អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដើមបូព៌ា៖អ៊ីស្រាអែលស្វាគមន៍ផែនការសន្តិភាពរបស់អាមេរិក តែប៉ាឡេស្ទីនទាត់ចោល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៨ មករា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​ផែនការ​សន្តិភាព​សម្រាប់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ ភាគី​អ៊ីស្រាអែល​តំណាង​ដោយ​ប្រមុខ​រដ្ឋាភិបាល​លោក​នេតាន់យ៉ាហ៊ូ​បាន​មាន​វត្តមាន​នា​ឱកាស​នោះ តែ​គ្មាន​វត្តមាន​ភាគី​ប៉ាឡេស្ទីន​ទេ។ លោក​ត្រាំ​បាន​ថ្លែង​ក្នុង​ក្តី​សុទិដ្ឋិនិយម​ដោយ​ចាត់​ទុក​ជា​ផែនការ​សន្តិភាព​ឈ្នះ ឈ្នះ​ជាមួយ​នឹង​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ។ លោក​នេតាន់យ៉ាហ៊ូ​បាន​ស្វាគមន៍​ផែនការសន្តិភាព​របស់​អាមេរិក​ដោយ​ទឹកមុខ​ញញឹម តែ​ប៉ាឡេស្ទីន​ប្រកាស​មិន​ទទួល​យក។ ចំណែក​ប្រតិកម្ម​ពី​ប្រទេស​ផ្សេង​ទៀត​ហាក់​មាន​ការ​ប្រយ័ត្នប្រយែង។

ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំ (រូបឆ្វេង) និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ ថ្ងៃទី២៨ មករា ២០២០ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន
ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំ (រូបឆ្វេង) និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ ថ្ងៃទី២៨ មករា ២០២០ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន MANDEL NGAN / AFP
ផ្សាយពាណិជ្ជកម្ម

គោលបំណង​នៃ​ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​រស់ក្បែរ​រដ្ឋអ៊ីស្រាអែល​ពិត​ជា​ការ​ចង់​បានរបស់​ពលរដ្ឋ​ប៉ាឡេស្ទីន និង​ក៏​ជា​ការ​ទាមទារ​ចង់​បាន​យ៉ាង​ទទូច​របស់​សហគមន៍​អន្តរជាតិ​តាំង​ពី​ច្រើន​ទសវត្ស។ តែ​នេះ​មិនមែន​មាន​ន័យ​ថា ពលរដ្ឋ​ប៉ាឡេស្ទីន​យល់ព្រម​ទទួល​យក​ការ​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​ដោយ​បិទ​ភ្នែក និង​ដោយ​គ្មាន​ការ​ពិនិត្យ ពិចារណា​ទេ។ លោក​ដូណាល់ ត្រាំ​បាន​ចាត់​ទុក​ផែនការសន្តិភាព​របស់​លោក​ថា ជា​ការ​បោះ​មួយ​ជំហាន​យ៉ាង​ធំ​ទៅ​កាន់​សន្តិភាព និង​ជា​សំណាង​ប្រវត្តិសាស្រ្ត​ដោយ​ជំរុញ​ប៉ាឡេស្ទីន​ឲ្យ​ទទួល​យក។ ចំណែក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​មិន​ញញើត​ចាត់​ទុក​ផែនការ​សន្តិភាព​របស់​លោក​ត្រាំ​ថា ជា​ផែនការ​សតវត្ស និង​ជា​សំណាង​សតវត្ស។

តែ​ការ​ណ៍ដែល​ប៉ាឡេស្ទីន​ប្រកាស​មិន​ទទួល​យក​ក៏​ដោយសារ​នៅ​ក្នុង​ផែនការសន្តិភាព​កម្រាស់ ៨០ទំព័រ​របស់​អាមេរិក លោក​ត្រាំ​បាន​តាក់តែង​ឡើង​ទៅ​តាម​ការ​ទាមទារ​ចង់​បាន​របស់​អ៊ីស្រាអែល។ ជាក់ស្តែង ផែនការ​សន្តិភាព​បាន​ចាត់​ទុក​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​មិន​អាច​ចែក​បាន​របស់​អ៊ីស្រាអែល ឬ​មួយ​ក៏​ការ​ចាត់​ទុក​ដែនដី​អាណានិគម​អ៊ីស្រាអែល​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ក្នុង​តំបន់​ស៊ីហ្សកដានី​ជា​ដែនដី​ស្របច្បាប់​របស់​អ៊ីស្រាអែល​ជា​ដើម។ ប៉ាឡេស្ទីន​បាន​មើល​ឃើញ​ថា ផែនការសន្តិភាព​របស់​អាមេរិក​មួយ​នេះ​បាន​ហុច​ប្រយោជន៍​ច្រើន​ណាស់​ឲ្យ​អ៊ីស្រាអែល។

ប៉ាឡេស្ទីន​ចង់​បាន​រដ្ឋ​ឯករាជ្យ​ដែល​មាន​ព្រំដែន​កំណត់​ក្នុង​ឆ្នាំ ១៩៦៧

ផ្អែក​តាម​ផែនការសន្តិភាព​របស់​លោក​ត្រាំ អនាគត​រដ្ឋ​ប៉ាឡេស្ទីន​នឹង​បង្កើត​ឡើង​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ដែល​នៅ​សេសសល់​បច្ចុប្បន្ន មាន​ន័យ​ថា ដែនដី​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​បាន​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់ ឬ​ស្របច្បាប់​តាំង​ពី​ក្រោយ​ឆ្នាំ ១៩៦៧ នឹង​ក្លាយ​ជា​ដែនដី​ស្របច្បាប់​របស់​អ៊ីស្រាអែល​ទាំង​អស់។ ចំណែក​អនាគត​ទីក្រុង​ប៉ាឡេស្ទីន​នឹង​គ្មាន​ឈ្មោះ​ហ្សេរុយសាឡិម​ដូច​ដែល​ប៉ាឡេស្ទីន​ចង់​បាន និង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​មួយ​ស្ថិត​ប៉ែក​ខាង​កើត​ទីក្រុង​ហ្សេរុយសាឡិម។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ថែម​ទាំង​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​សង្កត់ ក ប៉ាឡេស្ទីន មុន​នឹង​អនាគត​រដ្ឋ​ប៉ាឡេស្ទីន​អាច​លេច​ចេញ​ជា​រូបរៀង​បាន ក្នុង​នោះ លោក​ត្រាំ​បាន​តម្រូវ​ឲ្យ​ប៉ាឡេស្ទីន​បោះបង់​ចោល​នូវ​អំពើ​ភេរវនិយម។

ទន្ទឹម​នឹង​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​រស់ក្បែរ​រដ្ឋ​អ៊ីស្រាអែល ផែនការ​សន្តិភាព​របស់​លោក​ត្រាំ​ក៏​គ្រោង​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែរ។ តែ​បញ្ហា​នៅ​ត្រង់​ថា ទោះ​បី​ជា​លោក​ត្រាំ​ព្យាយាម​ពន្យល់​យ៉ាង​ណា​ក៏​ដោយ​ក៏​ពលរដ្ឋ​ប៉ាឡេស្ទីន​ស្តាប់​មិន​ចូល​ត្រចៀក​ដែរ។ នេះ​ក៏​ដោយសារ​ថា ខ្លួន​ជា​អ្នក​ចាញ់​ប្រៀប និង​ជា​អ្នក​ខាត​បង់​ច្រើន​ណាស់​នៅ​ក្នុង​ផែនការ​សន្តិភាព​របស់​លោក​ត្រាំ។ អ្វី​ដែល​ប៉ាឡេស្ទីន​ចង់​បាន​តាំង​ពី​ដើម​មក គឺ​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​ដែល​មាន​ខ្សែបន្ទាត់​ព្រំដែន​កំណត់​ក្នុង​ឆ្នាំ ១៩៦៧ និង​មាន​ហ្សេរុយសាឡិម​ជា​ទីក្រុង។ គួរ​បញ្ជាក់​ថា ជំហរ​មួយ​នេះ​របស់​ប៉ាឡេស្ទីន​មាន​តាំង​ពី​ដើម​មក ហើយ​ក៏​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ទូទៅ​ដែរ។ គេ​អាច​និយាយ​បានថា ផែនការសន្តិភាព​របស់​លោក​ត្រាំ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ជម្រៅ​នៃ​បញ្ហា​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​នៅ​ឡើយ​ទេ។

ក្រុម​ប្រទេស​អារ៉ាប់​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រយ័ត្នប្រយែង

ប្រតិកម្ម​នឹង​ផែនការ​សន្តិភាព​របស់​លោក​ត្រាំ​មាន​ចម្រុះ តែ​មិន​បាន​គាំទ្រ និង​មិន​ថោ្កលទោស​ទេ។ ប្រតិកម្ម​រួម​ដូច​គ្នា គឺ​ការ​ទទួល​ស្គាល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ត្រាំ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​ដ៏​ស្មុគស្មាញ និង​រ៉ាំរ៉ៃ។ ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​ផែនការសន្តិភាព​របស់​លោក​ត្រាំ អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ពី​ការ​បន្ត​គោរព​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ និង​កិច្ចព្រមព្រៀង​ទ្វេភាគី​ស្តីពី​ការ​បង្កើត​រដ្ឋ​ពីរ អ៊ីស្រាអែល ប៉ាឡេស្ទីន​រស់នៅ​ក្បែរ​គ្នា​ក្នុង​សន្តិភាព និង​សន្តិសុខ​ដោយ​ផ្អែក​លើ​ខ្សែបន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧។ ចំណែក​ប្រតិកម្ម​ពី​ក្រុម​ប្រទេស​អារ៉ាប់​ហាក់​មាន​ការ​ប្រយ័ត្នប្រយែង។

ប្រទេស​ហ្សកដានី​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ស្មោះត្រង់​ដែល​សំដៅ​ទទួល​បាន​សន្តិភាព​មួយ​យុត្តិធម៌ និង​ទាំង​ស្រុង។ ត្រង់​ចំណុច​នេះ ហ្សកដានី​ក៏​បាន​ស្នើ​ឲ្យ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​ដោយ​ផ្អែក​លើ​ខ្សែបន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧ ដោយ​ហ្សេរុយសាឡិមខាងកើត​ជា​ឈ្មោះ​ទីក្រុង។ ប្រតិកម្ម​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រទេស​កាតារ​ដែល​ទទួល​ស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ត្រាំ​សម្រាប់​ដំណោះស្រាយ​ឲ្យ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។ តែ​ក៏​ទទូច​ឲ្យ​មាន​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន​មួយ​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ព្រំដែន​ឆ្នាំ ១៩៦៧។ ប្រទេស​អេហ្ស៊ីប​តាម​រយៈ​ក្រសួង​ការបរទេស​បាន​អំពាវនាវ​ភាគី​ពាក់ព័ន្ធ​ឲ្យ​សិក្សា ពិនិត្យមើល​លើ​ទស្សនវិស័យ​របស់​អាមេរិក​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​សន្តិភាព និង​ការ​បើក​ផ្លូវ​ចរចា។

ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ក៏​បាន​អំពាវនាវ​ដូច​គ្នា​នេះ​ដោយ​ចាត់​ទុក​ផែនការ​សន្តិភាព​របស់​លោក​ត្រាំ​ថា ជា​ចំណុច​ចេញ​មួយ​សំខាន់​ដើម្បី​ត្រឡប់​ចូល​តុចរចា។ ចំណែក​អារ៉ាប៊ីសាអូឌីត​បាន​ត្រឹម​ឲ្យ​តម្លៃ​លើ​ការ​ប្រឹងប្រែង​របស់​លោក​ត្រាំ។ ដោយឡែក ប្រទេស​អង់គ្លេស​បាន​ទុក​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ជា​អ្នក​សម្រេច​ថា តើ​ផែនការ​សន្តិភាព​របស់​លោក​ត្រាំ​ពិត​ជា​បាន​ឆ្លើយ​តប​នឹង​ការ​ចង់​បាន​របស់​ពលរដ្ឋ​ពួក​គេ​ដែរ​ឬ​ទេ។ រីឯ​បារាំង​បាន​សាទរ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ត្រាំ និង​សន្យា​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ផែនការសន្តិភាព​របស់​លោក​ត្រាំ។ តែ​ក្រុង​ប៉ារីស​បាន​បញ្ជាក់​ថា ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ជា​រឿង​ចាំ​បាច់​ក្នុង​ការ​កសាង​សន្តិភាព​មួយ​យុត្តិធម៌ និង​យូរអង្វែង​សម្រាប់​តំបន់ដើមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ