អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហគមន៍​នយោបាយអឺរ៉ុប ​ជុំ​គ្នា​ នៅ​ម៉ុលដាវី​ ដើម្បីបញ្ជាក់​ពី​​សាមគ្គីភាព​ជាធ្លុង​មួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​​ជា​ប្រទេស​​​ដ៏​តូច​ក្រីក្រ​ជាង​គេ​មួយ​នៅអឺរ៉ុប ម៉ុលដាវី ដែល​មាន​​ព្រំដែនដ៏​វែង​ជាប់​​អ៊ុយក្រែន​ និង​​រស់​ក្នុងការ​​គំរាមកំហែង​ពី​រុស្ស៊ី​ដែរ។ តែ​នៅថ្ងៃ​ព្រហស្បតិ៍​ទី ១​ មិថុនា ២០២៣នេះ ​ម៉ុល​ដាវី បាន​ធ្វើ​ម្ចាស់​ផ្ទះ ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​អឺរ៉ុប ជិត​៥០ប្រទេស ដែល​មក​ជួប​​​ជុំ​គ្នា​ បើក​ជំនួប​កំពូល​សហគមន៍នយោបាយ​អឺរ៉ុប​ជា​លើកទីពីរ។ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី​ ក៏​ធ្វើ​ដំណើរ​មក​ចូល​រួម​ដោយ​ផ្ទាល់​​ដែរ។

រូបថត​បើក​ជំនួប​កំពូល​ សហគមន៍​នយោបាយ​អឺរ៉ុប នៅ​ប្រទេស​ម៉ុលដាវី
រូបថត​បើក​ជំនួប​កំពូល​ សហគមន៍​នយោបាយ​អឺរ៉ុប នៅ​ប្រទេស​ម៉ុលដាវី © EPCMoldova
ផ្សាយពាណិជ្ជកម្ម

​មិនមែនជា​ជំនួប​ក្នុងក្របខ័ណ្ឌ​ សហភាពអឺរ៉ុប ឬ​​ក្រុមប្រឹក្សា​អឺរ៉ុប​ទេ គឺជំនួប​កំពូល លើក​ទីពីរ របស់ សហគមន៍​នយោបាយ​អឺរ៉ុប ដែល​​ជា​រចនា​សម្ព័ន្ធ​ថ្មី​​ បង្កើត​ឡើង​ដោយ​សហភាពអឺរ៉ុប​ទាំង​២៧​ប្រទេស កាលពី​ខែ​មិថុនា​ឆ្នាំ​២០២២ តាម​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​បារាំង គឺ​លោក អេម៉ានុយអែល ម៉ាក្រុង។

សហគមន៍​នយោបាយ​អឺរ៉ុប ប្រមូល​ផ្តុំ​ដោយ​៤៧ប្រទេស គឺ​សមាជិក​សហភាពអឺរ៉ុប ទាំង​២៧​ប្រទេស និង​២០ប្រទេស​ទៀត​នៅទ្វីប​អឺរ៉ុប ដែល​មាន​លក្ខន្តិកៈ​ជា​ប្រទេសអាច​​សុំ​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប (អាល់បានី បូស្នី ម៉ុលដាវី ម៉ុងតេណេក្រូ ម៉ាសេដ្វាន​ខាង​ជើង ស៊ែរប៊ី តួកគី​ និង​អ៊ុយក្រែន) ប្រទេស​បានសុំ​ចូល​ជា​សមាជិក​ហើយ​ (​​​កូសូវូ និង​ហ្សកហ្ស៊ី)  ព្រមទាំង​ប្រទេសជា​សមាជិក​ទីផ្សារ​​សេដ្ឋកិច្ច​អឺរ៉ុប (​អ៊ីស្លង់ លីតស្តិនស្តែន ន័រវែស អារមេនី​ អាហ្សែបៃហ្សង់) ស្វីស និង​អង់គ្លេស។

ដូច​ឈ្មោះ​ដែល​គេហៅ សហគមន៍​នេះ​ត្រូវ​ចែក​រំលែក​កិច្ចសហប្រតិបត្តិការ​ផ្នែក​​នយោបាយ ក្នុង​រង្វង់​សមាជិក​ទាំង​៤៧ប្រទេស នៅ​អឺរ៉ុប ដើម្បី​រឹត​ចំណង​នយោបាយ​ រវាង​ក្រុមប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប និង​ប្រទេស​ក្នុង​តំបន់​ដែលមិនមែន​ជា​សមាជិក​សហភាពអឺរ៉ុប តែ​​មាន​ឆន្ទៈ​នយោបាយដូច​គ្នា ឬ​និយាយ​ឱ្យ​ចំ​ការ​ពង្រីក​នយោបាយ​អឺរ៉ុប ដោយ​មិនចាំបាច់​ពង្រីក​សមាជិកសហភាពអឺរ៉ុប។

​ប៉ុន្តែ​ជំនួប​កំពូល​ថ្ងៃ​នេះ ដែល​លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បង្ហាញ​វត្តមាន​ដោយផ្ទាល់​ដែរ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជាពិសេស​ និង​មាន​អត្ថន័យ​ជា​និម្មត្តិរូប​ខ្លាំង​ ព្រោះ​វា​ប្រព្រឹត្ត​ទៅ​នៅក្នុង​ប្រទេស​ម៉ុលដាវី ដ៏ក្រីក្រជាង​គេ​បំផុត​មួយនៅអឺរ៉ុប​ដែល​មាន​រចនា​សម្ព័ន្ធ​ទន់​ខ្សោយ​ហើយ មាន​ទីតាំងកៀក​សមរភូមិ​សង្គ្រាម​ទៀត។ ​កន្លែង​ប្រជុំ​​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​១៦០គីឡូម៉ែម៉ែត្រ​ ពី​ក្រុង​កំពង់ផែ​អូដេសា​ដែល​រុស្ស៊ី​ផ្លោង​គ្រាប់​វាយប្រហារ​ឥតឈប់ និង​មិន​ដល់​២០គីឡូម៉ែត្រ​ពី​ទី​ប្រជុំ​នេះ ជា​តំបន់​​របស់​ក្រុម​ផ្តាច់​ខ្លួន​និយម​ម៉ុលដាវី ស្និទ្ធិ​នឹង​រុស្ស៊ី ដែល​មាន​ប្រជាជន​រស់នៅ​ជាង​បីសែ​ននាក់ និង​ទាហាន​រុស្ស៊ី​ប្រមាណ​ជាង​១៥០០នាក់ ព្រមទាំង​សព្វាវុធ​យ៉ាង​ច្រើន​ផង។ តែ​រដ្ឋាភិបាល​ម៉ុលដាវី​ ជ្រើសរើស​រួម​រស់​ជាមួយ​អឺរ៉ុប។​

​សមាជិកភាព​សហភាពអឺរ៉ុប

​មាន​ប្រធានបទ​ច្រើន​ដែល​គេ​ត្រូវ​លើក​ជជែក​គ្នា​នៅពេល​នេះ។ ក្រៅ​អំពី​ជំនួប​ពិភាក្សា​បែប​ទ្វេភាគី  ឬ​ជា​ក្រុមតូចៗ ដើម្បី​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់​ ដូច​ជា​វិបត្តិ​នៅកូសូវ៉ូ ឬ​ជម្លោះ​អារមេនី​និង​អាស៊ែរបៃសង់ ជំនួប​កំពូលសហគមន៍​នយោបាយ​អឺរ៉ុប​ពិត​ជា​​​មិន​រំលង​ ​បញ្ហា​សន្តិសុខ​អ៊ុយក្រែន​ទេ។ បើ​តាម​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​បារាំង ក្រុម​សហគមន៍​អឺរ៉ុប ត្រូវ​ផ្តល់​ការ​ធានា​និង​ការគាំទ្រ​ដល់​អ៊ុយក្រែន ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

តែ​​​ម៉ុលដាវី ដែលមាន​ព្រំដែន​ជាមួយ​អ៊ុយក្រែន​ជាង​មួយពាន់​គីឡូម៉ែត្រ ហើយ​រង​ការ​គំរាមកំហែង​ពី​រុស្សី​ដែរ​នោះ ក៏​បាន​​ឱកាស សម្រាប់​បញ្ជាក់​ឡើង​វិញ​អំពី​ចេតនា​របស់​ខ្លួន​ដែល​​ចង់​ក្លាយ​ជា​សមាជិក​សហភាពអឺរ៉ុប។ ប្រធានាធិបតី​ម៉ុលដាវី បាន​ទទួល​សារ​លើក​ទឹក​ចិត្ត​ពី​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ផ្ទាល់​តែ​ម្តង ថា​រដ្ឋាភិបាល​ម៉ុលដាវី​បាន​ធ្វើ​កំណែទម្រង់​ច្រើនសម្បើម​ណាស់​​ ដើម្បី​សង្ឃឹម​អាច​បំពេញ​លក្ខខណ្ឌ​ក្លាយ​ជា​សមាជិក​សហភាពអឺរ៉ុប។ ម៉ុលដាវី​ បាន​ទទួល​លក្ខន្តិកៈជា​បេក្ខភាព​ជា​ផ្លូវការ​ សុំ​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប ទន្ទឹម​នឹង​​អ៊ុយក្រែនកាលពី​ខែ​មិថុនា​ឆ្នាំ​២០២២។ បេក្ខភាព​អ៊ុយក្រែន និង​ម៉ុលដាវី ចូល​ជា​សមាជិក​សហភាពអឺរ៉ុប ជា​រឿង​បន្ទាន់ ​តែ​​ដំណើរ​បែប​បទនៅវែងឆ្ងាយ​ខ្លាំង និង​មាន​ឧបសគ្គ​ច្រើន​ទៀត​ណាស់។

​សមាជិក​ភាពអង្គការ​អូតង់

ក្នុង​ពេល​ដែលក្រុម​មេដឹកនាំ​​អឺរ៉ុប៤៧ប្រទេស​ រួម​ទាំង​​ប្រធានាធិបតីអ៊ុយក្រែន ​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ម៉ុលដាវី នោះអូតង់​ក៏​កំពុង​ប្រជុំ​គ្នា​ដែរ​ នៅ​ក្រុង​អូស្លូដើម្បី​​សម្រុះ​សម្រួល​គ្នា​នាំ​អ៊ុយក្រែន​អាច​ចូល​ជា​សមាជិក​អូតង់។ ​​អូតង់​កំពុង​ផ្តោតកិច្ចពិភាក្សា​លើ​ចំណុច​បី​​ជា​សំខាន់​៖ ការ​ធានា​សន្តិសុខ​ អ៊ុយក្រែនសម្រាប់​នាំប្រទេស​នេះ​ឱ្យ​​បាន​ក្លាយ​ជា​សមាជិក​អូតង់ ការ​បញ្ចៀស​ជម្លោះ​ថ្មី​ទៀត ជាមួយ​រុស្ស៊ី និងការ​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ថ្មីរបស់​អង្គការ។

លោក ស្តុលទែនប៊ែករប្រធានអង្គការ​អូតង់ បាន​អះអាង​នៅព្រឹកមិញ​ថា​ សម្ព័ន្ធមិត្ត​អូតង់​ទាំងអស់ គួរ​តែ​ឯកភាព​​ឱ្យ​​​អ៊ុយក្រែន ត្រូវ​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ នៅ​ពេល​សង្គ្រាម​ចប់​ ដោយ​មូស្គូ​មិន​អាច​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ​បាន​ជា​ដាច់​ខាត។ នៅក្នុង​សុន្ទរកថា​បើក​ប្រជុំ លោក​បាន​បញ្ជាក់​ថា​អូតង់​ ត្រូវ​តែ​​រៀប​ចំ​ដាក់​ឱ្យ​ដំណើរការ​ក្របខ័ណ្ឌ​មួយ សម្រាប់​ធានា​សន្តិសុខ​ឱ្យ​អ៊ុយក្រែន​​ នៅថ្ងៃ​មុខ ដោយ​មាន​ផែនទី​ចង្អុល​ផ្លូវ​មួយ​ដ៏​ច្បាស់លាស់​ឱ្យ​​អ៊ុយក្រែន។ ប៉ុន្តែ​ផ្តល់​ក្របខ័ណ្ឌ​ច្បាស់​លាស់​មួយ ឬ​ពង្រីកសមាជិក​អូតង់ ឆ្ពោះទៅទិស​ខាង​កើត​ដោយ​មាន​បញ្ចូល​អ៊ុយក្រែន ជា​ប្រធានបទ​ចម្រូង​ចម្រាស​គ្នា​ណាស់​ក្នុង​រង្វង់​សមាជិក​អូតង់។ បារាំង​​បាន​ព្រមព្រៀង​ជា​ផ្លូវការ​ តែ​សមាជិក​ផ្សេង​ទៀត​មិន​ទាន់​ទេ​មាន​ជាអាទិ៍​សហរដ្ឋ​អាមេរិក ព្រោះខ្លាច​​វា​អាច​នាំ​ឱ្យ​មា​នសង្គ្រាម​ដោយ​ចំ​មុខ​រវាង​អូតង់​និង​រុស្ស៊ី។

លោក ស្តុលទែនប៊ែរ ខ្លួន​ឯង​បាន​ទទួល​ស្គាល់​ថា​ គ្មាន​លទ្ធភាព​អះអាង​ដោយ​ប្រាកដ​ អំពី​សេចក្តីសម្រេចចិត្ត​​ចុងក្រោយ​របស់​អង្គការ​អូតង់​ ចំពោះរឿងបេក្ខភាព​​​អ៊ុយក្រែន​នេះ​ទេ។ ជំនួប​កំពូល​អូតង់​នៅ​សល់​ពេល​តែ​មួយ​ខែ​ទេ តែ​​បើ​គ្មាន​ការព្រមព្រៀង​គ្នា នឹង​គ្មាន​ឡើយ​សេចក្តី​សម្រេច​។ ហើយម្យ៉ាង​ទៀត​​អូតង់​អាច​នឹង​ត្រូវ​មាន​ប្រមុខ​ដឹកនាំ​ថ្មី​ផង។

ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ ត្រូវ​មាន​ការ​ព្រមព្រៀង​ពី​គ្រប់​សមាជិក​ ដូច្នេះ​វា​មិន​មែនជា​ការ​ងាយ​ឡើយ​សម្រាប់​អ៊ុយក្រែន។ សូម្បី​តែ​បេក្ខភាព​ស៊ុយអែត ដែល​អង្គការបាន​​ព្រមព្រៀង​ជា​គោលការណ៍​ផ្តល់​ការពារ​ឱ្យ​ហើយ នៅ​តែ​ពុំ​ទាន់​អាច​ចេញ​រួច។ សំណុំ​រឿង​​កំពុង​នៅជាប់​គាំង ​ដោយ​មាន​សមាជិក​ពីរ គឺ​តួកគី​ និង​ហុងគ្រី​ មិនព្រម​ផ្តល់​សច្ចាប័ន​។ លោក​ប្រធាន​អង្គការ​អូតង់ សង្ឃឹម​​ទម្លាយ​បេក្ខភាព​ស៊ុយអែត ឱ្យបាន​មុន​ជំនួប​កំពូល​អូតង់​នៅ​ខែ​កក្កដាខាង​មុខ ដោយ​គ្រោង​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​បញ្ចូលប្រធានាធិបតី​​តួកគី​ទើប​ជាប់​ឆ្នោត​ជា​ថ្មី ដល់​ផ្ទះ​នៅពេល​ឆាប់ៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ