អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-អូតង់

លោកប្រធានាធិបតី​​ហ្សេឡេនស្គី រន្ធាន់ឲ្យ​អូតង់ប្រញាប់ទទួលអ៊ុយក្រែនចូល​ជាសមាជិក

លោក​អគ្គលេខាធិការអង្គការអូតង់ បានទៅដល់ក្រុងកៀវ កាលពីរសៀលថ្ងៃព្រសហ្បតិ៍​ម្សិលមិញ ដើម្បីជួបប្រជុំជាមួយលោក​ប្រធានធិបតីហ្សេឡេនស្គី។ ក្នុងជំនួបនេះ លោក​ហ្សេឡេនស្គី បាននិយាយរន្ធាន់សាជាថ្មី ឲ្យអូតង់ ត្រូវតែប្រញាប់ទទួលយកអ៊ុយក្រែនជាសមាជិកពេញសិទ្ធិ ព្រោះវាគឺជា​ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប្រឈមនឹង​ការឈ្លានពានរបស់រុស្ស៊ី។ លោកហ្សេឡេនស្គី ក៏បានអំពាវនាវសុំគ្រឿងសព្វាវុធបន្ថែមទៀតដែរ ពីក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច។

លោកអគ្គលេខាធិការអូតង់ Jens Stoltenberg និងលោក​ប្រធានាធិបតីអ៊ុយក្រែណ ពេលជួបប្រជុំគ្នានៅ​ក្រុង​កៀវ ថ្ងៃទី ២០ មេសា ២០២៣
លោកអគ្គលេខាធិការអូតង់ Jens Stoltenberg និងលោក​ប្រធានាធិបតីអ៊ុយក្រែណ ពេលជួបប្រជុំគ្នានៅ​ក្រុង​កៀវ ថ្ងៃទី ២០ មេសា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ក្នុងពេលជួបជាមួយ​លោក Jens Stoltenberg អគ្គលេខាធិការអូតង់ លោក​ហ្សេឡេនស្គី​ បាននិយាយសង្កត់សាជាថ្មីថា ដល់ពេលហើយ ដែលអូតង់ត្រូវតែគិតគូ សម្រេចឲ្យ​អ៊ុយក្រែនក្លាយជាសមាជិកពេញលេញ ព្រោះវាគឺជាការធានាការពារសន្តិសុខដ៏ចាំបាច់បំផុត សម្រាប់អ៊ុយក្រែន​។ លោក​ហ្សេឡេនស្គី បន្ថែមថា លោក​នឹងបានឮដំណឹងល្អនេះ នៅក្នុងជំនួបកំពូលអូតង់ នៅ​ក្រុងវីលនុស នៅខែកក្កដាខាងមុខ។

ឆ្លើយតបទៅនឹងសំដីបែបរន្ធាន់ របស់​លោក​ប្រធានាធិបតីអ៊ុយក្រែន លោក​អគ្គលេខាធិការអូតង់ បាន​អះអាងថា អូតង់​គឺពិតជាមិនជំទាស់ទេ ក្នុងការចូលជាសមាជិករបស់អ៊ុយក្រែន។ តែកម្មវត្ថុធំរបស់អូតង់ និង​ប្រទេសសម្ព័ន្ធមិត្តនាពេលនេះ គឺធ្វើយ៉ាងជួយអ៊ុយក្រែនឲ្យយកឈ្នះសង្គ្រាមឲ្យ​បាន​។ យ៉ាងណាក៏ដោយ លោក Jens Stoltenberg បានធានាប្រាប់​លោក​ហ្សេឡេនស្គីថា ក្នុងជំនួបកំពូលនៅក្រុងវីលនុស នៅខែកក្កដា គឺអូតង់នឹងផ្តល់អាទិភាព ដល់ការជជែកគ្នាទាក់ទិននឹងបេក្ខភាពជាសមាជិក​របស់​អ៊ុយក្រែន ហើយ​លោក​សង្ឃឹមថាលោក​ហ្សេឡេនស្គី នឹងមានវត្តមាន​ក្នុងកិច្ចប្រជុំនោះដែរ។

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ទី​២០មេសាដែរ លោក​ Dmitri Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បាន​លើកឡើងថា កម្មវត្ថុធំមួយនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន គឺដើម្បីរារាំងមិន​ឲ្យ​អ៊ុយក្រែន ចូលជាសមាជិកអូតង់។ ការពង្រីកសមាជិកដែលរុស្ស៊ីចាត់ទុកថាជាបន្ទាត់ក្រហម។

គួរកត់សំគាល់ថា សង្គ្រាមជាង១ឆ្នាំមកនេះ បានបង្ហាញ​ថារុស្ស៊ីស្ថិតនៅឆ្ងាយ​ពីកម្មវត្ថុរបស់ខ្លួន​ខ្លាំងណាស់។ ដោយសារតែបរាជ័យនេះ ភាគីរុស្ស៊ីបានងាកមកស្រែកបរិហារថា គឺអូតង់ និង​ និង​ក្រុមសម្ព័ន្ធមិត្តលោកខាងលិច កំពុងតែប្រើដីអ៊ុយក្រែន ធ្វើសង្គ្រាម​ជាមួយរុស្ស៊ី​ ទាំងដែលធាតុពិតគឺរុស្ស៊ីខ្លួនឯង ដែលជាអ្នកចាប់​ផ្តើមសង្គ្រាមនេះ​។

ទាក់ទិននឹងការវាយប្រយុទ្ធនៅសមរភូមិ ក្នុងពេល​ជួប​ជាមួយលោក​អគ្គលេខាធិការអូតង់ លោកហ្សេឡេនស្គី បានអំពាវនាវសុំគ្រឿងសព្វាវុធបន្ថែមទៀត។ លោកលើកឡើងថា កងទ័ពអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់ នូវយន្តហោះចម្បាំងទំនើប រថពាសដែក កាំភ្លើងធំចំងាយឆ្ងាយ ដើម្បី​ឈានទៅ​ដណ្តើមយកទឹកដីត្រលប់​មកវិញ​។​ លោក​ Jens Stoltenberg បានបង្ហើបឲ្យដឹងថា ក្រុមប្រទេសសម្ព័ន្ធមិត្តនឹងបើកការប្រជុំនៅមូលដ្ឋានទ័ព Ramstein នៅថ្ងៃសុក្រ ដើម្បីនិយាយគ្នាពីការបញ្ជូន​សព្វាវុធបន្ថែម តែដោយ​មិនបញ្ជាក់ថាអ្វី​ខ្លះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ