អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ.ស.ប.៖ ចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសចិន នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធ អង្គការ​សហប្រជា​ជាតិ បញ្ជាក់អំ​ពីរបាយការណ៍​ប្រជាសាស្ត្រ​ពិភព​លោក​ ​ថា ចំនួនប្រជាជនឥណ្ឌា នឹងកើនឡើងលើសប្រជាជន​ចិន នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ។​​ ក្នុងពេលជាមួយគ្នានេះ​ អង្គការសហប្រជាជាតិ ក៏​អំពាវនាវ​ដែរ ដល់​ចំពោះ​បណ្តា​រដ្ឋាភិបាលឲ្យផ្តោតលើការគិតគូរដល់សិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការសម្រេចចិត្តខ្លួនឯង ជាជាងគិតតែបារម្ភរឿងប្រជាជនពិភពលោកកើនឡើងខ្លាំង។ ​

លោក Narendra Modi នៅចន្លោះ​បណ្តា​សិល្បករឥណ្ឌា​ នៅក្នុង​ឱកាស​រាំ​យក រង្វាន់ Guinness World Record ថ្ងៃសុក្រទី ១៤មេសា។
លោក Narendra Modi នៅចន្លោះ​បណ្តា​សិល្បករឥណ្ឌា​ នៅក្នុង​ឱកាស​រាំ​យក រង្វាន់ Guinness World Record ថ្ងៃសុក្រទី ១៤មេសា។ AP - Anupam Nath
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ទូទាំង​ពិភព​លោក ឡើង​លើស​ពី ​៨ពាន់​លាន​នាក់។​

នាយិកាមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន អ្នក​ស្រី​ Natalia Kanem ​បញ្ជាក់ថា ចាប់តាំង​ពី​ឆ្នាំ​១៩៩០មក​ អាយុសង្ឃឹម​រស់​របស់​ប្រជាជន​ពិភពលោក បាន​កើនឡើង​ជា​លំដាប់​ ចន្លោះ​រវាង​ ៦ឆ្នាំ​​​។ ជា​មធ្យម​ ប្រុស​ៗ អាយុ​សង្ឃឹម​រស់ ដល់​៧១ឆ្នាំ​ ហើយ​ស្រី​ ៧៦ឆ្នាំ​ ខណៈ​ដែល​អត្រា​ផ្តល់កំណើត យ៉ាងហោច ក្នុង​ស្រីម្នាក់​ អាច​បង្កើត​កូន​ ២,៣ នាក់​ ជិត​ជា​មធ្យម​។​

អឺរ៉ុប​ ជា​តំបន់​១​ដែល​នឹង​ត្រូវ​ស្គាល់​កំណើន​ប្រជាជន​ទាប តទៅទៀត ចាប់ពីពេល​នេះ​ ដល់​២០៥០។ ពី​ពេល​នេះ​ដល់​២០៥០ ប្រទេស ចំនួន ​៨ ​ដែល​មាន​អត្រា​កំណើត​​ប្រជាជនកើន​ច្រើនគួរ​ឲ្យ​កត់​សម្គាល់​ គឺ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន​ ហ្វីលីពីន និង​តង់ហ្សានី។

នៅ​ទ្វីប​អាហ្វ្រិក ប្រទេស​ដែល​មាន​អត្រា​កំណើតខ្លាំង គឺ​ នីហ្សេ ឆាត សូម៉ាលី​ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។​ នៅ​ទ្វីប​​អាហ្វ្រិក​ ប្រជាជន​នឹង​សន្ទុះ​កើនខ្លាំង​ ពី​ ១,៤ ទៅ​ ៣,៩​ ពាន់​លាន​នាក់ នៅឆ្នាំ​២១០០ ដែល​អាច​ស្មើ​នឹង ​៣៨%​ នៃ​ប្រជាជន​លើ​ផែ​នដី។

​របាយការណ៍​អង្គការ​សហប្រជាជាតិ បញ្ជាក់​ទៀត​ថា ​១ភាគ៣​នៃ​ប្រជាជនសកលលោក គឺមាន​អាយុ​តិច​ជាង ​១៤ឆ្នាំ។ ៦៥% អាយុ​ចន្លោះ​ ១៥ទៅ​ ៦៤ឆ្នាំ។ អ្នក​ដែល​អាយុ​លើស​ពី ​៦៥ឡើង​ទៅ មា​ន​១០%។​

រីឯ ប្រទេស​មាន​អត្រា​កំណើត​ទាប គឺ​ ជប៉ុន កូរ៉េខាងត្បូង ហុងកុង សិង្ហបុរី ម៉ាកាវ សាំងម៉ារាំង អារុបា និង​ចិន។  ជប៉ុន ជួបបញ្ហា​កំណើត​ប្រជាជន​ ហើយ​​ ប្រជា​ជន​ចាស់ៗ​ច្រើន និង​ ថយ​ចុះប្រជាជន​យ៉ាងគំហុក​។ រយៈកាល​១ទសវត្សរ៍​ចុងក្រោយ​ ចន្លោះ​ឆ្នាំ​២០១១​ដល់​២០២១ ជប៉ុន​ថយចុះ ​៣លាននាក់។​

​ឥណ្ឌា ​នាំមុខដាច់ ចិន ខាងបង្កើតកូន។

តាម​របាយការណ៍ថ្មី​នេះ គឺ​ ប្រជាជន​ឥណ្ឌា កើន​ដល់ ១,៤២៨៦ ពាន់លាននាក់​ ហើយ​​ ចិន មាន​ប្រជាជន​ ១,​៤២៥៧ ពាន់លាននាក់។ ​ក្នុង​រយៈ​ពេល​ ២៥ឆ្នាំ​ជាប់ៗគ្នា ចិន ឈរនាំមុខ​គេ​ខាង​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើពិភពលោក។ ​នៅក្នុង​ឆ្នាំ​នេះ ឥណ្ឌា វ៉ាដាច់​ចិន​​ ដោយ​មាន​ប្រជាជន​ច្រើន​ជាង​ចិន​ ប្រមាណ​ ៣លាន​នាក់​ ហើយ​និង​បន្ត​ច្រើន​ជាង​តទៀត នៅពេ​លខាង​មុខ។

ជាក់ស្តែងទៅ ប្រជាជន​ចិន​​ធ្លាក់​​ចុះ​អត្រា​កំណើន​ ​​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ប្រវត្តិសាស្ត្រ​និង​នយោបាយផង​។ នៅ​ទសវត្ស​១៩៦០ ចិន​ជួប​អត្រា​កំណើត​ទាប និង​ស្លាប់​ប្រជាជន​អស់​ច្រើន​ពាន់​លាន​ ព្រោះតែ​កំហុស​ន​យោបាយ​ នៃ​បដិវត្តន៍​​​ដ៏​មហាលោត​ផ្លោះ នៅឆ្នាំ១៩៥៩។ ក្រោយ​មកទៀត រដ្ឋអំណាច​ចិន​កំណត់គោល​នយោបាយ​កូនតែ​១​ ទើបតែលុប​ចោល​​នៅ​ឆ្នាំ​២០២១ ដែល​អនុញ្ញាតឲ្យ​ ពលរដ្ឋ​ចិន ​អាច​មា​នកូន​លើសពីម្នាក់​បាន​​។ ទាំង​នេះ​​​ពន្យា​រ​កំណើន​ប្រជាជន​ចិន ហើយ​ស្រី​ចិន​ដែល​រៀន​បា​នកម្រិត​ចេះដឹង​ខ្ពស់​ ក៏​​នាំ​ឲ្យ​អាក់​ខាន​ខ្លះដែរ​ ដល់​ដំណើរការ​ពរពោះ​មាន​កូន​។​

ពេល​នេះ រដ្ឋាភិបាល​របស់​​នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មិន​បាន​ប្រកាស​ទិដ្ឋន័យ​ប្រជាជន​ផ្លូវ​ការ​​ទេ។ មិន​ប្រកាស​ជាសាធារណៈ​ ពីព្រោះតែ​បារម្ភ​ខ្លាច​ក្រែង​មាន​គេ​រិះគន់​ពីអ​ត្រាអត់​ការ​ងារធ្វើ​ ​​ចំនួន​ដ៏ច្រើន​ក្នុង​ចំណោម​យុវជន។ ដែល​ចំណុច​នេះ​ មិន​នាំ​ផល​ល្អ ហើយថែមទាំងអាច​ជះផល​អាក្រក់​ដល់​ការ​បោះឆ្នោត​ជាតិ​ នៅឆ្នាំ​ខាង​មុខ​នេះ ផង។

ទោះ​ជា​យ៉ាងនេះ បើតាមទិន្នន័យ​អង្គការ​សហប្រជជាតិ ដែល​ផ្សាយ​ពី​​ទីភ្នាក់​ងារ​ព័ត៌មាន​AFP ប្រជាជន​ឥណ្ឌា ជិត​ពាក់​កណ្តាល មា​នអាយុតិច​ជាង​៣០ឆ្នាំ ហើយ​ដែល​កំពុង​តែស្រេក​ឃ្លាន​ក្នុងការ​ប្រលូកចូល​ក្នុងវិស័យ​ការងារ​។

បើតាម​អ្ន​កជំនាញបារាំង​ អំណឹះ​តទៅ ឥណ្ឌា បង្កើត​ប្រជាជន​ថ្មី ក្នុង​១ឆ្នាំៗ ប្រមាណ​១៤លាននាក់។ ចំពោះ​ប្រទេស​ឥណ្ឌា​ផ្ទាល់​ កំណើន​ខ្លាំង​ខាង​ប្រជាសាស្ត្រ​ គឺបង្ក​បញ្ហា​ចំណោទប្រឈម​ខ្លាំង ​វិបត្តិ​សង្គម មាន​ទាំង​ពី​ការសិក្សា រចនាសម្ព័ន្ធ ទឹក ភ្លើង... ពិសេស​ទៅទៀត​ គឺ​ ​វិសមភាពអ្នក​មាន​អ្ន​កក្រ, កង្វះ​លំនៅ​ដ្ឋាន​សមរម្យ​នៅក្នុង​ទីក្រុង,បញ្ហា​​កង្វះការងារ...។ល។ នេះបើតាម​ការ​វិភាគ​របស់​​សាស្ត្រាចារ្យ​ Christophe Jaffrelot​ អ្នក​ស្រាវជ្រាវ​នៅ វិទ្យាស្ថាន​ជាតិស្រាវជ្រាវ​វិទ្យាសាស្ត្រ​​​ CNRS និងជាអ្នក​ជំនាញ​ពីប្រទេស​ឥណ្ឌា។ បញ្ហា​មួយ​ទៀត ដែល​អ្នក​ជំនាញ​មើលឃើញ គឺវិបត្តិ​​ធនធានមនុស្ស សម្រាប់ប្រទេស​ឥណ្ឌា ព្រោះតែ​ប្រាក់​ខែ​ទាប​នៅក្នុង​ស្រុក​ ធ្វើ​ឲ្យ​អ្នក​មាន​សមត្ថភាព​និងអ្ន​កចេះដឹង ​រត់​ចោល​ស្រុក​ ​ពិសេសពួក​អ្ន​កចេះអង់គ្លេស​និង​បច្ចេកវិជ្ជា​ ដូច​ដែល​យើង​ឃើញ​ស្រាប់ ក្រុម​ហ៊ុន​ព័ត៌មាន​វិទ្យា​អ៊ិនធ័រនែត​ គឺ​មាន​ជនជាតិ​ឥណ្ឌា​ តួយ៉ាង Google ជាដើម។​  

«បង្កើតកូន ជាសម្រេចចិត្តរបស់​ស្ត្រីម្ចាស់ខ្លួន​»។

របាយការណ៍ប្រជាសាស្ត្រពិភពលោក មិន​គាំទ្រ​ឲ្យ​រដ្ឋអំណាច​ឬ​រដ្ឋាភិបាល ដាក់​​គោល​នយោបាយ​កំណត់​ចំនួន​កូន​ ឬ​ប្រើ​វិធី​សាស្ត្រវិធានការណាមួយ​​​ដើម្បី​បន្ថយ​ឬ​បង្កើន​កំណើត​​ទេ។

ជំនួស​ឲ្យ​ការ​ដែលគិត​​ថា​នារី​គួរតែ​មាន​កូន​ប៉ុន្មាននិង​នៅ​អាយុប៉ុន្មានតាម​សម្ពាធ​សង្គម​​នោះ​ ប៉ុន្តែ គួរ​សូម​ទុក​ដាក់​សម្រេច​ចិត្ត​ថា ត្រូវ​មាន​កូន​ឬ​គ្មាន​ ជា​សិទ្ធិសម្រេច​របស់​នារី​ជា​ម្ចាស់​រាង​កាយ​របស់​នាង។ នេះបើតាម​ អ្នកស្រី​ Natalia Kanem នាយិកាមូលនិធិ​​អង្គការ​សហប្រជាជាតិ​ដើម្បីប្រជាជន និងដែល​បញ្ជាក់​ថា​ « ទិន្នន័យ​៤៤% ស្ទើរតែ​ស្មើ​នឹង​ស្រី​ពាក់​កណ្តាល​ពិភពលោក​ ដែល​​ ពពោះ ផើម​មា​នគភ៌ ​មិនតាម​ក្តីប្រាថ្នា​របស់​ខ្លួន។ នាង​មិ​នអាច​ជ្រើសរើស​ប្រើ​វិធីសាស្ត្រ​​ពន្យារ​កំណើត​ មិន​បាន​ទទួល​ការ​ព្យាបាយ​សុខភាព​ត្រឹមត្រូវ និង​មិន​អាច​សម្រេច​រើស​ដៃគូ​រួម​ភេទ​ ជាមួយ​នរណាម្នាក់​ តាម​ចំណង​របស់ខ្លួន​។​ ​ក្នុង​ពិភព​លោក​យើង គឺ​អត្រា​ពរពោះ​មាន​កូន​ ដល់ទៅ​ជិត​កណ្តាល​ ដែល​មិន​ចេញពី​សេចក្តីប្រាថ្នា​របស់​នារី​ម្ចាស់​ខ្លួន​ទេ។» 

អ្នកស្រី Natalia Kanem កត់​សម្គាល់​ថា «ក្នុង១ឆ្នាំៗ យ៉ាង​ហោចណាស់ កូន​ក្មេង​ ទារក​កន្លះ​លាន​នាក់ ប្រសូត្រ​ចេញពី​ម្តាយ​វ័យ​ក្មេង អាយុ​ចន្លោះ​ ១០ ទៅ​១៤ឆ្នាំ​។​»​

អាស្រ័យ​ហេតុ​នេះ អង្គការសហប្រជាជាតិ អំពាវនាវ​ឲ្យ​បណ្តា​រដ្ឋាភិបាល​និងរដ្ឋអំណាច​ ត្រូវ​អប់​រំ​ណែនាំ​ប្រជាជន​ទូទៅ ឲ្យ​យល់​ពីការ​ថែទាំ​សុខភាព​ផ្លូវភេទ អនាម័យ​ប្រដាប់​ភេទ​ ការ​បន្ត​ពូជ​ដោយ​សុវត្ថិភាព ហើយបង្កើត​យន្តការ​នានា​ ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ពន្យល់ណែនាំ​​ពី​សិទ្ធិ​សេរីភាព​របស់​នារីភេទ។ ដើម្បី​ឲ្យ​គ្រប់​គ្នា​យល់​ជាក់​ច្បាស់​ថា​ ស្រី​មាន​សិទ្ធពេញទី​ក្នុងការ​​ជ្រើស​រើស​គូស្រ​ករ និង​ សិទ្ធិ​ជ្រើសរើស​ដៃ​គូ​រួមភេទ​តាម​សេចក្តីប្រាថ្នា​របស់​នាង ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ