អានតួអត្ថបទ
ឆបោក​អនឡាញ

ជន​រងគ្រោះនៅភូមា ​ត្រូវ​កាត់​សរីរាង្គ​លក់ បើ​ឆបោក​អនឡាញ​មិនបាន

ជនរងគ្រោះ​ដែល​​បណ្តាញ​ជួញដូរ​មនុស្សចាប់​ឃុំឃាំង​និង​បង្ខំ​ឱ្យធ្វើការ​នៅក្នុង​មណ្ឌល​​ឆបោក​តាម​អនឡាញ​ នៅភូមា ត្រូវ​កាត់​​សរីរាង្គ​របស់​ខ្លួនឯងលក់ ប្រសិន​បើ​មិន​អាច​ទាក់​និង​ឆបោក​បាន​គ្រប់​ចំនួន​កំណត់។ នេះ​បើ​តាម​ការ​បរិហារ​របស់អង្គការ​Blue Dragon នៅ​វៀតណាម។

ជនរងគ្រោះ​ក្នុង​បណ្តាញ​ជួញដូរ​មនុស្ស​រងការ​កាត់​សរីរាង្គ​លក់​បើ​ឆកបោក​អនឡាញ​មិន​បាន​គ្រប់​តាម​បញ្ជា
ជនរងគ្រោះ​ក្នុង​បណ្តាញ​ជួញដូរ​មនុស្ស​រងការ​កាត់​សរីរាង្គ​លក់​បើ​ឆកបោក​អនឡាញ​មិន​បាន​គ្រប់​តាម​បញ្ជា REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការិយាល័យ​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ ​មាន​យ៉ាង​ហោច​ជន​រងគ្រោះ​១សែន២​ម៉ឺន​នាក់ ​ទំនង​ជា​កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌល​​រក​ស៊ី​ឆបោក​តាមអនឡាញ នៅ​ក្នុង​ប្រទេស​ភូមា និង​ត្រូវ​បានក្រុម​ឧក្រិដ្ឋ​ជួញដូរ​មនុស្ស​​ចាប់​បង្ខំ​ឱ្យ​ឆ​ បោកត​​​ទាក់​ជនរួម​ជាតិឯង តាម​បណ្តាញ​អ៊ីនធ័រនែត។

អង្គការ​Blue Dragon ដែល​ចុះ​ទៅ​ជួយ​ជន​រងគ្រោះ​​នៃ​បណ្តាញ​ជួញដូរ​មនុស្ស នៅក្នុង​ប្រទេស​វៀតណាម បាន​អះអាង​ថា ជន​រងគ្រោះធ្លាក់ក្នុង​​​អន្ទាក់​ឧក្រិដ្ឋជន​នៅ​ភូមា មាន​ដើម​កំណើត​ចិន វៀតណាម និង​មក​ពី​ប្រទេស​ជា​ច្រើនផ្សេងទៀត។ ​រង​ការ​សម្លុត និង​បង្ខំ ​ពួក​គេត្រូវ​ដៅ​រក​និង​ទាក់ទងជន​រួម​ជាតិឱ្យ​លង់​ក្នុងជំនឿ មុន​នឹង​​​អូសទាញបញ្ចុះបញ្ចូល​ឱ្យ​ដាក់​លុយក្នុង​គម្រោង​វិនិយោគ​ក្លែងក្លាយ និង​ក្នុង​បណ្តាញ​បោកប្រាស​ផ្សេងទៀត។ ពួក​ឧក្រិដ្ឋជនជំនាញ​ បាន​កំណត់បរិមាណ​ទឹក​ប្រាក់​ (កូតា) ​ដែល​ជន​រងគ្រោះ​ម្នាក់​ត្រូវរក​និង​ជំរិត​​​ឱ្យ​បាន​។ បើ​រក​មិន​បាន​គ្រប់​របប​ទេ ជន​រងគ្រោះ​នោះ​ត្រូវ​រង​ទារុណកម្ម​ និង​ត្រូវ​រង​ការ​កាត់​សរីរាង្គលក់​ទៀត ​​​តាំងពី​ថ្មីៗ​ចុងក្រោយ​មក​នេះ។ នេះ​បើ​តាមការ​លម្អិត​របស់​លោកMichael Brosowski ស្ថាបនិក​អង្គការ​​Blue Dragon ដែល​បញ្ជាក់ទៀត​​ថា​​ក្រុមឧក្រិដ្ឋជនច្រើន​តែ​ចាប់​អ្នក​ធ្វើការ​មិន​ល្អ​ ​វះកាត់​យក​សរីរាង្គ​ក្រលៀន​ទៅ​លក់​។

កាលពី​ខែ​សីហា ​Blue Dragon សង្គ្រោះ​បាន​ជនជាតិ​​វៀតណាម​ម្នាក់​អាយុ​៣៦​ឆ្នាំ​ដែល​ធ្វើការដោយ​បង្ខំ​នៅ​ក្នុង​កាស៊ីណូក្លែងក្លាយ​មួយ ហើយ​​បាន​កាត់​​ក្រលៀន​លក់​អស់​ម្ខាង។ ​មាន​ជន​រងគ្រោះបែប​នេះ​ជា​​ច្រើន​នាក់​ទៀតណាស់។ បើ​តាម​ស្ថាបនិក​ Blue Dragon  ជនរងគ្រោះ​វៀតណាម​ច្រើន​ណាស់​បាន​រួច​ពី​កណ្តាប់​ដៃបណ្តាញ​ឧក្រិដ្ឋ ប៉ុន្តែ​មិន​អាច​ត្រលប់​មក​ផ្ទះ​បាន និង​គ្មាន​ទី​ត្រូវ​ទៅ​ទេ ក្រៅ​ពី​ត្រូវ​រស់​ផ្តុំ​គ្នា​ក្នុង​ទម្រង់​ជា​ជំរំ​ជនភៀសខ្លួន។ ​យុទ្ធនាការ​ របស់​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​​លើ​យោធា​ភូមា​នៅភាគ​ខាង​ជើង​ប្រទេស បាន​ធ្វើឱ្យ​​ជនរងគ្រោះ​ក្នុង​បណ្តាញ​ជួញដូរ​មនុស្ស​ត្រូវ​ជាប់​កុន​ក្នុង​សង្គ្រាម​ប្រដាប់​វុធ​កំពុង​ផ្ទុំ​នៅ​រដ្ឋ​Shanមួយជាន់​ទៀត។ បើ​តាម​ក្រសួងការបរទេស​វៀតណាម​ដែល​កំពុង​សាកល្បង​រង​វិធី​នាំ​ជន​រងគ្រោះ​វៀតណាម​មក​មាតុប្រទេសវិញ ពួក​គេមានគ្នា​ប្រមាណ​៧០០នាក់។

ក្រៅ​ពី​ប្រទេស​ភូមា កម្ពុជា​ក៏​មាន​មណ្ឌល​ឆបោកបែប​នេះ​ច្រើន​ដែរ ដែល​មាន​ឃុំ​ជន​រងគ្រោះ​ប្រមាណ​១សែន​នាក់។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ Blue Dragon ដោយ​ពន្យល់​ មណ្ឌល​ឆបោក​ មាន​រាយ​ប៉ាយ និង​រីកសាយ​ពេញ​តំបន់ រហូត​កោះ​ខ្លះ​នៅ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិកផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ