អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សម្ព័ន្ធមិត្តអ៊ុយក្រែនជួបប្រជុំគ្នានៅអាល្លឺម៉ង់សាជាថ្មីដើម្បីនិយាយពីការផ្តល់អាវុធ​ទៅជួយអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន កំពុង​ជួបប្រជុំគ្នា​នៅថ្ងៃ​សុក្រនេះ នៅ​មូលដ្ឋានទ័ពអាមេរិក នៅប្រទេសអាល្លឺម៉ង់ ដើម្បី​គិតគូរ​រកមធ្យោបាយ​ផ្តល់សព្វាវុធ ទៅតាម​ការទាមទារ​របស់​អ៊ុយក្រែន។ អ៊ុយក្រែន ដែលត្រូវការជំនួយសព្វាវុធទំនើបៗ និង​បន្ទាន់ សម្រាប់ត្រៀម​បើកការប្រយុទ្ធទ្រង់ទ្រាយធំ ដើម្បីវាយដណ្តើម​យកទឹកដី​របស់ខ្លួន​ពី​រុស្ស៊ី នៅខែមេសា។ គិត​ចាប់តាំង​ពី​រុស្ស៊ីធ្វើសង្រ្គាមឈ្លានពាន​ប្រទេស​អ៊ុយក្រែន ជាង ១ឆ្នាំមកនេះ ប្រទេស​លោកខាងលិច​បានផ្តល់ជំនួយ ជាង ១៥០ពាន់លាន​ដុល្លារ សម្រាប់ជួយអ៊ុយក្រែន ដែលនៅក្នុងនោះ ៦៥ពាន់​លាន​ដុល្លារ ជាជំនួយយោធា។ នៅក្នុង​រឿងផ្តល់ជំនួយយោធានេះ តើ​ប្រទេស​ណាខ្លះដែលជួយ​អ៊ុយក្រែនច្រើនជាងគេ និង​ជួយផ្តល់អាវុធ​អ្វីខ្លះ?

ទាហាន​អាមេរិក​បញ្ជាការលើកដាក់គ្រាប់ដែលត្រូវបញ្ជូនទៅ​អ៊ុយក្រែន។នៅក្នុង​ជំនួយ​យោធា ៦៥ពាន់លានដុល្លារសម្រាប់​អ៊ុយក្រែន ៤៣ពាន់លាន​ដុល្លារ ជា​ជំនួយយោធា​របស់​អាមេរិក
ទាហាន​អាមេរិក​បញ្ជាការលើកដាក់គ្រាប់ដែលត្រូវបញ្ជូនទៅ​អ៊ុយក្រែន។នៅក្នុង​ជំនួយ​យោធា ៦៥ពាន់លានដុល្លារសម្រាប់​អ៊ុយក្រែន ៤៣ពាន់លាន​ដុល្លារ ជា​ជំនួយយោធា​របស់​អាមេរិក AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីការពារ​ជាតិ​របស់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​ជួបប្រជុំគ្នា នៅថ្ងៃ​សុក្រនេះ នៅមូលដ្ឋានទ័ព​អាមេរិក នៅ​Ramstein ប្រទេស​អាល្លឺម៉ង់។ អគ្គលេខាធិការ​អង្គការ​អូតង់​ដែល​ទើប​ត្រលប់​ពីដំណើរទស្សនកិច្ច នៅទីក្រុង​កៀវ ជាទីដែលលោក​បានជួបពិភាក្សា​ជាមួយ ប្រធានាធិបតី អ៊ុយក្រែន លោក​ហ្សេឡេនស្គី ក៏មាន​វត្តមាន​ចូលរួម នៅ​ក្នុង​កិច្ចប្រជុំនៅថ្ងៃ​នេះ​ដែរ។ សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​ជួបប្រជុំគ្នា នៅក្នុង​កាលៈទេសៈមួយ​ដែល​អ៊ុយក្រែន​កំពុង​ដាក់​សម្ពាធ​ឲ្យ​សម្ព័ន្ធមិត្តផ្តល់​ជំនួយ​អាវុធ​បន្ថែម សម្រាប់​ត្រៀម​បើកការប្រយុទ្ធទ្រង់ទ្រាយធំ នៅនិទិឃរដូវនេះ ដើម្បី​វាយដណ្តើមយកទឹកដីរបស់ខ្លួន​ពីរុស្ស៊ីវិញ។

គិតចាប់តាំង​ពី​រុស្ស៊ីធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅថ្ងៃទី ២៤​កុម្ភៈ ឆ្នាំមុន មានប្រទេស​ចំនួន ៣១​ដែល​ផ្តល់ជំនួយសព្វាវុធ ដល់ប្រទេស​អ៊ុយក្រែន។ មួយភាគធំ​ជា​ប្រទេស​សមាជិក​អូតង់ ដែលនៅក្នុងនោះ អាមេរិក​ជាអ្នកនាំមុខគេ ក្នុងរឿងផ្តល់ជំនួយយោធា​ដល់​អ៊ុយក្រែន។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ​របស់​សម្ព័ន្ធមិត្ត​អ៊ុយក្រែន​នៅមូលដ្ឋានទ័ពអាមេរិក​នៅប្រទេស​អាល្លឺម៉ង់ នៅថ្ងៃទី ២១​មេសា ២០២៣
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ​របស់​សម្ព័ន្ធមិត្ត​អ៊ុយក្រែន​នៅមូលដ្ឋានទ័ពអាមេរិក​នៅប្រទេស​អាល្លឺម៉ង់ នៅថ្ងៃទី ២១​មេសា ២០២៣ © Matthias Schrader / AP

គិត​ចាប់តាំង​ពី ផ្ទុះសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ជាង​១ឆ្នាំមកនេះ លំហូរជំនួយសម្រាប់ប្រទេស​អ៊ុយក្រែន មាន​ប្រមាណ ១៥០ពាន់លានដុល្លារ ដែលនៅក្នុងនោះ ជាង ៦៥ពាន់លានដុល្លារ​ជា​ជំនួយយោធា។ នៅក្នុង​ជំនួយ​យោធា ៦៥ពាន់លានដុល្លារសម្រាប់​អ៊ុយក្រែន ៤៣ពាន់លាន​ដុល្លារ ជា​ជំនួយយោធា​របស់​អាមេរិក។ នៅថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋបាលលោកចូ បៃដិន​ទើបប្រកាស​ផ្តល់កញ្ចប់ថវិកាថ្មី សម្រាប់​ជួយកងទ័ព​អ៊ុយក្រែន ដែលមាន​ប្រមាណ ៣២៥លានដុល្លារ។

បន្ទាប់​ពី​អាមេរិក គឺអង់គ្លេស ដែលផ្តល់ជំនួយយោធា ជិត ៥ពាន់លានដុល្លារ (៤,៩ពាន់លាន) សម្រាប់អ៊ុយក្រែន។ ជាលើកទី១​ក្នុង​ប្រវត្តិសាស្រ្ត​របស់ខ្លួន សហភាពអឺរ៉ុប​បាន​ផ្តល់ជំនួយយោធា​ដល់​អ៊ុយក្រែន ប្រមាណ ៣,៦ពាន់លានដុល្លារ។ អាល្លឺម៉ង់​វិញ ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤​បើនិយាយ​ពីទំហំ​ថវិកា សម្រាប់​ជំនួយយោធាជួយអ៊ុយក្រែន។ បារាំង អ៊ីតាលី និងអេស្ប៉ាញ បាន​ចំណាយថវិកា និងផ្តល់សព្វាវុធ​ក្រាសក្រែលណាស់ដែរ សម្រាប់ជួយអ៊ុយក្រែន។ ចំណែក​រដ្ឋាភិបាល​ហូឡង់ បាន​ប្រកាស​ថា ហូឡង់​នឹងប្រើថវិកា ២៥០០លាន​ដុល្លារ នៃ​ថវិកាជាតិឆ្នាំ ២០២៣ សម្រាប់​ជួយមនុស្សធម៌ និង​យោធា​នៅអ៊ុយក្រែន។ ជាក់ស្តែង នៅថ្ងៃ​ម្សិលមិញ រដ្ឋាភិបាល​ហូឡង់ ទើបបាន​ប្រកាស​ជាមួយ​រដ្ឋាភិបាលដាណឺម៉ាកថា ប្រទេស​ទាំងពីរ​នឹង​ចូល​លុយគ្នា ប្រមាន ១៦៥លាន​អឺរ៉ូ ដើម្បីទិញរថក្រោះ អាល្លឺម៉ង់ Leopard 2 ឲ្យ​កងទ័ពអ៊ុយក្រែន។

បើនិយាយ​ពីទំហំថវិកាយោធាសម្រាប់ជួយ​អ៊ុយក្រែន ប្រទេសប៉ូឡូញ និងប្រទេស​នៅ​តំបន់​បាល់ទិក ដូចជា​អេស្តូនី​ជាដើម មិនអាច​ប្រៀបធៀប​នឹង​គេបានទេ។ ប៉ុន្តែ ប៉ូឡូញដែលជាប់ព្រំដែនអ៊ុយក្រែន ចំណែកអេស្តូនីដែល​មាន​ព្រំដែនជាមួយ​រុស្ស៊ី សកម្មខ្លាំង និងបង្កើនថវិកាជំនួយោធា​សម្រាប់​អ៊ុយក្រែន ដល់​ទៅ ១,១​នៃ​ផលិតផលក្នុងស្រុកសរុប។ សម្រាប់កូនប្រទេស​អេស្តូនី បើគេមិនជួយអ៊ុយក្រែន និងបណ្តោយទុក​ឲ្យ​អ៊ុយក្រែនដួលរលំធ្លាក់ក្នុងដៃ​របស់​រុស្ស៊ី នោះ សេរីភាព​នៅទីកន្លែង​ដទៃក្នុងពិភពលោក​នឹងត្រូវ​គំរាមកំហែង។

សព្វាវុធ​ដែល​គេ​ផ្តល់​ឲ្យ​អ៊ុយក្រែន គ្រប់គ្រាន់ និងមិនទាន់ពេលវេលា

នៅក្នុងសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ជាង​១ឆ្នាំមកនេះ សម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា ដល់ទៅ ៦៥ពាន់លានដុល្លារ សម្រាប់ជួយកងទ័ពអ៊ុយក្រែន ប្រយុទ្ធទប់ទល់​កងទ័ពរុស្ស៊ី។

ប៉ុន្តែ សម្រាប់​ភាគីអ៊ុយក្រែន ជំនួយយោធា​របស់​សម្ព័ន្ធមិត្ត​នៅតែមិនគ្រប់គ្រាន់​ដើម្បី​ជួយ​ឲ្យ​អ៊ុយក្រែន វាយដណ្តើម​យកទឹកដីរបស់ខ្លួន​ពី​រុស្ស៊ី ព្រោះថា សព្វាវុធ​ភាគច្រើន ដែលជា​គ្រាប់ មីស៊ីល​ប្រឆាំង​រថក្រោះ ប្រឆាំង​យន្តហោះ បាន​ជួយ​កងទ័ព​អ៊ុយក្រែន ឲ្យ​ត្រឹម​ទប់ទល់ ការពារ​ខ្លួនពីការវាយប្រហារ​របស់រុស្ស៊ី ប៉ុន្តែ វាមិនអាចជួយ​ឲ្យ​កងទ័ពអ៊ុយក្រែនអាច​មាន​សមត្ថភាព​វាយលុក រុញច្រាន​កងទ័ពរុស្ស៊ី​ឲ្យ​ចេញអស់​ពី​ទឹកដី​អ៊ុយក្រែន។

រហូតមក ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី ផ្ទាល់​បាន​ទទូចសុំ​ឲ្យ​ប្រទេស​លោកខាងលិច​ផ្តល់​សព្វាវុធ​ធុនធ្ងន់ ដូចជា​រថក្រោះ មីស៊ីល​ការពារ​ដែនអាកាស និង​យន្តហោះ​ចម្បាំង ក្នុងហេតុផលថា មានតែ​រថក្រោះទំនើបផលិត​នៅប្រទេស​លោកខាងលិច ដែលមាន​សមត្ថភាព​វាយរុញច្រាន​កងទ័ពរុស្ស៊ីចេញពីប្រទេសអ៊ុយក្រែន។

អង់គ្លេស ដែលជាប្រទេស​ផ្តល់ជំនួយយោធា​ធំទី២​របស់​អ៊ុយក្រែន បាន​យល់ព្រម​ផ្តល់ រថក្រោះ Challenger 2  ចំណែក​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ធ្លាប់​រារែក ដោយសារ​ខ្លាច​រុស្ស៊ី​របស់​លោកពូទីន​ខឹង​សងសឹក​អាល្លឺម៉ង់ ដោយសារ​វត្តមាន​រថក្រោះ​នៅក្នុងសមរភូមិ​អ៊ុយក្រែន នៅទីបំផុត​បានសុខចិត្ត​យល់ព្រម​ផ្តល់រថក្រោះLeopard 2 ចំនួន​១៨គ្រឿង​ទៅ​ឲ្យ​អ៊ុយក្រែន។ អាល្លឺម៉ង់​សុខចិត្ត​ផ្តល់រថក្រោះ​ Leopard 2​ទៅ​ជួយ​អ៊ុយក្រែន ក៏ដោយសារ អាមេរិក​យល់ព្រមផងដែរ ថា នឹង​បញ្ជូន​រថក្រោះ​ដ៏​ទំនើប​របស់​អាមេរិក Abram ទៅ​ឲ្យ​អ៊ុយក្រែន។ ប៉ុន្តែ ការបញ្ជូន​រថក្រោះ​អាមេរិកទៅដល់​ទឹកដីអ៊ុយក្រែន អាចកើតឡើង​នៅ​ចុងឆ្នាំ ២០២៣។

អគ្គលេខាធិការអង្គការ​អូតង់ធ្វើទស្សនកិច្ច​មិនបានព្រាងទុក នៅទីក្រុង​កៀវ និងជួប្រធានាធិបតីអ៊ុយក្រែន នៅមួយថ្ងៃមុនដែលសម្ព័ន្ធមិត្ត​បើកកិច្ចប្រជុំដើម្បី​និយាយពីការផ្តល់ជំនួយយោធា​ដល់​អ៊ុយក្រែន
អគ្គលេខាធិការអង្គការ​អូតង់ធ្វើទស្សនកិច្ច​មិនបានព្រាងទុក នៅទីក្រុង​កៀវ និងជួប្រធានាធិបតីអ៊ុយក្រែន នៅមួយថ្ងៃមុនដែលសម្ព័ន្ធមិត្ត​បើកកិច្ចប្រជុំដើម្បី​និយាយពីការផ្តល់ជំនួយយោធា​ដល់​អ៊ុយក្រែន AP - Efrem Lukatsky

នៅក្នុងពេលទទួលជួបអគ្គលេខាធិការ អង្គការ​អូតង់​នៅ​ទីក្រុង​កៀវ កាលពីថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​អ៊ុយក្រែន​បានទទូចយ៉ាង​រន្ទាន់​សុំ​ឲ្យ​ប្រទេសលោកខាងលិច​ផ្តល់​ឲ្យ​បាន​ឆាប់ៗ រថក្រោះ កាំភ្លើងធំ និងគ្រាប់ យន្តហោះចម្បាំង និង​ប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ។គោលដៅរបស់​អ៊ុយក្រែន គឺ​ចង់បាន​អាវុធធុនធ្ងន់​របស់​ប្រទេស​លោកខាងលិច សម្រាប់​ត្រៀមបើកការប្រយុទ្ធទ្រង់ទ្រាយធំ ដើម្បីវាយដណ្តើម​យកទឹកដី​ពីកងទ័ពរុស្ស៊ីវិញ នៅ​ក្នុងអអំឡុងខែ មេសា ឧសភា ខាងមុខនេះ។

អ៊ុយក្រែនសង្ឃឹមចង់​បាន​យន្តហោះចម្បាំង និង​ប្រព័ន្ធបាញ់មីស៊ីលចម្ងាយឆ្ងាយ ដើម្បី វាយប្រហារ​លើទីតាំង​យុទ្ធសាស្រ្ត​របស់​កងទ័ពរុស្ស៊ី ដូចជា​ឃ្លាំងស្តុកអាវុធ នៅតំបន់​ដូណែតស៍ ជាដើម។ នៅមូលដ្ឋានទ័ពអាមេរិក​នៅអាល្លឺម៉ង់ កិច្ចប្រជុំ​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​របស់​ប្រទេស​សម្ព័ន្ធមិត្ត​អ៊ុយក្រែន នៅថ្ងៃ​សុក្រនេះ ត្រូវផ្តោតសំខាន់​ទៅលើ​រឿងផ្តល់យន្តហោះចម្បាំង ទៅឲ្យអ៊ុយក្រែននេះដែរ។ ស្លូវ៉ាគី និងប៉ូឡូញជាដើម បាន​យល់ព្រម​ផ្តល់​យន្តហោះចម្បាំង Mig 29​ផលិតនៅសម័យសហភាពសូវៀត ទៅ​ឲ្យអ៊ុយក្រែន ប៉ុន្តែ ប្រទេស​ផ្សេងទៀត ដូចជា​អាល្លឺម៉ង់ជាដើម អរិភាព មិន​ចង់​បញ្ជូនយន្តហោះចម្បាំង ទៅ​ឲ្យអ៊ុយក្រែន។ អ៊ុយក្រែន​ផ្ទាល់​ចង់​បាន​យន្តហោះចម្បាំង​អាមេរិក ប្រភេទ F16 ប៉ុន្តែ ទាំង​អាមេរិក និង​អាល្លឺម៉ង់ សុទ្ធតែ​ធ្លាប់​បាន​បដិសេធ​ច្បាស់ៗ​ថា នឹង​មិន​បញ្ជូន​ទៅ​ឲ្យអ៊ុយក្រែននោះទេ។

ប្រទេស​លោកខាងលិច នៅតែ​រារែក មិន​ផ្តល់​សព្វាវុធ ដែលអ៊ុយក្រែនទាមទារចង់បាន

មានហេតុផលធំៗបី ដែលធ្វើ​ឲ្យប្រទេស​លោកខាងលិច​រារែក​មិនផ្តល់​សព្វាវុធ​ធុនធ្ងន់ ទៅ​ឲ្យអ៊ុយក្រែន ជាពិសេស គឺ​យន្តហោះ​ចម្បាំង​អាមេរិក F16។

ទី១ គឺ​ទាក់ទង​នឹង​ស្តុកសព្វាវុធ​របស់​ប្រទេស​លោកខាងលិច​ដែល​កាន់តែ​ខើច ដោយសារ​តែ​យកទៅជួយ​អ៊ុយក្រែន និង​ការផលិតមិនទាន់ពេលវេលា។

ទី២ ប្រទេស​លោកខាងលិច​ខ្លាចថា ការផ្តល់អាវុធ​កាន់តែទំនើប​របស់ខ្លួន​ទៅ​ជួយ​អ៊ុយក្រែន​ដូចជា​យន្តហោះចម្បាំង និងប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ អាចទាញខ្លួនឯង​ឲ្យជាប់ពាក់ព័ន្ធ​កាន់តែខ្លាំង​ក្នុងសង្រ្គាមអ៊ុយក្រែន និង​អាច​បង្កើតជា​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ផ្ទាល់ជាមួយ​រុស្ស៊ី ដែលអាច​បង្ក​ជា​សង្រ្គាមលោកលើកទី៣ និងសង្រ្គាមនុយក្លេអ៊ែរ។

ទី​៣ គឺ​បញ្ហា​Logistic។ ប្រទេស​លោកខាងលិច​យល់ថា យន្តហោះចម្បាំង​មិនមែនជា​ដំណោះស្រាយ​នៅចំពោះមុខទេ ព្រោះវា​ត្រូវការ​ចំណាយពេលវេលាយូរ ជាពិសេស ក្នុងការហ្វឹកហាត់​ពីឡុតអ៊ុយក្រែន​ឲ្យចេះបើកយន្តហោះចម្បាំង​F-16របស់​អាមេរិក ដែល​ត្រូវការ​ហ្វឹកហាត់​ដល់​ទៅ ៦ខែ​យ៉ាងតិច។ ដូច្នេះ ប្រទេស​សម្ព័ន្ធមិត្ត​អ៊ុយក្រែន​ចង់ផ្តោត​ទៅលើ​ជំនួយ​ដែលគេអាច​ធ្វើបាន​ឆាប់ៗ សម្រាប់តម្រូវការ​ចំពោះមុខ​ក្នុងសមរភូមិប្រយុទ្ធទប់ទល់​នឹង​កងទ័ពរុស្ស៊ី។

សម្រាប់អ៊ុយក្រែន ការរារែក​ក្នុង​ការផ្តល់អាវុធធុនធ្ងន់​ពីសំណាក់ប្រទេស​លោកខាងលិច នឹង​អាច​បង្ក​ឧបសគ្គ​ដល់​អ៊ុយក្រែន ដែល​ត្រៀមបើកការប្រយុទ្ធទ្រង់ទ្រាយ​ធំ ដើម្បីវាយដណ្តើម​យកទឹកដីរបស់ខ្លួន​ពីរុស្ស៊ី​វិញ នៅខែ មេសា​នេះ។ ឯកសារសម្ងាត់​របស់​ក្រសួងការពារ​ជាតិអាមេរិក ដែលបែកលេចធ្លាយ នៅ​ខែ​មេសានេះ បាន​បង្ហាញហើយថា គ្រាប់របស់​កងទ័ព​អ៊ុយក្រែនបាន​ចុះថមថយ​ជាលំដាប់ ជាពិសេស ដោយសារ​ការប្រយុទ្ធ​របស់​កងទ័ព​អ៊ុយក្រែន សម្រាប់ការពារ​ក្រុង​ Bakhmout។ នៅក្នុង​ឯកសារ​សម្ងាត់​របស់​មន្ទីរបញ្ចកោណ ភ្នាក់ងារ CIA វាយតម្លៃថា បើសិន ប្រទេស​លោកខាងលិច​មិនបញ្ជូន​សព្វាវុធ តាម​ការសន្យា និង​ទាន់ពេលវេលា ទេ នោះអ៊ុយក្រែននឹង​អស់គ្រាប់មីស៊ីល សម្រាប់​ប្រព័ន្ធការពារ​ដែនអាកាស នៅខែ ឧសភា។

គ្មាន​គ្រាប់សម្រាប់ប្រព័ន្ធខែលមីស៊ីល​អ៊ុយក្រែន​នឹង​អាចរងគ្រោះ សាជាថ្មី ដោយសារ​ការវាយប្រហារ​គ្រាប់​មីស៊ីលបាចសាច​របស់​រុស្ស៊ី។ នេះគេ​មិនទាន់និយាយ​ដល់ តម្រូវការ​សព្វាវុធ ដែលអ៊ុយក្រែន ត្រូវការបន្ទាន់ សម្រាប់បើកឆាកប្រយុទ្ធទ្រង់ទ្រាយធំ ដើម្បី​វាយដណ្តើម​យក​ទឹកដី​របស់ខ្លួន​ពី​រុស្ស៊ីផង។ ប្រធានាធិបតី​អ៊ុយក្រែន ផ្ទាល់​បាន​ដាក់​ក្តីសង្ឃឹមទាំងស្រុង​ទៅលើ​កិច្ចប្រជុំ របស់​រដ្ឋមន្រ្តីការពារ​ជាតិ​ប្រទេស​លោកខាងលិច ដែលរៀបចំ​នៅ​ប្រទេស​អាល្លឺម៉ង់។ តើសម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន​នឹង​អាចជំនះ​ការខ្វែងគំនិត និង​ការរារែក​របស់ខ្លួន ដើម្បី​ផ្តល់​យន្តហោះចម្បាំង​ទៅ​ឲ្យអ៊ុយក្រែនដែរឬទេ? លទ្ធផលយ៉ាងណា គេនឹងអាច​ដល់​នៅក្រោយកិច្ចប្រជុំ​នៅថ្ងៃ​សុក្រទី ២១ មេសា ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ