អានតួអត្ថបទ

លោកហ្សេឡេនស្គីជួបអូតង់ដើម្បីសុំការធានា និងអាវុធសម្រាប់បន្តសង្រ្គាមទល់នឹងរុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្រ្តីការពារជាតិ​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល​នា​ថ្ងៃ​ពុធ ទី១១ តុលា។ វត្តមាន​ផ្ទាល់​របស់​លោក​ហ្សេឡេនស្គី​នៅ​ទីស្នាក់ការ​អូតង់​ជា​វត្តមាន​មិន​បាន​គ្រោង​ទុក និង​មាន​គោលដៅ​ធានា​ថា ក្រុមសម្ព័ន្ធមិត្ត​នៅ​បន្ត​គាំទ្រ​អ៊ុយក្រែន​នៅ​ចំពោះ​មុខ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ អ្វី​ដែល​លោក​ហ្សេឡេនស្គី​បារម្ភ គឺ​ខ្លាច​ក្រុមសម្ព័ន្ធមិត្ត​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ពេល​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ (រូបឆ្វេង) និងប្រមុខអង្គការអូតង់លោកយែន ស្តុលទែនប៊ែរក្នុង​ទីក្រុង​ព្រុចសែល ថ្ងៃទី១១ តុលា ២០២៣។
ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ (រូបឆ្វេង) និងប្រមុខអង្គការអូតង់លោកយែន ស្តុលទែនប៊ែរក្នុង​ទីក្រុង​ព្រុចសែល ថ្ងៃទី១១ តុលា ២០២៣។ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

« យើង​ត្រូវ​ការ​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​នៅ​ទីនេះ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្សេឡេនស្គី​នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តីការពារជាតិ​របស់​អង្គការ​អូតង់។ ការ​ថ្លែង​របស់​លោក​ហ្សេឡេនស្គី​ត្រូវ​បាន​រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​ថ្លែង​ធានា​ប្រាប់​លោក​ហ្សេឡេនស្គី​ភ្លាមៗ​ថា អូតង់​បន្ត​ផ្តល់​ឲ្យ​អ៊ុយក្រែន​នូវ​អ្វី​ដែល​អ៊ុយក្រែន​ត្រូវ​ការ ទោះ​ក្នុង​រយៈពេល​យូរ​ក៏​ដោយ។ ទន្ទឹម​គ្នា​នេះ លោក​ឡយដ៍ អូស្ទីន​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ថ្មី​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន​ចំនួន ២០០លានដុល្លារ​ក្នុង​ទម្រង់​ជា​ជំនួយ​ប្រព័ន្ធ​ការពារ​ដែនអាកាស។ គិត​ជា​សរុប ជំនួយ​យោធា​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន​មាន​ជិត ៤៤ ពាន់លានដុល្លារ។

សម្រាប់​អ៊ុយក្រែន ជំនួយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ជា​ជំនួយ​ដែល​ខ្លួន​ត្រូវ​ការ​ខ្លាំង ខណៈ​ដែល​រដូវ​ត្រជាក់​ខិត​ជិត​មក​ដល់។ កាល​ពី​រដូវ​ត្រជាក់​ឆ្នាំ ២០២២ រុស្ស៊ី​បាន​បាញ់​មីស៊ីល​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយក្រែន​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ពិសេស​សម្រាប់​ម៉ាស៊ីនកម្តៅ។ នេះ​ជា​ស្ថានភាព​មួយ​ដែល​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​មិន​ចង់​ឃើញ​កើត​មាន​ជា​ថ្មី​នា​រដូវ​ត្រជាក់​ឆ្នាំ ២០២៣ នេះ។ « សង្រ្គាម​អ៊ុយក្រែន​មាន​ការ​យក​ចិត្តទុកដាក់​ពី​យើង ហើយអ៊ុយក្រែន​មាន​ការ​គាំទ្រ​ពេញទំហឹង​ពី​យើង » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការពារជាតិ​ហូឡង់​លោកស្រី Kajsa Ollongren។

ចំណែក​ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ជា​មួយ​លោក​ហ្សេឡេនស្គី​យ៉ាង​ដូច្នេះ​ថា « ការ​ប្រយុទ្ធរបស់​លោក​ជា​ការ​ប្រយុទ្ធ​របស់​យើង សន្តិសុខ​របស់​លោក​ជា​សន្តិសុខ​របស់​យើង »។ ពិត​ណាស់ លោក​ហ្សេឡេនស្គី​មិន​អាច​បន្ត​ការ​តាំង​នឹង​រុស្ស៊ី​ដោយ​គ្មាន​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​បាន​ទេ ពិសេស​អាមេរិក។ ចូរ​កុំ​ភ្លេច​ថា នៅ​ក្នុង​ជំនួយ​ទាំង​អស់​ដែល​អ៊ុយក្រែន​បាន​ទទួល​ពី​ប្រទេស​សមាជិក​អូតង់ អាមេរិក​ម្នាក់​ឯង​មាន​ចំណែក​ដល់​ទៅ​ពាក់​កណ្តាល​ឯណោះ។ សូម្បី​តែ​អឺរ៉ុប​ក៏​បាន​ទទួល​ស្គាល់​ខ្លួន​ឯង​ថា គ្មាន​បំណង និង​គ្មាន​សមត្ថភាព​ទៅ​បំពេញ​កន្លែង​ជំនួយ​ដែល​អាមេរិក​ផ្តល់​ឲ្យ​អ៊ុយក្រែន​ទេ។

អ្វី​ដែល​លោក​ហ្សេឡេនស្គី​បារម្ភ​ពេល​នេះ គឺ​ខ្លាច​អាមេរិក​បង្វែរ​ជំនួយ​យោធា​ខ្លះ​ទៅ​ជួយ​អ៊ីស្រាអែល​ក្រោយ​ពី​អ៊ីស្រាអែល​បាន​រងការ​វាយប្រហារ​ពី​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស។ តើ​ការ​ប្រកាស​បង្កើន​ការ​គាំទ្រ​ផ្លូវ​យោធា​របស់​អាមេរិក​ចំពោះ​អ៊ីស្រាអែល​ពេល​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គាំទ្រ​ផ្លូវយោធា​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន ឬ​ទេ?។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អូតង់​លោកស្រី Julianne Smith បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី១០ តុលា​ថា អាមេរិក​មិន​រំពឹង​មាន​បញ្ហា​ណា​មួយ​ចំពោះ​រឿង​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ