អានតួអត្ថបទ
បារាំង-អ៊ុយក្រែន-ស្លូវ៉ាគី

លោក​ម៉ាក្រុង អំពាវនាវថាត្រូវតែប្រគល់ឲ្យអ៊ុយក្រែន នូវការការពារ ទំរាំដល់ពេលអ៊ុយក្រែន​ចូលជា​សមាជិកអូតង់

សង្គ្រាមនៅអ៊ុយក្រែន​ នៅតែបន្ត​​ឆេះងំ ខណៈប្រទេសអឺរ៉ុបខាងកើត​កាន់តែច្រើន បានព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខ ប្រឈមជាមួយ​នឹងការគំរាម​ជាប្រចាំ ពីសំណាក់រុស្ស៊ី​។ ថ្លែងពីទីក្រុងប្រាទីស្លាវ៉ា ប្រទេសស្លូវ៉ាគី កាលពីថ្ងៃពុធម្សិលមិញ លោក​ម៉ាក្រុងបានអំពាវនាវ ថាសហភាពអឺរ៉ុប ត្រូវតែរកវិធីធានាប្រាប់អ៊ុយក្រែនឲ្យ​មានទំនុកចិត្ត ទំរាំដល់ពេលដែលអ៊ុយក្រែន ក្លាយជាសមាជិក​របស់អូតង់ពេញសិទ្ធិ។​ ទន្ទឹមគ្នានេះ លោក​ម៉ាក្រុង បាន​លើកឡើងផងដែរ ថាអឺរ៉ុបត្រូវតែ​គូសវា​ផែនការថ្មី ដើម្បី​ជួយបណ្តាប្រទេស​ប្រទេសផ្សេងទៀត ដែលរងចាំចង់ចូលជាសមាជិកអឺរ៉ុប ហើយដែលពួកគេបច្ចុប្បន្ន ភ័យបារម្ភណាស់ ដោយសារតែការគំរាមរបស់រុស្ស៊ី។

លោក​ម៉ាក្រុង កំពុងតែនិយាយនៅក្នុ​ងវេទិកា Globsec regional security forum ក្នុងទីក្រុង Bratislava ប្រទេសស្លូវ៉ាគី ថ្ងៃទី ៣១ ឧសភា២០២៣
លោក​ម៉ាក្រុង កំពុងតែនិយាយនៅក្នុ​ងវេទិកា Globsec regional security forum ក្នុងទីក្រុង Bratislava ប្រទេសស្លូវ៉ាគី ថ្ងៃទី ៣១ ឧសភា២០២៣ AFP - MICHAL CIZEK
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ម៉ាក្រុង បានអំពាវនាវ ឲ្យ​សហភាពអឺរ៉ុប ត្រូវតែពិចារណាគិតគូរឡើងវិញ អំពីអភិបាលកិច្ច ការគ្រប់គ្រងដឹកនាំ ព្រមទាំងរិះរកគំនិតថ្មីៗ ដើម្បីឆ្លើយតប​ទៅ​នឹងសេចក្តីប្រាថ្នា ចង់ចូលរូម​នៅក្នុង​មហាគ្រួសារសហភាពអឺរ៉ុប ពីសំណាក់​បណ្តាប្រទេសអឺរ៉ុបខាងកើត និងនៅតំបន់​បាល់​កង់។

លោក​ម៉ាក្រុងបាន​លើកឡើងបែបនេះ នៅក្នុងឱកាសទៅទស្សនកិច្ច នៅទីក្រុងប្រាទីស្លាវ៉ា ប្រទេស​ស្លូវ៉ាគី កាលពីថ្ងៃពុធ ទី​៣១ឧសភា មុននឹងបន្តដំណើរទៅ​កាន់ទីក្រុងគីស៊ីណោ ប្រទេសមុលដាវី ជាទីដែលនឹងមានជំនួបកំពូល "សហគមន៍​នយោបាយអឺរ៉ុប" ទាំង​៤៧ប្រទេស​។

លោក​ប្រធានាធិបតីបារាំង អះអាងថា ការពិចារណារកគម្រូដឹកនាំថ្មីពីសំណាក់សហភាពអឺរ៉ុប វាគឺជាមធ្យោបាយតែមួយគត់ ដើម្បីឆ្លើយទប ទៅ​នឹងសេចក្តីរំពឹងដ៏ត្រឹមត្រូវបំផុត របស់បណ្តាប្រទេសតំបន់​បាល់កង់ខាងលិច ប្រទេសមុលដាវី និងអ៊ុយក្រែនជាដើម ដែលនឹង​ក្លាយជាសមជិករបស់អឺរ៉ុបនៅថ្ងៃអនាគត។ វាក៏ជា​វិធីដើម្បី​ធ្វើ​ឲ្យអឺរ៉ុបមាន​សមត្ថភាពយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព​ផងដែរ។

នៅប្រាទីស្លាវ៉ា លោក​ម៉ាក្រុង បាន​លើកឡើងថា ក្រុមសម្ព័ន្ធមិត្ត​លោកខាងលិច ត្រូវតែប្រគល់ទៅឲ្យអ៊ុយក្រែន ​នូវ​ការធានាសន្តិសុខ ដ៏​រឹងមាំ និងប្រកបដោយ​ទំនុកចិត្ត។ លោកអះអាង នេះគឺជាកម្មវត្ថុដ៏ធំ ដែល​គេនឹងលើកយកមកនិយាយគ្នានៅក្នុងសប្តាហ៍ខាងមុខ ពីនេះរហូតដល់ជំនួបកំពូលអូតង់ នៅក្នុងខែកក្កដា។ លោក​ម៉ាក្រុងបានសង្កត់បន្ថែមថា រាល់ថ្ងៃនេះ អ្នកដែលកំពុងតែការពារអឺរ៉ុបទាំងមូល គឺអ៊ុយក្រែន ហើយ​ដោយសារតែអ៊ុយក្រែន ពឹងផ្អែកខ្លាំងលើ​​ជំនួយសព្វាវុធ បាន​ពី​លោកខាងលិច ដូច្នេះវាជារឿងចាំបាច់ ដែលលោកខាងលិចក្នុងក្របខណ្ឌពហុភាគី ត្រូវតែធានាប្រាប់​ឲ្យ​អ៊ុយក្រែន ស្ងប់ចិត្ត ថាខ្លួននឹងមិនត្រូវគេបោះបង់។​

បន្ថែមពីនេះ លោក​ម៉ាក្រុង បានអំពាវនាវថា អឺរ៉ុបខ្លួនឯង ត្រូវតែដើរតួជាសរសរគ្រិះដ៍រឹងមាំ នៅក្នុងអង្គការសម្ព័ន្ធមិត្តអូតង់ ដើម្បី​ការពារសន្តិសុខ។ មានន័យថា ប្រទេស​​អឺរ៉ុបត្រូវតែពង្រឹងសមត្ថភាព​វាយប្រហារ ឲ្យ​បានឆ្ងាយ តាមរយៈការប្រើប្រាស់គ្រឿងសព្វាវុធ ដែល​ផលិត​ដោយអឺរ៉ុបខ្លួនឯង។ លោកបន្ថែមទៀតថា ទោះបីជាយ៉ាងណា រុស្ស៊ី នឹងនៅតែជារុស្ស៊ី រុស្ស៊ីនៅតែមានព្រំដែនជាប់អឺរ៉ុប ហើយដែលតម្រូវឲ្យ​អឺរ៉ុប ត្រូវតែ​រិះរកវិធី ធ្វើយ៉ាងណា​​រស់ដោយសុខសាន ជាមួយ​ប្រទេសក្បែរខាងមួយនេះ តែដោយ​មិន​រស់នៅ ជាមួយភាពឆោតល្ងង់នោះទេ។

ដោយឡែក យោងតាម​ប្រភពពីមន្ត្រីទូតបារាំង គឺក្រុមហ៊ុន​បារាំង Framatome បានចុះហត្ថលេខាយល់ព្រម​ផ្គត់ផ្គង់សារធាតុចម្រាញ់ ​សម្រាប់យកទៅដុតប្រើក្នុងរ៉េអាក់ទ័រ​នុយក្លេអ៊ែរ ឲ្យ​ទៅរោងចក្រថាមពលនុយក្លេអ៊ែរស្លូវ៉ាគី។​ ពីមុន​មក សារធាតុទាំងនេះគឺស្លូវ៉ាគីទិញពីរុស្ស៊ី។ ចំណែក​ក្រុមហ៊ុនបារាំង EDF នឹងចូលរួម​ក្នុងការ​ដេញថ្លៃ ដើម្បី​ទទួល​សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីមួយនៅស្លូវ៉ាគី​។ នៅក្នុងសន្និសីទកាសែត ក្រោយជួបជាមួយ​លោក​ម៉ាក្រុង លោក​ប្រធានាធិបតី​ស្លូវ៉ាគី បានបញ្ជាក់ថា ស្លូវ៉ាគីត្រូវតែពង្រឹងភាពជាម្ចាស់ការ ឈប់ពឹងផ្អែកលើរុស្ស៊ីតទៅទៀត។ លោក​បន្ថែមថា ក្នុងវិស័យនុយក្លេអ៊ែរ បារាំងគឺជាដៃគូឈានមុខគេ សម្រាប់ស្លូវ៉ាគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ