អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អធិការបតី​អាល្លឺម៉ង់​ទៅជួបប្រធានាធិបតីអាមេរិក​ដើម្បី​និយាយ​ពីជំហាន​បន្ទាប់ នៅក្នុងសង្រ្គាម​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ចេញដំណើរ ទៅធ្វើ​ទស្សនកិច្ច នៅទីក្រុង​វ៉ាស៊ីនតោន។ នៅ​សេតវិមាន នៅ​ថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុល៍ ត្រូវ​ជួបពិភាក្សាមួយទល់មួយ ជាមួយ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន។ សង្រ្គាមអ៊ុយក្រែន ទំនាក់ទំនង សហប្រតិបត្តិការ​រវាង​អាមេរិក ជាមួយ​អាល្លឺម៉ង់ ក៏ដូចជា​សហភាពអឺរ៉ុប ស្ថិតក្នុង​របៀបវារៈ​នៃ​ជំនួបកំពូល​ទ្វេភាគីអាមេរិក អាល្លឺម៉ង់។ នៅមួយថ្ងៃមុនធ្វើទស្សនកិច្ច​នៅវ៉ាស៊ីនតោន ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ជាក់​ពីជំហរគាំទ្រយោធា​របស់​អាល្លឺម៉ង់ សម្រាប់​ជួយអ៊ុយក្រែន ប៉ុន្តែ ជាមួយគ្នានោះ លោកបានអំពាវនាវ​កុំ​ឲ្យ​ចិន ផ្តល់អាវុធ​ទៅ​រុស្ស៊ី។

លោកនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ និង​ប្រធានាធិបតីអាមេរិកនៅក្នុងជំនួបកំពូលហ្សេ ៧ នៅប្រទេសអាល្លឺម៉ង់ កាលពីខែ មិថុនា ២០២២
លោកនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ និង​ប្រធានាធិបតីអាមេរិកនៅក្នុងជំនួបកំពូលហ្សេ ៧ នៅប្រទេសអាល្លឺម៉ង់ កាលពីខែ មិថុនា ២០២២ AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក​អូឡាហ្វ ស្ហុល៍ បានធ្វើដំណើរទៅជួបប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន នៅថ្ងៃ​សុក្រនេះ នៅទីក្រុង​វ៉ាស៊ីនតោន។ ដំណើររបស់​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ទៅ​វ៉ាស៊ីនតោន នៅថ្ងៃនេះ មិនសូវ​អធិកអធម គ្មានអម​ដោយ​អ្នកកាសែត ឬ​ផ្តល់​សន្និសីទកាសែត ដូច​ក្នុង​ទស្សនកិច្ច កាលពី​១ឆ្នាំមុននោះទេ។

នៅឆ្នាំមុន លោកអូឡាហ្វ ស្ហុល៍ ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ បន្ទាប់ពី​ចូលកាន់តំណែង​ជា​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ បន្ត​ពីលោកស្រី អង់ហ្គេឡា មិរកិល។ ទស្សនកិច្ច​របស់​លោក អូឡាហ្វ ស្ហុល៍ នៅពេលនោះ គឺ​ធ្វើឡើង​នៅតែប៉ុន្មានថ្ងៃ​មុន រុស្ស៊ីបញ្ជូនទ័ពធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ កាលណោះ គ្មានអ្នកណា​គិតដល់ថា ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់​យល់ព្រម​ដាក់ទណ្ឌកម្ម រុស្ស៊ី ព្រោះ​រុស្ស៊ី​ជាប្រទេស​ផ្គត់ផ្គង់​ថាមពលប្រេង និងឧស្ម័ន​ដ៏សំខាន់​របស់អាល្លឺម៉ង់។ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​ធ្លាប់​តវ៉ា​ជំហររារែក​របស់ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ នៅចំពោះមុខសង្រ្គាម​ឈ្លានពាន​រុស្ស៊ី នៅអ៊ុយក្រែន។

ប៉ុន្តែ នៅមួយឆ្នាំ​មកនេះ ជំហរ​របស់​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់​បានផ្លាស់ប្តូរច្រើនណាស់។ អាល្លឺម៉ង់ មិនត្រឹមប្រកាស​ឈប់ទិញប្រេងរុស្ស៊ីតែប៉ុណ្ណោះទេ។ អាល្លឺម៉ង់​នៅបាន​បញ្ជូនជំនយយោធា​ទៅ​ឲ្យ​អ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អូឡាហ្វ ស្ហុល៍​ទៅជួប​លោកប្រធានាធិបតី​អាមេរិកលើកនេះ ដើម្បី​បង្ហាញថា អាល្លឺម៉ង់​កំពុង​ដើរ​លើ​ខ្សែផ្លូវ​តែមួយ​ជាមួយ អាមេរិក។ ម្យ៉ាង​ក៏ដើម្បី​បង្ហាញថា សម្ព័ន្ធភាពរវាង​ប្រទេស​ទាំងពីរ គ្មានរង្គោះរង្គើ​ទេ បើទោះជា​ប្រទេស​ទាំងពីរ​ធ្លាប់ មិនចុះសម្រុងគ្នាម្តង នៅក្នុង​រឿងបញ្ជូន រថក្រោះ​ទៅ​ឲ្យអ៊ុយក្រែន។ យើង​ដឹង​ហើយថា អាល្លឺម៉ង់​រារែក​មិន​ចង់បញ្ជូន​រថក្រោះ ដ៏ទំនើប របស់ខ្លួន Leopard 2 ទៅមានមុខ​នៅក្នុង​សមរភូមិសង្រ្គាមអ៊ុយក្រែន ដោយសារ​មិនចង់​ឲ្យ​រុស្ស៊ីរករឿង​អាល្លឺម៉ង់។ កាលណោះមានការចុះផ្សាយថា អាល្លឺម៉ង់ បាន​ទាមទារ​ឲ្យ​អាមេរិក​យល់ព្រម​បញ្ជូន​រថក្រោះ​ដ៏ទំនើប​របស់អាមេរិក​ទៅ​ឲ្យ​អ៊ុយក្រែនដែរ ទើប​អាល្លឺម៉ង់​សុខចិត្ត​បញ្ជូន​រថក្រោះ Leopard 2​ទៅអ៊ុយក្រែន។ នៅទីបំផុត អាមេរិក​យល់ព្រម​តាម គឺ​បញ្ជូនរថក្រោះ អាមេរិក ទៅអ៊ុយក្រែន ចំណែក​អាល្លឺម៉ង់បើកភ្លើងខៀវ ឲ្យ​គេ​ផ្តល់​រថក្រោះ​Leopard 2ទៅអ៊ុយក្រែន។

ក្រៅតែពីបង្ហាញថា អាល្លឺម៉ង់ ត្រៀម​ខ្លួនជាមួយ​អាមេរិក ដើម្បី​ជួយ​អ៊ុយក្រែន ជំនួប​ទល់មុខ មួយទល់មួយ រវាងមេដឹកនាំ​អាមេរិក និង​អាល្លឺម៉ង់ នៅ​សេតវិមាននៅថ្ងៃនេះ មាន​គោលដៅផងដែរ​ផ្ញើសារ​ទៅចិន និង​រុស្ស៊ីថា ប្រទេស​មហាអំនាចទាំងពីរ​ចុះសម្រុងគ្នា និង​មានជំហររួមគ្នា ព្រមាន​ចិន កុំ​​ឲ្យ​ផ្តល់អាវុធ​ទៅ​ឲ្យ​រុស្ស៊ី។

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​ប្រាប់​ចិន​កុំ​ឲ្យ​ផ្តល់អាវុធ​ទៅ​ឲ្យ​រុស្ស៊ី ប្រទេស​ឈ្លានពាន

នៅក្នុងបទអន្តរាគមន៍ នៅ​សភាអាល្លឺម៉ង់ កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ពិតជា​បាននិយាយ​ថា សាររបស់លោក​ទៅកាន់ប្រទេស​ចិន គឺ​ច្បាស់ណាស់។ ចិន​ត្រូវ​ប្រើ​ឥទ្ធិពលរបស់ខ្លួន​ទៅលើ​រុស្ស៊ី ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញពី​អ៊ុយក្រែន។ ចិន​មិនត្រូវ​ផ្តល់​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី ដែលជាប្រទេស​ឈ្លានពាននោះទេ។

តើ​ចិនយល់ព្រមស្តាប់​ធ្វើតាម​ការអំពាវនាវ​របស់​មេដឹកនាំ​អាល្លឺម៉ង់​ដែរឬទេ។ គ្មានអ្នកណាដឹងទេ ប៉ុន្តែ ជាផ្លូវការ ប៉េកាំង​បានបដិសេធ​រួចហើយថា ខ្លួន​មិនបាន​ផ្តល់អាវុធទៅ​រុស្ស៊ី នោះទេ។ ភ្នាក់ងារ​ចារកម្ម​អាមេរិក​នៅ​សប្តាហ៍នេះ​និយាយថា ចិន​កំពុងពិចារណា​ផ្តល់អាវុធ​ទៅ​ឲ្យ​រុស្ស៊ី ប៉ុន្តែ ការពិភាក្សា​កំពុង​ស្ថិតនៅលើ​តុនៅឡើយ ពោល​គឺ​នៅមិនទាន់​ចេញរូបរាង​ជាផ្លូវការ​នៅឡើយទេ។

សម្រាប់​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក​មិន​គិតថា ចិន​ផ្តល់អាវុធ​ទៅ​ឲ្យរុស្ស៊ីនោះទេ បើសិន​ចិន​អនុវត្ត​តាម​សំដីដែល​ខ្លួន​ធ្លាប់​ប្រកាន់​រហូតមក ពោល គឺ​មិនចូល​ក្នុងកិច្ចការផ្ទៃក្នុង​របស់​ប្រទេស​ដទៃ។ ប៉ុន្តែ ចង់ ឬ​មិនចង់ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​ត្រូវតែ​ប្រុងប្រៀប​ផែនការបម្រុង ក្នុងករណី​ដែល​ចិន ផ្តល់អាវុធ ទៅឲ្យ​រុស្ស៊ី ហើយចិន​ត្រូវ​ជាប់ទណ្ឌកម្ម​របស់អាមេរិកនោះ។ អាល្លឺម៉ង់​ទំនងចង់ពិភាក្សា​ជាមួយ​អាមេរិក​ជាមុន ព្រោះថា ចិន​នេះ​ជាដៃគូ​សេដ្ឋកិច្ចសំខាន់ណាស់​របស់អាល្លឺម៉ង់។ បើសិន​ចិនជាប់ទណ្ឌកម្មមែន នោះទំនាក់ទំនងសេដ្ឋកិច្ច​ចិន អាល្លឺម៉ង់​ក៏អាច​រងប៉ះពាល់ ដែលនឹងអាច​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ខាតបង់ធ្ងន់ធ្ងរ។

អនាគត​របស់​អង្គការ​អូតង់

ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅអាមេរិក​ធ្វើឡើង នៅមុន​ជំនួបកំពូល​របស់​អូតង់ ដែលត្រូវរៀបចំនៅ​ខែ​កក្កដា នៅ​ទីក្រុង​ Vilnius ប្រទេស​លីទុយអានី។ រដ្ឋបាល​លោកចូ បៃដិន ត្រូវ​ប្រកាស​ពីការពង្រាយទ័ព និងសព្វាវុធ អាមេរិក​ក្នុងទឹកដីអឺរ៉ុប។ ដោយសារ​សង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ចំនួន​ទ័ពអាមេរិក នៅទឹកដីអឺរ៉ុប​បានកើនឡើង​ដល់ ១សែននាក់។

ដោយ​បង្កើនវត្តមានទ័ព​របស់ខ្លួននៅទឹកដីអឺរ៉ុប អាមេរិក​នៅតែទាមទារ​ឲ្យ​ប្រទេស​នៅអឺរ៉ុប​ដែលជា​សមាជិករបស់​អូតង់​គោរពការសន្យា​របស់ខ្លួន គឺ​បង្កើនការចំណាយយោធា ឲ្យដល់ ២%​នៃផលិតផល​ក្នុងស្រុកសរុបរបស់ខ្លួន។ អាល្លឺម៉ង់​រងផ្ទាំងស៊ីបរិះគន់ខ្លាំងជាងគេ ព្រោះ​វិភាគទាន​របស់អាល្លឺម៉ង់ ក្នុងអូតង់​តិចតួច បើប្រៀបធៀប​នឹង​ប្រទេស​សមាជិកអូតង់ដទៃទៀត។

ប៉ុន្តែ សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន បានធ្វើ​ឲ្យអាល្លឺម៉ង់​ប្តូរ​ទស្សនវិស័យ​របស់ខ្លួន ដែលធ្លាប់តែ​ពឹងផ្អែកលើសន្តិភាពនិយម និងលទ្ធិប្រជាធិបតេយ្យ។ នៅ ខែ​កក្កដា ឆ្នាំ ២០២២ នៅតែ​ប៉ុន្មានថ្ងៃ ក្រោយ រុស្ស៊ី បើកធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន រដ្ឋាភិបាល​អាល្លឺម៉ង់ ដែលខ្លាច​សង្រ្គាម​រាលដាល​នៅអឺរ៉ុប និងចូលដល់​ទឹកអាល្លឺម៉ង់ បាន​ប្រកាស​បង្កើនកញ្ចប់​ថវិកាយោធា ១០០ពាន់លាន​អឺរ៉ូ ដ៏ច្រើន​មហាសាល មិនធ្លាប់​មានក្នុងប្រវត្តិអាល្លឺម៉ង់ នៅក្រោយ​សង្រ្គាមលោកលើកទី២។

នៅក្នុងបទអន្តរាគមន៍​នៅសភាអាល្លឺម៉ង់ ដែលធ្វើឡើង​នៅមួយថ្ងៃមុន​ចេញដំណើរទៅអាមេរិក លោកនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ បាន​សន្យា​ជំរុញ​ឧស្សាហកម្ម​ផលិតអាវុធ ក្នុងទឹកដីអាល្លឺម៉ង់។ នៅ​ប៉ុន្មានសប្តាហ៍មុន ប្រមុខអង្គការ​អូតង់​បាន​ព្រមានថា សង្រ្គាមអ៊ុយក្រែន ដែល​អាច​អូសបន្លាយពេល ប្រើប្រាស់​សព្វាវុធច្រើនជាង សព្វាវុធ​ដែល​ប្រទេសសមាជិកអូតង់កំពុងមាន។ អគ្គលេខាធិការអង្គការអូតង់ធ្លាប់បាន​ទាមទារ​ឲ្យសមាជិកអូតង់​បង្កើនការផលិតអាវុធសម្រាប់​អ៊ុយក្រែនផង និង​សម្រាប់ស្តុកទុក ការពារខ្លួនឯងផង។​

នៅសេតវិមាន ក្រៅ​ពី​និយាយ​ពីការផ្តល់អាវុធ ទៅ​ឲ្យ​អ៊ុយក្រែន លោកនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែលមាន​ជំហរប្រយ័ត្នប្រយែង មិន​ឲ្យ​មាន​សង្រ្គាមរ៉ាំរ៉ៃ ក្នុងទឹកដី​អឺរ៉ុប ចង់និយាយ​បញ្ជាក់ជាមួយ​ភាគី​អាមេរិក ដើម្បី រក​ដំណោះស្រាយ សម្រាប់ថ្ងៃមុខ ពោល គឺ​គេ​មិនអាច​ចេះតែ​ផ្តល់អាវុធ ចិញ្ចឹម​សង្រ្គាមអ៊ុយក្រែននោះទេ ប៉ុន្តែ គេត្រូវ​រកច្រកចេញ​ឲ្យវិបត្តិសង្រ្គាមលើកនេះ ដែលអាចជា​ការចរចាសន្តិភាពជាដើម។ ប៉ុន្តែ នៅក្នុងបទអន្តរាគមន៍​នៅសភា​ថ្ងៃម្សិលមិញ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ និយាយ​ថា គេនៅមិនទាន់ឃើញ​មានសញ្ញាដែលថា លោក​ប្រធានាធិបតី​រុស្ស៊ី ចង់ បញ្ឈប់សង្រ្គាមនៅពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ