អានតួអត្ថបទ

នៅឥណ្ឌូណេស៊ី ស្លាប់​មនុស្ស យ៉ាងតិច ១៣ នាក់ ព្រោះឆេះ​រោងចក្រចម្រាញ់​រ៉ែមួយកន្លែង

យ៉ាង​ហោច មនុស្ស​ស្លាប់​ ចំនួន ១៣ នាក់ ព្រោះតែ​ភ្លើង​ឆេះ​រោង​ចក្រ​ផលិត​រ៉ែ​នីកែល នៅកោះស៊ូឡាវេស៊ី ប៉ែក​ខាង​កើត​ប្រទេសឥណ្ឌូណេស៊ី។ ក្នុងចំណោមមរណជន​​ទាំង​នោះ មាន​ជន​ជាតិ​ចិន ៤ នាក់ និងឥណ្ឌូណេស៊ី ៩ នាក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​​​ថ្ងៃសៅរ៍ ទី​២៣ធ្នូ ​វេលាម៉ោង​ ជាង​ ៩ យប់​។​ នេះ​បើតាម​អ្នក​ទទួល​ខុស​ត្រូវតំបន់​សេដ្ឋកិច្ច​ឧស្សាហកម្មឥណ្ឌូណេស៊ី-ម៉ូរូវ៉ាលី​ ដែល​បាន​បញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់​​អគ្គិភ័យ​នេះ មាន​មនុស្ស រង​​របួស​ ចំនួន ៤៦ នាក់ ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

Cette photo aérienne prise le 12 mai 2023 montre le complexe industriel PT. Indonesia Morowali Industrial Park (IMIP) à Konawe Utara. © Riza Salman, AFP
តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម ​Indonesia Morowali Industrial Park (IMIP) © France24_fr
ផ្សាយពាណិជ្ជកម្ម

ពេលកើតហេតុ​​ដំបូងៗឡើយ​ មាន​សាក្សីខ្លះបាន​ប្រាប់ព័ត៌មាន​ក្នុងស្រុកថា គ្រោះថ្នាក់​នេះពីព្រោះតែ​មាន​ផ្ទុះ​អ្វីមួយ។ តែ​ទីបំផុតទៅ បន្ទាប់ពី​ធ្វើ​កោសល្លវិនិច្ឆ័យកន្លែង​កើតហេតុ​រួច​ អ្នក​ទទួល​ខុស​ត្រូវតំបន់​សេដ្ឋកិច្ច​ឧស្សាហកម្មនោះ បាន​ចេញ​មុខ​​កែតម្រូវ​ព័ត៌មាន និង​បញ្ជាក់ថា គ្រោះថ្នាក់​​នេះ គឺដើមហេតុ​មកពី​ឆេះ​ម៉ាស៊ីន​ចម្អិន​ចំណី​អាហារ និងពុំ​មែន​មកពីផ្ទុះ​អ្វី​​ឡើយ​។​ ថ្នាក់ដឹកនាំ​តំបន់​សេដ្ឋកិច្ច​នេះ ក៏​បាន​បង្ហាញឆន្ទៈ​សហការជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​និងភាគីពាក់ព័ន្ធ ដើម្បី​បើកការ​ស៊ើប​អង្កេត​ជា​បន្ត ហើយ​និងថា ក្រុមហ៊ុន​​ស្ម័គ្រ​ចិត្ត​ជួយ​ចេញថ្លៃ​ព្យាបាល​ និងបង់​សំណង​ការ​ខូច​ខាត​ចំពោះក្រុម​គ្រួសារ​​ជន​រងគ្រោះ​។

សូម​ជ្រាបថា រោង​ចក្រ​ចម្រាញ់​រ៉ែ​នីកែលដែល​រង​គ្រោះថ្នាក់អគ្គិភ័យ​​​នេះ​ គឺ​​បាន​ជួល​ទីតាំង​របស់​ តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​ ឥណ្ឌូណេស៊ី-ម៉ូរូវ៉ាលី​  ជា​តំបន់​សេដ្ឋកិច្ច​ដ៏ធំ​ សហការរវាង​ក្រុមហ៊ុន​ ចិន និងក្រុម​ហ៊ុន​ក្នុងស្រុកឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី ជាប់ឈ្មោះ​ជាប្រទេស​ ​ទី១ នៅ​លើ​ពិភពលោក ដែល​ចម្រាញ់​ផលិត​រ៉ែនីកែល សម្រាប់​នាំចេញទៅទីផ្សារ​អន្តរជាតិ​ ដែលគេ​​កំពុង​ពេញនិយម​ត្រូវការ​​រ៉ែនីកែល​។ ដ្បិតថា​ រ៉ែនីកែល ជា​វត្ថុធាតុ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ផលិត​ដែក​អ៊ីណុក និង​សម្រាប់​ផលិត​អាគុយ​ ផ្គត់ផ្គង់​​ឧស្សាហកម្ម​ផលិត​រថយន្ត​ដើរដោយចរន្ត​អគ្គិសនី។​

សូម្បីតែ​ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ចង់​អភិវឌ្ឈវិស័យ​នេះឲ្យ​កាន់តែ​ជឿនលឿនខ្លាំង​ទៀត​ដែរ ប៉ុន្តែ ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​បរិស្ថាន​ និង​សន្តិសុខសុវត្ថិភាព។ បញ្ហា​បរិស្ថាន​ គឺក្នុង​ដំណើរ​ការ​ផលិត​រ៉ែ​នីកែល ត្រូវការ​ធ្យូងថ្ម ច្រើន​ណាស់ ដែលនេះនាំឲ្យ​ប្រែប្រួល​អាកាសធាតុ កើន​កម្តៅ​ផែនដី​។ ឥណ្ឌូណេស៊ី​ ជាប្រទេស​ទី៣ ដែល​ប្រើ​ធ្យូងថ្ម ច្រើន​ជាងគេ​ បន្ទាប់ពី ចិន និង​ឥណ្ឌា។ បញ្ហា​សុវត្ថិភាព គឺ​រោង​ចក្រឥណ្ឌូណេស៊ី ជួប​គ្រោះ​ថ្នាក់​ញឹកញយណាស់ដែរ។ កាលពីខែ​មករា ​ដើមឆ្នាំនេះ នៅ​រោង​ចក្រ​រ៉ែនីកែលក្នុងតំបន់​ឧស្សាហកម្ម​ដដែលនេះ គឺកម្ម​ករ​ ២ នាក់ ចិនម្នាក់ឥណ្ឌូណេស៊ី​​ម្នាក់​ បាន​ស្លាប់​បាត់បង់ជីវិត ព្រោះតែ​​កុបកម្ម​ទាមទារ​ដំឡើងប្រាក់ខែ​និង​លក្ខខណ្ឌ​ការងារ​ល្អ។ នៅ​ខែ​មិថុនា ​ឆ្នាំ​នេះដែរ​ គ្រោះថ្នាក់១ទៀត បាន​សម្លាប់​មនុស្ស​ម្នាក់ និង​របួស ៦ នាក់៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ