អានតួអត្ថបទ
សង្គ្រាម​ហ្កាហ្សា​-​មនុស្សធម៌

សង្គ្រាម​ហ្កាហ្សា៖ រឿង​ផ្គត់ផ្គង់​អាវុធ​ឱ្យ​អ៊ីស្រាអែល ឡើង​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ

ប្រទេស​នីការ៉ាហ្កាបាន​ប្តឹងនិង​រិះគន់​អាល្លឺម៉ង់​​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​យោធា​ដល់​អ៊ីស្រាអែល។ នៅ​ចំពោះ​មុខ​ចៅ​ក្រម​​នៃ​​​តុលាការយុត្តិធម៌​អន្តជាតិ​ ក្រុង​ឡាអេ នា​ថ្ងៃទី ៨​មេសា​២០២៤​នេះ នីការ៉ាហ្កា បានចោទ​អាល្លឺម៉ង់​ថា​បាន​​សម្រួល​​ឱ្យមាន​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ហ្កាហ្សា។ សម្រាប់​នីការ៉ាហ្កា តុលាការ​ត្រូវ​ចេញ​វិធានការ​បណ្តោះ​អាសន្ន តាមរយៈ​ដីកា​បន្ទាន់ ក្នុង​ពេល​សិក្សា​បណ្តឹង។ អាល្លឺម៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​ ​ច្រាន​ចោលទាំងស្រុង​បទ​ចោទ​ប្រកាន់​របស់​នីការ៉ាហ្កា។

សង្គ្រាម​ហ្កាហ្សា៖ ការ​​ផ្គត់ផ្គង់​អាវុធ​ឱ្យ​អ៊ីស្រាអែល ឡើង​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ
សង្គ្រាម​ហ្កាហ្សា៖ ការ​​ផ្គត់ផ្គង់​អាវុធ​ឱ្យ​អ៊ីស្រាអែល ឡើង​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ International Court of Justice (ICJ)
ផ្សាយពាណិជ្ជកម្ម

នីការ៉ាហ្កា​ជ្រើសរើស​ប្តឹង​អាល្លឺម៉ង់​ម្ចាស់​ជំនួយ​ធំទី​ពីរ​របស់អ៊ីស្រាអែល​ជា​ជាងអាមេរិក​មក​ពី​វ៉ាស៊ីនតោន​មិន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ។ នៅ​ក្នុង​បណ្តឹង ​នីការ៉ាហ្កា​បាន​អះអាង​ទៅ​កាន់​តុលាការយុត្តិធម៌​អន្តរជាតិ​ថា​ អាល្លឺម៉ង់​មិន​ត្រឹម​តែ​មិន​បំពេញ​​កាតព្វកិច្ច​រារាំង​អំពើ​ប្រល័យ​ពូជសាសន៍​នៅហ្កាហ្សា​ទេ តែ​បាន​ចូលរួម​​ចំណែក​សម្រួល​ឱ្យមាន​​អំពើ​ប្រល័យ​ពូជសាសន៍។ អាល្លឺម៉ង់​ផ្តល់​ជំនួយអាវុធ​និង​បរិក្ខារយោធា​ផ្សេង​ទៀត​ទៅ​ឱ្យ​​អ៊ីស្រាអែលប្រើ​សម្រាប់​សម្លាប់​និ​ងកម្ទេច​ប៉ាឡេស្ទីន​ អាច​ចាត់​ទុក​​ជាហានិភ័យ​​ដ៏​ក្រលែត​មួយ​​នៃ​ការ​​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ (ប្រល័យពូជសាសន៍) រំលោភ​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវនិង​ច្បាប់អន្តរជាតិ​ស្តីពី​ការប្រកាន់​ពណ៌​សម្បុរ។ យល់​ថា​ស្ថានភាព​បន្ទាន់ខ្លាំង​ នីការ៉ាហ្កាបាន​ស្នើ​សុំ​ឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រេច​ចាត់​វិធានការ​បណ្តោះ​អាសន្ន​៥​ចំណុច​ តាម​រយៈ​ដីកាបន្ទាន់ ឱ្យ​អាល្លឺម៉ង់ផ្អាកការ​ផ្តល់​ជំនួយ​ភ្លាម​ដល់​អ៊ីស្រាអែល ជាពិសេស​​ជំនួយគាំទ្រ​ផ្នែក​យោធា​ និង​សម្ភារៈ​បរិក្ខារ​សឹក ហើយ​ត្រូវ​ធានា មិន​ឱ្យ​​​អាវុធ​អាល្លឺម៉ង់​ដែល​បាន​បញ្ជូន​ទៅ​​ដល់​អ៊ីស្រាអែល​ហើយ​ មាន​ប្រើ​ក្នុង​ទង្វើ​បែបឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ ឬ​បែប​ឧក្រិដ្ឋកម្មសង្គ្រាម។ សំណើមួយ​ទៀត​ គឺ​ឱ្យ​តុលាការ​បង្គាប់​អាល្លឺម់ង់​ឱ្យ​ប្តូរ​ចិត្ត​​បង់​វិភាគទាន​ដល់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន UNRWA។ ប៊ែរឡាំង​បាន​ផ្តាច់​ជំនួយ​ហិរញ្ញវត្ថុ​ តាំងពី​ខែ​មករា​២០២៤​មក ក្រោយ​ពី​អ៊ីស្រាអែល​រក​ឃើញ​ថា​មាន​បុគ្គលិក​អង្គការ​ជួយ​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​នេះ​៧​នាក់​រួម​ដៃ​ជាមួយ​ពួកហាម៉ាស​វាយ​ឆ្មក់​មក​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​៧​តុលា២០២៣។

នៅថ្ងៃ​អង្គារ​ទី​៩​មេសា អាល្លឺម៉ង់​ត្រូវ​ឡើង​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ ​តែតាំងពី​ថ្ងៃ​ចន្ទ​មក ប៊ែរឡាំង​បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​របស់​នីការ៉ាហ្កា​ទាំងស្រុង​ និង​បាន​អះអាង​ថា អាល្លឺម៉ង់​មិនដែល​រំលោភសន្ធិសញ្ញា​ប្រល័យពូជសាសន៍​ ឬ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោលទេ។ ផ្ទុយ​ទៅ​វិញ​អាល្លឺម៉ង់​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ការ​គោរព​ច្បាប់អន្តរជាតិ​ទើប​អាល្លឺម៉ង់​បញ្ចេញ​សកម្មភាព​កំរិត​អន្តរជាតិ​នោះ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ក្លាយ​ជាតួ​អង្គ​ដ៏គន្លឹះ​នៃ​​​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស។ សេចក្តី​សម្រេច​របស់​តុលាការ​មាន​តម្លៃ​ត្រូវ​គោរព​ណាស់ តែ​ស្ថាប័ន​គ្មាន​មធ្យោបាយ​ និង​យន្តការ​ចាប់​ឱ្យភាគី​ពាក់​ព័ន្ធ​អនុវត្ត​ទេ។ កាលពី​ដើម​ខែ​មករា ឆ្លើយ​តប​ទៅ​នឹងបណ្តឹង​របស់​អាហ្វ្រិក​ខាងត្បូង ​​​​ដែល​ចោទ​អ៊ីស្រាអែល​បទ​ប្រល័យ​ពូជសាសន៍​នៅ​ហ្កាហ្សា​ តុលាការ​យុត្តិធម៌​អន្តរជាតិ ​បានអំពាវនាវ​ ឱ្យ​អ៊ីស្រាអែល​ប្រឹងធ្វើ​យ៉ាងណា​ទប់​ស្កាត់​​សកម្មភាព​បែប​ប្រល័យ​ពូជសាសន៍ និង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​អ៊ីស្រាអែល​ធានា​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ហ្កាហ្សាផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ