អានតួអត្ថបទ
ដើមបូព៌ា-អាមេរិក

អាមេរិក​ព្យាយាម​បញ្ចៀស​កុំឲ្យ​អ.ស.ប.​បោះឆ្នោត​លើ​សមាជិកភាព​ប៉ាឡេស្ទីន

នៅពេល​ដែល​ថ្ងៃ​បើក​មហាសន្និបាត​អ.ស.ប.​កាន់តែ​ខិតជិត​មកដល់ បញ្ហា​សមាជិកភាព​ប៉ាឡេស្ទីន​កាន់តែ​ក្លាយ​ជា​រឿង​ឈឺក្បាល​ សម្រាប់​សហរដ្ឋ​អាមេរិក។ អាជ្ញាធរ​ប៉ាឡេស្ទីន​គ្រោង​នឹង​ស្នើសុំ​ជាផ្លូវការ​ចូល​ជា​សមាជិក​អ.ស.ប. នៅ​សប្តាហ៍​ក្រោយ។ សំណើនេះ​អាច​នឹង​ត្រូវ​បរាជ័យ​ដោយសារ​វ៉េតូ​អាមេរិក។ ក៏ប៉ុន្តែ ប្រសិន​បើ​អាមេរិក​ប្រើសិទ្ធិវ៉េតូ​​ជំទាស់​​សមាជិកភាព​ប៉ាឡេស្ទីន អាមេរិក​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ភាព​ឯកោ និង​អាច​បាត់បង់​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​តំបន់​ដើមបូព៌ា។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ អាមេរិកកំពុង​តែ​ព្យាយាម​គ្រប់មធ្យោបាយធ្វើយ៉ាងណា​រារាំង​កុំ​ឲ្យ​មាន​ការ​បោះឆ្នោត​លើ​សមាជិកភាព​ប៉ាឡេស្ទីន នៅសប្តាហ៍​ក្រោយ។

លោក​ម៉ះមូដ អាបាស់ (Mahmoud Abbas) ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​
លោក​ម៉ះមូដ អាបាស់ (Mahmoud Abbas) ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​ Reuters/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

បេសកជន​ពិសេស​ពីររូប​របស់​អាមេរិក​នឹងធ្វើដំណើរ​ទៅ​កាន់​តំបន់​ដើមបូព៌ា​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​ពី​​បាន​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​នេះ កាល​ពី​សប្តាហ៍មុន។ បេសកជន​ទាំងពីរ​រូបនេះ​នឹង​ជួប​ជាមួយ​​មេដឹកនាំ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដើម្បី​ព្យាយាម​ស្វែងរក​ការសម្រុះសម្រួល​គ្នា​មួយ ដើម្បី​បញ្ចៀសកុំឲ្យ​ប៉ាឡេស្ទីន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អ.ស.ប.។

អាជ្ញាធរ​ប៉ាឡេស្ទីន​គ្រោង​នឹង​ដាក់​សំណើ​​សុំ​ចូល​ជា​សមាជិក​ នៅពេល​អ.ស.ប.​បើក​មហាសន្និបាត​ប្រចាំ​ឆ្នាំ នៅថ្ងៃ​២០ កញ្ញា សប្តាហ៍​ក្រោយ។ រហូតមកទល់ពេលនេះ សំណើ​របស់​ប៉ាឡេស្ទីន​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ជាច្រើន​ ដែល​គេ​រំពឹង​ថា​នឹង​គ្រប់គ្រាន់​ល្មម​ អាច​បោះឆ្នោត​អនុម័ត​នៅ​ក្នុង​អង្គ​មហាសន្និបាត​បាន។ ក៏ប៉ុន្តែ សមាជិក​ភាព​របស់​ប៉ាឡេស្ទីន​អាច​នឹង​ត្រូវ​ជាប់គាំង​ត្រឹម​ក្រុមប្រឹក្សា​សន្តិសុខ ដោយសារ​តែ​អាមេរិក​គ្រោង​នឹង​ប្រើ​សិទ្ធិវ៉េតូ​ជំទាស់។

ក៏ប៉ុន្តែ ការប្រើសិទ្ធិ​វ៉េតូ​ជំទាស់​នឹង​សមាជិកភាព​ប៉ាឡេស្ទីន​អាច​នឹង​ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​​ឯកោ​​តែ​ម្នាក់​​ឯង ពីព្រោះ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ជាច្រើន​​ រួម​ទាំង​ប្រទេស​នៅ​អឺរ៉ុប ដូចជា បារាំង ជាដើម បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ​​សមាជិក​ភាព​ប៉ាឡេស្ទីន។ ថ្មីៗនេះ រុស្ស៊ី ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​ ក៏​បាន​ប្រកាស​គាំទ្រ​ប៉ាឡេស្ទីន​ដែរ។

បញ្ហា​​កាន់តែ​ធំ ដែល​អាមេរិក​ត្រូវ​ប្រឈមមុខ គឺ​ទំនាក់ទំនង​ជាមួយ​ពិភព​អារ៉ាប់។ តួកគី និង​អារ៉ាប៊ី​សាអ៊ូឌីត ដែល​ជា​សម្ព័ន្ធ​ដ៏​ធំ​របស់​អាមេរិក ក្នុង​ពិភព​អារ៉ាប់ សុទ្ធតែ​​បាន​ប្រកាស​គាំទ្រ​សមាជិកភាព​របស់​ប៉ាឡេស្ទីន។ កាលពីថ្ងៃ​ចន្ទ អតីត​ឯកអគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​​ព្រមាន​ទុកជាមុន​ថា ប្រសិន​បើ​អាមេរិក​ប្រើសិទ្ធិវ៉េតូ​ជំទាស់​សមាជិកភាព​ប៉ាឡេស្ទីន ទំនាក់ទំនង​អារ៉ាប៊ីសាអ៊ូឌីត-អាមេរិក​នឹង​មិន​អាច​ដូច​​មុន​ទៀតទេ។ វ៉េតូ​របស់​អាមេរិក​នឹង​បំពុល​ទំនាក់ទំនង​រវាង​អាមេរិក​និង​ពិភព​អារ៉ាប់។

សំណុំរឿង​ប៉ាឡេស្ទីន​កំពុង​ក្លាយ​ជា​បញ្ហា​ចាក់ស្រែះ​មួយទៀត​ សម្រាប់​លោក​អូបាម៉ា។ ក្នុងពេល​កំពុង​គាំទ្រ​​ចលនា​បដិវត្តន៍​របស់​ប្រជាជន​អារ៉ាប់ នៅ​​អេហ្ស៊ីប លីប៊ី ទុយនីស៊ី និង​ស៊ីរី លោក​អូបាម៉ា​បែរ​ជា​ត្រូវ​មក​​ជំទាស់​​មិន​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​​ទទួល​បាន​សិទ្ធិ​​ជា​ប្រជាជាតិ​មួយ ក្នុង​អ.ស.ប.។ ប៉ុន្តែ បើសិនជា​​មិន​ប្រើសិទ្ធិវ៉េតូ​លើ​សមាជិកភាព​របស់​ប៉ាឡេស្ទីន​ លោក​អូបាម៉ា​នឹង​ត្រូវ​ប្រឈមមុខ​នឹង​​ការ​ប្រឆាំង​ពី​សំណាក់​សមាជិក​សភា​អាមេរិក ដែល​ភាគច្រើន​គាំទ្រ​អ៊ីស្រាអែល។ នៅពេលនេះ សភា​អាមេរិក​បាន​ព្រមាន​ទុក​ជាស្រេច​ទៅ​ហើយ​ថា ​នឹង​កាត់ផ្តាច់​រាល់​ជំនួយ​ទាំងអស់​ទៅ​ឲ្យ​ប៉ាឡេស្ទីន ប្រសិន​បើ​​ប៉ាឡេស្ទីន​​​នៅតែ​ជំនះ​​ចូល​ជា​​សមាជិក​អ.ស.ប.៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ