អានតួអត្ថបទ
ជនភៀសខ្លួន

ឥណ្ឌូណេស៊ីរង​​រលកជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​តាម​សមុទ្រ​ជាថ្មី

រលក​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាតាម​សមុទ្ទ​ចាប់​ផ្តើម​កម្រើក​ជា​ថ្មី។ ក្នុង​រយៈពេល​មិន​ដល់​មួយសប្តាហ៍​ផង មាន​ជន​ភៀសខ្លួនរ៉ូហ៊ីងយ៉ា​ប្រមាណ​ជាង​៨០០នាក់​បាន​មក​តោង​ដល់​ឆ្នេរ​ឥណ្ឌូណេស៊ី។

ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មក​ដល់​ឆ្នេរ​ Seunuddon ភាគ​ខាង​ជើង​តំបន់​អាឆេ​ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ២៤​មករា​២០២០
ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មក​ដល់​ឆ្នេរ​ Seunuddon ភាគ​ខាង​ជើង​តំបន់​អាឆេ​ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ២៤​មករា​២០២០ via REUTERS - Antara Foto Agency
ផ្សាយពាណិជ្ជកម្ម

តែ​​មួយថ្ងៃ​អាទិត្យ​ទី​១៩​វិច្ឆិកា​នេះសោះ​ មាន​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាង​៥០០នាក់ ធ្វើ​ដំណើរ​​តាម​ទូក​បីគ្រឿងបាន​មក​ដល់​ឆ្នេរ​ឥណ្ឌូណេស៊ី។ បើ​តាម​ភ្នាក់ងារទទួល​បន្ទុក​ជន​ភៀស​ខ្លួន​​​អង្គការ​សហប្រជាជាតិUNHCR​ ទូក​ដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទី​មួយដែលធ្លាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ច្រាន​ចេញ​ទៅ​វិញ​កាលពី​ថ្ងៃព្រហស្បតិ៍​​បានមក​តោង​​ឆ្នេរខេត្ត​អាឆេ​របស់​ឥណ្ឌូណេស៊ី​បាន​ ដោយ​មាន​ផ្ទុកមនុស្ស​ប្រមាណ​២៥៦​នាក់ ក្នុង​នោះ​១១០នាក់​ជា​ស្ត្រី​និង​៦០នាក់​ជា​កុមារ។ ទូក​រខេករខាក​ពីរ​ទៀត មួយ​មាន​ផ្ទុក​ជន​​រ៉ូហ៊ីងយ៉ា​២៣៩​នាក់ និង​មួយ​ទៀត​៣៦​នាក់ ក៏បាន​មក​ដល់​តំបន់ ពីឌី ​Pidie និងតំបន់​ប៉ែក​ខាង​កើត​​អាឆេ។

​រលក​ជនភៀសខ្លួន​តាម​ទូក បាន​មក​ដល់​ឥណ្ឌូណេស៊ី​ជា​ថ្មី ចាប់​តាំង​ពី​ថ្ងៃ​​អង្គារ​មក​ចំនួន​ ប្រមាណ​១៩៦​នាក់ និង​១៤៧​នាក់​នៅថ្ងៃ​បន្ទាប់។ ជា​សរុប​មិន​ដល់​សប្តាហ៍​ផង តំបន់​អាឆេ​ឥណ្ឌូណេស៊ី​ត្រូវ​ទទួល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាដល់​ទៅ​​ជាង​៨០០នាក់​។ ក្នុង​ពេល​រង់​ចាំ​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​​ ​ជន​រ៉ូហ៊ីងយ៉ាដែលភាគ​ច្រើន​មាន​សុខភាព​ល្អត្រូវ​បញ្ជូន​ទៅ​មណ្ឌល​​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្នសិន។

ជា​រៀង​រាល់​ឆ្នាំ​ មាន​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់ (ជាង​ពីរពាន់​នាក់​នៅ​ឆ្នាំ ​២០២២) ​បាន​ប្រថុយ​ជីវិត​ឆ្លង​គ្រោះ​ថ្នាក់​​ធ្វើ​ដំណើរ​តាម​សមុទ្រ​ តាម​ទូក​គ្មាន​សុវត្ថិភាព ដើម្បី​បាន​មក​ដល់​ម៉ាឡេស៊ី​ឬ​ឥណ្ឌូណេស៊ី។ បើ​តាម​​UNHCR យ៉ាង​ហោច​២០០នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន ក្នុង​ពេល​ផ្សង​ព្រេង​​ឆ្លងសមុទ្ទ។ ជនរ៉ូហ៊ីងយ៉ាទាំងនោះ​ ភាគ​ច្រើន​ជា​ជនភៀសខ្លួន​រស់​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួនក្នុង​​ប្រទេស​បង់ក្លាដែស។ តាំងពី​ផ្ទុះ​អំពើ​ហិង្សា​ប្រឆាំង​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាមនៅភូមា​ក្នុង​ឆ្នាំ​២០១៧​មក បង់​ក្លាដែស​បាន​ក្លាយ​ជាជម្រក​ថ្មី​របស់​​ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ាប្រមាណ​ជិត​មួយ​លាននាក់​​ តែ​លក្ខខណ្ឌ​រស់​នៅ​ក្នុង​​ជំរំត្រដាប​ត្រដួស​និង​​លំបាកខ្លាំង​ ទើប​ពួក​គេ​ចង់​ស្វែង​រក​ទឹក​ដី​ថ្មី​មាន​ស្ថានភាព​ប្រសើរ​ជាង។

របាយការណ៍អង្កេត​របស់​ទីភ្នាក់ងារ​AFP ឆ្នាំ​២០២០​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ជំនួញ​​នាំ​ជនភៀសខ្លួន​ចេញ​ពី​ជំរំ​បង់ក្លាដែស​ទៅ​ម៉ាឡេស៊ី​ឬ​ឥណ្ឌូណេស៊ី​ មាន​ទំហំ​រាប់​លាន​ដុល្លារ​ និង​រីក​លូត​លាស់​កាន់​តែ​ខ្លាំង​ជា​លំដាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ