អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ត្រាំ យល់ព្រមទុកពេល៤៥ថ្ងៃ ឱ្យ​ក្រុមហ៊ុន Microsoft បន្តចរចាទិញយក Tik Tok

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​ប្រធានាធិបតីអាមេរិកលោក ​ដូណាល់​ ត្រាំ​ យល់ព្រមទុកពេលឱ្យ​៤៥ថ្ងៃ, ក្រុមហ៊ុ​ន Microsoft បន្ត​ចរចា​​ទិញយក​ Tik Tok ដើម្បី​បញ្ចៀស​កុំ​ឱ្យ​កម្មវិធី​ទូរសព្ទដៃ​នេះ​ ត្រូវ​រដ្ឋាភិបាល​អាមេរិក​ហាមឃាត់​មិន​ឱ្យ​​ប្រើ​ក្នុង​ទឹកដី​អាមេរិក។​ Tik Tok ជា​បណ្តាញសង្គម​ បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ចិន​ និង​ដែល​កំពុង​តែល្បី​ពេញ​និយម​សម្រាប់​យុវជន វ័​​យក្មេង​ៗ​ បាន​ត្រូវ​សហរដ្ឋអាមេរិក​ ចោទប្រកាន់​ថា វា​អាច​ជា​គ្រោះថ្នាក់​ធ្ងន់​មួយ​ដល់​សន្តិសុខជាតិ​អាមេរិក ហើយ​ក៏​អាច​ជា​ឧបករណ៍​បម្រើនយោបាយស៊ើបការណ៍​សម្ងាត់​របស់​​ចិន​ប៉េកាំង ព្រមទាំង អាច​ជាមធ្យោបាយ​មួយ​ជ្រៀតជ្រែក នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នាពេល​ខាងមុខ​ ទៀត​ផង។ 

ក្រោយបានទទួលភ្លើងខៀវយល់ព្រមពីលោក ត្រាំ,  Microsoft សង្ឃឹមថាអាចនឹងចរចាទិញ TikTok ឱ្យបានមុនថ្ងៃ១៥ខែកញ្ញា។
ក្រោយបានទទួលភ្លើងខៀវយល់ព្រមពីលោក ត្រាំ, Microsoft សង្ឃឹមថាអាចនឹងចរចាទិញ TikTok ឱ្យបានមុនថ្ងៃ១៥ខែកញ្ញា។ REUTERS - Florence Lo
ផ្សាយពាណិជ្ជកម្ម

ប្រមុខរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ បានលើកឡើង​ថា​ត្រូវ​បិទចោល និង​ហាម​ឃាត់​ដាច់​ខាត​ឱ្យ​មាន​ Tik Tok នៅអាមេរិកទេ។ ក៏ប៉ុន្តែ​​បន្តិច​ក្រោយ​មក ប្រធានាធិបតី​រូបនេះ បា​នផ្លាស់ប្តូរ​ចិត្ត​វិញ។ តើ​ការ​ប្តូរ​ចិត្ត​យ៉ាងរហ័សបែបនេះ មកពីហេតុអ្វី​?

មានមូលហេតុ​សំខាន់​ពីរ គឺនយោបាយ​ និង​សេដ្ឋកិច្ច។ ក្រុមហ៊ុន​​TikTok មានតម្លៃទឹកប្រាក់ប្រមាណ ៥០ពាន់​លាន​ដុល្លារ។ សព្វថ្ងៃ​នេះ Tik Tok មា​នបុគ្គលិក​ធ្វើការ​ នៅអាមេរិក ១ពាន់​៥នាក់ ហើយ​ក្រុមហ៊ុន​នេះសន្យាថា​នឹង​បង្កើន​ការងារ​បន្ថែម ១ម៉ឺន​កន្លែង​ សម្រាប់​ពីរបីឆ្នាំទៅមុខទៀត​។ នេះនៅលើ​ផ្នែក​សេដ្ឋកិច្ច​និង​វិស័យ​បង្កើត​ការងារ​ធ្វើ​សម្រាប់ពលរដ្ឋអាមេរិក​ ដែល​ អ្នក​ជំនាញអះអាង​ថា បើ​បិទ​ TikTok គឺមានតែ​ខាត​បង់។

មួយ​ទៀត ជារឿង​សំខាន់​សម្រាប់អនាគត​​នយោបាយរបស់​ ​លោក ដូណាល់​ ត្រាំ។ TikTok ​មាន​អ្ន​កប្រើប្រាស់​ ប្រហែល​៨០លាននាក់ តែ​បើ​តាមTikTokខ្លួនឯងថា មាន​ដល់​​១០០លាននាក់ឯណោះ​។​ បើ​មាន​អ្ន​ក​ប្រើ​ប្រាស់​១០០លាននាក់​ គឺស្ទើរតែ​ស្មើ​នឹង​១ភាគ៣​នៃប្រជាជន​អាមេរិក​ទៅហើយ។

​អ៊ីចឹង ការ​បិទTikTok នៅពេល​នេះ ជារឿង​ខុសធ្ងន់។ ខុសធ្ងន់​ព្រោះ​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅសល់ពេល​ តែ​៣ខែ​ទៀត​ប៉ុណ្ណោះ។​ អ្ន​កប្រើTikTokនៅអាមេរិក រាប់​សិប​លាននាក់ ​នឹង​បះបោរ​ខឹង​សម្បារ ហើយ​អាច​នឹង​មិនបោះឆ្នោត​ឱ្យ​លោក ត្រាំ ផង​ក៏ថាបាន​។ ប្រសិន​បើ​បិទ​ TikTok ទាំងកំរោល ទាំង​ទទឹង​ទិស ចំពេល​​នេះ អា​ច​នឹង​មាន​ផលវិបាក​ ខាត​ធំ ចំពោះ​នយោបាយ និង​សេដ្ឋកិច្ច​។

ចំណុចទាំង​នេះ គឺអ្នក​ទីប្រឹក្សា​ច្រើន​នាក់របស់​លោកប្រធានាធិបតី បាន​ពន្យល់ដាស់តឿន​​លោក ត្រាំ  ទើប​លោក ត្រាំ ប្រែ​ចិត្ត បន្ធូរ​ដៃបន្តិច​មកវិញ។ នេះក៏ដោយសារតែ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ Microsoft បាន​និយាយ​ជជែក​​ដោយ​ផ្ទាល់ ជាមួយ​លោក ដូណាល់ ត្រាំ ទើប​លោក​យល់ព្រម​ដូរចិត្ត។​

តើ​មាន​លក្ខខណ្ឌ​តម្រូវ​ យ៉ាងណាខ្លះ ក្នុងការ​ទិញលក់ TikTok?​

ប្រសិន​បើ​​ការ​ចរចាគ្នា​ទៅដំណើរការបាន​ល្អ ហើយ​ Microsoft  អាច​ទិញ​សាខា​ TikTok នៅអាមេរិកមែននោះ​ គឺក្រុមហ៊ុន​ Microsoft ត្រូវ​ជាម្ចាស់កម្ម​​សិទ្ធគ្រប់គ្រង​ TikTok ទាំងនៅ​អាមេរិកផង នៅ​កាណាដា អូស្រាលី និង​ណូវែលហ្សេឡង់ ថែមទៀត។

មិនតែប៉ុណ្ណោះ Microsoft ត្រូវតែ​ធានាសន្យា​ថា​ ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នកប្រើប្រាស់ មិនត្រូវ​ផ្ទេរ​ទៅឱ្យ​ចិនប៉េកាំង​ ជាដាច់​ខាត។ នេះ​ជា​លក្ខខណ្ឌ​ចាំបាច់​បំផុត ដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ ​ទាមទារ​ចង់បាន​។

ការ​ចរចា​នេះ គឺត្រូវ​ស្ថិត​ក្រោម​ក្រសែភ្នែក​ និង​ការ​ចូលរួម​របស់ គណៈកម្មាការ​វិនិយោគបរទេស​របស់​អាមេរិក​ (​ CFIUS) ជាស្ថាប័ន​របស់​រដ្ឋ​សហពន្ធអាមេរិក​ ដែល​អាច​មាន​សិទ្ធិ​ហាមឃាត់​ឱ្យ​មាន​ការ​កិច្ចព្រម​ព្រៀមនោះទេ បើ​ក្រុម​នេះ យល់ថា វាប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អាមេរិក នោះ​​។

ម្តងនេះ ថ្នាក់ដឹកនាំនយោបាយ​ គណបក្ស​​ប្រជាធិបតេយ្យ ជាបក្សប្រឆាំង ទាំង​​នៅសភានិងនៅ​ព្រឹទ្ធសភា បែរ​មក​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក ត្រាំ ដែរ។ ប្រធានសភា​អាមេរិក​ លោកស្រីNancy Pelosi​ ថ្លែងពីម្សិលមិញ​នេះ ថា ក្រុម​នយោបាយ​របស់​លោកស្រី​ យល់ព្រម​ឱ្យ​មានការ​ផ្លាស់ប្តូរ​ស្ថានភាពរបស់​​ TikTok គឺអាច​ថា ត្រូវ​បង្ខំ​ឱ្យលក់មកឱ្យ​ក្រុមហ៊ុន​អាមេរិក ឬ បើ​មិន​អ៊ីចឹងទេ ត្រូវ​បិទ​ចោលតែម្តង។

ចំពោះ​TikTokវិញ ហាក់ត្រូវ​សហរដ្ឋ​អាមេរិក ​រុញ​ឱ្យ​ទប់​នឹង​ជញ្ជាំង។ ​បើ​សិន​ជា​ចង់វត្តមាន​នៅអាមេរិក​ទៀត គឺមាន​តែត្រូវ​​លក់​សាខា​។ បើ​មិនអ៊ីចឹងទេ មានតែ​បិទផ្លូវ​នៅអាមេរិកតែប៉ុណ្ណោះ។ ការ​បិទផ្លូវ​នៅអាមេរិក គឺ​ច្បាស់​ជា​រាលដាល​ដល់​ប្រទេស​ផ្សេងៗទៀត ដែល​ជាសម្ព័ន្ធមិត្ត​របស់​មហាអំណាច​នេះ​ ជាមិនខាន។ ​

សំណុំរឿង TikTok របស់​ក្រុមហ៊ុន​ចិន ​ គឺក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ប្រឈមមុខ​តឹងតែងដាក់គ្នា​ រវាងអាមេរិក​និង​ចិន។ ក៏ប៉ុន្តែ  លោកត្រាំ ខ្លួន​​ឯង ក៏​អាច​នឹង​មាន​ការ​មិនពេញចិត្ត​ផ្ទាល់ខ្លួនខ្លះដែរ​ចំពោះ​ TikTok

មូលហេតុ​ខ្លះៗ​ ពីការ​ប៉ះពាល់​ជីវិតឯកជន​របស់អ្នក​ប្រើប្រាស់ ពីការ​ប៉ះពាល់​សន្តិសុខជាតិ និងការជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក ជាដើម។ ក៏ប៉ុន្តែ បើ​តាម​អ្នក​សារព័ត៌មាន​ស្រុក​បារាំង   លោក ត្រាំ ​​ក៏​ប្រកាន់​ខឹង​ TikTok ដោយសារ​​រឿង​ផ្ទាល់ខ្លួន​បន្តិច​ដែរ។ ដ្បិត​​លោក​​ឃើញ​គេ​យក​សំឡេង​និងសន្ទរកថា​របស់ខ្លួន​​ ទៅដាក់ កាត់ត ជាសំឡេង និង​វីដេអូ​ ​ឱ្យ​អ្នក​ប្រើ​​ TikTok ធ្វើ​ត្រាប់តាម។ មានវីដេអូខ្លះ​​ គឺនិយាយ​ញាប់​លឿនៗ ដែល​លោក ត្រាំ​ មិន​ចូល​ចិត្ត។​

លោក​ត្រាំខឹង​មួយទៀត គឺកាល​ពីចុង​ខែមិថុនា មាន​យុវជន​ ក្មេងអាមេរិក​ អំពាវនាវ​ក្នុង TikTok​ មិន​ឱ្យ​ទៅចូលរួម​មេទ្ទីញ​ឃោសនា​នយោបាយ​របស់​លោកត្រាំ នៅ អុកខ្លាហូម៉ា (Oklahoma)​ ដែលធ្វើ​ឱ្យ​កៅអី​ទំនេរ​ជាច្រើន​។​

​បញ្ហា​ TikTok​ នេះ វា​កាន់តែ​រាលដាល​ដល់ បច្ចេកវិទ្យាផ្សេងទៀត របស់​ចិន ដែលគេអាចនិយាយថា ជា​«សង្គ្រាម​បច្ចេកវិទ្យា»ផង។

ប្រមុខ​ការទូត​អាមេរិក លោក Mike Pompeo បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុកអាមេរិក ថ្មីៗនេះ​ ថា​ប្រធានាធិបតីនឹង​មាន​ចំណាត់​ការ​ទ្រង់ទ្រាយធំឆាប់ៗ​នេះ ចំពោះ​បណ្តាញ​សង្គម ឬ​ឧបករណ៍​ផ្សេងៗ​ទាំងឡាយ ដែល​អាច​បង្ក​ហានិយភ័យ​ដល់​សន្តិសុខជាតិអាមេរិក ហើយ​ដែល​បម្រើ​ប្រយោជន៍​ឱ្យ​បក្ស​កុម្មុយនីស្ត​ចិនប៉េកាំង។ ក្រៅពីTikTok នៅមាន WeChat ព្រមទាំង​បណ្តាញផ្សេងៗ​របស់​ចិន ជាច្រើន​ទៀត ដែល​អាមេរិក​​​ត្រូវតែប្រយ័ត្ន​ ត្រូវ​តាម​ដាន និង​​ចាត់វិធានការ​​ទប់ទល់​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ