អានតួអត្ថបទ
សុខភាព

ដំណើរឆ្ពោះ​ទៅ​ដល់​ការសម្រេច​បង្កើត​ថ្នាំ​បង្ការ​ជំងឺ​គ្រុនចាញ់

ក្តី​សង្ឃឹម​ថា​នឹង​មាន​ថ្នាំ​វ៉ាក់សាំង បង្ការ​​ជំងឺ​គ្រុនចាញ់ ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់ នឹង​អាច​ក្លាយ​ជា​ការពិត​បាន ! ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​របស់ ទីពិសោធ​អង់គ្លេស GlaxonSmithKline ក្រោម​ការ​ឧបត្ថម្ភ​ពី​មូលនិធិ​ Bill Gates បាន​សម្រេច​រក​ឃើញ​​ថ្នាំ​វ៉ាក់សាំង​ ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ ប្រកប​ដោយ​ប្រសិទ្ធិភាព​ អាច​កាត់​បន្ថយ​គ្រោះ​ កើត​ជំងឺ​នេះ​បាន​ ប្រមាណ​៥០%។ លទ្ធផល​នៃ​ការ​សាកល្បង​ផ្នែក​វេជ្ជសាស្ត្រ​ដំណាក់កាលទី​​បី -ជា​ដំណាក់​កាល​ចុង​ក្រោយ​មុន​នឹងឈាន​ដល់​ការ​​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​នេះ ​ទើបត្រូវ​ប្រកាស​​ឲ្យ​ដឹង​នៅ​ល្ងាច​មិញ នៅ​សហរដ្ឋ​អាមេរិក។

កុមារ​ក្រោម​អាយុ​៥​ឆ្នាំ នៅ​អាហ្វ្រិក​ ពាក់កណ្តាល​រង​គ្រោះ​កើត​ជំងឺ​គ្រុន​ចាញ់
កុមារ​ក្រោម​អាយុ​៥​ឆ្នាំ នៅ​អាហ្វ្រិក​ ពាក់កណ្តាល​រង​គ្រោះ​កើត​ជំងឺ​គ្រុន​ចាញ់ Bonnie Gillespie/Johns Hopkins University
ផ្សាយពាណិជ្ជកម្ម

បើ​តាម​​ការ​ធ្វើ​តេស្ត​សាកល្បង​ លើ​ទារក​និងកុមារ​​តូចៗ​ ចំនួន៦០០០​នាក់ អាយុ​ពី​៦ ទៅ​​១៧ខែ បាន​បង្ហាញ​ថា ជា​មួយ​នឹង​ការចាក់​បង្ការ​ ក្នុង​​បរិមាណ បី​កំរិត​​ថ្នាំ​ (បីdoses) ​រយៈ​ពេល​១២​ខែ គេ​អាច​បង្ការ​ជំងឺ​គ្រុនចាញ់ បាន​៥៦% និងអាច​ទប់​ស្កាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ ដូច​ជាកុំ​ឲ្យជំងឺ​វាយ​លុក​ដល់​ខួរ​ក្បាល ឬ​តម្រង​នោម​ ​បានប្រមាណ​​៤៧%។

 
RTS,S ជា​ថ្នាំ​វ៉ាក់សាំង​បង្ការ​​ជំងឺ​គ្រុន​ចាញ់​ ដែល​ត្រូវ​បាន​​សិក្សា​សាកល្បង​ តាម​បែប​វិទ្យាសាស្ត្រ​ ! ដូច្នេះ ការ​ប្រកាស​លទ្ធផលដំបូង​​ ដែល​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​ឯកទេស​​ខាង​ជំងឺ​គ្រុនចាញ់ និង​​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​​ជា​ង​បីរយ​នាក់ ក្នុង​វេទិកា​ស្តី​ពី​ជំងឺ​គ្រុន​ចាញ់ លើក​ទីពីរ នៅសហរដ្ឋ​អាមេរិក ជា​ដំណាក់កាល​សំខាន់​បំផុត​ បញ្ជាក់​ពី​លទ្ធភាព​បង្កើត​ថ្នាំ​វ៉ាក់សាំងបង្ការ​រោគ និង​ឈាន​ឆ្ពោះ​ទៅ​ដល់​ជ័យ​ជម្នះ​លើ​ជំងឺ​គ្រុនចាញ់​បាន។

ជំងឺ​គ្រុន​ចាញ់ ដែល​​បង្ក​ឡើង​ដោយ​ពពួក​បរាសិត​ម្យ៉ាង សម្លាប់​ជីវិត​មនុស្ស​ ជា​រៀងរាល់​ឆ្នាំ អស់​ជាង ៧សែន៨​ម៉ឺន​នាក់ ក្នុងនោះ​៨៥%​ជា​​កុមារ​ ​អាយុ​ក្រោម៥​ឆ្នាំ​ នៅ​ទ្វីប​អាហ្វ្រិក។ លោកមហាសេដ្ឋី​ Bill Gates សហប្រធាន​មូលនិធិGates ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ ជួយ​ជ្រោម​ជ្រែង​​បន្ថែម​​ទៀត ព្រោះ​តាំង​ពី​ឆ្នាំ​២០០១មក គេ​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ព្រោះតែ​ជំងឺ​​នេះ​បាន​២០%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ