អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខា​ង​ជើង​បាញ់​កាំភ្លើង​ត្បាល់សំដៅ​កូរ៉េខាង​ត្បូង ​សេអ៊ូល​ធ្វើ​សមយុទ្ធ​​គ្រាប់​ពិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ កំពុង​ធ្លាក់​ក្នុង​ភាព​តាន​តឹង​យោធា​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​ពី​ឆ្នាំ​២០១០មក។ នៅ​ថ្ងៃ​សុក្រ​នេះ កូរ៉េខាង​ជើង​បាន​បាញ់​កាំភ្លើង​ត្បាល់​ចំនួន​២០០​គ្រាប់​ទៅក្នុង​សមុទ្ទ​លឿង​ ម្តុំ​ជិត​កោះ​របស់​កូរ៉េខាង​ត្បូង។ បន្ទាប់​ពី​បាន​ជម្លៀស​ជនស៊ីវិល​ជា​កិច្ចការពារ សេអ៊ូល​បាន​តប​ត​វិញ​ដោយ​ធ្វើ​សមយុទ្ធ​នៅ​តាម​ព្រំដែន​ជាប់​កូរ៉េខាង​ជើង។ ជា​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិតតែម្តង។ នៅ​ចំពោះ​មុខ​ស្ថានការណ៍​​បែប​នេះ​ចិន​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​អត់​ធ្មត់​ កុំ​ចាត់​វិធានការ​ណា​ដែល​នាំ​ឱ្យ​ស្ថានភាព​កាន់តែ​ដុនដាប​។ ចំណែក​អាមេរិក​បាន​ទម្លាយ​សេចក្តី​ចោទ​ប្រកាន់​ថា​​កូរ៉េខាង​ជើងបាន​ផ្គត់​ផ្គង់​អាវុធ​មីស៊ីលឱ្យ​រុស្ស៊ី​បាញ់​អ៊ុយក្រែន។

កូរ៉េខាង​ជើង​បាញ់​កាំភ្លើង​ត្បាល់​សំដៅ​កូរ៉េខាង​ត្បូង សេអ៊ូល​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​តាម​ព្រំដែន
កូរ៉េខាង​ជើង​បាញ់​កាំភ្លើង​ត្បាល់​សំដៅ​កូរ៉េខាង​ត្បូង សេអ៊ូល​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​តាម​ព្រំដែន AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ភាព​តាន​តឹង​យោធា​នៅ​ឧបទ្វីប​កូរ៉េ​ ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ទែន ​មិន​ដែល​ធ្លាប់​ប្រទះ​ទេ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១០​មក ដែល​កាលណោះ​ព្យុងយ៉ាងបាន​ផ្លោង​១៧០​គ្រាប់​​លើ​កោះ​Yeonpyeong ជា​លើក​ទី​មួយ ស្លាប់​ស៊ីវិល​២​នាក់​ ទាហាន​ពីរ​នាក់។

កូរ៉េខាង​ជើង​ជន្លកូរ៉េខាង​ត្បូង?

មាន​ទំនាក់ទំនងដុនដាបស្រាប់​ តាំងពី​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ ប្រមុខ​ដឹកនាំ​របប​ព្យុងយ៉ាង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គំរាម​កម្ទេច​កូរ៉េខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ​បានប្រកាស​ត្រៀម​ប្រឈម​នឹង​សង្គ្រាម ...ជា​ពាក្យ​ដ៏​ធ្ងន់ៗ ហើយ​ស្រាប់​តែ​នៅ​ថ្ងៃ​នេះ មានការ​បាញ់​ផ្លោង​តែម្តង។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​យោធា​កូរ៉េខាង​ត្បូង​ ក្នុង​រយៈ​ពេល​តែ​ប្រមាណ​ពីរ​ម៉ោង គឺ​នៅរវាង​ពី​ម៉ោង​៩ ទៅ​ម៉ោង​១១​ព្រឹក​ម៉ោង​នៅក្នុង​ស្រុក កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ចំនួន​ដល់​ទៅ​ប្រមាណ​២០០គ្រាប់ សំដៅ​សមុទ្ទ​លឿង ត្រង់​ដែន​ទឹក​ជិត​កោះដ៏​ដាច់​ស្រយាល​បំផុត​របស់​កូរ៉េខាង​ត្បូង​ គឺ​កោះ​Yeonpyeong និង​កោះ​Baengnyong។ ​ជា​សំណាង​ល្អ គ្រាប់​កាំភ្លើង​ត្បាល់​កូរ៉េខាង​ជើង​មិនប​ង្ក​ឱ្យ​មានជនរងគ្រោះ​និង​​ការ​ខូត​ខាត​ជា​សម្ភារៈទេ​ ព្រោះ​វា​ធ្លាក់​នៅ​ផ្នែក​ខាង​ជើង​នៃ​ព្រំដែន​ទឹក​រវាង​កូរ៉េទាំងពីរ។ ប៉ុន្តែ​ចរាចរណ៍​ភ្ជាប់​ទៅកាន់​កោះ​ត្រូវ​ផ្អាក។ ប្រជាពលរដ្ឋ​​លើ​កោះទាំងពីរ​ បាន​ទទួល​បញ្ជា​ឱ្យទៅ​​សំងំ​នៅ​ក្នុង​ទី​ជម្រក​សុវត្ថិភាព។ អាជ្ញាធរ​សម្រេច​ជម្លៀស​ប្រជាជន​ដើម្បី​​ជា​កិច្ចការពារ។  ​

មាន​ប្រជាពលរដ្ឋ​រស់​នៅ​ប្រមាណ​២ពាន់​នាក់ Yeonpyong ស្ថិត​នៅ​ចម្ងាយ​១១៥​គីឡូម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល និង​តែ​ជាង​១០គីឡូម៉ែត្រ​ពីឆ្នេរ​ខាង​ត្បូង​បំផុត​របស់​កូរ៉េខាង​ជើង។ ចំណែក​កោះ​ Baengnyong នៅកាន់​តែ​កៀក​កូរ៉េខាង​ជើង​ខ្លាំងនិង​មាន​មនុស្ស​រស់​នៅ​៤៩០០នាក់។

ចំណែក​ខាង​កូរ៉េខាង​ត្បូង​វិញ កូរ៉េខាង​ត្បូង​បាន​ដឹកនាំធ្វើ​សមយុទ្ធ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​កូរ៉េខាង​ជើង។ ហើយ​នៅ​ព្រឹកមិញ​​ ក្រៅ​អំពី​បរិហារ​សកម្មភាព​បង្ក​ហេតុ​របស់​កូរ៉េខាង​ជើង​ថា​គំរាមកំហែង​សន្តិភាព​ក្នុង​តំបន់ យោធា​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​តប ​ដោយ​បាញ់​គ្រាប់​ពិតៗ ប្រភេទ​គ្រាប់​កាំភ្លើង​ត្បាល់​K9ចំនួន​២០០គ្រាប់​ ​​​វិញផង​។ នេះ​ជា​លើក​ទី​មួយ​ហើយ​កូរ៉េខាង​ត្បូង​ធ្វើ​យ៉ាង​ដូច្នេះ គិត​ចាប់​តាំងពី​សេអ៊ូល​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ​២០១៨មក។

កូរ៉េខាង​ជើង​សម្រេច​កម្មវត្ថុ​ផលិតកម្មបង្ហោះមីស៊ីល?

បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើងចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ ក្នុង​ពេល​​ចុះ​ទៅ​បំពេញទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​ប្រព័ន្ធ​បង្ហោះ​មីស៊ីល​បាលីស្ទិក ជាមួយ​កូនស្រី ប្រមុខ​របបព្យុងយ៉ាងគីមជុងអ៊ុន ​បា​ន​អះអាង​ថា​នៅ​ចំពោះ​មុខ​ស្ថានភាព​កាន់​តែធ្ងន់ធ្ងរ​​នាពេល​បច្ចុប្បន្ន និង​ភាព​ចាំបាច់​​ក្នុងការ​ត្រៀម​ប្រឈម​នឹង​សង្គ្រាម​យោធា​ជាមួយ​សត្រូវ (កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក)​ ​​កូរ៉េខាង​ជើងត្រូវ​តែ​បង្កើន​ផលិតកម្ម​បង្ហោះ​មីស៊ីល។

លោកគីមជុងអ៊ុនបាន​សរសើរ​អ្នក​ទទួល​ខុសត្រូវ​ស្ថាប័នរោងចក្រ​ ដែល​បាន​សម្រេច​លើស​កម្មវត្ថុ​ឆ្នាំ​២០២៣ ក្នុង​ការ​ផលិត​ប្រព័ន្ធបង្ហោះ​មីស៊ីល​។ ដូច្នេះ​កូរ៉េខាង​ជើង​ច្បាស់​ជា​នឹង​សម្រេច​បាន​នូវ​កម្មវត្ថុ​ថ្មី​​ឆ្នាំ​២០២៤​ ដែល​កំណត់​ដោយ​គណៈកម្មាធិការ​បក្ស​ជាក់​ជា​មិន​ខាន។ នេះ​បើ​តាម​ការ​អួតអាង​បន្ថែម​របស់​​លោក​គីម​ជុងអ៊ុន ដោយ​​មិន​បាន​ផ្តល់​តួលេខ ​ថា​តើ​កូរ៉េខាង​ជើង​គ្រោង​នឹងផលិតមីស៊ីល​ប៉ុន្មាន​ឡើយនៅ​ឆ្នាំ​២០២៤។

កូរ៉េខាង​ជើង​បញ្ជូនប្រព័ន្ធមីស៊ីល​​ទៅ​ឱ្យ​រុស្ស៊ី?

ក្នុង​ពេល​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាស​បង្កើន​ផលិត​កម្ម​ប្រព័ន្ធ​បង្ហោះមីស៊ីល​ សហរដ្ឋ​អាមេរិក​បាន​ទម្លាយ​ ពាក្យ​​ចោទ​ប្រកាន់​នៅ​ ​ថ្ងៃ​សុក្រ​នេះថា កូរ៉េខាង​ជើង​បាន​ផ្គត់ផ្គង់​ប្រព័ន្ធ​បង្ហោះ​មីស៊ីបាលីស្ទិក និង​មីស៊ីល​បាលីស្ទិក​ជា​ច្រើន​ដល់​រុស្ស៊ី។ បើ​តាម​អ្នកនាំពាក្យ​​ទីប្រឹក្សាសន្តិសុខ​អាមេរិក​លោក ចន គៀប៊ី គឺ​​មីស៊ីល​ទាំង​អស់​នេះហើយ​ដែល​រុស្ស៊ី​​បាន​យក​ទៅ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ កាលពី​ថ្ងៃ​ទី​៣០ធ្នូ និង​២​មករា​ លើ​អ៊ុយក្រែននោះ។ មីស៊ីល​កូរ៉េខាងជើង​យ៉ាង​ហោច​មួយគ្រាប់​បាន​ធ្លាក់​ក្នុង​ចំការ​នៅ​តំបន់​ហ្សាប៉ូរីចា។ នេះ​បើតាមការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​អាមេរិក​ដដែល។

ប៉ុន្តែ​មក​ទល់​នឹងម៉ោង​នេះ អ៊ុយក្រែន​នៅ​មិន​ទាន់មាន​លទ្ធភាព​​បញ្ជាក់​ព័ត៌មាន​ថា​រុស្ស៊ី​ពិត​ជា​បា​ន​ប្រើ​មីស៊ីល​កូរ៉េខាង​ជើង​បាញ់​មក​លើ​ទឹក​ដី​ខ្លួន​នៅឡើយ។ អ្នក​នាំពាក្យ​ទ័ព​អាកាស​​អ៊ុយក្រែន​ បានអះអាង​កំពុង​រង់​ចាំ​អ្នក​ជំនាញផ្តល់​លទ្ធផល​វិភាគបំណែក​មីស៊ីល​​សិន។

​​យ៉ាង​ណា​ក៏​ដោយ​ ក៏​អាមេរិក​​សន្យា​នាំ​បញ្ហា​នេះ​ទៅ​ប្តឹង​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ព្រោះ​ការ​ផ្ទេរ​មីស៊ីល​គឺ​ជា​រំលោភ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។ មាន​ប្រវត្តិ​ជា​សម្ព័ន្ធ​មិត្តនឹង​គ្នា រុស្ស៊ី​និង​កូរ៉េខាងជើង​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ដូច​គ្នា៖ រុស្ស៊ី​ជាប់​ទណ្ឌកម្ម​ពីបទ​ចូល​ឈ្លានពាន​អ៊ុយក្រែន ឯ​កូរ៉េខាង​ជើង​ពី​បទ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ កាលពី​ខែ​តុលា​ សហរដ្ឋ​អាមេរិក​បានអះអាង​កូរ៉េខាង​ជើង​បាន​ដឹកជញ្ជូន​បរិក្ខារ​យោធា​ និង​គ្រាប់​រំសេវ​ ជាង​១ពាន់​កុងតឺន័រទៅ​ឱ្យ​រុស្ស៊ី។ សេអ៊ូល​ប៉ាន់​ស្មាន​ថា​រុស្ស៊ី​បានទទួល​គ្រាប់​កាំភ្លើង​ត្បាល់​ជាង​មួយ​លាន​គ្រាប់​ពី​ព្យុងយ៉ាង ជា​ថ្នូរ​នឹង​ជំនួយ​ប្រឹក្សាផ្នែក​​បច្ចេកទេស​ផ្កាយ​រណប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ