កូរ៉េខាងជើងបាញ់មីស៊ីលក្រ័រស្យែរ ជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រលឿង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១២
៣ថ្ងៃបន្ទាប់ពីបានបាញ់មីស៊ីលបាលីស្ទីកចំនួន២គ្រាប់ នៅព្រឹកថ្ងៃសៅរ៍ទី២២កក្កដា កូរ៉េខាងជើងបានបាញ់មីស៊ីលចំងាយឆ្ងាយ ជាច្រើនគ្រាប់ទៀត ដែលបានធ្លាក់ចូលក្នុងសមុទ្រលឿង។ ការបាញ់សាកល្បងអាវុធផ្ទួនៗ បំពាននឹងសេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិនេះ បានទទួលនូវការប្រកាសថ្កោលទោសជាខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ។ ជាមួយគ្នានេះដែរ ក្រុមប្រទេសធំៗនៅអង្គការសហប្រជាជាតិ បានរួមគ្នាចេញលិខិតមួយ រន្ធាន់ឲ្យរដ្ឋាភិបាលចិន ត្រូវតែចូលរួមឲ្យបានសកម្ម នៅក្នុងការអនុវត្តទណ្ឌកម្មដែលអង្គការសហប្រជាជាតិបានដាក់ទៅលើរបបផ្តាច់ការកូរ៉េខាងជើង ជាពិសេសទាក់ទិននឹងការលួចនាំប្រេងចូលកូរ៉េខាងជើង ដោយឆ្លងកាត់ប្រទេសចិន។
យោងតាមដំណឹងប្រកាសដោយអគ្គបញ្ជាការដ្ឋានអន្តរកងទ័ពកូរ៉េខាងត្បូង គឺកូរ៉េខាងជើង បានបាញ់ប្លោងមីស៊ីល ក្រ័រស្យែរ ឬមីស៊ីលចំងាយឆ្ងាយជាច្រើនគ្រាប់ ឆ្ពោះទៅកានើសមុទ្រលឿង សមុទ្រដែលខណ្ឌចែកឧបទ្វីបកូរ៉េ និងទឹកដីចិន។ យោងតាមប្រភពដដែលនេះ គឺការបាញ់ប្លោងបានចាប់ផ្តើមនៅវេលាម៉ោងប្រមាណជា៤ទាបភ្លឺ ព្រឹកថ្ងៃសៅរ៍ ទី២២កក្កដា។
កងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិកដែលប្រចាំការនៅឧបទ្វីបកូរ៉េ កំពុងតែប្រមូលទិន្នន័យព័ត៌មានលំអិត ស្តីពីមីស៊ីលទាំងនោះ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត នូវសកម្មភាពបំលាស់ទីនានារបស់កងទ័ពកូរ៉េខាងជើង ក្រែងលោមានការបាញ់សាកល្បងអាវុធផ្សេងទៀត។
កាលពីថ្ងៃ១៩កក្កដា ព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទីក ចំងាយជិត ចំនួន២គ្រាប់ ឆ្ពោះទៅកាន់ទិសខាងកើត ធ្លាក់ចូលសមុទ្រជប៉ុន។ ការបាញ់សាកល្បងអាវុធផ្ទួនៗនេះ គឺវាបំពាននឹងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ តែកូរ៉េខាងជើងនៅតែផ្គើន នៅតែបន្តបាញ់បង្ហោះអាវុធ។ ជាងនេះទៀត លោកគីម ជុងអ៊ុន មេដឹកនាំរបបផ្តាច់ការនេះ បានប្រកាសទៀតថា កម្មវិធីអភិវឌ្ឍន៍សព្វាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គឺមិនអាចថយក្រោយបានទេ គឺមានតែដើរឆ្ពោះទៅមុខជាមុខជានិច្ច។
កូរ៉េខាងជើងបានគម្រាមថា គេអាចនឹងប្រើអាវុធនុយក្លេអ៊ែរតាកទិក
របបព្យុងយ៉ាងបាន បានប្រកាសគំរាម កាលពីថ្ងៃព្រហស្បតិ៍ ថាការដែលកងទ័ពអាមេរិក បានបញ្ជូននាវាមុជទឹកបាតសមុទ្រ ដើរដោយថាមពលនុយក្លេអ៊ែរ ចូលទៅចតនៅកូរ៉េខាងជើងត្បូង គឺវាអាចជាលក្ខខណ្ឌមួយ អនុញ្ញាតឲ្យកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកបាន ដោយអនុឡោមទៅតាមច្បាប់សន្តិសុខនុយក្លេអ៊ែរជាធរមាន របស់កូរ៉េខាងជើង។ លោក កាង ស៊ុនណាំ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសដូច្នេះ បន្ទាប់ពីនាវាមុជទឹកបាតសមុទ្រ ប្រភេទ Ohio ដើរដោយថាមពលនុយក្លេអ៊ែររបស់កងទ័ពអាមេរិក បានចូលទៅចតនៅកំពង់ផែក្រុងប៊ូសាន កាលពីថ្ងៃពុធកន្លងទៅ។
ស្រាប់ទៅនៅថ្ងៃសុក្រ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានឆ្លើយតបទៅកូរ៉េខាងជើងវិញថា ប្រសិនបើកូរ៉េខាងជើង ហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ មកលើទឹកដីកូរ៉េខាងត្បូង នោះកូរ៉េខាងត្បូង រួមទាំងអាមេរិក នឹងឆ្លើយតបទៅវិញ ដោយមិនបង្អង់ដៃឡើយ។ ចម្លើយឆ្លើយតបទៅវិញ ដែលនឹងអាចកម្ទេចរបបផ្តាច់ការព្យុងយ៉ាង ឲ្យដួលរលំតែម្តង។
ដូចយើងបានដឹងហើយ ថាទំនាក់ទំនងរវាងប្រទេសកូរ៉េបងប្អូនទាំង២នេះ កំពុងតែធ្លាក់ចុះដុនដាបខ្លាំងណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំនាក់ទំនងការទូត ដើម្បីបើកផ្លូវចរចាគ្នា គឺជាប់គាំងទាំងស្រុង មានតែពាក្យគំរាមទៅគំរាមមក ដែលធ្វើឲ្យគេព្រួយបារម្ភជាខ្លាំង។ បញ្ហាកាន់តែតានតឹងនេះ វាជួនចំពេល មានករណីទាហានអាមេរិកម្នាក់ ដែលទើបតែត្រូវបានលែងចេញពីគុកនៅកូរ៉េខាងត្បូង បានរត់គេចចូលទៅខាងទឹកដីកូរ៉េខាងជើងបាត់ដំណឹងឈឹង កាលពីថ្ងៃអង្គារ។ គេជឿថាទាហានអាមេរិករូបនោះ ត្រូវកូរ៉េខាងជើងចាប់ខ្លួនហើយ តែកូរ៉េខាងជើងមិនឲ្យដំណឹងអ្វីទាំងអស់ ទោះខាងកងទ័ពអាមេរិកខិតខំព្យាយាមទាក់ទងទៅយ៉ាងណាក៏ដោយ។
ចិនត្រូវតែចូលរួម ក្នុងការអនុវត្តទណ្ឌកម្មអន្តរជាតិ
ដោយឡែក បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលចំងាយឆ្ងាយនៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមប្រទេសមួយចំនួននៅអង្គការសហប្រជាជាតិ បានរួមគ្នាធ្វើលិខិតមួយ ផ្ញើជូនចំពោះ លោក ចាង ជុន អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ។ លិខិតនេះ ត្រូវបានចុះហត្ថលេខាដោយ អគ្គរដ្ឋទូតអូស្ត្រាលី បារាំង អង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូង។ ផ្អែកតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានអានលិខិតនេះ គឺក្រុមប្រទេសធំៗទាំងនេះ បានអំពាវនាវ ប្រាប់ទៅភាគីចិន ថាត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីរារាំងកុំឲ្យកូរ៉េខាងជើង អាចគេចវេសពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។
លិខិតនេះបានសង្កត់បន្ថែមថា ដោយផ្អែកតាមប្រភពច្បាស់ការ គឺគេបានសង្កេតឃើញថា មាននាវាដឹកប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿង បានចូលចត និងប្រើប្រាស់កំពង់ផែ តំបន់Sansha របស់ចិន ដោយអាជ្ញាធរចិនជាអ្នកបើកដៃ ដើម្បីឲ្យនាវាទាំងនោះ អាចទៅដឹកប្រេងនាំចូលទៅកូរ៉េខាងជើង។ អង្គការសហប្រជាជាតិ បានសម្រេចទណ្ឌកម្មជាបន្តបន្ទាប់ តាំងតែពីឆ្នាំ២០០៦ម្លេះ ដើម្បីបិទច្រកផ្លូវ រារាំងកុំឲ្យរបបផ្តាច់ការព្យុងយ៉ាង មានលទ្ធភាពមានប្រភពថាមពលប្រេង យកទៅប្រើក្នុងវិស័យកងទ័ពនិងសព្វាវុធ។ តែផ្ទុយទៅវិញ កូរ៉េខាងជើង នៅតែអាចមានផ្លូវ មានច្រកដើម្បីនាំចូលប្រេងដដែល ដោយសារតែចិនជាអ្នកជួយ។ លិខិតខាងលើនេះ បានបន្ថែមថា គេនឹងផ្ញើររូបភាពផ្កាយរណប បញ្ជាក់ជាភស្តុតាង ថាសកម្មភាពបំពានទាំងអស់នេះ គឺចិនបានបើកដៃឲ្យកូរ៉េខាងជើង ជារហូតមក ជាពិសេសក្នុងឆ្នាំ២០២២និង២០២៣នេះតែម្តង នៅចំណុចកំពង់ផែ Sansha។
លិខិតខាងលើបានសរសេរទៀតថា យើងទាំងអស់គ្នាសូមសំណូមពរជាថ្មីម្តងទៀត ទៅកាន់រដ្ឋាភិបាលចិន ថាត្រូវតែចាត់វិធានការឲ្យបានតឹងតែង ក្នុងការត្រួតពិនិត្យនាវា ស្រាវជ្រាវទប់ស្កាត់ចរាចរណ៍ខុសច្បាប់ ដែលបំពាននឹងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ វាគឺជារឿងចាំបាច់ណាស់ ដែលសហគមន៍អន្តរជាតិទាំងមូល ដោយរាប់ទាំងចិនផង ត្រូវតែផ្ញើសារជាក់ច្បាស់ និងម៉ឺងម៉ាត់ ប្រាប់ទៅរបបព្យុងយ៉ាង ឲ្យគោរពកាតព្វកិច្ចខ្លួន ដែលអង្គការសហប្រជាជាតិបានសម្រេច ដើម្បីឈានទៅរំលាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុង និងដើម្បីកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ។
យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ គ្មានប្រតិកម្មណាមួយពីខាងភាគីចិនទេ ទាក់ទិននឹងលិខិតដែលគេផ្ញើទៅនេះ។ កន្លងមក ដូចយើងបានសង្កេតឃើញហើយ ថាទាំងចិន ទាំងរុស្ស៊ី ហាក់ដូចជាបានជួយកូរ៉េខាងជើងច្រើន តាមរយៈការបោះឆ្នោតវ៉េតូ ប្រឆាំងមិនឲ្យមានការសម្រេចដាក់ទណ្ឌកម្មជាឯកច្ឆន្ទ នៅក្រុមប្រឹក្សាសន្តិសុខ។ សហរដ្ឋអាមេរិកបានចោទថា ចិននិងរុស្ស៊ីមិនត្រឹមតែការពារកូរ៉េខាងជើងទេ គឺថែមទាំងបានពន្យុះឲ្យកូរ៉េខាងជើងកាន់តែឡើងចាង បាញ់សាកសព្វាវុធនុយក្លេអ៊ែរថែមទៀតផង។ ស្ថានការណ៍ដែលហាក់ដូចជាស្ថិតនៅផ្លូវទ័លនេះ បានញ៉ាំងឲ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ពង្រឹងសហប្រតិបត្តិការយោធាកាន់តែខ្លាំង។ តាមការគ្រោងទុក នៅខែសីហាខាងមុខនេះ នឹងមានជំនួបកំពូលពិសេសមួយរវាងប្រទេសសម្ព័ន្ធមិត្តទាំង៣នេះ ដើម្បីរៀបចំយុទ្ធសាស្ត្រសង្កត់កូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ