អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក-អ៊ីស្រាអែល៖លោកត្រាំទទួលជួបលោកនេតាន់យ៉ាហ៊ូជាមួយនឹងផែនការសន្តិភាពដែលប៉ាឡេស្ទីនច្រានចោល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី២៧ មករា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ទទួល​ជួប​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ នា​ឱកាស​ជំនួប លោក​ត្រាំ​បង្ហាញ​លោក​នេតាន់យ៉ាហ៊ូ​នូវ​ផែនការសន្តិភាព​មួយ​សម្រាប់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​សម្រាប់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន និយាយ​ដោយឡែក។ គឺ​ជា​ផែនការសន្តិភាព​ដែល​អ៊ីស្រាអែល​ចាត់​ទុក​ជា​ប្រវត្តិសាស្រ្ត តែ​ត្រូវ​បាន​ប៉ាឡេស្ទីន​ច្រានចោល​យ៉ាង​ដាច់​អហង្ការ។ គួរ​រម្លឹក​ថា ផែនការ​សន្តិភាព​មួយ​នេះ​ត្រូវ​បាន​រៀបចំ​តាក់តែង​ឡើង​ដោយ​លោក Jared Kushner ដែល​ជា​ទីប្រឹក្សា និង​ជា​កូនប្រសារ​របស់​លោក​ត្រាំ។ នៅ​ក្នុង​សន្និសីទ​រៀបចំ​ក្នុង​ប្រទេស​បារ៉ែន​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ លោក Kushner មិន​បាន​និយាយ​ដល់​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ទេ តែ​បែរ​ជា​បាន​ផ្តោត​សំខាន់​លើ​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ទៅ​វិញ។ តើ​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​មិនមែន​កំពុង​ទទួល​បរាជ័យ​ដូច​រដ្ឋបាល​អាមេរិក​មុនៗ​ទេ ឬ​យ៉ាង​ណា​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន?

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោកនេតាន់យ៉ាហ៊ូ និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោកនេតាន់យ៉ាហ៊ូ និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​កាល​ពី ៣ឆ្នាំ​មុន លោក​ដូណាល់ ត្រាំ​បាន​ប្រគល់​សំណុំរឿង​អ៊ីស្រាអែល ប៉ាឡេស្ទីន​ដ៏​រសើប​ឲ្យ​កូនប្រសារប្រុស​របស់​លោក គឺ​លោក Jared Kushner ជា​អ្នក​ដោះស្រាយ។ លោក​ត្រាំ​បាន​រម្លឹក​ម្តង​ជា​ពីរ​ដង​ថា លោក​ចង់​ដោះស្រាយ​ឲ្យ​បាន​ជោគជ័យ​លើ​សំណុំរឿង​ច្រំដែល​មួយ​នេះ​ដែល​ប្រធានាធិបតី​អាមេរិក​មុនៗ​បាន​ទទួល​បរាជ័យ​គ្រប់​គ្នា។ តែ​រហូត​មក​ដល់​ពេល​នេះ លោក​ត្រាំ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​លោក​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​អូសទាញ​ភាគី​ប៉ាឡេស្ទីន​ឲ្យ​ចូល​តុចរចា​ឡើង​វិញ​បាន?។ ចូរ​កុំ​ភ្លេច​ថា តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ មក ប៉ាឡេស្ទីន​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ផ្លូវការ​ទាំង​អស់​ជាមួយ​សេតវិមាន។ ក្រោម​ភ្នែក ច្រមុះ​របស់​ប៉ាឡេស្ទីន អាមេរិក​លែង​មាន​ទឹកមាត់ប្រៃ និង​លែង​មាន​ឥទ្ធិពល​ដើម្បី​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​ទៀត​ឡើយ។

អ្នក​នាំពាក្យ​របស់​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​បញ្ជាក់​ច្បាស់ៗ​ថា ប៉ាឡេស្ទីន​ទាត់ចោល​យ៉ាង​ដាច់​អហង្ការ​នូវ​អ្វី​ដែល​រដ្ឋបាល​លោក​ត្រាំ​សម្រេច​បាន​មក​ទល់​ពេល​នេះ។ តាម​រយៈ​សារ​មួយ​នេះ​នាំ​ឲ្យ​គេ​យល់​ភ្លាម​ថា ប៉ាឡេស្ទីន​មិន​ត្រឹម​មិន​ទទួល​យក​ផែនការ​សន្តិភាព​ដែល​តាក់តែង​ឡើង​ដោយ​លោក Jared Kushner ប៉ុណ្ណោះ​ទេ តែ​បាន​ច្រើន​ចោល​ទាំង​ស្រុង​លើ​ការងារ​ដែល​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​ប្រឹងប្រែង​រយៈពេល ៣ឆ្នាំ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។ ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាមូដ អាបាស់​បាន​បដិសេធ​ការ​អញ្ជើញ​របស់​លោក​ត្រាំ​ដើម្បី​ជជែក​លើ​ផែនការសន្តិភាព។ ចំណែក​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​ទទួល​យក​ផែនការសន្តិភាព​របស់​លោក​ត្រាំ និង​ថា សិទ្ធិ​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​មិនមែន​សម្រាប់​លក់​ទេ។

ក្រៅ​ពី​រដ្ឋអំណាច​ប៉ាឡេស្ទីន​នៅ​តំបន់​ស៊ីហ្សកដានី ផែនការ​សន្តិភាព​របស់​លោក Jared Kushner ក៏​ត្រូវ​បាន​ទាត់ចោល​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ដែល​កំពុង​គ្រប់គ្រង​តំបន់​ហ្កាហ្សា​ដែរ។ « ផែនការសន្តិភាព​របស់​អាមេរិក​មិនត្រឹម​មិន​អាច​ទទួល​យក​បាន​ទេ តែ​ថែម​ទាំង​អាច​ជំរុញ​ពលរដ្ឋ​ប៉ាឡេស្ទីន​ឲ្យ​ក្រោក​ឈរ​តស៊ូ​ក្នុង​ដំណាក់កាល​ថ្មី​ទៀត​ផង » នេះ​ជា​ការ​ព្រមាន​របស់​ប្រមុខ​ចលនា​ហាម៉ាស់។ ទន្ទឹម​គ្នា​នេះ អគ្គលេខាធិការ​អង្គការ​រំដោះ​ប៉ាឡេស្ទីន​ហៅ​កាត់ OLP លោក Saëb Erekat បាន​បញ្ជាក់​ប្រាប់ AFP ក្នុង​ថ្ងៃ​អាទិត្យ ទី២៦ មករា​ថា ប្រសិន​បើ​លោក​ត្រាំ​លាតត្រដាន​ផែនការសន្តិភាព​សម្រាប់​មជ្ឈិមបូព៌ា​ជា​សាធារណៈ OLP នឹង​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អូស្លូ ២ ដែល OLP និង​អ៊ីស្រាអែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កញ្ញា ឆ្នាំ ១៩៩៥។

នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​អស់​សុពលភាព​ក្នុង​ឆ្នាំ ១៩៩៩ តែ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​ពន្យារ​ពេល​បន្ថែម​បាន​ពុះ​ចែក​តំបន់​ស៊ីហ្សកដានី​ជា ៣តំបន់ ទី១ ហៅ​តំបន់ A ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ស៊ីវិល និង​សន្តិសុខ​របស់​ប៉ាឡេស្ទីន ទី២ ហៅ​តំបន់ B ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ស៊ីវិល​របស់​ប៉ាឡេស្ទីន និង​សន្តិសុខ​របស់​អ៊ីស្រាអែល និង​ទី៣ ហៅ​តំបន់ C ជា​តំបន់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ស៊ីវិល និង​សន្តិសុខ​របស់​អ៊ីស្រាអែល។ សូម​រម្លឹក​ថា ផែនការសន្តិភាព​តាក់តែង​ដោយ​អាមេរិក​សម្រាប់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​សម្រាប់​អ៊ីស្រាអែល ប៉ាឡេស្ទីន និយាយ​ដោយឡែក​ត្រូវ​បាន​លើក​ពេល​បង្ហាញ​ជា​ច្រើន​ដង​ដោយ​គ្មាន​នរណា​ម្នាក់​បាន​ដឹង​ពី​ខ្លឹមសារ​លំអិត​របស់​វា។

នៅ​ក្នុង​សន្និសីទ​រយៈពេល ២ថ្ងៃ​ក្រោម​ប្រធានបទ « ពី​សន្តិភាព​ទៅ​កាន់​វិបុលភាព » រៀបចំ​ក្នុង​ប្រទេស​បារ៉ែន​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ លោក Kushner មិន​បាន​និយាយ​ដល់​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ទេ តែ​បាន​ផ្តោត​សំខាន់​លើ​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន។ មាន​ទឹកប្រាក់​ប្រមាណ​ជា ៥០ ០០០លានដុល្លារ​ដែល​អាមេរិក​គ្រោង​អភិវឌ្ឍ​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន និង​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ក្បែរខាង​មួយ​ចំនួន​សម្រាប់​រយៈពេល ១០ឆ្នាំ។ បើ​តាម​ប៉ាឡេស្ទីន ផែនការសន្តិភាព​របស់​អាមេរិក​បាន​ទទួល​ស្គាល់​តំបន់​យុទ្ធសាស្រ្ត​នៅ​ស៊ីហ្សកដានី​ជា​របស់​អ៊ីស្រាអែល ទទួល​ស្គាល់​ដែនដី​អាណានិគម​អ៊ីស្រាអែល​លើ​ដែនដី​ប៉ាឡេស្ទីន និង​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្លូវការ​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។ តើ​ផែនការសន្តិភាព​របស់​អាមេរិក​សម្រាប់​មជ្ឈិមបូព៌ា និយាយ​ជា​រួម និង​សម្រាប់​អ៊ីស្រាអែល ប៉ាឡេស្ទីន និយាយ​ដោយឡែក​មាន​ចែង​ពី​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​រស់​ក្បែរ​រដ្ឋ​អ៊ីស្រាអែល​ឬ​អត់?។

គ្មាន​នរណា​ម្នាក់​អាច​ដឹង​បាន​ទេ ហើយ​មក​ទល់​ពេល​នេះ សូម្បី​តែ​លោក​ត្រាំ និង​កូនប្រសារ​លោក Kushner ក៏​បាន​បដិសេធ​មិន​និយាយ និង​មិន​ដែល​បង្ហើប​ឃ្លា​មួយ​នេះ​ម្តង​ណា​សោះ។ ពិត​ណាស់ ប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​ការ​លុយ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន តែ​ប្រធានបទ​អាទិភាព​នៅ​ចំពោះ​មុខ​ពេល​នេះ គឺ​ការ​មាន​រដ្ឋអធិបតេយ្យ​ឯករាជ្យ​មួយ​រស់ក្បែរ​ខាង​រដ្ឋ​អ៊ីស្រាអែល។ ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ធ្លាប់​បាន​បញ្ជាក់​ថា ដរាប​ណា​គ្មាន​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ឯករាជ្យ​ទេ ដរាប​នោះ​នៅ​មិន​ទាន់​អាច​និយាយ​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​បាន​ឡើយ។ ជំហរ​របៀប​នេះ​របស់​ប៉ាឡេស្ទីន​មិនមែន​ជា​រឿង​ថ្មី ហើយ​អាមេរិក​ខ្លួន​ឯង​ក៏​បាន​ដឹង​ដែរ​ថា ការ​បង្កើត​ឲ្យ​មាន​រដ្ឋប៉ាឡេស្ទីន​មួយ​ឯករាជ្យ​ក៏​ជា​ការ​ទាមទារ​ចង់​បាន​យ៉ាង​ទទូច​របស់​សហគមន៍​អន្តរជាតិ​ទូទៅ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ