អានតួអត្ថបទ
អាស៊ាន-ភូមា

ភូមា៖ មេដឹកនាំ​​របបសឹក​ ជួប​​ ប្រេសិតពិសេស​​អាស៊ាន​ ដោះស្រាយជម្លោះ​​ប្រដាប់​អាវុធ

​មេដឹកនាំ​​របប​សឹក​ភូមា ​ឧត្តម​សេនីយ មីន អ៊ុងឡាំង និង ប្រេសិតពិសេស​​អាស៊ាន​ លោក អរុណកែវ កិត្តិគុណ (អាលុនកែវ គិទ្ទិឃុន) ​បាន​​ជួបសំណេះសំណាល​​គ្នា តាម​បែប​​​ការទូត ហើយ​និង «​ជជែកពិភាក្សាគ្នា​អំពី​ការ​ខំ​ប្រឹងប្រែង​របស់​រដ្ឋា​ភិបាលភូមា​ ក្នុងការ​រក​ដំណោះស្រាយ ដើម្បី​សន្តិភាព និង​ស្ថិរភាព​»​។ នេះបើតាម​ការទម្លាយ​​ផ្សាយ​ឲ្យ​ដឹង​ពីកាសែត​រដ្ឋ​ភូមា The New Global Light of Myanma និងដែល​​បញ្ជាក់ថា ជំនួប​​នេះ បាន​ធ្វើ​ឡើង នៅថ្ងៃពុធ ទី​១០ មករា នៅក្នុង​រដ្ឋធានី​ណៃពិដោរ ។

ឧត្តមសេនីយ មីន អ៊ុងឡាំង និង ប្រេសិតពិសេសអាស៊ាន  ជួបសំណេះសំណាលគ្នា នៅថ្ងៃទី១០មករា។
ឧត្តមសេនីយ មីន អ៊ុងឡាំង និង ប្រេសិតពិសេសអាស៊ាន ជួបសំណេះសំណាលគ្នា នៅថ្ងៃទី១០មករា។ AP
ផ្សាយពាណិជ្ជកម្ម

អ្នក​វិភាគ​កិច្ចការតំបន់​អាស៊ាន​ បាន​ប្រមើលមើលឃើញថា មេដឹកនាំ​​របបសឹកភូមា​ សម្រេច​ទទួលជួប​​ ប្រេសិតពិសេស​​អាស៊ាន​ គឺក្នុងបរិបទពិសេស។ ពិសេសម្យ៉ាង ដ្បិតថា​ ពួក​យោធាភូមា ​កំពុងតែ​ប្រឈមមុខ​ខ្លាំងឡើងៗ ទល់នឹង​ សម្ព័ន្ធ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច។ ការប្រយុទ្ធគ្នា​មានភាព​ស្រួលស្រាល់ខ្លាំង​ ​តាំងពី​ខែ​តុលា​មក​ គឺ​ សម្ព័ន្ធ​ប្រដាប់អាវុធ​ជនជាតិ​ភាគ​តិច​ ដែលមាន​កម្លាំង​ចលនា ៣ រួមបញ្ចូល​​គ្នា​ បានកាន់កាប់​​ទីតាំង​យោធាមួយ​ចំនួន​ ព្រម​ទាំងបាន​ដណ្តើមត្រួតត្រា​​​ច្រក​ព្រំដែន ​ដែលជា​​ដង្ហើម​ពាណិជ្ជកម្ម​នាំចេញដ៏​សំខាន់​របស់​របបសឹក​ភូមា​ ​ជាមួយ​​ចិន​។ បរិបទពិសេស​ម្យ៉ាងទៀត គឺ ជំនួប​រវាង​មេដឹកនាំរបបសឹកភូមា និង​ប្រេសិតពិសេស​​អាស៊ាន នេះ គឺធ្វើឡើងនៅមុន​​ពេល​កិច្ចប្រជុំ​កំពូលអាស៊ាន​ ដែល​ត្រូវ​រៀបចំ​ធ្វើឡើង​​​ចុង​ខែ​នេះ នៅ​ប្រទេស​​ឡាវ ​ក្បែរខាង​​ភូមា​។

របបសឹក​ភូមា ឡើង​កាន់អំណាចដោយ​រដ្ឋប្រហារ​យោធា តាំងពី​​ឆ្នាំ២០២១ ហើយ​អំពើហិង្សា និង ស្ថានការណ៍​ជម្លោះចេះតែបន្តបង្ហូរឈាមគ្នា​​។​ ​ចំណែក ​ការ​រឹត​បណ្តឹង​សិទ្ធិមនុស្សមាន​ជាហូរហែរ​ ហើយ​ពន្លឺប្រជាធិបតេយ្យ កាន់តែ​ខិត​ទៅឆ្ងាយ។

រហូត​មកទល់​នឹងពេល​នេះ​​ សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ នៅពុំទាន់​អាច​នឹងជំរុញ ភូមា ​ ​ឲ្យ អនុវត្ត​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន​ទាំង​ ៥ ចំណុច ដើម្បីនាំមកនូវ​ស្ថិរភាព​ សន្តិភាព នៅ​ភូមា​។ ភូមា ក៏​នៅតែ​ត្រូវ​​គេ​ផាត់ចេញ​ពីកិច្ចប្រជុំ​ធំៗទាំងឡាយ​របស់​អាស៊ាន​។ ជាក់ស្តែង កិច្ចប្រជុំអាស៊ាន​-ជប៉ុន​ថ្មីៗនេះ នៅរាជធានីតូក្យូ​ គ្មា​នឡើយ​វត្តមាន​ដឹកនាំកំពូល​ភូមា។​

សំណុំ​រឿង​ភូមា គឺធ្វើ​ឲ្យរដ្ឋសមាជិក​អាស៊ាន​ឈឺក្បាល​មិនតិចទេ ហើយ​និង​មិនអាច​រក​សំឡេងរួមគ្នា​​តែមួយ​​។ កម្ពុជា កាលពី​រដ្ឋអំណាចក្រុង​ភ្នំពេញធ្វើជាប្រធានផ្លាស់វេនអាស៊ាន ក៏បាន​ជ្រោ​មជ្រែង​ជំរុញ ភូមា ឲ្យ​ដើរផ្លូវត្រូវ​មកវិញ ហើយ រដ្ឋអំណាចចិន វិញ ក៏​បានសម្រុះ​សម្រួល​ដែរ ក៏ប៉ុន្តែ​ ស្ថានការណ៍​ភូមា ហាក់​នៅ​ទ្រឹង។​  ពេលកន្លងទៅ​ ថៃ​ បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ភូមា និងចង់​រកច្រកផ្លូវ​បើក​ឲ្យ​ ភូមា ចូល​រួមប្រជុំ​ក្នុង​កម្រិត​ការទូត។ ផ្ទុយ​ទៅវិញ​ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហើយ​ សិង្ហបុរី បាន​ជំទាស់។ សិង្ហបុរី បាន​បដិសេធ​ថា​ ភូមា ​គ្មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់ នៅឡើយទេ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ