អានតួអត្ថបទ
អូតង់

អូតង់រួមប្រជុំប្រមុខការទូតដោយផ្តោតសំខាន់លើសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន

ប្រមុខការទូត​របស់​អង្គការ​អូតង់​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នា​ថ្ងៃ​អង្គារ ទី២៨ វិច្ឆិកា។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី អ៊ុយក្រែន និង​សង្រ្គាម​អ៊ីស្រាអែល ហាម៉ាស។ ទាក់ទង​នឹង​សង្រ្គាម​រុស្ស៊ី អ៊ុយក្រែន​ត្រូវ​បាន​ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ​អំពាវនាវ​ឲ្យ​សមាជិក​អូតង់​បន្ត​គាំទ្រ​អ៊ុយក្រែន​ដោយ​មិន​បន្ធូរដៃ ពិសេស​សហរដ្ឋអាមេរិក។

អូតង់រួមប្រជុំប្រមុខការទូតដោយផ្តោតសំខាន់លើសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ថ្ងៃទី២៨ វិច្ឆិកា ២០២៣។
A general view during a meeting of NATO foreign ministers in North Atlantic Council session at NATO headquarters in Brussels, Tuesday, Nov. 28, 2023. NATO foreign ministers begin a two-day meeting on Tuesday, in which the alliance will discuss Ukraine, tensions in the Western Balkans and preparations for NATO's 75th anniversary next year. (AP Photo/Virginia Mayo) AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ជឿជាក់​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​អ៊ុយក្រែន​ព្រោះ​វា​ជា​ផលប្រយោជន៍​របស់​អាមេរិក​ដើម្បី​ធ្វើ​ដូច្នេះ » នេះ​ជា​ការ​ថ្លែង​របស់​លោក​យែន ស្តុលទែនប៊ែរ​ទៅ​កាន់​ក្រុម​អ្នកកាសែត​មុន​នឹង​កិច្ចប្រជុំ​ចាប់​ផ្តើម។ គួរ​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ អាមេរិក​បាន​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​ក្នុង​ទឹកប្រាក់​ចំនួន ៤០ ០០០លានដុល្លារ និង​គ្រោង​ផ្តល់​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។ តែ​ជំនួយ​បន្ថែម​នេះ​កំពុង​ជាប់គាំង​នៅ​សភា​ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​អ្នកតំណាងរាស្រ្ត​មួយ​ចំនួន​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​គំាំទ្រ​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន។

ពី​ខាង​សហភាពអឺរ៉ុប ជំនួយ​បន្ថែម​ចំពោះ​អ៊ុយក្រែន​ក៏​កំពុង​ជាប់គាំង​ដោយសារ​តែ​មាន​ប្រទេស​សមាជិក​ច្រើន​មិន​ចង់​ឲ្យ​លុយ​បន្ថែម។ តែ​សម្រាប់​បារាំង ប្រមុខ​ការទូត​លោកស្រី Catherine Colonna បាន​បញ្ជាក់​ម្តង​ទៀត​ពី​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​អ៊ុយក្រែន។ ការ​បញ្ជាក់​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​សមភាគី​ឡេតូនី​លោក​គ្រីសយ៉ានីស ការីន្ស​ដែរ។ « វា​ជា​ប្រយោជន៍​ផ្ទាល់​របស់​យើង​ដែល​ធានា​ថា រស្ស៊ី​នឹង​មិន​ឈ្នះ​សង្រ្គាម​នេះ​ទេ » នេះ​ជា​ការ​បន្ថែម​របស់​ការីន្ស។ ចំណែក​ប្រមុខ​អង្គការ​អូតង់​លោក​ស្តុលទែនប៊ែរ​បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​បន្ត​ជួយ​អ៊ុយក្រែន​ដែល​លោក​ចាត់​ទុក​ជា​កាតព្វកិច្ច​របស់​អូតង់។

តាម​លោក​ស្តុលទែនប៊ែរ បស្ចិមលោក​គ្មាន​ជម្រើស​ផ្សេង​ទេ ព្រោះ​ការ​ទុក​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ឈ្នះ​សង្រ្គាម​ជា​សោកនាដកម្ម​ចំពោះ​អ៊ុយក្រែន និង​ជា​គ្រោះថ្នាក់​ចំពោះ​អូតង់។ ដោយឡែក ប្រមុខ​ការទូត​អាល្លឺម៉ង់​លោកស្រី Annalena Baerbock បាន​បកស្រាយ​តាម​ការ​យល់​ឃើញ​របស់​លោកស្រី​ថា ជួយ​អ៊ុយក្រែន​មិនមែន​ចង់​ដឹង​ថា​តើ​អ៊ុយក្រែន​អាច​មាន​ប្រៀប​នៅ​លើ​សមរភូមិ​សង្រ្គាម​ឬ​អត់​ទេ។ តែ​គឺ​ដើម្បី​ស្រោចស្រង់​ជីវិត​មនុស្ស ហើយ​ស្រោចស្រង់​ជីវិត​មនុស្ស​មាន​ន័យ​ថា គឺ​ពន្លឿន​ជំនួយ​របស់​សម្ព័ន្ធមិត្ត​ចំពោះ​អ៊ុយក្រែន​ដើម្បី​ឲ្យ​អ៊ុយក្រែន​អាច​បញ្ចប់​សង្រ្គាម​មួយ​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្រៅ​ពី​ការ​អំពាវនាវ​ឲ្យ​បន្ត​ជួយ​គាំទ្រ​អ៊ុយក្រែន​ដើម្បី​ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី បណ្តា​ប្រមុខ​ការទូត​អូតង់​បាន​សម្តែង​ការ​ខកចិត្ត​ជាមួយ​តួកគី​ដែល​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​សច្ចាប័ន​ដល់​សមាជិកភាពរបស់​ប្រទេស​ស៊ុយអែត​ចូល​អូតង់។ នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​ប្រមុខ​ការទូត​តួកគី​លោក Hakan Fidan ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​រំលឹក​ប្រាប់​លោក Fidan ថា តួកគី​ត្រូវ​ឲ្យ​ឲ្យ​សច្ចាប័ន​ដល់​សមាជិកភាព​របស់​ស៊ុយអែត​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាច​ធ្វើ​បាន។ ការ​រម្លឹក​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រមុខ​ការទូត​បារាំង​លោកស្រី Catherine Colonna ដែរ។ ចំណែក​ប្រមុខ​អង្គការ​អូតង់​លោក​ស្តុលទែនប៊ែរ​មើល​ឃើញ​ថា នីតិវិធី​មួយ​នេះ​កំពុង​ទៅ​មុខ តែ​លោក​ចង់​ឃើញ​ទៅ​មុខ​ឲ្យ​បាន​លឿន​ជាង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ