អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​ប្រធានាធិបតីអាមេរិក ប្រឹង​សំអិតសំអាង​ភាព​ជា​ដៃគូ​ជាមួយ​​​អាហ្វ្រិកខាងត្បូង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃសុក្រ​ទី ១៦​កញ្ញា ក្នុង​ឱកាស​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា Cyril Ramaphosaនៅសេតវិមាន លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​លើក​សរសើរ​អំពីភាព​ជា​ដៃគូ​ដ៏​ចាំបាច់​រវាង​ប្រទេស​ទាំងពីរ។ អាហ្វ្រិក​ខា​ងត្បូង​ចង់​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ក៏​ចង់​រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​ប្រទេស​អាហ្វ្រិក​ខា​ងត្បូង និង​ជាមួយ​អាហ្វ្រិក​ជាទូទៅ​ដែរ។ ប៉ុន្តែ​ជំនួប​ពិភាក្សា​រវាងប្រមុខ​ដឹកនាំទាំងពីរ មិន​អាច​ឈូសឆាយ​អស់​នូវ​គំនិត​ខ្វែង​គ្នា​ជុំ​វិញ​សង្គ្រាម​នៅអ៊ុយក្រែន​ទេ។

ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក Cyril Ramaphosa និង​លោក​ចូ បៃដិន នៅសេតវិមាន ថ្ងៃទី ១៦ កញ្ញា ២០២២
ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក Cyril Ramaphosa និង​លោក​ចូ បៃដិន នៅសេតវិមាន ថ្ងៃទី ១៦ កញ្ញា ២០២២ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​សរសើរ​​​អាហ្វ្រិក​ខា​ងត្បូង​ ​ជា​ប្រទេស​ដ៏​ល្អ​ស្អាត​ និង​បាន​រំលឹក​ឡើង​វិញ​ពីការ​តស៊ូ​​ប្រឆាំង​​នឹង​ចលនា​ប្រកាន់​ពូជសាសន៍​Apartheid កាលលោក​នៅ​ជា​សមាជិក​ព្រឹទ្ធសភាមក លោក​បៃដិន ដែលមាន​លោក ស៊ីរីល​ រ៉ាម៉ាហ្វូហ្សា ​អង្គុយក្បែរ​​ បាន​ប្រកាស​ ថា “យើង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​យើង​យល់​ពី​គ្នា”។ ជាទូទៅ​​ឃ្លាបែប​នេះ មាន​ន័យ​ថា មាន​ចំណុចខ្វែង​គ្នា​​ដែល​ត្រូវ​លើក​យក​មក​ជជែកវែកញែក ដើម្បី​​បំភ្លឺ​គ្នា​នៅក្នុង​កិច្ចប្រជុំ។​

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ប្រមុខ​ដឹកនាំ​រដ្ឋ​ទាំង​ពីរ បាន​បង្ហាញ​ឆន្ទៈ​ចង់​ពង្រឹង​ពង្រីក ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​អាមេរិក​មាន​ក្រុមហ៊ុន​ជាង​៦០០​រួច​ទៅហើយ​នៅក្នុង​ប្រទេសអាហ្វ្រិក​ខាង​ត្បូង។ បើ​តាម​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង កិច្ចសន្ទនា​ជាមួយ​លោក​ចូបៃដិន ក៏​មាន​ផ្តោត​ផងដែរ ទៅ​លើបញ្ហា​​​ស្ថិរភាព​ ​និង​សន្តិសុខ​អន្តរជាតិ ព្រមទាំង​កិច្ចសន្យា​លម្អិត​ទាក់ទង​នឹង​ជំនួយ​៨៥០០​លាន​ដុល្លារ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង​ធ្វើ​អន្តរកាល​ថាមពល​ ឈាន​ទៅ​ផ្តាច់​ខ្លួនពី​ការ​ប្រើប្រាស់​ធ្យូងថ្ម ទៅ​រក​ថាមពល​ស្អាត។​

ប៉ុន្តែ​ក្រៅ​អំពី​សំណុំ​រឿង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ល្អ​ពេល​ប្រឈម​​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ មាន​ដំរី​មួយក្បាល​ក្នុង​បន្ទប់​ប្រជុំ មក​បាំង។ នៅ​អាហ្វ្រិក គេ​ប្រើ​ពាក្យ​ថាដំរី ​គឺសំដៅ​លើ​រុស្ស៊ី។ ​អាហ្វ្រិក​ខាង​ត្បូង ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅលើ​ទ្វីប​អាហ្វ្រិក​ជា​ច្រើន​ផ្សេង​ទៀត មិន​បាន​បញ្ចេញ​សំឡេងគាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​​អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​​​រុស្ស៊ី​​ដែល​បើក​ប្រតិបត្តិការ​យោធា​ ចូល​ឈ្លានពាន​អ៊ុយក្រែនទេ។

រុស្ស៊ី​និង​ចិន​ ជា​ចំណុច​រសើប​

ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ និងបាន​​ចាប់​ដៃ​គ្នា​យ៉ាង​រលាក់​ដ៏​ស្និទ្ធស្នាល​​មក លោក ស៊ីរីល ម៉ារ៉ាហ្វូហ្សា បាន​​​បញ្ជាក់​​ថា លោក​បាន ជជែក​អំពី​បញ្ហារុស្ស៊ី​​ជា​មួយ​បៃដិនក្នុង​ជំនួប​ដ៏​វិជ្ជមាន​និង​ប្រកប​ដោយផ្លែផ្កា​​ ដោយ​រំលឹក​ថា អាហ្វ្រិក​ខាង​ត្បូង​មិន​ប្តូរ​ជំហរ​ទេ។ លោក​បៃដិន​ ត្រូវ​គោរព​សេចក្តីសម្រេច​របស់​អាហ្វ្រិក​ខាង​ត្បូង ​នៅ​ជា “អព្យាក្រិត្យ” ដែល​មិន​តម្រឹម​ខ្លួន​ ទៅ​កាន់​ជើង​ខាង​ណា។

តាំង​ពី​រុស្ស៊ី​ចាប់​វាយប្រហារ​យោធា​ចូល​ឈ្លានពាន​អ៊ុយក្រែន​ភ្លាម​ អាហ្វ្រិក​ខាង​ត្បូង ​ធ្លាប់​បាន​អះអាង​ជា​ច្រើន​លើក​រួច​ហើយ ថា​មិន​ព្រម​ស្ថិត​ក្រោម​សម្ពាធ​របស់​លោក​ខាង​លិច​ ក្នុង​ការ​ថ្កោលទោស​របប​ដឹកនាំ​របស់​លោក​ពូទីន​ទេ ព្រោះ​សេចក្តី​សម្រេច​ចិត្ត​ថ្ងៃ​នេះ មាន​មូលហេតុ​របស់​វា។ គេ​មិន​អាច​បំភ្លេច​អតីតកាល​និង​មេរៀន​ប្រវត្តិសាស្ត្រ​បាន​ឡើយ។ អាហ្វ្រិក​ខាង​ត្បូងមិន​ភ្លេច​ការ​គាំទ្រ​របស់​សហភាព​សូវៀត ក្នុង​ការ​លុប​បំបាត់​របប​Apartheid ដែល​ក្រុម​មហាអំណាច​លោក​ខាង​លិច​បានបណ្តោយ​ឱ្យ​រីក​ដុះដាល។ នេះ​បើ​តាម​ការ​ពន្យល់​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាហ្វ្រិក​ខា​ងត្បូង កាលពី​ខែ​សីហា ពេល​លោក​អង់តូនី ប្លីងកិន ប្រមុខ​ការ​ទូត​អាមេរិក​អញ្ជើញ​​​ទៅ​បំពេញ​ទស្សនកិច្ច​នៅទីនោះ។

ជាង​នេះទៅទៀត លោកប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង បាន​ឆ្លៀត​រិះគន់​ គម្រោង​ច្បាប់​ ​ដែល​សភា​អាមេរិកកំពុង​សិក្សា សំដៅ​ចាត់​ទុក​សកម្មភាព​រុស្ស៊ី​នៅ​អាហ្វ្រិក​ថា​ជា​គ្រោះថ្នាក់។ សម្រាប់​ លោក ស៊ីរីល ម៉ារ៉ាហ្វូហ្សា ប្រសិន​បើ​អាមេរិក​អនុម័ត​គម្រោង​ច្បាប់​នេះ​មែន នោះ​អាហ្វ្រិក​នឹង​មាន​អារម្មណ៍​ ជាជន​​រងគ្រោះ ព្រោះតែ​មាន​​រុស្ស៊ី​ជា​ដៃគូ​របស់​អាហ្វ្រិក​។ វាពិត​ជា​អយុត្តិធម៌​ណាស់ ដែល​អាមេរិក​មក​ដាក់​ទណ្ឌកម្ម​ប្រទេស​នៅអាហ្វ្រិក​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​មូស្គូ​នោះ។ នេះ​បើតាម​ការ​អះអាង​របស់​លោក ម៉ារ៉ាហ្វូហ្សា​ដដែល។

អាហ្វ្រិកទទួល​​ឥទ្ធិពលនយោបាយ​និង​ យោធា​ របស់​រុស្ស៊ី​កាន់​តែខ្លាំង​​ហើយ ថែម​ទាំង​បាន​ចងក្រង​​សម្ព័ន្ធភាព​សេដ្ឋកិច្ច​ជាមួយ​ចិន​ទៀត។ អាហ្វ្រិក​ខាង​ត្បូង​ជាពិសេស​ មានទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​ចិន។ តែ​បទ​ពិសោធន៍​នៃ​ទំនាក់ទំនង​ចិន-អាហ្វ្រិក​ ក៏​មាន​ទស្សនៈ​វិស័យ​វិជ្ជមាន និង​អវិជ្ជមាន​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក ចាប់​មាន​ផែនការ​សម្រុក​ផ្សារភ្ជាប់ទំនាក់​ទំនងការទូត​​ជាមួយ​អាហ្វ្រិក​។ 

អាមេរិក​ចង់​ពង្រឹងការទូត​នៅអាហ្វ្រិក

​លោក ចូបៃដិន មិន​ទាន់​ដែល​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិក​នៅឡើយ​ទេ គិត​ចាប់​តាំង​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​មក ប៉ុន្តែ​លោក​បាន​ផ្តួចផ្តើម​គំនិត រៀប​ចំ​បើក​ជំនួបកំពូលអាមេរិក-អាហ្វ្រិក​នៅ ​ខែ​ធ្នូ​ ចុង​ឆ្នាំ នៅ​វ៉ាស៊ីនតោន ដើម្បី​បាន​ជួប​មេដឹកនាំ​នៃ​បណ្តា​ប្រទេសនៅ​​អាហ្វ្រិក​។ ​ដើម្បី​អាច​សម្រេច​បំណងការ​ទូត​​នេះ​បាន​ អាមេរិក​​​ត្រូវការ និង​ត្រូវ​​តែ​និយាយ​ដោយ​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​មហាអំណាច​របស់​ទ្វីប​អាហ្វ្រិក គឺអាហ្វ្រិក​ខាង​ត្បូង។

មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ ​អាហ្វ្រិក​ខាង​ត្បូង​ជា​ជម្រើស​​ដ៏​ប្រពៃ​ជាង​គេ​បំផុតដែល​អាមេរិក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​សំអិត​សំអាង​ទំនាក់​ទំនង។ ខុស​ពី​រដ្ឋបាល​អាមេរិក​មុន លោក​បៃដិន ផ្តល់​ការ​រាប់​អាន និង​ភាព​រាក់ទាក់​ខ្លាំង​ជាមួយ​​អ្នក​ទទួល​ខុស​ត្រូវ​អាហ្វ្រិក​ខាង​ត្បូង។ ហើយ​​កាន់​តែ​​​កម្រទៅ​ទៀត គឺក្រោយ​ពី​បាន​ជួប​ពិភាក្សា​គ្នា​រួច លោក​បៃដិន បាន​ជូន​ដំណើរ​ភ្ញៀវ​ ត្រលប់​ទៅ​វិញ រហូត​ដល់​មាត់​ទ្វារ​ឡាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ