អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ភ្នំភ្លើង

ផ្ទុះភ្នំភ្លើង​ម៉ារ៉ាពី​សម្លាប់មនុស្ស​១១នាក់ នៅ​ឥណ្ឌូណេស៊ី

នៅឥណ្ឌូណេស៊ី មនុស្ស​១១នាក់​ស្លាប់ ដោយសារ​ការផ្ទុះភ្នំភ្លើង ចំណែកមនុស្ស​១២នាក់ ដែលជាអ្នកដើរលេងភ្នំ នៅបន្តបាត់ខ្លួន។ នៅថ្ងៃអាទិត្យទី៣ធ្នូ​២០២៣ ភ្នំភ្លើង ម៉ារ៉ាពី នៅ​លើ​កោះស៊ូម៉ាត្រា ចាប់ផ្ទុះ បញ្ចេញផ្សែង ផេះកំពស់​ជាង ៣០០០ម៉ែត្រ​ទៅក្នុង​អាកាស។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​បិទ ហាមមិន​ឲ្យ​ប្រជាជន​ចូលទៅក្នុងតំបន់ ដែលស្ថិត​ក្នុង​រង្វង់​៣គីឡូម៉ែត្រ ភ្នំភ្លើង។

ភ្នំភ្លើង ម៉ារ៉ាពី នៅ​លើ​កោះស៊ូម៉ាត្រា ចាប់ផ្ទុះ បញ្ចេញផ្សែង ផេះកំពស់​ជាង ៣០០០ម៉ែត្រ​ទៅក្នុង​អាកាស។
ភ្នំភ្លើង ម៉ារ៉ាពី នៅ​លើ​កោះស៊ូម៉ាត្រា ចាប់ផ្ទុះ បញ្ចេញផ្សែង ផេះកំពស់​ជាង ៣០០០ម៉ែត្រ​ទៅក្នុង​អាកាស។ via REUTERS - ANTARA FOTO
ផ្សាយពាណិជ្ជកម្ម

លើ​កោះ​ស៊ូម៉ាត្រា ភ្នំភ្លើង​ម៉ារ៉ាពី​ចាប់ផ្ទុះ នៅ​រសៀលថ្ងៃ​អាទិត្យ ដោយ​បញ្ចេញ​ផ្សែង ផេះ​ទៅក្នុងអាកាស កំពស់​៣ពាន់ម៉ែត្រ។ តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី មនុស្ស​១១នាក់ ស្លាប់ ចំណែក ៣នាក់ រងរបួស ដោយសារ​ការរលាកភ្នំភ្លើង។ ពួកគេ​ទាំងនោះ​ស្ថិតក្នុងចំណោម​អ្នកដើរលេងភ្នំ ២៦នាក់ ដែល​អាជ្ញាធរ​ស្វែងរុករកតាំង​ពី​ព្រឹកថ្ងៃអាទិត្យ។

បើតាម​ក្រុមអ្នកជួយសង្រ្គោះ បន្ទាប់ពី​ស្វែងរក អស់ពេញ​មួយយប់ គេ​ប្រទះឃើញ​សាកសព​របស់​អ្នកដើរលេង ១១នាក់ នៅមិនឆ្ងាយ​ពីមាត់រណ្តៅភ្នំភ្លើង ចំណែក មនុស្ស​៣នាក់​ដែល​នៅ​រស់ រងរបួស​រលាក​ភ្លើងខ្លាំង។ តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី គេកំពុង​បន្តស្វែងរកអ្នកដើរភ្នំ ១២នាក់​ផ្សេងទៀត ដែល​នៅបន្ត​បាត់ខ្លួន។

ដោយសារ​ភ្នំភ្លើងនៅតែបន្តផ្ទុះបញ្ចេញផ្សែងផេះ​ទៅក្នុងអាកាស ប្រតិបត្តិការ​ជួយសង្រ្គោះមិនអាច​ធ្វើទៅ​បាន​តាមឧទ្ធម្ភាគចក្រ។ នៅថ្ងៃ​ចន្ទនេះ ក្រុមជួយសង្រ្គោះ​ត្រូវ​សែង​បណ្តាក់គ្នា យកសាកសព ចុះភ្នំ ចំណែក អ្នករបួស​ទាំង​៣នាក់ ត្រូវបន្ត​រង់ចាំ មិនទាន់អាចចុះពីលើ​ភ្នំ ដោយសារ​តែ​ស្ថានភាព​ដីមិនអំណោយផល។

ភ្នំភ្លើង​ម៉ារ៉ាពី​ស្ថិតក្នុង​កម្រិតប្រកាស​អាសន្ន​លេខពីរ ក្នុង​ចំណោម​កម្រិតចំនួន​៤​របស់​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី។ ចាប់តាំង​ពីថ្ងៃ​អាទិត្យ អាជ្ញាធរ​បាន​បិទ​តំបន់​ជុំវិញ ចម្ងាយ​៣គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​ម៉ារ៉ាពី។ តាមការិយាល័យតាមដានភ្នំភ្លើង នៅក្រោយ ផ្ទុះភ្នំភ្លើង​ម៉ារ៉ាពី ផ្សែងផេះ​របស់វា​បាន​អណ្តែតធ្លាក់​ទៅដល់​ទីក្រុង​ធំទី​៣​របស់​កោះស៊ូម៉ាត្រា ដែលមានប្រជាជនរស់នៅ​ប្រមាណ ១សែននាក់។

ឥណ្ឌូណេស៊ី​មាន​ស្ថានភាព​ភូមិសាស្ត្រ ស្ថិតលើ​ខ្សែក្រវ៉ាត់ភ្លើង​របស់​ប៉ាស៊ីហ្វិក ដែល​ជាចំណុច​ប្រសព្វ​នៃ​ស្រទាប់​សំបកផែនដី ដែល​រុញបុកគ្នាទៅវិញទៅមកជាប្រចាំ។ ស្នាមប្រេះ បង្កឡើង​ដោយកម្លាំងរុញច្រាន នៃស្រទាប់ផែនដី បានធ្វើឲ្យ​តំបន់នេះ ឧស្សាហ៍​កើតមាន​គ្រោះរញ្ជួយដី និង​ផ្ទុះភ្នំភ្លើង​ញឹកញាប់​បំផុត។ ជ្រោយ​កោះ​ឥណ្ឌូណេស៊ី​មាន​ភ្នំភ្លើង​ប្រមាណ ១៣០​ដែល​នៅ​សកម្ម​ខ្លាំង ដែលនៅក្នុងនោះ​មាន​ភ្នំភ្លើង ម៉ារ៉ាពី ដែល​បាន​បញ្ចេញផ្សែងផេះ​ក្នុង​កំពស់ ៦០០០​ម៉ែត្រ​ទៅក្នុង​អាកាស កាលពី​ពាក់កណ្តាល​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ