អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតប្រធានាធិបតីបារាំង៖ជម្រើសរបស់ពលរដ្ឋគាំទ្រលោកម៉ាក្រុងជាជម្រើសប្រឆាំងលោកស្រីឡឺប៉ែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ នា​ថ្ងៃ​អាទិត្យ ទី២៤ មេសា​បាន​ផ្តល់​ជោគជ័យ​ឲ្យ​ប្រធានាធិបតី​ផុតអាណត្តិ​លោក​អេម៉ានុយអែល ម៉ាក្រុង​មក​ពី​គណបក្ស « សាធារណរដ្ឋ​កំពុង​ដើរ​ទៅ​មុខ » ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥៨,៥៤%។ ចំណែក​គូប្រជែង​របស់​លោក​ម៉ាក្រុង​គឺ​លោកស្រី​ម៉ារីន ឡឺប៉ែន​មក​ពី​គណបក្ស « ប្រមូលផ្តុំជាតិ » ដែល​ជា​គណបក្សស្តាំនិយមជ្រុល​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៤១,៤៦%។ ចប់​ហើយ​ការ​បោះឆ្នោត​ប្រធានាធិបតី តែ​បារាំង​ត្រៀម​រៀបចំ​បោះឆ្នោត​សភា​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ។

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​ភរិយាក្រោយ​ការ​ជាប់ឆ្នោត​អាណត្តិថ្មីនាយប់ថ្ងៃ​ទី២៤ មេសា ២០២២។
ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​ភរិយាក្រោយ​ការ​ជាប់ឆ្នោត​អាណត្តិថ្មីនាយប់ថ្ងៃ​ទី២៤ មេសា ២០២២។ AP - Thibault Camus
ផ្សាយពាណិជ្ជកម្ម

មាន​កំណត់សម្គាល់​ច្រើន​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​នៅ​ជុំ​ទី២ នា​ថ្ងៃ​អាទិត្យ ទី២៤ មេសា។ មុន​គេ គឺ​ជម្រើស​របស់​ពលរដ្ឋ​បារាំង​នៅ​ក្នុង​ចំណោម​បេក្ខជន​ពីរ​នាក់​ដែល​ពួក​គេ​ធ្លាប់​បាន​ជ្រើសរើស​ម្តង​ក្នុង​ឆ្នាំ ២០១៧ រវាង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រី​ម៉ារីន ឡឺប៉ែន។ កាល​ពី ៥ឆ្នាំ​មុន ពលរដ្ឋ​បារាំង​បាន​ជ្រើស​យក​លោក​ម៉ាក្រុង ហើយ​នៅ ៥ឆ្នាំ​ក្រោយ​មក គឺ​រូប​លោក​ម៉ាក្រុង​ដដែល​នេះ​ដែល​ពលរដ្ឋ​បារាំង​បាន​ជ្រើស​យក​ឲ្យ​កាន់​តំណែង​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត។ កាល​ពី ៥ឆ្នាំ​មុន ចំនួន​អ្នក​មិន​ទៅ​បោះឆ្នោត​មាន​អត្រា ២៥,៤៤%។ តែ​ការ​បោះឆ្នោត​លើក​នេះ ចំនួន​អ្នក​មិន​ទៅ​បោះឆ្នោត​មាន​ដល់​ទៅ ២៨%។

នេះ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន គិត​តាំង​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ១៩៦៩ ដែល​អត្រា​អ្នក​មិន​ទៅ​បោះឆ្នោត​មាន​ចំនួន ៣១%។ កាល​ពី ៥ឆ្នាំ​មុនលោក​ម៉ាក្រុង​ទទួល​បាន​សំឡេង​គាំទ្រ​លើស​លោកស្រី​ឡឺប៉ែន​ដល់​ទៅ ១០លានសំឡេង។ តែ​នៅ ៥ឆ្នាំ​ក្រោយ​មក លោក​ម៉ាក្រុង​ទទួល​បាន​សំឡេង​គាំទ្រ​លើស​លោកស្រី​ឡឺប៉ែន​តែ​ជាង ៥លាន ៥សែន​សំឡេង​ប៉ុណ្ណោះ។ នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា សំឡេង​គាំទ្រ​លោកស្រី​ឡឺប៉ែន​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ រវាង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៧ និង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០២២ លោកស្រី​ឡឺប៉ែន​ទទួល​បាន​សំឡេង​គាំទ្រ​បន្ថែម​ជិត ៨%។

សំឡេង​គាំទ្រ ៤១,៤៦% ដែល​លោកស្រី​ឡឺប៉ែន​បាន​ទទួល​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២ នេះ​ជា​សំឡេង​មួយ​ដែល​គណបក្សស្តាំនិយមជ្រុល​មិន​ធ្លាប់​ទទួល​បាន​ទេ​នៅ​ក្នុង​ប្រវត្តិ​របស់​គណបក្ស​តាំង​ពី​ជំនាន់​លោក​ហ្សង់ ម៉ារី ឡឺប៉ែន​ដែល​ជា​ឱពុក និង​ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ចំនួន ៥ដង។ ដូច្នេះ​សម្រាប់​លោកស្រី​ឡឺប៉ែន​ដែល​មាន​អាយុ ៤៤ឆ្នាំ នេះ​ជា​ជោគជ័យ​មួយ​ដែល​គេ​មិន​អាច​មិន​សាទរ​បាន​ទេ ទោះ​បី​ជា​ការ​ឈរ​ឈ្មោះ​របស់​លោកស្រី​លើកទី៣ នេះ នៅ​មិន​ទាន់​អាច​អនុញ្ញាត​ឲ្យ​លោកស្រី​ដណ្តើម​អំណាច​បាន​ក៏​ដោយ។

ពលរដ្ឋ​បារាំង​បោះឆ្នោត​ប្រឆាំង​លោកស្រី​ម៉ារីន ឡឺប៉ែន?

តើ​ការ​ដែល​ពលរដ្ឋ​បារាំង​បាន​បោះឆ្នោត​ឲ្យ​លោក​ម៉ាក្រុង​កាន់​តំណែង​មួយ​អាណត្តិ​ទៀត​ពេល​នេះ​មិនមែន​ដោយសារ​តែ​លោក​បាន​ដឹកនាំ​ប្រទេស​បាន​ល្អ​នា​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ​ទេ ឬ​យ៉ាង​ណា?។ អាច​មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ​ដោយ​អ្នក​ខ្លះ​បាន​មើល​ឃើញ​ថា លោក​ម៉ាក្រុង​ធ្វើ​ការ​បាន​ល្អ និង​ចង់​ឲ្យ​លោក​បញ្ចប់​ការងារ​មួយ​ចំនួន​ដែល​លោក​គ្មាន​ពេល​បញ្ចប់​ក្នុង​អាណត្តិ​កន្លង​ទៅ។ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា ពួក​គេ​មិន​សប្បាយចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​ម៉ាក្រុង​ទេ តែ​ការ​ដែល​ពួក​គេ​បាន​បោះឆ្នោត​ឲ្យ​លោក​ម៉ាក្រុង គឺ​មក​ពី​ពួក​គេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​រារាំង​កុំ​ឲ្យ​លោកស្រី​ឡឺប៉ែន​ឡើង​កាន់​អំណាច។

បើ​តាម​មើល​ទៅ ហេតុផល​ចុង​ក្រោយ​នេះ​អាច​មាន​ការ​ពិត​ច្រើន​ជាង ព្រោះ​ចូរ​កុំ​ភ្លេច​ថា ពលរដ្ឋ​បារាំង​ភាគ​ច្រើន​ហាក់​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ផ្តល់​អំណាច​ឲ្យ​គណបក្សស្តាំនិយមជ្រុល និយាយ​ជា​រួម និង​ឲ្យ​លោកស្រី​ម៉ារីន ឡឺប៉ែន និយាយ​ដោយ​ឡែក​នៅ​ឡើយ​ទេ។ ត្រង់​ចំណុច​នេះ លោក​ម៉ាក្រុង​បាន​ទទួល​ស្គាល់ និង​បាន​យល់​ច្បាស់​ណាស់។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​សុន្ទរកថា​ជួបជុំ​ដើម្បី​អបអរ​ជ័យជម្នះ​ក្នុង​យប់​ថ្ងៃ​អាទិត្យ ទី២៤ មេសា លោក​ម៉ាក្រុង​បាន​បញ្ជាក់​ច្បាស់ៗ​ថា អាណត្តិ​ថ្មី​ជា​យុគសម័យ​ថ្មី​ដែល​មិនមែន​ជា​ការ​បន្ត​ការងារ​អាណត្តិ​ចាស់​ដែល​ទើប​បិទបញ្ចប់​ទេ។

អាណត្តិ​ថ្មី​ដែល​លោក​ម៉ាក្រុង​សន្យា​ធ្វើ​ការ​ផ្លាស់ប្តូរ​របៀប​ដឹក​នាំ​ដើម្បី​បម្រើ​ពលរដ្ឋ​គ្រប់​និន្នាការ​ដោយ​គ្មាន​បោះបង់​នរណា​ម្នាក់​ចោល​ទេ ទោះ​អ្នក​នោះ​មិន​បាន​បោះឆ្នោត​ឲ្យ​លោក​ក៏​ដោយ។ លោក​ម៉ាក្រុង​យល់​មិន​ច្រឡំ​ទេ​ថា​ជាង​ពេល​ណាៗ​ទាំង​អស់ សង្គម និង​បរិបទ​នយោបាយ​បារាំង​បច្ចុប្បន្ន​កំពុង​ស្គាល់​ភាព​តានតឹង និង​បែកបាក់​ដែល​លោក​ត្រូវ​រៀបចំ​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​បង្រួបប្រង្រួម និង​ផ្សះផ្សា​ឡើង​វិញ។

សមរភូមិ​បោះឆ្នោត​សភា​បាន​ចាប់​ផ្តើម

ចប់​ហើយ​ការ​បោះឆ្នោត​ប្រធានាធិបតី តែ​ការ​បោះឆ្នោតជាតិ​នៅ​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ ព្រោះ​នៅ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា។ ក៏​ដូច​ជា​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ពីរ​ជុំ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១២ និង​ថ្ងៃទី១៩ មិថុនា​ខាង​មុខ។ តែ​បើ​លោក​ម៉ាក្រុង​សម្រេច​ប្រកាស​រំលាយ​សភា​ពី​ពេល​នេះ​ទៅ​ថ្ងៃទី១២ មិថុនា ការ​បោះឆ្នោត​សភា​នឹង​ត្រូវ​រៀបចំ​មុន​ថ្ងៃ​កំណត់។ គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ពិសេស​ក្នុង​អាណត្តិចាស់​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ លោក​ម៉ាក្រុង​បាន​ដឹកនាំ​ប្រទេស​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​គណបក្ស​របស់​លោក​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា។

លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​ទី១ ដែល​បាន​ជាប់ឆ្នោត​អាណត្តិ​ថ្មី ខណៈ​ដែល​រដ្ឋាភិបាល​របស់​លោក​មិនមែន​ជា​រដ្ឋាភិបាល​ចម្រុះ មាន​ន័យ​ថា មិនមែន​ជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​មក​ពី​គណបក្ស​ផ្សេង។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​នា​ការ​បោះឆ្នោត​សភា​ខាង​មុខ ពលរដ្ឋ​បារាំង​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ច្រើន​ជាង​គេ​ទេ។ បើ​គណបក្ស​របស់​លោក​នឹង​គ្មាន​សំឡេង​ភាគ​ច្រើន​នៅ​សភា​ទេ លោក​ពិត​ជា​​ពិបាក និង​អាច​ពិបាក​ធ្វើ​ការ ពិសេស​ពិបាក​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​ដែល​លោក​ចង់​បាន ចូរ​កុំ​ភ្លេច​ថា បើ​គណបក្ស​ផ្សេង​ឈ្នះ​ឆ្នោត​នា​ការ​បោះឆ្នោត​សភា​ខាង​មុខ លោក​ម៉ាក្រុង​ក្នុង​នាម​ជា​ប្រធានាធិបតិ​ត្រូវ​បង្ខំ​ចិត្ត​ចាប់​ដៃ​ធ្វើ​ការ​ជាមួយ​នាយករដ្ឋមន្រ្តី​ម្នាក់​មក​ពី​គណបក្ស​ផ្សេង​នោះ។

គួរ​រម្លឹក​ថា​នៅ​ក្នុង​ប្រទេស​បារាំង រូបភាព​នយោបាយ​របៀប​នេះ​ធ្លាប់​បាន​កើត​មាន​ចំនួន ៣ ដង គឺ​ចន្លោះ​ឆ្នាំ ១៩៨៦-១៩៨៨ ចន្លោះ​ឆ្នាំ ១៩៩៣-១៩៩៥ និង​ចន្លោះ​ឆ្នាំ ១៩៩៧-២០០២។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រូបភាព​នយោបាយ​របៀប​នេះ​អាច​នឹង​កើត​មាន​ជា​ថ្មី​ឬ​អត់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន សមរភូមិ​ថ្មី​ដើម្បី​ដណ្តើម​កៅអី​តំណាងរាស្រ្ត​នៅ​ក្នុង​សភា​បាន​ចាប់​ផ្តើម​សម្រាប់​គ្រប់​គណបក្ស​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ