អានតួអត្ថបទ
បារាំង-បោះឆ្នោតប្រធានាធិបតី

បារាំង៖ លោក អេម៉ានុយអែល ម៉ាក្រុង ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​មួយ​អាណត្តិទៀត

ឆ្លងកាត់ការបោះឆ្នោតប្រធានាធិបតីបារាំង ជុំទី​២ កាលពីថ្ងៃអាទិត្យ​ទី២៤មេសា​ លទ្ធផល​បានបង្ហាញថា គឺ​លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​បាន​ឈ្នះធ្វើជាប្រធានាធិបតី​មួយអាណត្តិទៀត ជាមួយ​នឹងសំឡេងឆ្នោត ជាង​៥៨%។ ចំណែក​លោកស្រី​ម៉ារីន ឡឺប៉ែន ដែលជាគូប្រជែង បានសំឡេង​ឆ្នោតចំនួន​ជាង ៤១%។ ដោយឡែក យោងតាម​ការ​ប៉ាន់ស្មាន អត្រាអ្នក​មិនទៅបោះឆ្នោត មានប្រមាណ​២៨%  នៃចំនួនប្រជាជន​ក្នុងបញ្ជីឈ្មោះ​បោះឆ្នោត ទាំងអស់ប្រមាណ​៤៩លាននាក់​។ មានន័យថា ប្រជាជនបារាំងប្រមាណ​១៤លាននាក់ ដែលបាន​បដិសេធ មិនជ្រើសរើស​រវាងលោក​ម៉ាក្រុង និង​​លោកស្រី ឡឺប៉ែន​។ យ៉ាងណាក៏ដោយ លោក​ម៉ាក្រុង បានថ្លែងសុន្ទរកថា ថាលោក​នឹងធ្វើជាប្រធានាធិបតី​ បម្រើប្រជាពលរដ្ឋបារាំងទាំងអស់ ដោយ​មិន​បោះបង់ចោល​នរណាម្នាក់ឡើយ។

សកម្មជន និងអ្នកគាំទ្រ ឈររងចាំស្តាប់សុន្ទរកថាជ័យជំនះ របស់​លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលឈ្នះឆ្នោតមួយអាណត្តិទៀត។ ទីលាន Champ de Mars ខាងក្រោម ទួអេហ្វែល ក្រុងប៉ារីស ថ្ងៃទី២៤ មេសា ២០២២
សកម្មជន និងអ្នកគាំទ្រ ឈររងចាំស្តាប់សុន្ទរកថាជ័យជំនះ របស់​លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលឈ្នះឆ្នោតមួយអាណត្តិទៀត។ ទីលាន Champ de Mars ខាងក្រោម ទួអេហ្វែល ក្រុងប៉ារីស ថ្ងៃទី២៤ មេសា ២០២២ AP - Rafael Yaghobzadeh
ផ្សាយពាណិជ្ជកម្ម

គឺនៅទីលាន​ Champ de Mars ខាងក្រោម​ទួអេហ្វែល ដែលលោក​ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង បានរៀបចំកម្មវិធីជួបជុំជាមួយ​អ្នកគាំទ្រទាំងអស់ ដើម្បី​អបអរជ័យជំនះ របស់លោក ក្នុងការបោះឆ្នោត​ប្រធានាធិបតីអាណត្តិថ្មី។

បន្ទាប់ពី​បានថ្លែងអំណរគុណ ដល់សកម្មជន ក៏ដូចជាអ្នកនយោបាយ​ដែល​បានគាំទ្ររូបលោក លោក​ម៉ាក្រុង បានអរគុណប្រជាពលរដ្ឋបារាំងទាំងអស់​ ដែលបានសម្តែងមតិ ផ្តល់សេចក្តីទុកចិត្តមកលើរូបលោក ឲ្យ​ដឹកនាំប្រទេស​៥ឆ្នាំទៀត។

លោក​ប្រធានាធិបតីម៉ាក្រុង បាន​សន្យាថា ក្នុងអាណត្តិថ្មីរបស់​លោក នឹងគឺជាយុគសម័យថ្មី ដែល​លោកនឹងផ្លាស់ប្តូររបៀបដឹកនាំ​ប្រទេស ហើយ​លោកសន្យាថានឹងធ្វើជាប្រធានាធិបតី បម្រើ​ប្រជាជន​បារាំង​ទាំងអស់គ្នា ដោយ​មិនបោះបង់នរណាម្នាក់​ និង​ដោយមិន​ប្រកាន់ថា អ្នកនោះបានបោះឆ្នោត​ឲ្យ​បេក្ខជនផ្សេងឡើយ។

លោក​ម៉ាក្រុងបានអរគុណដែលប្រជាជនបារាំង បាន​លទ្ធភាពជូនលោក៥ឆ្នាំទៀត ដើម្បីឲ្យ​លោក​សម្រេច​គម្រោង កសាងពង្រឹងភាពឯករាជរបស់​ប្រទេស​បារាំង និង​កសាងសហភាពអឺរ៉ុបឲ្យ​កាន់តែរឹងមាំ។ លោក​ម៉ាក្រុងសន្យា នឹងវិនិយោគ​ដើម្បី​ឲ្យ​មានការផ្លាស់​ប្តូរស៊ីជំរៅ បន្តធានាឲ្យ​មានការរីកចម្រើនជាក់ស្តែងសម្រាប់ពលរដ្ឋម្នាក់ៗ រំដោះ​ភាពច្នៃប្រឌិត និង​គំនិតបង្កើតថ្មី ព្រមទាំងធ្វើឲ្យ​បារាំង ក្លាយជាប្រទេសឈានមុខគេ ក្នុងវិស័យ​ការពារបរិស្ថានធម្មជាតិ។

គួរកត់សំគាល់ថា ថ្វីបើ​លោកម៉ាក្រុង​បានឈ្នះឆ្នោតមួយអាណត្តិ តែជាជ័យជំនះ ដែលអ្នកវិភាគនយោ​បាយ​មួយចំនួន លើកឡើងថា មានភាពផុយស្រួយខ្លាំងណាស់។ បរិបទនយោបាយបារាំង ប្រកប​ដោយ​ភាព​តានតឹង និង​ការបែងចែក​បែកបាក់គ្នាក្នុងសង្គម​ ដែល​តម្រូវឲ្យ​លោក​ម៉ាក្រុង ត្រូវតែរកយុទ្ធសាស្ត្រដឹកនាំប្រទេស កសាង​ឯកភាពសាមគ្គីជាតិឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ