អានតួអត្ថបទ
កម្មករឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖បាតុករ​ទាមទារ​លក្ខខណ្ឌការងារល្អ បន្ទាប់ពីអគ្គិភ័យ​ស្លាប់​មនុស្ស ១៨ នាក់

នៅឥណ្ឌូណេស៊ី ថ្ងៃពុធ ទី​២៧ ខែ​ធ្នូ កម្មករ​ប្រមាណ ៣០០ នាក់ ​ធ្វើបាតុកម្ម​នៅមុខ​ក្រុម​ហ៊ុន​ចិនចម្រាញ់​រ៉ែ ដើម្បី​ទាមទារឲ្យគោរព​ច្បាប់​​ពាក់ព័ន្ធ​នឹង​​សុខភាព និងសុវត្ថិភាព​នៅកន្លែង​ធ្វើការ​។ ការជួបគ្នា​សម្តែងមតិ ដោយ​អហិង្សា​​នេះ គឺបន្ទាប់ពី ​គ្រោះថ្នាក់​អគ្គិភ័យ​ឆេះ​ស្លាប់​មនុស្ស ១៨ នាក់ កាលពី​ចុង​សប្តាហ៍​មុន។ ប៉ូលីសឥណ្ឌូណេស៊ី ​ថា ​ជនរងគ្រោះ​ជាង​ ៣០ នាក់ទៀត​ កំពុងតែបន្ត​ដេកសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

នៅឥណ្ឌូណេស៊ី ថ្ងៃពុធ ទី២៧ ខែធ្នូ កម្មករប្រមាណ ៣០០ នាក់ ធ្វើបាតុកម្មនៅមុខក្រុមហ៊ុនចិនចម្រាញ់រ៉ែ ដើម្បីទាមទារឲ្យគោរពច្បាប់។
នៅឥណ្ឌូណេស៊ី ថ្ងៃពុធ ទី២៧ ខែធ្នូ កម្មករប្រមាណ ៣០០ នាក់ ធ្វើបាតុកម្មនៅមុខក្រុមហ៊ុនចិនចម្រាញ់រ៉ែ ដើម្បីទាមទារឲ្យគោរពច្បាប់។ AFP - STR
ផ្សាយពាណិជ្ជកម្ម

​​​នៅក្នុងញ្ញាតិ​ទាមទារដែល​ផ្ញើ​ទៅ​​ក្រុមហ៊ុនចិន​​និងអាជ្ញាធរ​ឥណ្ឌូណេស៊ី គឺ​ក្រុមសហជីព​តំណាង​កម្មករ បាន​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរជាងមុន មាន​វិធានការ​ជួសជុល​ម៉ាស៊ីន​និងប្តូរផ្លាស់​គ្រឿង​ឧបករណ៍​ចាស់ៗ​ ហើយ​មាន​មធ្យោបាយ​សង្គ្រោះ​បន្ទាន់​បាន​ត្រឹមត្រូវ។ ​មិនតែប៉ុណ្ណោះ ចំពោះ​កម្មករ​ជាជនជាតិ​ ចិន គឺត្រូវតែ​មានកាតព្វកិច្ច​រៀន​ភាសា​ឥណ្ឌូណេ​ស៊ី ជាដាច់ខាត។

ពីទីក្រុង​ប៉េកាំង ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកស្រី ម៉ៅ នីង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ​បញ្ជាក់​ថា ​​កម្មករ​ជនជាតិចិន ចំនួន ៨ បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​ផ្ទុះឆេះ​​នៅ​រោង​ចក្រចម្រាញ់​រ៉ែ​នីកែល ប្រទេស​ឥណ្ដូណេស៊ី។ អ្នកស្រី ម៉ៅ នីង អះអាង​ថា រដ្ឋាភិបាល​ចិន​ បា​នយល់ព្រម​ជំរុញ​ឲ្យ​បង្កើន​សន្តិសុខ​សុវត្ថិភាព​ខ្ពស់ នៅ​ក្នុងគម្រោងអាជីវកម្ម​​រកស៊ី​ទាំង​ឡាយ​​របស់​ចិន នៅ​បរទេស។

បើតាម​ទីភ្នាក់ងារ​ព័ត៌មានបារាំងអាអេហ្វប៉េ​ ​គ្រួសារ​ជន​រងគ្រោះ​មួយ ដែល​មាន​សមាជិកម្នាក់​ស្លាប់ នៅក្នុងគ្រោះ​ថ្នាក់អគ្គិភ័យ​នោះ បាន​ប្រាប់​ ថា  ក្រុម​ហ៊ុន​បាន​ផ្តល់​​​សំណង​ជំងឺ​ចិត្ត​ ចំនួន ៦០០ លាន​រូពី (ប្រមាណ ៣ ម៉ឺន​អឺរ៉ូ)។ ​គ្រួសារ​នេះ សង្ឃឹមថា​នឹងពុំ​មាន​អ្នក​ផ្សេងទៀត​ស្លាប់​នៅក្នុងគ្រោះថ្នាក់​បែបនេះទៀតឡើយ នៅថ្ងៃ​ខាងមុខ​។

គួររំឭកថា ថ្ងៃសៅរ៍ ទី​២៣ធ្នូ ហេតុការណ៍​ផ្ទុះ​ឆេះមួយ​កើត​ឡើង​ ពេល​​​កម្មករ​​ជួសជុល​ឡ​​ចម្រាញ់​​រ៉ែនីកែល នៅកោះស៊ូឡាវេស៊ី ប៉ែក​ខាង​កើត​ប្រទេសឥណ្ឌូណេស៊ី។ ​  រោង​ចក្រ​​នេះ​ ​​​ ​ជួល​ទីតាំង​របស់តំបន់​​​ឧស្សាហកម្មឥណ្ឌូណេស៊ី-មូរូវ៉ាលី ជាជំនួញ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ចិន​ លាតសន្ថឹក​លើ​​ផ្ទៃដី ៣ ០០០ ហិកតា មាន​ក្រុមហ៊ុន​ជាង​ ១០ ហើយ​និង​អ្នក​ធ្វើការ ជាង ៧ ម៉ឺន​នាក់​។​

អ្នកនាំពាក្យ​តំបន់​​ឧស្សាហកម្មឥណ្ឌូណេស៊ី-មូរូវ៉ាលី  លោក ដេដី កុរណាវ័ន ​បាន​ប្រាប់​អ្នក​កាសែត​ទីភ្នាក់ងារ​ព័ត៌មាន​អាអេហ្វប៉េ ថា ក្រុម​ហ៊ុន​បានរៀបចំ​​បំពេញតាម​សំណើរបស់​បាតុករ តាំងតែ ២ ថ្ងៃ​មុន​នេះ​​មកម្ល៉េះ ហើយ​ក្រុមហ៊ុនសង្ឃឹមថា បាតុករ​នឹង​មិនធ្វើ​បាតុកម្ម​បន្តទៀតទេ។ ចំណែក អនុរដ្ឋមន្ត្រីម្នាក់​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក៏បាន​សន្យា​ប្រាប់អ្នក​កាសែតដែរថា រដ្ឋាភិបាល​នឹង​​រឹត​បន្តឹងពង្រឹងច្បាប់ ​ដើម្បីធានា​​សុវត្ថិភាព​សន្តិសុខ​នៅ​កន្លែងការងារ​ ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ