អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

៥០​ប្រទេស​ថ្កោលទោស​រុស្ស៊ីដែលរៀបចំការបោះឆ្នោត​ក្នុង​ទឹកដីអ៊ុយក្រែន ប៉ុន្តែ រុស្ស៊ីថាកុំចេះលូកដៃ

ការបោះឆ្នោតប្រធានាធិបតី​រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនបានបង្កឲ្យមានរលករិះគន់ និងថ្កោលទោស​ពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ និង​ប្រទេស​ជាង​៥០សមាជិក​របស់ស្ថាប័នអន្តរជាតិមួយនេះ។ នៅក្នុង​កិច្ចប្រជុំរបស់​ក្រុមប្រឹក្សា​សន្តិសុខ​នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃសុក្រ អគ្គលេខាធិការរង​ទទួលបន្ទុកកិច្ចការនយោបាយ​របស់​អង្គការ​សហប្រជាជាតិ​ប្រកាស​ថា ការបោះឆ្នោត​ប្រធានាធិបតីរុស្ស៊ី នៅក្នុងទឹកដីអ៊ុយក្រែន​ដែល​ស្ថិតក្រោមការគ្រប់គ្រង​របស់​រុស្ស៊ី គឺជា​រឿងដែលមិនអាច​ទទួលយកបាន។ ប៉ុន្តែ អ្នកតំណាងរុស្ស៊ី​និយាយការពារ​ជំហររបស់រុស្ស៊ី និងថារុស្ស៊ីនឹងមិនអត់ឱនរាល់ការប៉ុនប៉ង​លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី។

A man casts his ballot at a polling station during the Russia's presidential election, in the course of Russia-Ukraine conflict in Donetsk, Russian-controlled Ukraine, March 15, 2024. REUTERS/Alexande
បុរសម្នាក់ទម្លាក់សន្លឹកឆ្នោតនៅ​ក្នុងហិប នៅការិយាល័យបោះឆ្នោតក្នុងតំបន់ដូណែតស្ក៍របស់អ៊ុយក្រែន ដែលរុស្ស៊ីប្រកាស​កាត់យកមកដាក់ក្នុងដែនដីរុស្ស៊ីកាលពីចុងឆ្នាំ​២០២២ REUTERS - Alexander Ermochenko
ផ្សាយពាណិជ្ជកម្ម

ទៅតាម​សំណើ​របស់​ប្រទេស​ស្លូវេនី ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើកកិច្ចប្រជុំបន្ទាន់​នៅថ្ងៃ​សុក្រ​ទី ១៥មីនា ដើម្បី​និយាយ​ពីការរៀបចំបោះឆ្នោតប្រធានាធិបតី​រុស្ស៊ី នៅក្នុងទឹកដីអ៊ុយក្រែនដែលកំពុងស្ថិតក្រោមការគ្រប់គ្រង​របស់​រុស្ស៊ី។ សម្រាប់លោកស្រីrosemary dicarlo ​អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការនយោបាយ ទង្វើរបស់​រុស្ស៊ីដែលរៀបចំការបោះឆ្នោត​នៅក្នុងទឹកដីអ៊ុយក្រែន គឺជារឿងដែលគេមិនអាចទទួលយកបាន។ បើតាម​លោកស្រី បេសកកម្ម​តាមដានសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិនៅទឹកដីអ៊ុយក្រែនធ្លាប់​​បង្ហាញហើយថា ការបោះឆ្នោតប្រជាមតិ​កន្លងមក​ដើម្បី​ភ្ជាប់ទឹកដីបួនបន្ថែមទៀត​របស់អ៊ុយក្រែនទៅក្នុង​ផែនទីរុស្ស៊ី​ធ្វើឡើង​នៅក្នុង​បរិយាកាស​បំភិតបំភ័យ និង​ចាប់បង្ខំ។ ដូច្នេះលោកស្រីទាមទារ​ឲ្យ​ប្រទេស​មហាអំណាច​ដូចជា​សហព័ន្ធរុស្ស៊ីគោរពច្បាប់អ៊ុយក្រែន នៅក្នុងទឹកដី​ដែលខ្លួនកំពុងគ្រប់គ្រង។

អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរស្ក៍វិញ​ថ្កោលទោស​ការព្យាយាម​របស់​រុស្ស៊ីនៅក្នុងការរៀបចំ​ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី​នៅក្នុង​ទឹកដីអ៊ុយក្រែន​ដែល​រុស្ស៊ី​បាន​រំលោភយកមកកាន់កាប់​នៅក្នុង​ពេលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន ជាង​២ឆ្នាំមកនេះ។ សម្រាប់​ប្រមុខអង្គការសហប្រជាជាតិ ការកាត់យកទឹកដីអ៊ុយក្រែន​មកដាក់​ក្នុងផែនទីរបស់រុស្ស៊ី​នឹង​គ្មានសុពលភាពទេ នៅក្នុងច្បាប់អន្តរជាតិ។ អង្គការសហប្រជាជាតិ​នៅតែ​ទាមទារ​ឲ្យមានការគោរព​ឯករាជ្យ និង​អធិបតេយ្យភាពរបស់​អ៊ុយក្រែន។ នេះបើតាម​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការអង្គការសហប្រជាជាតិ។

នៅថ្ងៃសុក្រ ដោយសារតែ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិជាប់ចំណងមិនអាចចេញសេចក្តីសម្រេច​ ដោយសារ​វេតូប្រឆាំង​ណាមួយរបស់​រុស្ស៊ី ដែលជា​សមាជិកអចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា ក្រុមប្រទេស​ជាង​៥០ នាំមុខ​ដោយអង់គ្លេស អាមេរិក ជប៉ុន អូស្ត្រាលី បារាំង កូរ៉េខាងត្បូង និង​អ៊ុយក្រែនផ្ទាល់​​បាន​ចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោស​​រុស្ស៊ី​ដែលរៀបចំការបោះឆ្នោត​នៅក្នុងតំបន់​ទាំង៤​របស់​អ៊ុយក្រែន ដែល​រុស្ស៊ីបានកាត់យកដោយខុសច្បាប់ កាលពី​ឆ្នាំ​២០២២។ សម្រាប់​ប្រទេស​ទាំងជាង​៥០ ដោយ​រៀបចំ​ការបោះឆ្នោតរបស់ខ្លួននៅក្នុងទឹកដី​របស់​ប្រទេស​មួយទៀត​ដែលជា​សមាជិកមួយ​របស់អង្គការសហប្រជាជាតិ និងដោយគ្មានការយល់ព្រមព្រៀង​ពីម្ចាស់សាមីខ្លួន រុស្ស៊ីកំពុង​រំលោភពេញទំហឹងគោលការណ៍ដែនបូរណភាព និងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន។

នៅអង្គការសហប្រជាជាតិ នៅចំពោះមុខការប្រមូលគ្នារិះគន់រុស្ស៊ីយ៉ាងដូច្នេះ អ្នកតំណាងរុស្ស៊ី លោក​ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី​ទាត់ចោល​រាល់ការប៉ុនប៉ង​លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់​រុស្ស៊ី។ សម្រាប់​លោក ដែនដីទាំង៤របស់​អ៊ុយក្រែន​កំពុង​ស្ថិតក្រោមការគ្រប់គ្រងនយោបាយ និង​រដ្ឋបាល​របស់​រុស្ស៊ី។ ទោះអ្នកណាយល់ឃើញយ៉ាងម៉េច ពេញចិត្ត​ឬ​អត់ គឺ​រុស្ស៊ីមិនខ្វល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ