អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកហ្សេឡេនស្គី៖ រុស្ស៊ី​នឹង​ចាញ់សង្រ្គាមដូច​ពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២

ចុះផ្សាយ​នៅ​ថ្ងៃ៖

៨ ឧសភា ១៩៤៥ - ៨ ឧសភា ២០២៣ ថ្ងៃ​នេះ​ជាថ្ងៃ​ខួប​៧៨ឆ្នាំ​នៃជ័យជម្នះ​របស់​ក្រុម​សម្ព័ន្ធមិត្ត​បស្ចិមលោក​ទៅលើ​ទាហាន​ណាហ្ស៊ី អាល្លឺម៉ង់ ក្នុង​សង្រ្គាម​លោកលើកទី២។ នៅប្រទេស​បារាំង នៅព្រឹកថ្ងៃ​ចន្ទនេះ លោកប្រធានាធិបតី ម៉ាក្រុង​បានអញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​ផ្នូរទាហាន ដែល​បាន​ពលីជីវិត​ក្នុងសម័យសង្រ្គាម។ ខណៈពេល​ដែល​បារាំង និង​ប្រទេស​អឺរ៉ុប​មួយចំនួន ប្រារព្ធ​ពិធី​ជ័យជំនះ លើ​ពួកណាហ្ស៊ី​អាល្លឺម៉ង់ នៅ​ថ្ងៃទី៨ ឧសភា រុស្ស៊ី​ឯណោះវិញ កំពុង​ត្រៀម​រៀបចំ​ទិវាដូចគ្នានេះ​នៅ​ថ្ងៃស្អែក ថ្ងៃ​ទី៩ ឧសភា។ អ៊ុយក្រែន​តាមរយៈលោកប្រធានាធិបតី​ហ្សេឡេនស្គី បាន​ប្រកាស​ឈប់​យក​ថ្ងៃទី​៩​ឧសភា ដើម្បីប្រារព្ធ​ពិធីបុណ្យជ័យជម្នះ​ដូច​ប្រទេស​រុស្ស៊ី ដែល​ជាសត្រូវ កំពុង​ធ្វើ​សង្រ្គាម​ឈ្លានពានអ៊ុយក្រែន។ ការប្រារព្ធ​ពិធីរំលឹកខួបជ័យជម្នះ​លើ​ទាហានណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី​២ ​ធ្វើឡើង​នៅក្នុងបរិបទ​ដែល​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​កំពុង​បន្តអូសបន្លាយ។

ប្រធានាធិបតីអ៊ុយក្រែនធ្វើទស្សនកិច្ច​នៅ​មូលដ្ឋានទ័ពនៅហូឡង់
ប្រធានាធិបតីអ៊ុយក្រែនធ្វើទស្សនកិច្ច​នៅ​មូលដ្ឋានទ័ពនៅហូឡង់ AP - Yves Herman
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី ៨​ឧសភា ជាថ្ងៃ​ខួប​៧៨​ឆ្នាំ​នៃ​ជ័យជម្នះ​របស់​ប្រទេស​សម្ព័ន្ធមិត្ត​ទៅលើ​របបហ៊ីត្លែរ​អាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី​២។ ពួកណាហ្ស៊ីអាល្លឺម៉ង់​ដែលបរាជ័យ​ក្នុងសមរភូមិ​ប្រកាស​ចុះចាញ់ជា​ផ្លូវការ នៅថ្ងៃ ទី ៨​ឧសភា ប៉ុន្តែ ការប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​ពួកណាហ្ស៊ីអាល្លឺម៉ង់ ត្រូវរៀបចំ​នៅថ្ងៃ​ផ្សេងៗគ្នា​ទៅវិញ។ ឧទាហរណ៍ នៅពេល​បារាំង អង់គ្លេសប្រារព្ធ​ថ្ងៃ​ជ័យជម្នះ នៅថ្ងៃទី​៨​ឧសភា រុស្ស៊ី​ឯណោះវិញ​កំពុងត្រៀម​រៀបចំ​ពិធីបុណ្យ ក្បួនដើរព្យុហយាត្រា​ដ៏ធំមួយ នៅថ្ងៃ​ស្អែក ថ្ងៃទី ៩​ឧសភា។

មូលហេតុ គឺ​មក​ពី​ប្រវត្តិ​ខុសម៉ោងគ្នា នៅទឹកដី​អឺរ៉ុប។ គួរ​រំលឹកថា ពួកទាហាន​ណាហ្ស៊ី​អាល្លឺម៉ង់ បាន​លើក​ទង់ជ័យស ប្រកាស​សុំចុះចាញ់ ដោយ​គ្មាន​លក្ខខណ្ឌ នៅថ្ងៃទី ៧​ឧសភា នៅទីក្រុង​Reims ភាគខាងជើង​ប្រទេស​បារាំង។ ប៉ុន្តែ មេដឹកនាំ​រុស្ស៊ី លោកស្តាលីន ដែល​ចង់បញ្ជាក់​ការដួលរលំ​របប​ហ៊ីត្លែរ បានទាមទារ​ឲ្យអាល្លឺម៉ង់​ចុះហត្ថលេខា ចុះចាញ់​ជាសាជាថ្មី នៅទីក្រុង​ប៊ែរឡាំង នៅថ្ងៃ​ទី ៨​ឧសភា ឆ្នាំ ១៩៤៥។ ការចុះហត្ថលេខា រវាងមេទ័ព​របស់​ក្រុមប្រទេស​សម្ព័ន្ធមិត្ត ក្រុមប្រទេសអ្នកឈ្នះ​លើ​ពួកណាហ្ស៊ីអាល្លឺម៉ង់ ដែលជា​អ្នកចាញ់សង្រ្គាម ប្រព្រឹត្តទៅ នៅម៉ោង ១១ និង​១នាទី យប់ នៅ​ទីក្រុង​ប៊ែរឡាំង ដែលត្រូវ​នឹង​ម៉ោង ១២យប់ និង​១នាទី ម៉ោង នៅ​រុស្ស៊ី។ សម្រាប់​រុស្ស៊ី គឺ​វា​ឈានចូល​ដល់ថ្ងៃទី ៩​ឧសភា។ ហេតុដូច្នេះហើយ បានជា​រុស្ស៊ី​សម្រេច​យក​ថ្ងៃ​ទី ៩ ឧសភា ដើម្បី​ប្រារព្ធអបអរ​ថ្ងៃ​ជ័យជំនះ​លើ​ពួកណាហ្ស៊ីអាល្លឺម៉ង់ រហូតមកដល់​សព្វថ្ងៃ។ ពោល​គឺ​ខុសផ្ទុយពី​បារាំង អង់គ្លេស និង​ប៊ែលហ្ស៊ិក​ដែល​រក្សាទុក ថ្ងៃ​៨​ឧសភា ជាថ្ងៃ​បិទបញ្ចប់​សង្រ្គាម​លោកលើកទី២។ អាមេរិក​ឯណោះវិញ ដែល​ចូលរួម​ក្នុង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​ដើម្បី​ប្រយុទ្ធយកឈ្នះ​លើ​ពួកទាហាន​ណាហ្ស៊ីអាល្លឺម៉ង់ និង​ទាហានជប៉ុន នៅអាស៊ី បាន​ជ្រើសរើស​យកថ្ងៃ​ចន្ទ​ចុងក្រោយ​នៃ​ខែ​ឧសភា ដែលគេហៅថា Memoral Day ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់ទាហាន​អាមេរិក ដែល​ពលីជីវិត នៅក្នុង​សង្រ្គាម​លោកលើកទី២។

អ៊ុយក្រែនឈប់​ប្រារព្ធ​ថ្ងៃជ័យជម្នះ នៅថ្ងៃទី​៩ឧសភា​ដូចរុស្ស៊ី

អ៊ុយក្រែន តាមរយៈ​លោក​ប្រធានាធិបតី​ហ្សេឡេនស្គី​បាន​ប្រកាស​នៅថ្ងៃ​ចន្ទនេះ ថា អ៊ុយក្រែន​នឹង​ឈប់​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​ពួកទាហាន​ណាហ្ស៊ី អាល្លឺម៉ង់ នៅថ្ងៃ​ទី ៩ឧសភា ដូច​រុស្ស៊ី។ តាមប្រធានាធិបតីអ៊ុយក្រែន លោកនឹង​ដាក់សំណើច្បាប់​ទៅកាន់សភាអ៊ុយក្រែន ដើម្បី​យកថ្ងៃទី ៨​ឧសភា ជា​ថ្ងៃ ប្រារព្ធបុណ្យ​ជ័យជម្នះជាមួយ “ពិភពលោកសេរី”។

ជាប្រទេស​អតីត​សហភាព​សូវៀត អ៊ុយក្រែន​មាន​ទម្លាប់​ប្រារព្ធថ្ងៃជ័យជម្នះ លើពួកណាហ្ស៊ីអាល្លឺម៉ង់ នៅថ្ងៃទី ៩​ឧសភា ដូចរុស្ស៊ី។ ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ ២០១៥​មក ពោល​គឺ​មួយឆ្នាំ​ក្រោយ រុស្ស៊ី​កាត់យក​ទឹកដី​គ្រីមេរបស់អ៊ុយក្រែន​ទៅដាក់បញ្ចូលក្នុងទឹកដី​រុស្ស៊ី អ៊ុយក្រែន​រៀបចំ​ទិវាជ័យជម្នះ​ក្នុងសង្រ្គាម​លោកលើកទី​២ ទាំងនៅថ្ងៃ​ទី ៨​និង​ថ្ងៃទី ៩​ឧសភា ក្រោម​ឈ្មោះ​ថា ថ្ងៃ​ចងចាំ និង​ការផ្សះផ្សារ ទៅតាម​ពាក្យស្លោក​របស់សហភាពអឺរ៉ុប ដែលនាំមុខដោយ​បារាំង និង​អាល្លឺម៉ង់។

ដោយពិតទៅ អ៊ុយក្រែន បាន​ចាប់ផ្តើមងាករេ លែង​ចង់​ប្រារព្ធពិធីបុណ្យជ័យជម្នះ​តាមរបៀប​សម័យសហភាពសូ​វៀត តាំង​ពី​១៥ឆ្នាំមុន។ នៅ​អ៊ុយក្រែន ថ្នាក់ដឹកនាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលចង់បែរមកខាងសហភាពអឺរ៉ុប លែង​ប្រើ​ពាក្យ មហា​សង្គ្រាម​ការពារ​មាតុភូមិ​របស់​សហភាព​សូវៀត ប៉ុន្តែ ប្រើ​ត្រឹមពាក្យ សង្រ្គាមលោកលើកទី​២។

នៅក្នុងកាលៈទេសៈ​សព្វថ្ងៃនេះ សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​ជាហេតុផល​ចំបងមួយទៀត ដែលធ្វើឲ្យ​អ៊ុយក្រែន​រឹតតែ​ដោះដៃ លែង​ធ្វើ​អ្វីៗដូច​រុស្ស៊ីតទៅទៀត។ សម្រាប់ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី អំណឹះតទៅ អ៊ុយក្រែន​នឹង​យកថ្ងៃ​ទី ៨​ឧសភា ជាថ្ងៃ​ចងចាំ និងជ័យជម្នះ លើ​ពួកណាហ្ស៊ី ក្នុងសង្រ្គាមលោកលើកទី ២ ចំណែកថ្ងៃ​ទី ៩ ឧសភា នឹងក្លាយជា​ថ្ងៃ​ទិវាអឺរ៉ុប។ ដោយ​សង្កត់ធ្ងន់លើ​ពាក្យ​ណាហ្ស៊ី ប្រធានាធិបតី​អ៊ុយក្រែន​និយាយ​ថា ប្រជាជន​អ៊ុយក្រែន​នឹង​បន្តប្រយុទ្ធ ដូច​ក្នុង​សម័យ​សង្រ្គាមលោកលើកទី២។ អ្វីដែលខុសគ្នា​នៅពេលនេះ គឺ​សត្រូវ​របស់​ប្រជាជន​អ៊ុយក្រែន មិនមែន​ពួកណាហ្ស៊ីអាល្លឺម៉ង់ ប៉ុន្តែ គឺ​ពួក​ទាហាន​រុស្ស៊ី។ សម្រាប់មេដឹកនាំ​អ៊ុយក្រែន ជាមួយ​សម្ព័ន្ធមិត្ត​លោកខាងលិច អ៊ុយក្រែន​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​ចាញ់​សង្រ្គាម ដូច​ពួកណាហ្ស៊ី​អាល្លឺម៉ង់ ចាញ់សង្រ្គាម កាលពី៧៨ឆ្នាំមុន។

ម៉ូស្គូយក​ថ្ងៃ​ជ័យជម្នះ​លើ​ពួកណាហ្ស៊ី​អាល្លឺម៉ង់ ដើម្បីជំរុញចលនា​ស្នេហាជាតិនិយម

បុណ្យជ័យជម្នះ​លើ​ពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុង​សង្រ្គាម​លោកលើកទី​២ ជា​បុណ្យ​ជាតិដ៏​ធំបំផុត​របស់​ប្រទេស​រុស្ស៊ី ព្រោះ​វា​បញ្ជាក់​ពីការតស៊ូ​របស់ប្រជាជនសហភាពសូវៀត រហូត​ដល់ដណ្តើម​បានជ័យជម្នះ​លើរបបហ៊ីត្លែរ កាលពី ៧៨ឆ្នាំមុន ក្នុង​សង្គ្រាម​លោក​លើកទី ២។ សម្រាប់ប្រជាជន​រុស្ស៊ី វា​ជា​ជ័យជំនះ​ ដែល​ជួយ​រក្សា​ជាតិ រុស្ស៊ី​ឲ្យ​នៅ​មាន​អត្តសញ្ញាណ​ខ្លួន។ ត្រូវដឹងថា សហភាពសូវៀតរងគ្រោះខ្លាំងជាងគេ ជាពិសេស ជីវិត​មនុស្ស​ស្លាប់ ដល់ទៅ ជិត ២០លាននាក់ ទាំង​ទាហាន​និង​ប្រជាជន​ស៊ីវិល នៅក្នុងសង្រ្គាមលោកលើកទី២។ រហូតដល់​ឆ្នាំ ២០១០ រុស្ស៊ី​នៅបាន​អញ្ជើញ កងទ័ព​អូតង់​ឲ្យចូលរួមដើរក្នុងក្បួន​ព្យុហយាត្រា​របស់​កងទ័ពរុស្ស៊ី នៅ​ទីក្រុងម៉ូស្គូ។ ប៉ុន្តែ វត្តមាន​របស់​មេដឹកនាំ​ប្រទេស​លោកខាងលិច ក្នុង​ថ្ងៃទិវាជ័យជម្នះ​ទីលានក្រហម ក្នុងក្រុង​ម៉ូស្គូ កាន់តែកម្រ។ នៅរុស្ស៊ី ថ្ងៃ​បុណ្យ​ជ័យជម្នះ ត្រូវ​បាន​មេដឹកនាំ​រុស្ស៊ី លោក​ពូទីន​យកទៅ​ប្រើ​ជា​មធ្យោបាយ​ឃោសនា​ជំរុញ​ជាតិនិយម ជាពិសេស​នៅក្នុង​បរិបទ​ដែល​រុស្ស៊ី​កំពុង​បើកប្រតិបត្តិការយោធាពិសេស​នៅទឹកដីអ៊ុយក្រែន។ កាលពី​១ឆ្នាំ  នៅក្នុង​ថ្ងៃ​បុណ្យជ័យជម្នះ​ក្នុង​សង្រ្គាមលោកលើកទី​២ ត្រូវ​បាន​អ្នកនយោបាយ​រុស្ស៊ី​យកទៅប្រើជាឱកាស​សម្រាប់​បញ្ចុះបញ្ចូល​ប្រជាជន​រុស្ស៊ី ឲ្យ​គាំទ្រ​ប្រតិបត្តិការពិសេស​របស់​កងទ័ពរុស្ស៊ី នៅអ៊ុយក្រែន។ សម្រាប់​មេដឹកនាំ​រុស្ស៊ី លោកពូទីន  កងទ័ពរុស្ស៊ី កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ពួកណាហ្ស៊ី ដែលនៅមានវត្តមាននៅ​អ៊ុយក្រែន។

ប៉ុន្តែ ខុសពីឆ្នាំមុន ការប្រារព្ធបុណ្យជ័យជម្នះ​ ប្រហែល​មិនសូវ​ភ្លូកទឹក ភ្លូកដី ព្រោះថា ពិធីបុណ្យ​នៅតាម​តំបន់មួយចំនួន​ត្រូវបានគេ​លុបចោល ដោយសារ​បញ្ហា​សន្តិសុខ។ អាជ្ញាធររុស្ស៊ីនៅតែបារម្ភខ្លាច​ពីបញ្ហា​អសន្តិសុខ បន្ទាប់ពីមាន​ការវាយប្រហារ​ដ្រូន​នៅម៉ូស្គូ និងទៅលើ​អ្នកគាំទ្រ​សង្រ្គាមរុស្ស៊ី ដែលរុស្ស៊ី​ទម្លាក់កំហុសថា ជាស្នាដៃ​របស់​អ៊ុយក្រែន។ រុស្ស៊ីបារម្ភថា នឹង​មានការវាយប្រហារ​ដ្រូន​របស់អ៊ុយក្រែន ទៅលើ​ហ្វូងមនុស្ស​ដែល​ចូលរួមក្នុងថ្ងៃ​បុណ្យជាតិ នៅរុស្ស៊ី នៅថ្ងៃទី ៩​ឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ