អានតួអត្ថបទ

ឥណ្ឌា៖តុលាការកាត់ទោសមេបក្សប្រឆាំងឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំពីបទបរិហារកេរ្តិ៍នាយករដ្ឋមន្រ្តី

នៅ​ក្នុង​ប្រទេស​ឥណ្ឌា តុលាការ​បាន​កាត់ទោស​លោក​រ៉ាអ៊ូល ហ្កង់ឌី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ​ពី​បទ​បរិហារកេរ្តិ៍​នាយករដ្ឋមន្រ្តី។ មាន​អាយុ ៥២ឆ្នាំ លោក​រ៉ាអ៊ូល ហ្កង់ឌី​ជា​ប្រធាន​គណបក្ស​សមាជ​ដែល​ជា​បក្ស​ប្រឆាំង ជា​សមាជិក​សភា និង​ជា​អតីត​បេក្ខជន​នាយករដ្ឋមន្រ្តី​នា​ការ​បោះឆ្នោត​សភា​ឆ្នាំ ២០១៩។ ក្រោយ​ការ​កាត់ទោស លោក​រ៉ាអ៊ូល ហ្កង់ឌី​បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អាជីព​នយោបាយ​របស់​លោក​កំពុង​ប្រឈម​គ្រោះថ្នាក់ ហើយ​គណបក្សប្រឆាំង​ដែល​កំពុង​បែកបាក់​ស្រាប់​នឹង​ចុះ​ខ្សោយ​មួយ​កម្រិត​ទៀត។

នៅឥណ្ឌា តុលាការកាត់ទោសមេបក្សប្រឆាំងឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំពីបទបរិហារកេរ្តិ៍នាយករដ្ឋមន្រ្តី។
នៅឥណ្ឌា តុលាការកាត់ទោសមេបក្សប្រឆាំងឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំពីបទបរិហារកេរ្តិ៍នាយករដ្ឋមន្រ្តី។ AP - Channi Anand
ផ្សាយពាណិជ្ជកម្ម

« ហេតុអ្វី​បាន​ជា​ចោរ​ទាំង​អស់​មាន​ឈ្មោះ​មូឌី? » នេះ​ជា​ឃ្លា​ដែល​លោក​រ៉ាអ៊ូល ហ្កង់ឌី​បាន​ថ្លែង​នា​ឱកាស​ឃោសនា​បោះឆ្នោត​សភា​កាល​ពី​ឆ្នាំ ២០១៩។ នៅ​ពេល​នោះ លោក​រ៉ាអ៊ូល ហ្កង់ឌី​បាន​លើក​ឈ្មោះ​បុរស​អ្នកជំនួញ​ចំនួន ២នាក់​ដែល​បាន​ជាប់ចោទ​ពី​បទ​បង្វែរ​លុយ​ដោយ​ខុស​ច្បាប់ គឺ​លោក​ឡាលីត និង​លោក​នីរ៉ាវ មូឌី។ បន្ទាប់​មក​កាល​ណោះ លោក​រ៉ាអ៊ូល ហ្កង់ឌី​មិន​ភ្លេច​បញ្ចូល​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​ណារិនដ្រា មូឌី​ដែល​ជា​នាយករដ្ឋមន្រ្តី។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រៅ​ពី​អ្នក​ជំនួញ និង​នាយករដ្ឋមន្រ្តី​ដែល​មាន​ត្រកូល​មូឌី សមាជិក​សភា​តំបន់​ម្នាក់​ចេញ​ពី​គណបក្ស​របស់​នាយករដ្ឋមន្រ្តី​ក៏​មាន​ត្រកូល​មូឌី​ដែរ។

គឺ​សមាជិក​សភា​តំបន់​រូប​នេះ​ឯង​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​លោក​រ៉ាអ៊ូល ហ្កង់ឌី​ទៅ​កាន់​តុលាការ​ពី​បទ​បរិហាកេរ្តិ៍។ តែ​បណ្តឹង​របស់​រូប​សមាជិក​សភា​តំបន់​នោះ​ជា​បណ្តឹង​តំណាង​ឲ្យ​សហគមន៍​ត្រកូល​មូឌី​ទាំង​អស់។ ទីបំផុត​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ មីនា តុលាការ​តំបន់​ហ្គូយ៉ារ៉ាត​របស់​នាយករដ្ឋមន្រ្តី​លោក​ណារិនដ្រា មូឌី​បាន​កាត់ទោស​លោក​រ៉ាអ៊ូល ហ្កង់ឌី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ​ពី​បទបរិហារ​កេរ្តិ៍។ ក្រៅ​ពី​ក្តីក្តាំ​បរិហារ​កេរ្តិ៍​មួយ​នេះ មេ​គណបក្សប្រឆាំង និង​ជា​សមាជិក​សភា​លោក​រ៉ាអ៊ូល ហ្កង់ឌី​កំពុង​ជាប់​ក្នុង​រឿង​បទបរិហារ​កេរ្តិ៍​ចំនួន ២ទៀត។

ទន្ទឹម​គ្នា​នេះ លោក​រ៉ាអ៊ូល ហ្កង់ឌី​ក៏​កំពុង​ជាប់​សង្ស័យ​ក្នុង​រឿង​លាង​លុយ​កខ្វក់​ដែល​លោក​បាន​បដិសេធ។ នៅ​ក្រោយ​ការ​សម្រេច​របស់​តុលាការ លោក​រ៉ាអ៊ូល ហ្កង់ឌី​បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍។ គេ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​នេះ​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន អាជីពនយោបាយ​របស់​លោក​រ៉ាអ៊ូល ហ្កង់ឌី​បាន​ទទួល​ការ​គំរាមកំហែង ព្រោះ​នៅ​ឥណ្ឌា គ្រប់​សមាជិក​សភា​ដែល​បាន​ទទួល​ការ​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ត្រូវ​បាន​ដក​អភ័យឯកសិទ្ធិ និង​ហាម​មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ថ្មី​សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោត​រយៈពេល ៦ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ