អានតួអត្ថបទ
ប្រែប្រួល​អាកាសធាតុ

អ.ស.ប.ព្រមាន​ក្រុម​ប្រទេសអ្នក​មាន​ ហ្សេ២០ ថាការ​​ប្រែប្រួល​អាកាសធាតុ​នឹង​​បំផ្លាញ​សេដ្ឋកិច្ច

​​​នៅ​ថ្ងៃ​ពុធ​ ទី​១០មេសា អង្គការ​សហប្រជាជាតិ​ បា​នព្រមាន​​ក្រុម​ប្រទេស​មាន​សន្ទុះ​សេដ្ឋកិច្ច​ជឿន​លឿន​ ហ្សេ២០​​ ថា ​ការ​​ប្រែប្រួល​អាកាសធាតុ​នឹង​​បំផ្លាញ​សេដ្ឋកិច្ច​របស់​ពួក​គេ និងថា ប្រទេស​ទាំង​នេះ​ គួរតែរួម​ដៃគ្នា​ចូលរួម​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​និង​ជួយ​ប្រទេស​ក្រីក្រ​ដើម្បី​ចាកចេញពី​វិបត្តិ​អាកាសធាតុ។ ការ​ថ្លែងពី​ទីក្រុង​ឡុងដ្រ៍ យ៉ាងដូច្នេះ បន្ទាប់ពី​ឃើញថា ក្រុមប្រទេស​ហ្សេ២០​​ ហាក់​កំពុងតែ​រារែក​មិន​ចង់​ឧបត្ថម្ភ​គម្រោង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឈ​ដើម្បីទប់ទល់​ការ​ប្រែប្រួល​កម្តៅ​ផែនដី ព្រោះតែ​ហេតុផល​ភូមិ​សាស្ត្រ​​នយោបា​យ​។ ​

ទន្លេមួយ​នៅស្រុក​បារាំង ​រីង​ខះ​អស់ទឹក ព្រោះប្រែប្រួល​អាកាសធាតុ ក្នុង​ឆ្នាំ២០២២។
ទន្លេមួយ​នៅស្រុក​បារាំង ​រីង​ខះ​អស់ទឹក ព្រោះប្រែប្រួល​អាកាសធាតុ ក្នុង​ឆ្នាំ២០២២។ REUTERS - Stephane Mahe
ផ្សាយពាណិជ្ជកម្ម

ប្រេសិតពិសេស​ទទួល​បន្ទុក​អាកាសធាតុ​ របស់​អង្គការ​សហប្រជាជាតិ​ បាន​​ដាស់តឿន​ថា ការ​ជៀស​​វៀង​មិន​បំពេញ​កាតព្វកិច្ច ពុំ​មែន​ជា​យុទ្ធសាស្ត្រ​ឡើយ ហើយ​ការ​ទុក​កាតព្វកិច្ច​ទប់​ទល់​ការប្រែប្រួល​អាកាសធាតុ ទុកដោយឡែក ឬទុកជា​ជំហាន​ទី២ ក៏​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ឡើយ​សម្រាប់សេដ្ឋកិច្ច។ ដ្បិតថា ការ​ប្រែប្រួល​អាកាសធាតុ​កំណើន​កម្តៅ​ផែន​ដី នឹង​បំផ្លាញកម្ទេច​សេដ្ឋកិច្ច របស់​ក្រុម​ប្រទេស​មាន​​​សេដ្ឋកិច្ច​ជឿន​លឿន​ ហ្សេ២០ នោះឯង​។ ដោយ​មិន​ចាំបាច់​សង្កេត​យូរ ​កំណើន​កម្តៅ​ផែន​ដីបាន​បង្ហាញ​ផល​ប៉ះពាល់​ជះឥទ្ធិពល​​អាក្រក់​ជាបណ្តើរ​ៗ​រួច​ទៅហើយ។​

ទាំងនេះ ជា​សេចក្តី​ព្រមានដាស់តឿន​​របស់ថ្នាក់ដឹកនាំ​​កិច្ច​ការ​បរិស្ថាន​អាកាសធាតុ នៃ​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ថ្លែង​ពី​ប្រទេស​អង់គ្លេស នៅថ្ងៃ១០មេសា​។ ការព្រមានយ៉ាងដូច្នេះ ក៏ព្រោះតែ​សង្កេត​ឃើញថា រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ប្រទេស​ហ្សេ​២០ បាន​ជួប​ប្រជុំគ្នាចប់​ កាលពីពេលថ្មីៗនេះ​ ​នៅក្រុង​​ Sao Paulo ប្រទេស​ប្រេស៊ីល​ ដោយ​មិនអាច​​រកឃើញ​សេចក្តីសម្រេច​រួមសោះ​។ គ្មាន​សេចក្តីសម្រេច​រួម​​ ក៏​ព្រោះតែ​មាន​គំនិត​ខ្វែង​គ្នា និង​​បែកចែក​បក្ស​ពួក ក្នុង​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន និង​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា។​

ក្នុង​បញ្ហា​បរិស្ថាន​អាកាសធាតុ​នេះដែរ ស្វីស ជា​ប្រទេសកំពូល​​អ្នក​មាន១ ត្រូវ​ទទួល​ទោស​ព្រោះតែ​​មិន​បំពេញ​កាតព្វកិច្ច​ការពារ​បរិស្ថាន​អាកាសធាតុ។ នៅថ្ងៃទី៩ ខែ​មេសា ​​ តុលាការ​សិទ្ធិមនុស្ស​​ របស់​អឺរ៉ុប បាន​កាត់ទោស​ ប្រទេស​ស្វីស​ ចំពោះ​ភាព​អសកម្ម​របស់​រដ្ឋាភិបាលស្វីស​ក្នុងការ​ទប់ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ។ នេះ​ជា«​សាលក្រម​​​យុត្តិសាស្ត្រ​» ជាង​៣០០ទំព័រ​ និងជាប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​ការពារ​បរិស្ថាន​អាកាសធាតុ។

គួរ​រំឭកថា នៅស្វីស ជាច្រើន​ឆ្នាំមកហើយ​ ​ ក្រុមសកម្ម​ជន​បរិស្ថាន​ស្វីស តាមរយៈ​អង្គការ​ស្ត្រីដើម្បីការពារ​អាកាសធាតុ បាន​ដាក់ពាក្យ​ប្តឹង​រដ្ឋាភិបាល​ស្វីស​ តែ​ចាញ់​ក្តី​រហូត ​ចាញ់​នៅ​សាលាជម្រះក្តី​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ប្រព័ន្ធ​តុលាការ​ស្វីល។ ទើបតែនៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមសកម្ម​ជន​បរិស្ថាន​ស្វីស បាន​ដាក់ពាក្យ​ប្តឹង​បន្តទៅ ​តុលាការ​សិទ្ធិមនុស្ស​​អឺរ៉ុប ហើយ​ តុលាការទីតាំង​នៅ​សាស្ត្របួរនេះ បាន​សម្រេចឲ្យ​ដើម​បណ្តឹង​ឈ្នះក្តី។ ប្រតិកម្ម​ភ្លាម​ៗ​ នៅ​ប្រទេស​ស្វីស​ ក្រុម​អ្នក​នយោបាយ​ស្តាំនិយម​ជ្រុល បាន​អំពាវនា​វ​ឲ្យ​រដ្ឋាភិបាល​ស្វីស ដកខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​អឺរ៉ុប​។

ផ្ទុយទៅវិញ អង្គការ​ការពារបរិស្ថាន​ Greenpeace Suisse បាន​សាទរ​និង​ចាត់ទុក​សេចក្តីសម្រេច​របស់​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ថា​ជា​សាលក្រម​គំរូ​សម្រាប់​​សមាជិកទាំង​៤៦ប្រទេស ហើយថា​ រដ្ឋសមាជិកទាំង​៤៦ ត្រូវ​យក​សាលក្រម​​​យុត្តិសាស្ត្រ​នេះ ជា​គំរូសម្រាប់​រៀបចំ​​នយោបាយ​បរិស្ថាន​របស់ខ្លួន។ ចំពោះអ្នក​បរិស្ថាននិយមស្វីស, បរិស្ថាន​ល្អ សុខភាព​ល្អ ជា​សិទ្ធិមូលដ្ឋាន​របស់​មនុស្ស។​

ទោះបី​ជា​ឈ្នះ​ក្តី​នៅ​​អឺរ៉ុប​ហើយ​ ក៏​ក្រុម​អ្នក​ការពារ​បរិស្ថានស្វីស​ នៅ​មិន​​ទាន់​អស់​ចិត្ត​​នៅឡើយទេ​។​ អង្គការ​ Greenpeace Suisse និង​ក្រុមសកម្ម​ជន​បរិស្ថាន​ស្វីស នឹង​មិន​ឈប់​ត្រឹមនេះឡើយ ដោយបាន​សន្យាថា នឹង​ពួត​ដៃ​គ្នា​បន្ត​ប្តឹង​រដ្ឋាភិបាល​ស្វីស​ថែមទៀត ទៅ​កាន់ តុលាការ​យុត្តិធម៌​អន្តរជាតិ​ នៅក្រុង​ឡាអេ ​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ