អានតួអត្ថបទ
ភូមា-ជម្លោះ​ប្រដាប់អាវុធ

ប៉េកាំងបញ្ជា​​ឱ្យ​ពលរដ្ឋ​ចិន​ចាក​ចេញភ្លាម​ពីតំបន់​ភាគ​ខាងជើង​ភូមា

​ពលរដ្ឋ​ចិន​ដែល​កំពុង​ស្នាក់​នៅក្នុង​ស្រុក​ឡូកី នៃ​តំបន់​ភាគខាង​ជើង​ភូមា ត្រូវ​តែរួសរាន់​​ចាក​ចេញ​ឱ្យ​បាន​ឆាប់​បំផុត ដើម្បី​គេច​ពី​អំពើ​ហិង្សា​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ភូមា​និង​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច។ នេះជា​សេចក្តី​ថ្លែងការណ៍​របស់​​ស្ថានទូត​ចិន​ប្រចាំ​ភូមា ចេញ​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍​ទី ២៨​ធ្នូ​២០២៣។

​សម្ព័ន្ធប្រដាប់​អាវុធ​​ជនជាតិភាគ​តិច​នៅ​កូកង់ ភាគ​ខាង​ជើង​ភូមា
​សម្ព័ន្ធប្រដាប់​អាវុធ​​ជនជាតិភាគ​តិច​នៅ​កូកង់ ភាគ​ខាង​ជើង​ភូមា AP
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​Shan តំបន់​ព្រំដែន​ភាគ​ខាង​ជើង​បំផុត​នៃ​ប្រទេស​ភូមា បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​សន្ធោរសន្ធៅ​បំផុត​ តាំងពី​សម្ព័ន្ធ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិចបី​ក្រុម គឺយោធា​អារ៉ាកាន(AA) យោធាសម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​ភូមា​(MNDAA) និង​យោធា​រំដោះជាតិ​តាអាង   (TNLA) ចង​សម្ព័ន្ធភាព​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​រដ្ឋាភិបាល​ភូមា​មក។ តាំងពី​ខែ​តុលា​មក​ សម្ព័ន្ធ​ប្រដាប់អាវុធ​ជនជាតិ​ភាគ​តិច​ដណ្តើម​បាន​ទីតាំង​យោធា ព្រម​ទាំង​បាន​ដណ្តើម​កាន់កាប់​​ច្រក​ព្រំដែន​ដែល​ដង្ហើម​ពាណិជ្ជកម្ម​នាំចេញដ៏​សំខាន់​របស់​ភូមា​​ជាមួយ​​ចិន​។

គោល​ដៅ​បន្ទាប់​គឺដណ្តើម​យក​​ស្រុក​ឡូកី​ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ចិន​ ល្បី​ខ្លាំង​ខាង​មាន​កាស៊ីណូ​ បន​ស្រីពេស្យា និង​ជា​មណ្ឌល​រក​ស៊ី​ឆបោក​អនឡាញ ហើយ​គ្រប់គ្រង​ដោយ​ក្រុម​យុទ្ធជន​ស្និទ្ធ​នឹង​យោធា​ភូមា។ សម្ព័ន្ធ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​បាន​អះអាង​ថាការ​ប្រយុទ្ធ​នៅ​តែ​បន្ត​ក្នុង​រដ្ឋ​Shan ហើយ​ពួកគេ​ដណ្តើម​បាន​ភូមិ​ពីរ​ថ្មីទៀត​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ស្ថានទូត​ចិន​ប្រចាំ​ភូមា បាន​តឿន​រំលឹកជា​ថ្មី​​ឱ្យ​ប្រជាពលរដ្ឋ​ចិន​​ទាំងអស់​ត្រូវ​ចាក​ចេញ​ពី​ស្រុក​ឡូកី​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ធានា​សុវត្ថិភាព​និង​សន្តិសុខ​។ ហានិភ័យ​ជាប់​កុន​ក្នុង​ស្រុក​ឡូកី​ខ្ពស់​ខ្លាំង​ណាស់។ សម្រាប់​ក្រសួង​ការបរទេស​ចិន ស្ថានភាព​នៅ​ស្រុក​ឡូកី​នៃតំបន់​កូកង់​​អាក្រក់​និង​ស្មុគស្មាញ​ខ្លាំងណាស់ ព្រោះ​កងទ័ព​រដ្ឋាភិបាល​ភូមា​បាន​ចាប់​ផ្តើម​វាយប្រហារ​ តាម​ផ្លូវ​អាកាស​លើ​តំបន់​កូកង់​ដែល​មាន​ព័ទ្ធ​ជុំ​វិញ​ស្រុក​ឡូកីនិងផ្លោង​​ទម្លាក់​គ្រាប់​បែក​លើក​ទី​រួម​ស្រុក។

នៅ​ចំពោះ​មុខ​ស្ថានភាព​នេះ អ្នកនាំពាក្យ​ចិន​ លោកស្រី ម៉ៅ​ នីង​ វិញ បានប្រកាសថា ការពារ​​ផលប្រយោជន៍​របស់​​​គ្រប់​ភាគី​នៅ​ភូមា ត្រូវ​តែ​មាន​បទ​ឈប់​បាញ់​និង​ការ​ចរចា​សន្តិភាព។ ទំនាក់ទំនងរវាង​​របប​សឹក​ភូមា​និង​ចិនជា​សម្ព័ន្ធមិត្ត​ដ៏​ចម្បង​ ​ហាក់​រយាល​គ្នា​បន្តិច​នាពេល​ថ្មីៗ​នេះ​ដោយ​ហេតុ​តែ​កងទ័ព​ភូមាគ្មាន​សមត្ថភាព​កម្ចាត់​​មណ្ឌលរក​ស៊ី​​ឆបោក​អនឡាញ​ ទាក់​យក​ពល​រដ្ឋ​ចិន​ឱ្យ​ក្លាយ​ជា​ជន​រងគ្រោះ។ បើ​តាម​អ្នក​វិភាគ​ ចិន​ក៏​មាន​ទំនាក់ទំណង​ល្អ​ជាមួយ​ក្រុមប្រដាប់​អាវុធ​ជនជាតិភាគ​តិច​ភាគ​ខាង​ជើង​ភូមា​ដែរ ព្រោះ​ពួកគេ​ខ្លះ​​កាន់​ប្រពៃណី​និង​វប្បធម៌ដូច​ចិន​ ហើយ​មាន​ប្រើប្រាស់​លុយ​ព្រមទាំង​បណ្តាញ​ទូរស័ព្ទ​ចិន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ