អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​អាមេរិក​ បោះឆ្នោត​អនុម័ត​បទចោទប្រកាន់​ដើម្បី​ដក​លោកដូណាល់ ត្រាំ​ ចេញពី​តំណែង​ប្រធានាធិបតី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភាអាមេរិក កាលពីថ្ងៃពុធ ទី១៨ ធ្នូម្សិលមិញ បានសម្រេចអនុម័តបទចោទប្រកាន់ជាផ្លូវការចំនួនពីរ ទៅលើលោកដូណាល់ ត្រាំ។ បទចោទនេះ គឺជាសញ្ញាមួយ ដើម្បីឈានទៅដល់ការទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី។ នៅក្នុងប្រវត្តិនយោបាយអាមេរិក លោកដូណាល់ ត្រាំ គឺជាប្រធានាធិបតីទី៣ ហើយ ដែលត្រូវរងបទចោទប្រកាន់បែបនេះ និងត្រូវប្រឈម​សវនាការកាត់ក្តីបន្ទាប់នៅព្រឹទ្ធសភា នាខែមករាខាងមុខ។ហេតុអ្វី បានជាសភាតំណាងរាស្ត្រអាមេរិក បោះឆ្នោតចោទប្រកាន់ជាផ្លូវការលើលោកដូណាល់ ត្រាំ? តើបទចោទនេះ បង្កជាផលប៉ះពាល់អ្វីខ្លះ ដល់លោកដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋរបស់លោក?

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

រដ្ឋសភាអាមេរិក បោះឆ្នោតចោទប្រកាន់លោកដូណាល់ត្រាំ ចំនួន២ករណី

បទចោទប្រកាន់របស់សភា ចំពោះប្រមុខដឹកនាំអាមេរិកលោកដូណាល់ ត្រាំមានច្រើន។ ក៏ប៉ុន្តែកាលពីថ្ងៃម្សិលមិញ បន្ទាប់ជជែកវែកញែកគ្នាអស់រាប់ម៉ោង ពោលគឺរហូតដល់ប្រមាណជា ១០​ ម៉ោងរួចមក នៅយប់ថ្ងៃពុធដដែលនោះ សភាអាមេរិក ក៏សម្រេចអនុម័ត ទៅលើបទចោទសំខាន់ៗចំនួនពីរ ពាក់ព័ន្ធនឹងដំណើរការ ដកហូតតំណែងជាប្រធានាធិបអាមេរិក ពីលោកដូណាល់ ត្រាំ។

បទចោទដំបូង គឺសភា​ចោទ​លោកដូណាល់ ត្រាំ ថា​បាន​រំលោភ​អំណាច​ ​ក្នុងនាមជាប្រធានាធិបតី ដោយលោកបានដាក់សម្ពាធឲ្យប្រធានាធិបតីអ៊ុយក្រែន ស៊ើបអង្កេតលើលោកចូ បៃឌិន ជាសមាជិករបស់បក្សប្រជាធិបតេយ្យ ដែលអាចនឹងក្លាយជាគូប្រជែងដ៏មានសក្តានុពលរបស់លោក ក្នុងការបោះឆ្នោតនាឆ្នាំ ២០២០។ សម្រាប់បទចោទទី១នេះ សភាទទួលបានសំឡេងគាំទ្រ ចំនួន ២៣០ ទល់នឹង១៩៧ សំឡេង។

ចំណែកបទចោទប្រកាន់ទី២វិញ រដ្ឋសភាមាន ២២៩ សំឡេងគាំទ្រ ទល់វិញ ១៩៨។ ជាបទចោទ ពាក់ព័ន្ធនឹងទង្វើរបស់លោកត្រាំ ដែលបានរារាំងដល់ដំណើរការស៊ើបអង្កេតរបស់សភា ដោយលោកបានបដិសេធមិនព្រមសហការជាមួយសភា ក្នុងការផ្តល់ភស្តុតាងឯកសារ និងហាមមិនឲ្យជំនួយការសំខាន់ៗ របស់លោកចូលខ្លួនបកស្រាយ ឬនិយាយអ្វីជុំវិញសំណុំរឿងនេះ។

បទចោទប្រកាន់របស់សភា បង្កជាផលប៉ះពាល់អ្វីខ្លះដល់លោកដូណាល់ ត្រាំ?

គួរជម្រាបថា ការសម្រេចបោះឆ្នោតចោទប្រកាន់ជាផ្លូវការរបស់សភាអាមេរិកកាលពីថ្ងៃពុធ ម្សិលមិញនេះ បានធ្វើឲ្យលោកដូណាល់ ត្រាំ មានវ័យ ៧៣​ ឆ្នាំ ក្លាយទៅជាប្រធានាធិបតីអាមេរិកទី៣ ដែលរងបទចោទប្រកាន់ លើដំណើរការដកមុខតំណែង បន្ទាប់ពីអតីតប្រធានាធិបតី​ប៊ីល គ្លីនតុន និងលោក​អ៊ែនឌ្រូ ចនសុន។

ក្រោយសភាទម្លាក់បទចោទប្រកាន់នេះ ប្រធានាធិបតីទី ៤៥ របស់អាមេរិក លោកដូណាល់ត្រាំ នឹងត្រូវប្រឈមនឹងសវនាការកាត់ក្តីចុងក្រោយរបស់ព្រឹទ្ធសភា។ ដំណើរការកាត់ក្តីនេះ ត្រូវគេរំពឹងថានឹងចាប់ផ្តើមប្រព្រឹត្តធ្វើទៅ នៅពាក់កណ្តាលខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។

ជាការពិត បទចោទរបស់សភាពិតជាអាចបង្កជាផលប៉ះពាល់ច្រើន ដល់លោកដូណាល់ ត្រាំ។ ជាក់ស្តែង ក្នុងករណីដែលព្រឹទ្ធសភា បោះឆ្នោតគាំទ្រលើបទចោទប្រកាន់នេះ ជាមួយសំឡេង២ ភាគ ៣ ឬស្មើនឹង ៦៧​ ភាគរយ នោះប្រាកដណាស់ លោកដូណាល់ ត្រាំ នឹងត្រូវ គេទាញឲ្យខ្ទាតចេញពីមុខតំណែង ជាប្រធានាធិបតីអាមេរិក ជាក់ជាមិនខាន។ ក្នុងករណីនេះ អនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងត្រូវឡើងមកកាន់តំណែងនេះជំនួសវិញ។

ក៏ប៉ុន្តែ រឿងនេះពិបាកនឹងអាចកើតឡើងខ្លាំងណាស់ ពីព្រោះថានៅព្រឹទ្ធសភា សមាជិកដែលមកពីគណបក្សសាធារណរដ្ឋរបស់លោកត្រាំ មានចំនួនច្រើនជាងបក្សប្រជាធិបតេយ្យ។

មួយវិញទៀត គេដឹងថា សមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋសុទ្ធតែធ្លាប់ បានបង្ហាញជំហរគាំទ្រលោកដូណាល់ ត្រាំ និងមិនឯកភាពឡើយ ចំពោះបទចោទរបស់សភា ដែលចងក្រងដោយពួកអ្នកប្រជាធិបតេយ្យ។ ស្ថិតក្នុងសេណារីយ៉ូបែបនេះ​ គេអាចនិយាយបានថា ការទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីអាមេរិកនោះ មិនងាយនឹងកើតឡើងនោះទេ។

និយាយដោយឡែក ទោះបីមិនអាចធ្វើអ្វីឲ្យប៉ះពាល់ដល់តំណែង ជាប្រធានាធិបតីអាមេរិករបស់លោកត្រាំបាន សម្រាប់ក្រុមអ្នកប្រឆាំង បទចោទប្រកាន់ជាផ្លូវការ និងជាប្រវត្តិសាស្ត្រ របស់សភានេះ ពិតណាស់ នឹងអាចដៅជាសញ្ញាខ្មៅមួយចំលើឈ្មោះជាប្រធានាធិបតីអាមេរិករបស់លោកដូណាល់ ត្រាំ។

មានឈ្មោះក្នុង សវនាការជំនុំជម្រះ ពាក់ព័ន្ធនឹងនីតិវិធីដកមុខតំណែងជាប្រធានាធិបតី មិនមែនជារឿងល្អនោះទ ហើយក៏គ្មានប្រធានាធិបតីណាមួយឡើយ ចង់មានឈ្មោះចារជាប្រធានាធិបតី រងបទចោទប្រកាន់ លើដំណើរការដកហូតចេញពីតំណែង។ ការណ៍នេះ ចង់មិនចង់ តិចឬក៏ច្រើន បទចោទរបស់សភា វាអាចប៉ះពាល់ដល់ការសម្រេចិត្តរបស់ប្រជាពលរដ្ឋអាមេរិក ដែលជាម្ចាស់ឆ្នោតមិនខាន។ វាមានន័យថា លោកដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ប្រឈមនឹងការទទួលបានសំឡេងគាំទ្រតិចជាមុន ឬក៏អាចនឹងបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ខាងមុខនេះក៏ថាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ