អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​ដ្រូន​ កំពុងតម្រូវ​ឲ្យ​​អូតង់និង​ប្រទេសសមាជិក​ ព្យាយាម​រិះរកវិធីទប់ទល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​នៅអ៊ុយក្រែន​​ ប្រមាណជាង​១ឆ្នាំមកនេះ បាន​រំលេចឲ្យឃើញនូវការ​ប្រើប្រាស់អាវុធប្រភេទថ្មី គឺយានដ្រូនដែលអាចនាំយកគ្រាប់ផ្ទុះ ទៅកម្ទេចទីតាំងគោលដៅ​​មិនថាខាងរុស្ស៊ី និងខាងអ៊ុយក្រែន​។ ​ ថ្មីៗនេះ សមត្ថកិច្ច​ប៊ុលហ្ការី ដែលជាប្រទេសសមាជិកអូតង់មួយដែរ​ បានប្រទះឃើញបំណែក​យានដ្រូន​នៅមាត់ឆ្នេរសមុទ្រខ្មៅ​ ដែលគេសង្ស័យថាអាចជា​ដ្រូន​របស់​រុស្ស៊ី​។​ បញ្ហា​នេះ បានបង្កឲ្យ​ប្រទេស​សមាជិកអូតង់ ជាពិសេសបណ្តាប្រទេស​មានព្រំដែនជាប់អ៊ុយក្រែន ដែល​កៀក​បំផុតនឹងសមរភូមិសង្គ្រាម ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន ក្នុងការការពារសន្តិសុខ​ផ្លូវអាកាស​។​ គឺក្នុងបរិបទនេះហើយ ទើបអង្គការសម្ព័ន្ធមិត្ត​អូតង់ បាន​រៀបចំ​ កម្មវិធីជួបជុំមួយ នៅ​មូលដ្ឋានទ័ព Vredepeel ភាគខាង​ត្បូង​ប្រទេស​​ហូឡង់ ចាប់ពីថ្ងៃទី​២០កញ្ញា​។

ដ្រូនជាប់សំណាញ់ ដែលត្រូវបានស្ទាក់ចាប់ដោយ ដ្រូន​របស់​ក្រុមហ៊ុន Argos intercepter បង្ហាញនៅ Counter Unmanned Aircraft Systems (C-UAS)។ មូលដ្ឋានទ័ព Vredepeel ប្រទេសហូឡង់ ថ្ងៃទី​២០កញ្ញា២០២៣
ដ្រូនជាប់សំណាញ់ ដែលត្រូវបានស្ទាក់ចាប់ដោយ ដ្រូន​របស់​ក្រុមហ៊ុន Argos intercepter បង្ហាញនៅ Counter Unmanned Aircraft Systems (C-UAS)។ មូលដ្ឋានទ័ព Vredepeel ប្រទេសហូឡង់ ថ្ងៃទី​២០កញ្ញា២០២៣ AFP - SIMON WOHLFAHRT
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុនៃកម្មវិធីជួបជុំនៅ​ Vredepeel

កម្មវិធីជួបជុំនៅមូលដ្ឋានទ័ព Vredepeel មានការចូលរួមពី​​ មន្ត្រីកងទ័ពជំនាញ​មកពី​បណ្តាប្រទេសអឺរ៉ុប​​ជាច្រើន ​រួម​​ជាមួយ​មន្ត្រីទទួលខុសត្រូវ របស់អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា NATO/OTAN។​ ក្រៅពីនេះ គឺមាន​វត្តមានចូលរួមផងដែរ នៃតំណាងក្រុមហ៊ុនសហគ្រាស​ក្នុងវិស័យ​ការពារជាតិ ចំនួន​ប្រមាណ​៥៧​ក្រុមហ៊ុន ដែល​មានជំនាញ​ផលិតយានដ្រូន ឬផលិត​ប្រព័ន្ធការពារ​ផ្លូវអាកាសទប់ទល់នឹងយានដ្រូន​។

ក្រៅពីការជជែកដោះដូរយោបល់ ក៏ដូចជាបទពិសោធន៍​គ្នា កម្មវិធីនេះគឺមាន​កម្មវត្ថុ​ពង្រីក​ចំណេះដឹង ​ផ្នែកបច្ចេកវិទ្យា​ទំនើប ​ស្តីអំពីយានដ្រូន ដែល​បច្ចុប្បន្ន​បានក្លាយជាអាវុធមួយដ៏គ្រោះថ្នាក់ នៅក្នុងវិស័យសន្តិសុខផ្លូវអាកាស​។ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន​ រុស្ស៊ី​បានប្រើប្រាស់​យ៉ាងញឹកញាប់ នូវ​យានដ្រូន Shahed 136 ដែល​ជាប្រភេទដ្រូនអត្តឃាត​ផលិតដោយ​អ៊ីរ៉ង់ ដើម្បី​មកបំផ្ទុះកំទេច​អគារផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលរបស់អ៊ុយក្រែន​។ ជាការវាយ​បកវិញ កងទ័ព​អ៊ុយក្រែន បាន​ប្រើ​យានដ្រូនខ្នាតធំ ប្រភេទ TB2 របស់តួកគី ដើម្បីវាយ​ប្រហារទៅលើទីតាំងកងទ័ពរុស្ស៊ី​ និង​បានប្រើដ្រូនតូចៗដែលខ្លួនបានផលិតឡើង​ ដើម្បីវាយ​ប្រហារ​ទៅលើទឹកដីរុស្ស៊ីវិញ ជាក់ស្តែង​​ ​ដូចជាការវាយ​ប្រហារនៅក្នុង​ទីក្រុងម៉ូស្គូ កាលពីពេលថ្មីៗនេះ​។​

លោក Willem Koedam អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យាប្រឆាំងដ្រូនហៅកាត់ថា C-UAS ប្រចាំនៅ​​អង្គការអូតង់ បាន​លើកឡើងថា យានដ្រូនគឺជាអាវុធដ៏គ្រោះថ្នាក់​និងមាន​ប្រសិទ្ធភាព​ ពីព្រោះវាមានទំហំតូច ងាយស្រួលប្រើប្រាស់  ធ្វើប្រតិបត្តិការរហ័ស ហើយ​មានតម្លៃថោក​។​ ដូច្នេះ ការ​ទប់ទល់​អាវុធប្រភេទនេះ គឺមិនមែនជាការងាយទេ គឺស្មុគស្មាញ តែក៏មិនមែនមានន័យថា មិនអាចធ្វើបាន​ដែរ​។

នៅក្នុងឱកាស​កម្មវិធី​នៅ​មូលដ្ឋានទ័ព Vredepeel ក្រុមហ៊ុនទាំង​៥៧ បានមកតាំងបង្ហាញ​ នូវផលិតផល​បច្ចេកវិទ្យា​ទំនើបថ្មីៗរបស់គេរៀងៗ​ខ្លួន​។ ផលិត​ផលទាំងនេះ ត្រូវគេអះអាងថា អាច​ប្រយុទ្ធប្រឆាំងនឹងការគំរាម​របស់​យាន​​ដ្រូនគ្រប់ប្រភេទ មិនថា​​​យានដ្រូនសាមញ្ញ​ដែលគេលក់នៅលើទីផ្សារធម្មតា ឬ​យានដ្រូនអត្តឃាត Shahed 136របស់អ៊ីរ៉ង់​នោះឡើយ​។​

បុគ្គលិក​ជំនាញ​នៃក្រុមហ៊ុន​ផលិតប្រព័ន្ធការពារផ្លូវអាកាស កំពុងសាកល្បងបច្ចេកវិទ្យា នៅ​បន្ទប់​បញ្ជា​ ក្នុងឱកាសកម្មវិធី​ Counter Unmanned Aircraft Systems (C-UAS) នៅមូលដ្ឋានទ័ព Vredepeel ប្រទេសហូឡង់ ថ្ងៃទី​២០កញ្ញា២០២៣
បុគ្គលិក​ជំនាញ​នៃក្រុមហ៊ុន​ផលិតប្រព័ន្ធការពារផ្លូវអាកាស កំពុងសាកល្បងបច្ចេកវិទ្យា នៅ​បន្ទប់​បញ្ជា​ ក្នុងឱកាសកម្មវិធី​ Counter Unmanned Aircraft Systems (C-UAS) នៅមូលដ្ឋានទ័ព Vredepeel ប្រទេសហូឡង់ ថ្ងៃទី​២០កញ្ញា២០២៣ AFP - SIMON WOHLFAHRT

ស្ទាក់បាញ់កំទេចចោល ឬ ចាប់វា​យកទុក?

ក្រុមហ៊ុននីមួយៗបានបង្ហាញ​នូវ​ផលិត​ ព្រមទាំងប្រសិទ្ធភាពរបស់វា នៅក្នុងការទប់ស្កាត់ការគំរាមពីយានដ្រូន។ លោក Ludwig Fruhauf អគ្គនាយកក្រុមហ៊ុន DDTS ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ មានជំនាញ​ផលិត​ប្រព័ន្ធការពារផ្លូវអាកាស បានអះអាងប្រាប់អ្នកកាសែតថា មធ្យោបាយ​ដ៏អស្ចារ្យ​បំផុតក្នុងបាញ់កំទេចដ្រូន Shahed 136 របស់អ៊ីរ៉ង់​ គឺគេត្រូវតែប្រើ​ ដ្រូនJet របស់ក្រុមហ៊ុនលោក។​

លោក​ម្នាក់​នេះ បាន​អះអាងថា ដ្រូន Shahed 136 របស់អ៊ីរ៉ង់​ អាចហោះបានល្បឿន​តែ​១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដ្រូន Jet របស់​DDTS  អាចហោះបាន​ដល់ទៅ​ជាង​៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះ គឺវាងាយស្រួល​ ក្នុង​ការហោះដេញស្ទាក់ដើម្បីបាញ់កំទេច។ ជាងនេះទៀត លោកអះអាងថា ដ្រូន Jet របស់ DDTS មានតម្លៃថោកជាងឆ្ងាយណាស់ បើប្រៀបធៀបទៅ​​គ្រាប់រ៉ូកែត ដែលគេប្រើជាធម្មតានៅក្នុងប្រតិបត្តិការការពារផ្លូវអាកាស​។​

ដោយឡែក សត្រូវអាចប្រើប្រាស់យានដ្រូនខ្នាតតូច ដើម្បីវាយ​ប្រហារ ដែល​វាពិបាក​នៅ​ក្នុងការស្ទាក់បាញ់កំទេច​​​។ លោក Matt Roper មន្ត្រី​ទទួលបន្ទុក​នៅទីភ្នាក់ងារ​ទូរគមនាគមន៍​និងព័ត៌មាន របស់អង្គការអូតង់ ដែ​លជាបណ្តុំនៃអ្នកជំនាញ​ផ្នែក​សន្តិសុខព័ត៌មានវិទ្យា បានលើកឡើងថាយានដ្រូនសត្រូវ​ ពេលខ្លះ​​វាមានទំហំ​តូចមែន តែវាអាច​សម្លាប់​ជីវិតមនុស្ស និងអាច​មកបំផ្ទុះកំទេចបង្កការខូចខាតយ៉ាងដំណំបាន ទៅលើ​អគា​រផ្ទះសំបែង និង​ទីតាំងហេដ្ឋា​រចនាសម្ព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត ដូចជា​ស្ថានីយ៍អគ្គីសនី ស្ថានីយបូមទឹកជាដើម។

ការបញ្ចៀសពីការវាយ​ប្រហារដោយ​យានដ្រូន គឺមិនមែនសុទ្ធតែត្រូវតែ​​​ប្រើប្រាស់ ​វិធីបាញ់ស្ទាក់កំទេចវាទាំងអស់នោះទេ​។ ក្នុងករណីខ្លះ គេត្រូវ​តែប្រើវិធីទៅចាប់វាមកទុក ឲ្យវាលែងដំណើរការ ព្រោះថាបើបាញ់​កំទេចវាលើអាកាស​​ វានឹងបណ្តាល​ឲ្យកើតជា​​ការផ្ទុះ បង្កគ្រោះថ្នាក់ដល់​ជីវិតមនុស្ស និង​ទីតាំងយុទ្ធសាស្ត្រ ដែលស្ថិតនៅខាងក្រោម​​។  យ៉ាងណាមិញ ក្រុមហ៊ុនអាល្លឺម៉ង់ មួយទៀត ឈ្មោះ Argus Interception បានបង្ហាញ​បច្ចេកទេសថ្មីមួយរបស់ខ្លួន ក្នុងការស្ទាក់ចាប់ដ្រូន ដោយ​ប្រើ​សំណាក់​ទៅចាប់យក ហើយនាំវា​ចុះមកលើដី​។

បច្ចេកទេសរបស់ Argus Interception ត្រូវការ​ប្រើប្រាស់ឧបករណ៍​រ៉ាដា កាម៉េរ៉ា ឬស្ថានីយតាមដាន​​ ដើម្បីចាប់រលកសញ្ញាដ្រូន​របស់សត្រូវ។ ពេលដែលចាប់បានហើយ ទើបគេអាចបញ្ជាយានដ្រូនមួយឲ្យហោះទៅក្បែរ​ បាញ់សំណាញ់​ស្ទាក់ចាប់សណ្តោង​យកដ្រូនសត្រូវចុះមក​ ដល់កន្លែងមានសុវត្ថិភាព​។ លោក Christian Schöning អគ្គនាយក Argus Interception អះអាងថាវិធីសាស្ត្ររបៀបនេះ មានប្រសិទ្ធភាពខ្លាំងណាស់ ជាពិសេសនៅក្នុងការការពារសន្តិសុខព្រលានយន្តហោះ។

ប្រើបច្ចេកទេសធ្វើឲ្យ​ដ្រូនរបស់​សត្រូវវង្វេង ​រក​គោលដៅលែងឃើញ​

គួរបញ្ជាក់ថា ជាមួយនឹង​សង្គ្រាម​នៅអ៊ុយក្រែន ប្រទេសក្បែរខាងដែលស្ថិតនៅកៀក​នឹងសមរភូមិ បានបង្កើន​ការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការតាមដាន​សន្តិសុខផ្លូវអាកាស ដោយខ្លាចក្រែងមានដ្រូន​ហោះចូលមក។ យ៉ាងណាមិញ ប្រទេសរូម៉ានី បានមកចូលរួមយ៉ាងយកចិត្តទុកដាក់បំផុត នៅក្នុងកម្មវិធីស្តីអំពី​បច្ចេកទេសទប់ស្កាត់​ការវាយ​ប្រហារដោយ​យានដ្រូន​ ដែលរៀបចំដោយអូតង់ នៅមូលដ្ឋាន Vedrepeel។

លោកមេបញ្ជាការ​រ៉ូមានី Ionut-Vlad Cozmuta បាន​ប្រាប់អ្នកយកព័ត៌មានបារាំង AFPថា បំណែកដ្រូនរបស់រុស្ស៊ី ត្រូវបាន​គេប្រទះឃើញធ្លាក់​ក្នុងទឹកដី​រូម៉ានី ច្រើនដងមកហើយ ប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះ​។ លោក​មកចូលរួមនេះ គឺ​មក​​ប្រមូលព័ត៌មានចាំបាច់ទាំងអស់ ដើម្បីយកទៅពង្រឹង​ រៀបចំសមត្ថភាព​ការពារផ្លូវអាកាសរបស់រូម៉ាណី ឲ្យ​កាន់តែ​ល្អប្រសើរ។​ បច្ចេកទេសមួយ​ដែល​រូម៉ានី​ចាប់អារម្មណ៍បំផុត គឺបច្ចេកទេសធ្វើ​ឲ្យដ្រូនរបស់សត្រូវវង្វេង លែងស្គាល់គោលដៅ​។

ជាការពិតណាស់ ក្រុមហ៊ុន​បច្ចេកវិទ្យាដែលមានវត្តមាន​ បាន​បង្ហាញ​បច្ចេកទេសថ្មីប្លែកៗ ដើម្បី​ធ្វើ​ឲ្យ​យានដ្រូនដែលប៉ុនប៉ងហោះ​ចូលមកវាយ​ប្រហារ​ ត្រូវវង្វេងវង្វាន់ ឬដាច់ទំនាក់ទំនង​ជាមួយនឹងមូលដ្ឋានដែលបញ្ជាវាពីចំងាយ​។ នៅពេល​ដែល​ដ្រូន​វង្វេង ដាច់ទំនាក់ទំនង វានឹងហោះត្រលប់ទៅកាន់មូលដ្ឋាន​ដើមរបស់វាវិញដោយស្វ័យប្រវត្តិ។ ហើយ​ក្នុងករណី​ខ្លះទៀត គឺគេអាចប្រើបច្ចេកវិទ្យាប្លន់យកប្រព័ន្ធទំនាក់ទំនងរបស់ដ្រូននោះ មកគ្រប់គ្រងតែម្តង​ ហើយ​បញ្ជាវា ​ឲ្យហោះ​ទៅគោលដៅណាមួយដែលគេចង់បាន​។

តែយ៉ាងណាក៏ដោយ មិនថាបច្ចេកទេសមួយណា ឬបច្ចេកវិទ្យា​ទំនើបណាមួយក៏ដោយ គឺអូតង់ត្រូវការ​ការសហការជាមួយប្រទេសសមាជិកទាំងអស់​ ជាពិសេសជាមួយ​បណ្តាក្រុមហ៊ុន​ដែលផលិត​វា ដើម្បីរៀបចំឲ្យ​មានស្តង់ដាររួម​របស់អូតង់។ តួយ៉ាង ប្រព័ន្ធការពារផ្លូវអាកាស Sapient របស់អង់គ្លេស បានរៀបចំ​ស្តង់រួម​ជាមួយ​អូតង់រួចរាល់ហើយ។

​ លោក Hans Folmer មេបញ្ជាការកងទ័ពហូឡង់ បាន​ថ្លែងថា គម្រោងផែនការនេះ វានឹងហុងអត្ថប្រយោជន៍ច្រើនណាស់ ដល់សមត្ថភាព​នៃកងទ័ព​​សម្ព័ន្ធមិត្តអូតង់។ ដូចគ្នាដែរ លោក Claudio Palestini ទីប្រឹក្សាវិទ្យាសាស្ត្ររបស់អូតង់ បាន​លើកឡើងថា ថ្វីបើ​កម្មវិធីនេះមិនមានវត្តមានមន្ត្រីជំនាញអ៊ុយក្រែនចូលរួមមែន តែ​កងទ័ពអ៊ុយក្រែន ដើរតួនាទីធំខ្លាំងណាស់ នៅក្នុងការនាំយក​នូវគំនិតច្នៃប្រឌិតថ្មីៗ បច្ចេកទេសថ្មីៗដែលគេប្រើ​នៅសមរភូមិដោយផ្ទាល់។ លោកអះអាងថា អូតង់ទាក់ទងនិយាយយ៉ាងញឹកញាប់បំផុតជាមួយភាគីអ៊ុយក្រែន ស្តីអំពី​បច្ចេកទេសទប់ស្កាត់ការវាយ​ប្រហារដោយ​យានដ្រូន​នេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ