ចូល​អាជ្ញាធរ​ ប៉ាឡេស្ទីន​ឲ្យ​ផ្អាក​គម្រោងការ​ទាមទារ នៅ​អង្គការ​សហប្រជាជាតិ និង​ងាក​មកចរចា​ទ្វេភាគី​ជាមួយ​អ៊ីស្រាអែលវិញ។ 

កៅអី​សម្រាប់​ប៉ាឡេស្ទីន​នៅ​អង្គការ​សហប្រជាជាតិ
កៅអី​សម្រាប់​ប៉ាឡេស្ទីន​នៅ​អង្គការ​សហប្រជាជាតិ ©
ផ្សាយពាណិជ្ជកម្ម

ដំណើរស្វែងរក​សន្តិភាព​នៅដើមបូព៌ា គឺដោះស្រាយ​ជម្លោះ​ទឹកដី​អ៊ីស្រាអែល ប៉ាឡេស្ទីន បាន​ធ្វើ​ឡើង​​ជាង ពីរទសវត្សរ៍ ដោយ​មាន​អាមេរិក​ជាអ្នកផ្តួចផ្តើម និង​ធ្វើ​ជាអាជ្ញា​កណ្តាល។ ប៉ុន្តែ ការចរចា​កន្លងមក មិន​បានផ្តល់​លទ្ធផល និង​ប្រយោជន៍​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ទាល់តែសោះ ប៉ុន្តែ គេ​ឃើញ​តែ​អ៊ីស្រាអែល​កាន់តែ​តែ ពង្រីក​ដែនដី​អាណានិគមកិច្ច​របស់ខ្លួន ចូល​​ទៅក្នុង​ទឹកដី​ប៉ាឡេស្ទីន។

ប៉ាឡេស្ទីន​មាន​សិទ្ធិស្របច្បាប់​ក្នុង​ការសុំចូល​ជា​រដ្ឋសមាជិក​ របស់អង្គការ​សហប្រជាជាតិ។ អ្វីៗ​ដែល​ប៉ាឡេស្ទីន​ធ្វើបច្ចុប្បន្ន​គឺ​គ្រាន់តែ​ឲ្យ​អង្គការ​សហប្រជាជាតិ ​ពិនិត្យ​ឡើង​វិញ ពី​ការសម្រេចចិត្ត​របស់ខ្លួន ដែល​បាន​ធ្វើ​ កាលពី ខែ​កញ្ញា ​ឆ្នាំ ១៩៤៧។ កាលណោះ​អង្គប្រជុំ​ដដែល​របស់អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​បង្កើត​រដ្ឋពីរ នៅក្នុង​ទឹកដីប៉ាឡេស្ទីន គឺ​រដ្ឋអ៊ីស្រាអែល និង​រដ្ឋប៉ាឡេស្ទីន។

ប៉ុន្តែ ប៉ាឡេស្ទីន​នៅតែ​មិនទាន់​បាន​ក្លាយ​ជា​រដ្ឋផ្លូវការ​ដោយសារ​តែ​ជម្លោះ​ ជាបន្តបន្ទាប់​រវាង​អ៊ីស្រាអែល និង​បណ្តាប្រទេស​អារ៉ាប់ ដែល​ជំទាស់​មិន​ឲ្យ​មាន​អ៊ីស្រាអែល រដ្ឋJuif នៅក្នុង​ទឹកដី​អារ៉ាប់។

កន្លងមក ប៉ាឡេស្ទីន​សុខចិត្ត​បន្ត​ស្តាប់តាម​អាមេរិក ដោយ​យក​ការចរចា​ទ្វេភាគី តែ​មិន​ប្តឹង​ផ្ទាល់​ទៅ​អង្គការ​សហប្រជាជាតិ ដោយសារ​តែ​ប៉ាឡេស្ទីន​ខា្លច​បាត់បង់​ប្រយោជន៍ ខ្លាច​អាមេរិក​កាត់ផ្តាច់​ជំនួយ។ ប៉ុន្តែ ការចរចា​ចុងក្រោយ ធ្វើ​ឡើង​កាលពីមួយឆ្នាំ មុន រវាង​ប្រធាន​អាជ្ញាធរ​​ប៉ាឡេស្ទីន គឺ​លោក​Mamoud Abbas និង​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Nethayahu​បាន​បញ្ចប់​ទៅ ដោយគ្មាន​ផ្តល់​លទ្ធផលអ្វី។ ចាប់តាំង​ពីពេលនោះ ការចរចា​ក៏​ត្រូវ​ផ្អាក ជាប់ទ្រឹង។

ការដែល​ប៉ាឡេស្ទីន​ហ៊ានចេញមុខ​ដាក់ពាក្យ​ទៅ​សុំ​ជា​រដ្ឋសមាជិក​របស់​ អង្គការ​សហប្រជាជាតិ នៅពេលនេះ គឺ​ដោយ​ប៉ាឡេស្ទីន​បាន​ស្ទង់​ឃើញ​ស្ថានការណ៍​វិវឌ្ឍន៍​ពីរ។

ទីមួយ​គឺ​ចេញពី​ជំហរ​របស់​អាមេរិក​ផ្ទាល់តែម្តង។ រដ្ឋបាល​របស់​លោក​អូបាម៉ា កាលពី​ខែ​មិថុនា​មុន បាន​ប្រកាស​ប្រាប់​ឲ្យ​អ៊ីស្រាអែល​គោរព​ខ្សែ​បន្ទាត់​ព្រំដែន មុន​សង្រ្គាម​ឆ្នាំ ១៩៦៧។ នេះមាន​ន័យ​ថា អ៊ីស្រាអែល​ត្រូវដកខ្លួន​ចេញពី​តំបន់​អាណានិគមកិច្ច និង​ប្រគល់​តំបន់​Jeruselum ខាងកើត តំបន់​Cisjordanie ឲ្យ​ទៅ​ប៉ាឡេស្ទីន។ លើសពីនោះ គឺ​អ៊ីស្រាអែល​ឈប់​ឡោមព័ទ្ធ រាំងខ្ទប់​តំបន់​ហ្គាហ្សាតទៅទៀត។ ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​ត្រូវ​អ៊ីស្រាអែល​ប្រឆាំង​ដាច់អហង្ការ និង​ថា គម្រោង​នេះ​មិន​អាច​ធ្វើទៅបានទេ ពីព្រោះ គេត្រូវដឹងថា ប្រជាជន​អ៊ីស្រាអែល មាន​ជាង​ពាក់កណ្តាល​លាននាក់ ដែល​កំពុង​រស់នៅCisjordani និង​Jéruselumខាងកើត។

ការប្រកាស​របស់​លោក​អូបាម៉ា បាន​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​មាន​ទឹកចិត្ត​បន្តិច បើទោះបីជា​ឃើញ​ថា អាមេរិក​នៅតែ​មិន​អាច​ធ្វើអ្វីបាន នៅចំពោះមុខ​ការពង្រីកអំណាច​របស់​អ៊ីស្រាអែល។

ចំណុច​ទីពីរ​ដែល​ធ្វើ​ប៉ាឡេស្ទីន​ហ៊ាន​ដាក់ពាក្យ​ដោយផ្ទាល់​ទៅ​ អង្គការសហប្រជាជាតិ គឺ​បដិវត្តន៍​នៅពិភព​អារ៉ាប់ នៅឆ្នាំ។ នយោបាយ​ភូមិសាស្រ្ត​របស់​អាមេរិក និង​របស់​ប្រទេស​អឺរ៉ុប​បាន​ផ្លាស់ប្តូរ ចាប់តាំងពី​មាន​បដិវត្ត​របស់​ប្រជាជន​អារ៉ាប់ ដោយចាប់ផ្តើម​ពី ទុយនីស៊ី និង​អេហ្ស៊ីប។ ប៉ាឡេស្ទីន​ដែល​បាន​ទទួល​ការគាំទ្រ​ពី​ប្រជាជន​អារ៉ាប់​ផ្សេងទៀត ក៏​បាន​ដើរ​នយោបាយ​ស្វែងរក​ការគំាទ្រ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់។ ប៉ាឡេស្ទីនបាន​ឃើញ​ឥទ្ធិពល​របស់​អ៊ីស្រាអែល​ធ្លាក់ចុះ និង​បាត់បង់​លំនឹង ជាពិសេស​នៅពេល​អ៊ីស្រាអែល​ផ្ទុះរឿងជាមួយ​ប្រជាជនអេហ្ស៊ីប និង​ទទួលការរិះគន់​ពី​តួកគី។

ម្យ៉ាងវិញទៀត ប៉ាឡេស្ទីន​ក៏​បាន​រៀបចំ​រចនា​សម្ព័ន្ធខ្លួន ត្រឹមត្រូវ ជា​រដ្ឋាភិបាល​មួយ គឺ​មិនមែន​ត្រឹម​ជា​អាជ្ញាធរ​បះបោរ​ដូចមុន។ ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​ប្រទេស​កុម្មុយនិស្ត និង​ប្រទេស​លោកខាងលិច​ផ្សេងទៀត។ រុស្ស៊ី ចិន សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ គាំទ្រ​បេក្ខភាព​របស់​ប៉ាឡេស្ទីន​ជារដ្ឋ​សមាជិក អង្គការ​សហប្រជាជាតិ។ រហូតមកដល់ពេលនេះ អាជ្ញាធរ​ប៉ាឡេស្ទីន​និយាយ​ថា មាន​ប្រទេស​ជាង ១២០​ដែល​គំាទ្រ​បេក្ខភាព​របស់​ខ្លួន។

កន្លងមក ប៉ាឡេស្ទីន ​ជារដ្ឋអំណាច ដែលមាន​ត្រឹម​អ្នកតំណាង​របស់ខ្លួន នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ មិនមែន​ជា​រដ្ឋ​សមាជិកទេ។ ប៉ាឡេស្ទីន​អាច​សុំ​ធ្វើ​ជា​រដ្ឋ​សមាជិក​អង្គការ​សហប្រជាជាតិ​បាន លុះត្រា​មាន​ការបោះឆ្នោត​យល់ព្រម​ពី​ប្រទេស​ទាំង​១៥ របស់​ក្រុមប្រឹក្សា​សន្តិសុខ ដោយ​មិនមាន​វេតូ​របស់​ប្រទេស​សមាជិក​ណាមួយ។ ឧបមាថា អាមេរិក​ប្រើ​សិទ្ធិ​វេតូ នៅ​ក្រុមប្រឹក្សា​សន្តិសុខ នោះ ប៉ាឡេស្ទីន​នឹង​មិន​អាច​ក្លាយជា​រដ្ឋ​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ ប៉ាឡេស្ទីន​នៅ​អាច​សុំ​ឲ្យ​មាន​ការបោះឆ្នោត​ជាទូទៅ​នៅ​ក្នុង​មហា​សន្និបាត ដើម្បី​សុំ​តំណែង​ត្រឹម​ជា​រដ្ឋ​អ្នកសង្កេតការណ៍ តែ​មិនមែន​ជាសមាជិក នៅអង្គការ​សហប្រជាជាតិ ដែល​ពេលនេះ មាន​បុរី​វ៉ាទីកង់មួយជា​ឧទាហរណ៍។

ឋានៈ​ជា​រដ្ឋ​សង្កេតការណ៍​នេះ​នឹង​ជួយឲ្យ​ប៉ាឡេស្ទីន​ចូលរួម​ក្នុង​ សកម្មភាព​របស់​អង្គការ​ផ្សេងៗ​របស់​អង្គការសហប្រជាជាតិ។ ប៉ាឡេស្ទីន​អាច​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង ការសាងសង់​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។

ជាក់ស្តែង នៅក្នុងជំនួប​ជាមួយ​បេសកជន​អាមេរិក និងអឺរ៉ុប នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ក៏​បានទទួល​ស្គាល់​ដែរ​ថា អ៊ីស្រាអែល​ខ្លាច​ប៉ាឡេស្ទីន​ដាក់ពាក្យ​បណ្តឹង​ប្តឹងខ្លួន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅពេលណា​ដែល​ប៉ាឡេស្ទីន​បាន​ចូលជា​រដ្ឋសមាជិក​របស់​អង្គការសហប្រជាជាតិ។ ប៉ុន្តែ មន្រ្តី​អ៊ីស្រាអែល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹងថា អ៊ីស្រាអែល​នឹងមិនខ្លាច​តុលាការ​ព្រហ្មទណ្ឌទេ ព្រោះអ៊ីស្រាអែល​មិន​បាន​ផ្តល់​សច្ចាប័ន​ទៅ​លើ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម ដែល​ទទួលស្គាល់​សិទ្ធិអំណាច​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ