អានតួអត្ថបទ
ភូមា-ជម្លោះ​ប្រដាប់​អាវុធ

ចិន​បើក​ប្រតិបត្តិការ​យោធា​នៅតាម​ព្រំដែន​ជាប់ប្រទេស​ភូមា

នៅថ្ងៃ​សៅរ៍​ទី ២៥​វិច្ឆិកា​នេះ ចិន​បាន​ផ្តើម​លំហាត់​សឹក​នៅ​តាម​បណ្តោយ​ព្រំដែន​​ជាប់​ជាមួយ​ប្រទេស​ភូមា និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចិនទាំង​អស់​ចាក​ចេញជា​បន្ទាន់​​ពី​ភាគ​ខាង​ជើង​ភូមា។

រដ្ឋ​shan ប្រទេស​ភូមា
ការ​បាញ់​មីស៊ីលប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាមជនជាតិ​ភាគតិច​និង​យោធា​ភូមា ថ្ងៃ​ទី ២៨​តុលា​២០២៣ AFP - STR
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវ​ការជា​​លំហាត់​សឹក​ទេ។ ប៉ុន្តែ​យោធា​ចិន​បាន​បើកសមយុទ្ធ​​ នៅ​ថ្ងៃ​សៅរ៍​នេះ​ ដោយបញ្ចេញ​សកម្មភាព​​​ប្រយុទ្ធ​ដោយ​ពិតៗ​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ភូមា។ នេះ​បើ​តាមការ​អះអាង​​​របស់មេ​បញ្ជាការ​កងទ័ព​តំបន់​ខាង​ត្បូង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ដោយ​មិន​បញ្ជាក់​ថា​អំពី​រយៈ​ពេល​នៃ​ប្រតិបត្តិការ ឬ​អំពី​ចំនួន​ទាហាន​ចូល​រួម​ក្នុង​យុទ្ធនការ​នេះ​ទេ។ ក្នុង​​កម្មវត្ថុ​សាកល្បង​មើល​សមត្ថភាព​របស់​កង​កម្លាំង​យោធា​ចិន ក្នុង​ការ​ត្រួត​ពិនិត្យ​និង​បិទការពារ​​ព្រំដែន ព្រមទាំង​សមត្ថភាព​​វាយប្រហារ​ដោយ​អាវុធ​ប្រកប​ដោយ​មហិទ្ធិរិទ្ធ​ ​ប្រភពយោធា​ចិន​ដដែល​បាន​បញ្ជាក់​ថា​ លំហាត់​សឹក​នេះ​ជា​ការ​ស្តែង​ឱ្យ​ឃើញ​អំពី​ការ​ត្រៀម​លក្ខណៈ​ជា​ស្រេច​នឹង​បញ្ចេញ​សកម្មភាព​ប្រដាប់​អាវុធ​ប្រឆាំង​ទល់​នឹង​គ្រប់​ទម្រង់​នៃការ​​វាយប្រហារទាំងអស់។

តាំងពី​មួយ​ខែ​កន្លង​មក​នេះ សម្ព័ន្ធ​ក្រុមជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​ភូមា​ ផ្តុំ​ដោយ​ចលនា​ឧទ្ទាម​ជា​ច្រើន​ក្រុម​ បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​មក​លើ​កងកម្លាំង​រដ្ឋាភិបាល​សឹក​ភូមា​ យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ចិន។ ពួក​ឧទ្ទាមជនជាតិ​ភាគ​តិច​ដណ្តើម​បាន​ទីតាំង​ជា​ច្រើន​ពី​ដៃ​យោធា​ភូមា ព្រមទាំង​ចូល​កាន់កាប់​ក្រុងយុទ្ធសាស្ត្រ​នៅ​ភាគខាង​ជើង​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​សកម្ម​ជាមួយចិន​ទៀត​ផង។ ហើយ​រដ្ឋាភិបាល​ភូមា​ក៏​បាន​ទទួល​ស្គាល់​បរាជ័យនៅ​តំបន់​នេះ​ដែរ។

បើ​តាម​អង្គការ​សហប្រជាជាតិ​អំពើ​ហិង្សា​ប្រដាប់​អាវុធ​ដ៏​សន្ធាប់​ និង​ឥត​ស្រាកស្រាន្ត​ នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​រដ្ឋ​Shanរបស់​ភូមា​នេះ បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាង​៨​ម៉ឺន​នាក់ត្រូវ​បង្ខំ​ចិត្ត​រស់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង។ ក្រុមឧទ្ទាម​អាវុធ​​​​ជនជាតិ​ភាគតិច​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​​យោធា​រដ្ឋាភិបាល​សឹក​ភូមា​ បាន​ទាំង​ប្រើ​ដ្រូន​សម្រាប់​ទម្លាក់​គ្រាប់​បែក​លើ​ក្រុង​តាម​ព្រំដែន​ផង។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ផ្លូវការ​ភូមា ដោយ​បញ្ជាក់ថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ការ​វាយប្រហារ​ដោយ​ដ្រូន​បាន​បំផ្លាញ​យាន​យន្ត​ដឹក​វត្ថុប្រើប្រាស់​ក្នុង​ផ្ទះ ស្បៀងអាហារ សម្លៀកបំពាក់​និង​គ្រឿង​សំណង់​អស់​១២០គ្រឿង។ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ភូមា​-ចិន​មួយ​ចំណែក​ធំ​ត្រូវ​ឆ្លង​កាត់​តំបន់​នេះ​ និង​ត្រូវ​គាំង​រអាក់រអួល​អស់​ជា​ច្រើន​សប្តាហ៍​មកហើយដែល​បង្ក​ឱ្យ​មាន​ការ​ខាត​បង់ដ៏ធំ​សម្រាប់​រដ្ឋាភិបាល​សឹក​ភូមា​។

នៅ​ចំពោះ​មុខ​ស្ថានភាព​សន្តិសុខ​ចុះ​ដុនដាប​ជា​លំដាប់​ដូច្នេះ​ ចិន​បាន​អំពាវនាវ​នៅថ្ងៃ​ម្សិលមិញ​​ឱ្យ​ពលរដ្ឋ​ចិន​ទាំង​អស់​ចាក​ចេញ​ជា​បន្ទាន់​ពី​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ភូមា និង​ស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពី​ជម្លោះ​ប្រដាប់​អាវុធ។ ចិន​ក៏​បានប្រាប់​​រដ្ឋាភិបាល​សឹក​ភូមា​ដែរ​ជុំ​វិញ​ការ​បើក​ប្រតិបត្តិការ​យោធា​នៅ​តាម​ព្រំដែន​ថ្ងៃ​នេះ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ