ក្រោយរឿងអាស្រូវសុវត្ថិភាព ប៊ូអ៊ីងប្រគល់យន្តហោះ737Max មួយគ្រឿងដំបូងឱ្យចិន
នៅថ្ងៃសៅរ៍ទី២៧មករា២០២៤នេះ ជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ២០១៩មក ដែលក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង អាចប្រគល់យន្តហោះប្រភេទ Boeing 737Max មួយគ្រឿងដំបូងទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ចិន តាមការបញ្ជាទិញ។ ការប្រគល់យន្តហោះប៊ូអ៊ីង ត្រូវអាក់ខានតាំងពីឆ្នាំ២០១៩ ដោយហេតុបញ្ហាសុវត្ថិភាពយន្តហោះផង និងបរិបទតាមតឹងនយោបាយរវាងចិននិងអាមេរិកផង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៧
យន្តហោះប៊ូអ៊ីង737Max8 មួយគ្រឿងដំបូងបានទៅដល់ប្រទេសចិន និងប្រគល់ឱ្យក្រុមហ៊ុនដឹកជញ្ជូនChina Southern នៅថ្ងៃសៅរ៍ទី២៧មករា២០២៤។ មុននឹងចុះថតនៅអាកាសយានដ្ឋានក្រុងកង់តុងវេលាម៉ោង១០និង២៣នាទីព្រឹកម៉ោងនៅក្នុងស្រុក យន្តហោះបានចុះចតពីរលើក គឺនៅកោះហាវៃ និងកោះសៃបាន ក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក។ នេះបើតាមFlightradar24។
ការប្រគល់យន្តហោះប៊ូអ៊ីង737Max8 ឱ្យចិននៅថ្ងៃនេះ គឺជាការបិទបញ្ចប់ការបង្កកការនាំចូលយន្តហោះតាំងពីឆ្នាំ២០១៩មក ពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសចិនផង និងដោយហេតុតែបរិបទតានតឹងនយោបាយរវាងប៉េកាំងនិងវ៉ាស៊ីនតោនផង។ ចិនបានសម្រេចផ្អាកមិនទទួលយន្តហោះតាមការបញ្ជាទិញពីក្រុមហ៊ុនប៊ូអ៊ីង ក្រោយពីមានឧប្បត្តិហេតុ យន្តហោះប្រភេទ737Max របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី និងអេត្យូពីបានធ្លាក់ជាបន្តបន្ទាប់គ្នាមួយនៅឆ្នាំ២០១៨ និងមួយទៀតនៅឆ្នាំ២០១៩ ឆក់យកជីវិតអ្នកដំណើរអស់៣៤៦នាក់។ គ្រោះថ្នាក់បានជំរុញឱ្យភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអាមេរិកបញ្ឈប់ការហោះហើររបស់យន្តហោះប្រភេទ737Maxទាំងស្រុងនិងទូទាំងពិភពលោក រយៈពេលអស់២០ខែ ពោលគឺរហូតដល់ខែវិច្ឆិកា២០២០។ អឺរ៉ុបបានអនុញ្ញាតឱ្យយន្តហោះប្រភេទនេះដំណើរការវិញនៅឆ្នាំ២០២១។ ចំណែកចិនទើបបើកភ្លើងខៀវកាលពីខែមករាឆ្នាំទៅប៉ុណ្ណោះ។
ស្តារមុខមាត់បានឡើងវិញមិនបានប៉ុន្មានផង ក្រុមហ៊ុនប៊ូអ៊ីងត្រូវជួបរឿងអាស្រូវសុវត្ថិភាពថ្មីមួយទៀត ដោយយន្តហោះ737Maxនៃក្រុមហ៊ុនអាកាសចរណ៍Alaska Airlines ត្រូវចុះថតជាបន្ទាន់កាលពីដើមខែ បន្ទាប់ពីមានទ្វារមួយរបូតខ្ចៅដាច់ធ្លាក់ពេលកំពុងហោះឡើង។ ដូច្នេះ ការប្រគល់យន្តហោះឱ្យក្រុមហ៊ុនចិននៅថ្ងៃនេះ ជាដំណឹងល្អដ៏កម្រណាស់សម្រាប់ក្រុមហ៊ុនផលិតយន្តហោះអាមេរិកប៊ូអ៊ីង។ ប៊ូអ៊ីងចាត់ទុកចិនជាទីផ្សារដ៏ចម្បងរបស់ខ្លួន ព្រោះបើតាមការព្យាករ មហាយក្សអាស៊ីនេះអាចត្រូវការយន្តហោះថ្មីចំនួន ៨៥៦០គ្រឿងសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីពេលនេះ ដល់ឆ្នាំ២០៤២។ ចិនតែម្នាក់ឯងស្រូបយកទីផ្សារយន្តហោះពិភពលោកដល់ទៅ២០%។ នៅក្នុងសន្និសីទកាសែតជាមួយអ្នកវិភាគកាលពីខែតុលា ២០២៣ ប្រមុខដឹកនាំក្រុមហ៊ុនប៊ូអ៊ីងអាមេរិកបានអះអាងមានយន្តហោះប្រភេទ737ផលិតហើយស្រេចចំនួន៨៥គ្រឿងដែលរង់ចាំតែបញ្ជូនទៅប្រគល់ឱ្យក្រុមហ៊ុនចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ