អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ចោទរុស្ស៊ី ថាជាអ្នក​ធ្វើ​ឲ្យ​ធ្លាក់​យានដ្រូន​របស់​កងទ័ព​អាមេរិក​ នៅ​ក្នុង​សមុទ្ទ​ខ្មៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កំដៅនៃការប្រឈមមុខដាក់​គ្នា បាន​ហក់ឡើងមួយរំពេច បន្ទាប់ពីមានករណី​យានដ្រូន​មួយគ្រឿងរបស់កងទ័ពអាមេរិក បានធ្លាក់នៅក្នុងសមុទ្ទខ្មៅ​ កាលពីថ្ងៃអង្គារ​ម្សិលមិញ​ មិនឆ្ងាយប៉ុន្មានពីតំបន់គ្រីម៉េ។ ភាគីអាមេរិកបាន​អះអាង គឺកងទ័ពរុស្ស៊ីដែលជាអ្នកធ្វើ​ឲ្យ​យានដ្រូននេះធ្លាក់។ ជាការចោទដែល​ភាគីរុស្ស៊ីបានបដិសេធ។ យ៉ាងណាក៏ដោយ ករណី​នេះ បាន​ឆ្លុះបញ្ចាំងអំពីស្ថានភាព​ដែលងាយ​ផុយស្រួយ អាចក្លាយជាការប្រឈមមុខគ្នាដោយ​អាវុធ និង​កងទ័ព រវាង​គូបដិបក្សទាំង២នេះ ហើយអាចផ្ទុះក្លាយជាសង្គ្រាម​លោកលើកទី​៣។

ដ្រូន MQ-9 Reaper របស់កងទ័ពអាមេរិក នៅមូលដ្ឋានទ័ព​ Amari Air Base ប្រទេសអេស្តូនី ថ្ងៃទី ១កក្កដា ២០២០
ដ្រូន MQ-9 Reaper របស់កងទ័ពអាមេរិក នៅមូលដ្ឋានទ័ព​ Amari Air Base ប្រទេសអេស្តូនី ថ្ងៃទី ១កក្កដា ២០២០ REUTERS - Janis Laizans
ផ្សាយពាណិជ្ជកម្ម

យោងតាម​លោក James Hecker មេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំតំបន់អឺរ៉ុប បាន​បញ្ជាក់ឲ្យដឹងថា យានដ្រូនមួយគ្រឿង របស់កងទ័ពអាមេរិក ប្រភេទ MQ-9 Reaper បានធ្លាក់ទៅក្នុងសមុទ្ទខ្មៅ កាលពីព្រឹកថ្ងៃទី​១៤មីនា។ MQ-9 Reaper គឺជាយានដ្រូនបញ្ជាពីចំងាយ មានប្រវែងប្រមាណ​១០ម៉ែត្រ ទទឹងស្លាបប្រមាណ​២០ម៉ែត្រ ហើយអាចបំពាក់​អាវុធមីស៊ីលបាន​៨គ្រាប់ និងអាចហោះបានរយៈពេល​២៤ម៉ោង ក្នុង​ល្បឿនជាង​៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។

យន្តហោះរុស្ស៊ី បើកសាំងស្រោចពីលើដ្រូនអាមេរិក​

ក្នុងពេលកើតហេតុ យានដ្រូននេះមិនមានបំពាក់អាវុធទេ ហើយ​កំពុងហោះ​ក្រវែល​​អង្កេតការណ៍ជាលក្ខណៈធម្មតា នៅក្នុងដែនអាកាសអន្តរជាតិ ពីលើសមុទ្ទខ្មៅ។ ផ្អែកតាម​ប្រភពពីភាគីអាមេរិក គឺក្នុងពេលកំពុងហោះ យានដ្រូន​នេះ ត្រូវបាន​យន្តហោះចម្បាំងរុស្ស៊ី២គ្រឿង ប្រភេទ Sukhoï Su-27 ហោះ​កៀកពីលើជាច្រើនលើកច្រើនសារ ក្នុងបំណងរំខានរករឿង និងបាន​បញ្ចេញសាំងយន្តហោះ ស្រោចពីលើយានដ្រូននេះ ក្នុងគោល​ដៅ​ធ្វើឲ្យ​ដ្រូនខ្វាក់ មិនអាចមើលទិសដៅឃើញ​។ ភាគីអាមេរិកអះអាងទៀតថា ភ្លាមៗនោះ ស្រាប់​តែ​មានការប៉ះទង្គិចគ្នា រវាងយន្តហោះចម្បាំងរុស្ស៊ី ជាមួយយានដ្រូន ធ្វើឲ្យ​ខូចកង្ហាររបស់ដ្រូន។ រំពេចនោះ ដ្រូនរបស់អាមេរិក ចាប់ផ្តើម​បាត់​បង់​ស្ថិរភាព​ ហោះ​លែងបាន ហើយ​កងទ័ពអាមេរិកដែលនៅ​ពីចំងាយ ​បាន​ប្រញាប់បញ្ជាឲ្យ​វាបន្ទាបខ្លួន​មកក្រោម មុននឹងបង្ខំចិត្តទំលាក់វាចោលទៅក្នុងសមុទ្រ​។ នេះបើផ្អែកតាមការបញ្ជាក់បន្ថែម ពីលោកមេបញ្ជាការ Patrick Ryder អ្នកនាំពាក្យ​មន្ទីរបញ្ចកោណអាមេរិក​។​

ក្រសួងការពារជាតិអាមេរិក បានចេញ​លិខិតប្រកាស ដោយ​បានលើកឡើងថា ទង្វើរបស់ងទ័ពរុស្ស៊ីនេះ គឺជាទង្វើដ៏គ្រោះថ្នាក់ មិនមានការទទួលខុសត្រូវ គ្មានភាព​ជំនាញ​ទាល់តែសោះ។ សកម្មភាព​ដ៏គ្រោះថ្នាក់បែបនេះ គឺវាអាចបណ្តាល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ជាយថាហេតុណាមួយ ហើយ​បង្កឲ្យ​មាន​ការប៉ះទង្គិចកម្លាំងគ្នាដោយ​អចេតនា។ តែយ៉ាងណាក៏ដោយ កងទ័ពអាមេរិកអះអាងថា អាមេរិកព្រមទាំងក្រុមសម្ព័ន្ធមិត្ត នឹងនៅតែបន្ត​ហោះប្រតិបត្តិការ​ក្រវែលនៅតំបន់​សមុទ្រខ្មៅនេះ ក្នុងដែនអាកាស​អន្តរជាតិ​ តែសូម​ឲ្យ​ខាងភាគីរុស្ស៊ី​ត្រូវធ្វើ​ខ្លួនឲ្យ​បានត្រឹមត្រូវនឹងមាន​ភាពជំនាញ​ផង។

រុស្ស៊ីបដិសេធថាកងទ័ពខ្លួន ​មិនប៉ះទង្គិចដោយ​ផ្ទាល់ជាមួយ​ដ្រូនអាមេរិកទេ​

ក្រសួង​ការពារ​ជាតិ​​រុស្ស៊ី បានចេញលិខិតប្រកាសកាលពីយប់ថ្ងៃអង្គារ​ ដោយ​បាន​ទទួលស្គាល់ថា គេពិតជាបាន​ចាប់រលកសញ្ញា ឃើញមានយានដ្រូនមួយមែន កាលពីថ្ងៃអង្គារ ដោយដ្រូននោះស្ថិតនៅពីលើតំបន់គ្រីម៉េ ហើយកំពុងហោះសំដៅចូលទៅក្នុង​ព្រំដែន​របស់រុស្ស៊ី​។ តែ​កងទ័ពរុស្ស៊ីបានអះអាងថា គេមិនមែនជាអ្នកធ្វើឲ្យ​យានដ្រូនរបស់​អាមេរិកនេះ ធ្លាក់ចូលសមុទ្ទនោះទេ។ ក្រសួងរុស្ស៊ីអះអាងទៀតថា យន្តហោះចម្បាំងរុស្ស៊ី មិន​បានទៅប៉ះទង្គិចដោយ​ផ្ទាល់ ជាមួយ​ដ្រូនអាមេរិកទេ ហើយ​ក៏មិន​បានប្រើអាវុធស្អីទៅបាញ់​ទំលាក់ដែរ ពោលគឺដ្រូន​នោះវាហោះត្រឡប់ត្រឡិន បាត់បង់ស្ថិរភាពតែខ្លួនឯង មុននឹងធ្លាក់ចូលសមុទ្រ នៅវេលាម៉ោង ប្រមាណ​៩និង៣០នាទីព្រឹក ម៉ោងនៅម៉ូស្គូ ត្រូវជាម៉ោង៦កន្លះព្រឹក ម៉ោងសកល​។

ក៏ប៉ុន្តែ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិក បាន​ឆ្លើយ​នៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីយប់មិញនេះ ថាភាគីរុស្ស៊ីមិនចាំបាច់ប្រឹងកុហកដល់ម្លឹងទេ។ លោកបានចោទថា ទង្វើរបស់កងទ័ពរុស្ស៊ីជាទង្វើ​​ដែលគ្មានការពិចារណាទាល់តែសោះ។ លោកអះអាងថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ពរុស្ស៊ីបានចេញ​មក​រំខាន ដល់ការហោះល្បាត​សាមញ្ញរបស់ដ្រូនអាមេរិក ជាច្រើនលើកច្រើនសារហើយ នៅ​ក្នុងតំបន់ពីលើសមុទ្ទខ្មៅនេះ តែទើបតែលើកនេះទេ ដែលកងទ័ពរុស្ស៊ីបានរំខាន ធ្វើឲ្យ​ដ្រូនអាមេរិក​ធ្លាក់ចូលសមុទ្រ។ លោក​បាន​បន្ថែមថា ភ្លាម​ៗក្រោយ​ធ្លាក់ដ្រូន កងទ័ពអាមេរិកបានបញ្ជូនយន្តហោះល្បាតសមុទ្រ  P-8A Poseidon ឲ្យ​ទៅក្រវែល​ការពារនៅតំបន់ដែលធ្លាក់ មិនឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរសមុទ្រប្រទេសរូម៉ានី។ ការធ្វើបែបនេះ គឺទំនង​ជា​ដើម្បីរារាំងកុំឲ្យ​នាវារបស់រុស្ស៊ី មកស្រង់យកដ្រូននេះបាន​។​

ករណីលើកទីមួយ ឆ្លុះបញ្ចាំងពីស្ថានភាព​ដ៏ផុយស្រួយ

តំបន់សមុទ្ទខ្មៅ គឺជាតំបន់ប្រឈមខ្លាំងណាស់ នៅក្រោយ​វិបត្តិផ្ទុះសង្គ្រាមនៅអ៊ុយក្រែន​។ វាជាលើកទីមួយហើយ ដែល​យានដ្រូន​របស់កងទ័ពអាមេរិក ធ្លាក់ក្នុងតំបន់នេះ។ ប្រមាណ​ជាង​១ឆ្នាំមកនេះ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តអូតង់ បានចៀសវាងមិនចូលរួម​ដោយ​ផ្ទាល់​ក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ដោយ​មិនចង់​ប្រកាសសង្គ្រាមជាមួយរុស្ស៊ី។ តែកងទ័ពសម្ព័ន្ធមិត្តបានបញ្ជូន​យានដ្រូន និងយន្តហោះ ទៅក្រវែលជាញឹកញាប់ នៅតំបន់ពីលើសមុទ្រខ្មៅ​ ទីមួយ​ដើម្បីការពារសន្តិសុខប្រទេស​ក្នុងតំបន់ ដែលជាសមាជិកអូតង់ផង និង​ដើម្បី​ប្រមូលទិន្នន័យ​ព័ត៌មាន ជួយកងទ័ពអ៊ុយក្រែន​។ តែជាការហោះក្រវែលនៅលើដែនអាកាសអន្តរជាតិ។

ជាមួយនឹងសកម្មភាពកាន់តែសកម្ម របស់​សម្ព័ន្ធមិត្តលោកខាងលិច​នៅតំបន់​នេះ ភាគីរុស្ស៊ី​អាចនឹងកាន់ក្រេវក្រោធ ខឹងទ្រាំលែងបាន អាចបញ្ជាយន្តហោះឲ្យ​កំញើញ បណ្តេញជាដើម។ ត្រង់នេះហើយ ដែលវាបង្កើនកម្រិតនៃការប្រឈម អាចឈានទៅ​មាន​គ្រោះថ្នាក់ជាយកថាហេតុណាមួយ ដោយអចេតនា។ គ្រោះថ្នាក់អាចកើត​ឡើង​មួយរំពេច ហើយអាចឈានទៅ​បញ្ឆេះភ្លើងសង្គ្រាមដោយ​ផ្ទាល់ រវាង​អូតង់ និងរុស្ស៊ី​។​ កាលពីថ្ងៃទី​២៩ កញ្ញា ឆ្នាំមុន យន្តហោះចម្បាំងរ Su-27 របស់រុស្ស៊ី បានបាញ់មីស៊ីល​មួយរួចទៅហោះ សំដៅទៅប្រផិតកៀកនឹង​យន្តហោះស៊ើបការណ៍ RC-35 របស់អង់គ្លេស ដែលកំពុងតែហោះប៉ាទ្រុយនៅ​លើសមុទ្រខ្មៅ​។

ខាំមាត់សង្កត់ចិត្តរៀងខ្លួន​

យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា នៅក្រោយ​ហេតុការណ៍ធ្លាក់យានដ្រូនអាមេរិក​នេះ ភាគីអាមេរិក ទោះបីចោទរុស្ស៊ីដោយចំៗមែន តែគេហាក់​បានថ្លឹងថ្លែងពាក្យពេជន៍ណាស់​​ មិន​ដុតកំហឹងឲ្យឆេះរោលខ្លាំងនោះទេ ដោយ​ព្យាយាមទប់ ​កុំឲ្យ​វាក្លាយ​ចំណុចចាប់ផ្តើម​នៃសង្គ្រាម។ ថ្វីត្បិតភាគីអាមេរិក អះអាងថាគេមាន​វីដេអូជា​ភស្តុតាង បញ្ជាក់ពីសកម្មភាព​រករឿងមកលើយានដ្រូនគេ​ ពីសំណាក់​យន្តហោះចម្បាំងរុស្ស៊ីក៏ដោយ តែមន្ត្រីអាមេរិក បានថ្នមមាត់ មិនអះអាងចោទលើចេតនា​អាក្រក់របស់រុស្ស៊ីនោះទេ។ លោក Ned Price អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិកវិញ បានលើកឡើងដែរថា ភាគីអាមេរិក កំពុងនិយាយជាមួយភាគីរុស្ស៊ី​ដោយផ្ទាល់ ដើម្បីប្រាប់ពីការ​ជំទាស់ដ៏ខ្លាំងក្លា ចំពោះទង្វើរបៀបនេះ របស់រុស្ស៊ី។

ជាប្រតិកម្ម​ក្រោយ​ការធ្លាក់យានដ្រូននេះ​ ក្រសួងការបរទេសអាមេរិក បានកោះហៅ​លោក Anatoli Antonov អគ្គរដ្ឋទូតរុស្ស៊ី​ឲ្យចូលចូលជួប​។ ហើយ​បើផ្អែកតាមការចុះផ្សាយរបស់​បណ្តាញព័ត៌មានរុស្ស៊ី RIA ក្នុងពេលចូលទៅក្រសួងការបរទេសអាមេរិក លោកអគ្គរដ្ឋទូតរុស្ស៊ីបាន​បដិសេធការចោទ ហើយអះអាងរុស្ស៊ីចាត់ករណី​នេះជាករណីបង្ករឿងពីខាងអាមេរិក។ លោក​Anatoli Antonov អះអាងទៀតថា ចំពោះខាងរុស្ស៊ីវិញ គឺរុស្ស៊ី​គ្មានចេតនាណាមួយ ចង់​ឲ្យ​មាន​ការប្រឈមមុខគ្នាដោយ​ផ្ទាល់ រវាងអាមេរិកនិងរុស្ស៊ីនោះទេ។ ជារួមយើងឃើញថា ភាគីទាំងសងខាងខំប្រឹងទប់រៀងៗខ្លួន មិនមាន​នរណាបញ្ឆេះនរណាទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ