អានតួអត្ថបទ
ភូមា-ជម្លោះប្រដាប់អាវុធ

ក្រុមបះបោរដើម្បីប្រជាធិបតេយ្យនៅភូមាប្តេជ្ញាវាយដណ្តើមយកទីក្រុង​របស់​រដ្ឋ​ភាគខាងកើត ពី​ដៃ​របបសឹក

ឆ្លៀត​ឱកាសដែល​កងទ័ពរបស់របបសឹកភូមា​ធ្លាក់ដៃ​ប្រយុទ្ធ​នៅ​សមរភូមិភាគខាងជើង​ជាប់​ព្រំដែនចិន ក្រុមបះបោរ​ប្រដាប់អាវុធ​ដើម្បី​ប្រជាធិបតេយ្យ បើកការវាយប្រហារ​ទៅលើ​កងទ័ពភូមា នៅក្នុង​រដ្ឋមួយទៀត រដ្ឋ​Kayah ដែល​ជាប់​ព្រំដែន​ជាមួយប្រទេស​ថៃ។ កងកម្លាំង​ការពារ​ប្រជាជន ដែល​លេច​ចេញ​រូបរាង​ឡើង នៅ​ក្រោយ​រដ្ឋប្រហារយោធា នៅ​ដើមឆ្នាំ ២០២១ បាន​ប្រកាស​ប្តេជ្ញាវាយដណ្តើម​កាន់កាប់​រដ្ឋធានី Loikaw របស់​រដ្ឋKayah ភាគខាងកើត​ប្រទេស។

ក្រុមបះបោរ​ប្រដាប់អាវុធ​ដើម្បី​ប្រជាធិបតេយ្យ បើកការវាយប្រហារ​ទៅលើ​កងទ័ពភូមា នៅក្នុង​រដ្ឋមួយទៀត រដ្ឋ​Kayah
ក្រុមបះបោរ​ប្រដាប់អាវុធ​ដើម្បី​ប្រជាធិបតេយ្យ បើកការវាយប្រហារ​ទៅលើ​កងទ័ពភូមា នៅក្នុង​រដ្ឋមួយទៀត រដ្ឋ​Kayah AFP - STR
ផ្សាយពាណិជ្ជកម្ម

ភូមាកាន់តែ​លង់ជ្រៅ​ទៅក្នុងជម្លោះប្រដាប់អាវុធ​ហិង្សា​រវាង​កងទ័ព​របបសឹក និងសម្ព័ន្ធ​ក្រុមជនជាតិភាគតិច ប្រដាប់អាវុធ ដែលផ្តុំដោយ​ចលនា​ឧទ្ទាមជាច្រើនក្រុម ដែលនៅក្នុងនោះ ​មាន​ផង​ដែរ កងកម្លាំង​ការពារ​ជាតិ ដើម្បី​ប្រជាធិបតេយ្យ ដែល​កើត​ចេញពី​ចលនា​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅភូមា។

នៅរដ្ឋ​Kayah ភាគខាងកើត​ប្រទេស ដែល​ជាប់ព្រំដែនជាមួយ​ប្រទេស​ថៃ ក្រុមបះបោរ​ប្រដាប់អាវុធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បើកការប្រយុទ្ធ​តទល់ជាមួយ​កងទ័ពរបបសឹក​តាំងពីចុងខែ​តុលា ចង់​ឆ្លៀតឱកាស​ដែល​របបសឹក​ធ្លាក់​ដៃ​ប្រយុទ្ធនៅ​ភាគខាងជើង​ប្រទេស ដើម្បី​វាយដណ្តើម​យក​ទីក្រុង​សំខាន់​របស់​រដ្ឋ Kayah។ នៅ​ចុងសប្តាហ៍​នេះ ពួកគេ​កំពុង​ត្រៀមវាយសម្រុក​ចូល​ទីក្រុង Loikaw ជាទី​ដែល​កងទ័ព​ភូមា​ដកថយ​ទៅ​បោះទីតាំង​រង់ចាំ​ប្រយុទ្ធ។

បើតាម​ក្រុមបះបោរ​ដើម្បីប្រជាធិបតេយ្យ នៅក្នុង​រដ្ឋធានី Loikaw កងទ័ពភូមា​កំពុង​ស្ថិត​ក្នុងលក្ខណៈ​ត្រៀម​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ បើ​និយាយ​ពី​ការប្រយុទ្ធជើងគោក ក្រុមប្រឆាំង​មាន​ប្រៀប​ជាង​កងទ័ពភូមា ប៉ុន្តែ យ៉ាងណា​នៅតែ​ត្រូវ​ប្រឈម​នឹង​ការទម្លាក់​គ្រាប់បែក ការវាយប្រហារ​ផ្លូវអាកាស​របស់​របបសឹក។ ខ្សែវីដេអូ​របស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP បង្ហាញថា ដោយសារ​ការទម្លាក់គ្រាប់បែក​របស់​របបសឹក និង​ការប្រយុទ្ធគ្នា​ហិង្សា នៅប៉ុន្មាន​សប្តាហ៍​មកនេះ រដ្ឋធានី​ដែល​មានប្រជាជន​រស់នៅជាង ៥ម៉ឺននាក់ បានស្ងាត់ជ្រងំ។

គិត​ត្រឹម​ថ្ងៃ​សៅរ៍ កងកម្លាំងការពារ​ជនជាតិ​ការ៉ែន ដែលជា​ក្រុមប្រឆាំង​ប្រដាប់អាវុធ​មួយក្រុម​ទៀត ចូល​កាន់កាប់​ផ្លូវ​សំដៅ​រដ្ឋធានី Loikaw។ គឺ​ក្រុម​ជនជាតិ​ការ៉ែន​នេះ​ឯង ដែល​បាន​បង្ហោះ​ផ្សាយ​វីដេអូ កាលពី២សប្តាហ៍ ដែល​នៅក្នុង​ទាហាន​របស់​របបសឹកភូមា​ទម្លាក់​អាវុធចុះចាញ់ បន្ទាប់ពី​រត់​ចូល​ជ្រក​លាក់ខ្លួន នៅក្នុង​សកលវិទ្យាល័យ។

នៅប៉ុន្មានសប្តាហ៍​មក​នេះ ក្រុមប្រដាប់អាវុធ​ការ៉ែន និង​ក្រុមសម្ព័ន្ធមិត្ត​បាន​ព្យាយាម​ជាច្រើនលើក ដើម្បីវាយបំបែក​ពន្ធនាគារ​ដ៏ធំ​របស់​ទីក្រុង ប៉ុន្តែ មិន​បាន​សម្រេច។ មេដឹកនាំ​របបសឹក មីន អ៊ុងឡាំង​ផ្ទាល់​ទទួល​ស្គាល់ កាលពីថ្ងៃ​ពុធ​កន្លងទៅថា ការប្រយុទ្ធជាច្រើ​នសប្តាហ៍​មកនេះ នៅ​ទីក្រុង​Loikaw សបញ្ជាក់​ពីកម្លាំងប្រយុទ្ធដ៏សម្បើម​របស់​ក្រុមសត្រូវ ប៉ុន្តែ លោក​អះអាង​ថា ទីក្រុង​ Loikaw នៅតែស្ថិត​ក្នុងដៃ​របស់​រដ្ឋាភិបាល។ អង្គការ​សហប្រជាជាតិ​វិញ បាន​ជម្លៀស​បុគ្គលិករបស់ខ្លួន​ចេញពី​ទីក្រុង​ Loikaw និង​អះអាង​ថា ការប្រយុទ្ធគ្នា​ដ៏ហិង្សា នៅមួយរយៈពេល​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជិត ៣សែននាក់​ផ្លាស់ទី រត់ចោល​ផ្ទះសម្បែង​របស់ខ្លួន នៅក្នុងទូទាំងប្រទេស​ភូមា។

ក្រុមប្រឆាំង​ប្រដាប់អាវុធ​ផ្តើម​ការវាយប្រហារ​ដ៏សន្ធប់ ដើម្បី​វាយដណ្តើម​​យក​ទីក្រុង​ Loikaw ក៏ព្រោះតែឃើញ​កងទ័ព​របបសឹកភូមា​កំពុង​ធ្លាក់ដៃប្រយុទ្ធ និងរបូតបាត់​ទីក្រុង​ជាច្រើន នៅ​ក្នុង​រដ្ឋស្ហាន ​ភាគខាងជើង ដែលនៅជាប់ព្រំដែន ជាមួយ​ប្រទេស​ចិន។ ចាប់តាំងពី​បើកការវាយប្រហារ​ទៅលើ​កងទ័ព ភូមា នៅរដ្ឋ​ស្ហាន នៅ​ចុងខែ​តុលា កងទ័ពអារ៉ាខាន ដែលចាប់ដៃគ្នាជាមួយ ទាហានសម្ព័ន្ធប្រជាធិបតេយ្យ ជាតិ ភូមា និងកងទ័ព​រំដោះជាតិ Ta’ang បាន​វាយដណ្តើម​បាន​ប៉ុស្ត​ទាហាន​ជាង​១០កន្លែង។

បន្ទាប់​ពី​ក្រុមប្រដាប់អាវុធ សម្ព័ន្ធជនជាតិភាគតិច វាយបណ្តេញ​កងទ័ពភូមា ចេញ​ពី​ទីក្រុង តំបន់​ដែលជា​ច្រកពាណិជ្ជកម្ម សំខាន់​របស់​ចិន​និង​ភូមា កងទ័ព​ចិន កាលពីសប្តាហ៍មុន​បានធ្វើលំហាត់សឹក ជាមួយការបញ្ចេញសកម្មភាព​ប្រយុទ្ធពិតៗ នៅតាម​បណ្តោយព្រំដែន​ជាមួយភូមា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ