អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Impeachment៖លោកដូណាល់ ត្រាំត្រូវបានព្រឹទ្ធសភាសម្រេចឲ្យរួចខ្លួន តែគណបក្សធំពីរឃ្លាតគ្នាកាន់តែខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៥ កុម្ភៈ ព្រឹទ្ធសភា​អាមេរិក​បាន​សម្រេច​ឲ្យ​លោក​ដូណាល់ ត្រាំ​រួច​ខ្លួន​នៅ​ក្នុង​បទចោទប្រកាន់​ចំនួន​ពីរ គឺ​ការ​រំលោភអំណាច និង​ការ​រារាំង​រដ្ឋសភា​មិន​ឲ្យ​ធ្វើ​ការ​ដោយ​រលូន។ នីតិវិធី​របស់​ព្រឹទ្ធសភា​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សភា​បាន​អនុម័ត​ទម្លាក់​លោក​ដូណាល់ ត្រាំ​ចេញ​ពី​តំណែង។ គួរ​រម្លឹក​ថា លោក​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​ទី៣ ដែល​បាន​រួច​ខ្លួន​ពី​ការ​ទម្លាក់​ពី​តំណែង តែ​ជា​ប្រធានាធិបតី​ទី១ ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​អាណត្តិថ្មី​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ ក្រៅ​ពី​បាន​រួច​ខ្លួន​ពី​ការ​ទម្លាក់​ពី​តំណែង ប្រជាប្រិយភាព​របស់​លោក​ត្រាំ​ក៏​កំពុង​កើន​ឡើង​ដែរ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ រឿងរ៉ាវ​មួយ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​គណបក្ស​ធំ​ពីរ គឺ​គណបក្ស​សាធារណរដ្ឋ​កំពុង​កាន់​អំណាច និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​ឃា្លត​គ្នា​កាន់​តែ​ខ្លាំង។

លោកដូណាល់ ត្រាំត្រូវបានព្រឹទ្ធសភាសម្រេចឲ្យរួចខ្លួន តែគណបក្សធំពីរឃ្លាតគ្នាកាន់តែខ្លាំង
លោកដូណាល់ ត្រាំត្រូវបានព្រឹទ្ធសភាសម្រេចឲ្យរួចខ្លួន តែគណបក្សធំពីរឃ្លាតគ្នាកាន់តែខ្លាំង Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​សម្រេច​ឲ្យ​លោក​ដូណាល់ ត្រាំ​រួចខ្លួន​ជា​ព្រឹត្តិការណ៍​ដែល​គ្រប់​គ្នា​បាន​រង់ចាំ សូម្បី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​អ្នក​ដើមបណ្តឹង។ ជា​ព្រឹត្តិការណ៍​ដែល​គ្រប់​គ្នា​បាន​រង់ចាំ​ព្រោះ​គណបក្សសាធារណរដ្ឋ​របស់​លោក​ត្រាំ​មាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា។ ចំណែក​គណបក្សប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា។ លោក​ត្រាំ​ដែល​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥ ត្រូវ​បាន​ព្រឹទ្ធសភា​បោះឆ្នោត​ឲ្យ​រួច​ខ្លួន​ពី​បទចោទប្រកាន់​ក្នុង​រឿង​រំលោភអំណាច​ដោយ​មាន​សំឡេង​គាំទ្រ ៥២សំឡេង​លើ​សំឡេង​សុប ១០០សំឡេង​នៅ​ព្រឹទ្ធសភា។ បន្ទាប់​មក លោក​ត្រាំ​ក៏​ត្រូវ​បាន​ព្រឹទ្ធសភា​សម្រេច​ឲ្យ​រួច​ខ្លួន​ពី​បទ​ចោទប្រកាន់​រារាំង​ដំណើរការ​ដោយ​រលូន​របស់​សភា​ដោយ​មាន​សំឡេង​គាំទ្រ​ ៥៣សំឡេង​លើ ១០០សំឡេង។

គួរ​រម្លឹក​ថា រដ្ឋធម្មនុញ្ញ​អាមេរិក​បាន​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ ២ភាគ៣ ពោល ៦៧សំឡេង​លើ ១០០សំឡេង​នៅ​ព្រឹទ្ធសភា​ទើប​អាច​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​បាន។ បច្ចុប្បន្ន គណបក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំ​មាន ៥៣អសនៈ​ក្នុង​ចំណោម​អសនៈ​ទាំង ១០០ នៅ​ព្រឹទ្ធសភា។ ដូច្នេះ​ការ​ស្វែង​រក​ឲ្យ​បាន​៦៧សំឡេង​ដើម្បី​ទម្លាក់​លោក​ត្រាំ​ពី​តំណែង​ពិត​ជា​ពិបាក​ខ្លាំង​ណាស់។ តែ​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សសាធារណរដ្ឋ​ទាំង ៥៣រូប មាន​មួយ​រូប​គឺ​លោក Mitt Romney បាន​បោះឆ្នោត​ប្រឆាំង​លោក​ត្រាំ​ដោយ​គាំទ្រ​លើ​បទចោទប្រកាន់​មួយ គឺ​ការ​រំលោភអំណាច។ ជំហរ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោក Mitt Romney ក្លាយ​ជា​សមាជិកព្រឹទ្ធសភា​ដំបូង​គេ និង​ទី១ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែល​បាន​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​គណបក្ស​ខ្លួន​ឯង។

Impeachment បាន​ធ្វើ​ឲ្យ​លោក​ត្រាំ និង​លោកស្រី​ប៉េឡូស៊ី​មើល​មុខ​កាន់​តែ​មិន​ចំ

អ្នក​មិន​សប្បាយចិត្ត​នឹង​ការ​សម្រេច​របស់​ព្រឹទ្ធសភា​ពេល​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​គណបក្សប្រជាធិបតេយ្យ ពិសេស​ប្រធាន​រដ្ឋសភា​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី។ បន្ទាប់​មក សារព័ត៌មានអាមេរិក​ភាគ​ច្រើន​បាន​នាំ​គ្នា​សរសេរ​វាយប្រហារ​យ៉ាងចាស់ដៃ​លើ​គណបក្សសាធារណរដ្ឋ ពិសេស​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​រួច​ខ្លួន។ រវាង​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី និង​លោក​ដូណាល់ ត្រាំ គឺ​ដូច​ទឹក និង​ប្រេង​ដែល​ពិបាក​​រលាយ​ចូល​គ្នា។ « ប្រធានាធិបតី និង​ពួក​អ្នកសាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា​បាន​រំលោភច្បាប់ » នេះ​ជា​ការ​យល់​ឃើញ​របស់​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ ប្រធានរដ្ឋសភា​មក​ពី​បក្សប្រជាធិបតេយ្យ​រូប​នេះ​មិន​ញញើត​ចាត់​ទុក​លោក​ត្រាំ​ជា​មនុស្សពាល រួម​ទាំង​លោក Mitch McConnell ដែល​ជា​ប្រធាន​ក្រុម​សំឡេងភាគច្រើន​របស់​បក្សសាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា។

« លោកត្រាំ​បន្ត​ជា​ការ​គំរាមកំហែង ព្រោះ​គាត់​ព្យាយាម​ដើម្បី​និយាយ​ពី​ការ​អង្គុយ​លើ​ច្បាប់ និង​អាច​កេងបន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត បើ​រូប​គាត់​ចង់​ធ្វើ » នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី។ ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​របស់​លោក​ត្រាំ​នា​ថ្ងៃ​ពុធ ទី៥ កុម្ភៈ លោកស្រី​ប៉េឡូស៊ី​ដែល​ឈរ​ពី​ក្រោយ​លោក​ត្រាំ​លើ​វេទិកា​ក្នុង​រដ្ឋ​សភា​បាន​ហែក​ក្រដាស​សុន្ទរកថា​របស់​លោក​ត្រាំ។ ចំណែក​សារព័ត៌មាន​អាមេរិក​ទូទៅ​បាន​ទាញ​មេរៀន​ពី​បរាជ័យ​នៃ​នីតិវិធី​ទម្លាក់​លោក​ត្រាំ​ពី​តំណែង និង​សរសេរ​វាយប្រហារ​យ៉ាងចាស់ដៃ​លើ​គណបក្សសាធារណរដ្ឋ ពិសេស​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​រួច​ខ្លួន។ នីតិវិធី​មួយ​នេះ​បាន​ញែក​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ គឺ​គណបក្សប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ឃ្លាត​គ្នា​កាន់​តែ​ឆ្ងាយ​ថែម​ទៀត ពោល​ឆ្ងាយ​ជាង​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​លោក​ប៊ីល គ្លីនតុន​មិន​បាន​សម្រេច​ក្នុង​ឆ្នាំ ១៩៩៩។

« សោកនាដកម្ម​នៃ​នីតិវិធី​ទម្លាក់​លោក​ត្រាំ​មិន​បាន​សម្រេច​បាន​បន្សល់​ទុក​ស្នាម​របួស​ដល់​ឥស្សរជន​សំខាន់​ទាំង​ពីរ គឺ​លោក​ត្រាំ និង​លោកស្រី​ប៉េឡូស៊ី​ដែល​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន » នេះ​ជា​ការ​យល់ឃើញ​របស់​កាសែត Wall Street Journal។ ចំណែក​កាសែត Los Angeles Times បញ្ជាក់​ថា ការ​ដែល​ព្រឹទ្ធសភា​បាន​សម្រេច​ឲ្យ​លោក​ត្រាំ​រួច​ខ្លួន​មិន​ត្រឹម​ផ្តល់​ភ្លើងខៀវ​ឲ្យលោក​ត្រាំ​បន្ត​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​លោក​ត្រាំ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ជា​ថ្មី​ទៀត។ ចំណែក​កាសែត Washington Post បាន​ចាត់​ទុក​នីតិវីធី​របស់​ព្រឹទ្ធសភា​ថា មាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ ព្រោះ​សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្សសាធារណរដ្ឋ​ចង់​គិតគូរ​ពី​អនាគត​នយោបាយ​របស់​បក្ស។

ប្រជាប្រិយភាព​លោក​ដូណាល់ ត្រាំ​បាន​កើន​ឡើង

លោក​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​ទី៣ ដែល​បាន​រួច​ផុត​ពី​ការ​ទម្លាក់​ពី​តំណែង។ តែ​ខុស​ពី​ប្រធានាធិបតី​ពីរ​មុន គឺ​លោក​រីឆាដ នីកសុន និង​លោក​ប៊ីល គ្លីនតុន ប្រជាប្រិយភាព​របស់​លោក​ត្រាំ​បាន​កើន​ឡើង​ក្នុង​ពេល​ដែល​លោក​កំពុង​រង​នីតិវិធី​ទម្លាក់​ពី​តំណែង ហើយ​លោក​ក៏​កំពុង​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី។ ៤៩% ជា​កម្រិត​ប្រជាប្រិយភាព​ដែល​លោក​ត្រាំ​បាន​ទទួល​នៅ​ក្រោយ​ព្រឹទ្ធសភា​បោះឆ្នោត​ឲ្យ​លោក​រួច​ខ្លួន ហើយ​បើ​គិត​នៅ​ក្នុង​រង្វង់​សកម្មជន​របស់​គណបក្ស​សាធារណរដ្ឋ គឺ​មាន​ដល់​ទៅ ៩៤%។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រឿងរ៉ាវ​ទម្លាក់​លោក​ត្រាំ​មិន​បាន​សម្រេច​ពេល​នេះ​កំពុង​រុញ​លោក​ត្រាំ​ឲ្យ​បន្ត​អង្គុយ​កៅអី​ប្រធានាធិបតី​អាណត្តិថ្មី​ឬ​អត់​ទេ។

បើ​សរុប​ទៅ​នៅ​ក្នុង​ប្រវត្តិ​អាមេរិក​មក​ទល់​ពេល​នេះ « impeachment » ឬ​នីតិវិធី​ទម្លាក់​ពី​តំណែង​ត្រូវ​បាន​ប្រើ​ចំនួន ៤ដង ទី១ ប្រឆាំង​ប្រធានាធិបតី​លោក​អានឌ្រូ ចនសុន​ក្នុង​ឆ្នាំ ១៨៦៨ ទី២ ប្រឆាំង​ប្រធានាធិបតីលោក​រីឆាដ នីកសុន​ក្នុង​ឆ្នាំ ១៩៧៤ ទី៣ ប្រឆាំង​ប្រធានាធិបតី​ប៊ីល គ្លីនតុន​ក្នុង​ឆ្នាំ ១៩៩៨ និង​ទី៤ ប្រឆាំង​លោក​ដូណាល់ ត្រាំ​ក្នុង​ឆ្នាំ ២០២០។ តែ​ក្នុង​ចំណោម​ទាំង ៤ដង គឺមានតែ​​ករណី​លោក​រីឆាដ នីកសុន លោក​ប៊ីល គ្លីនតុន​ និង​​លោក​ដូណាល់ ត្រាំ​ដែល​បាន​ឡើង​ដល់​ព្រឹទ្ធសភា តែ​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោតច្រានចោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ