អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន៖អាមេរិកច្រានចោលសំណើរបស់រុស្ស៊ី និងដាក់សំណើផ្សេងឲ្យរុស្ស៊ីពិចារណា

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​អ៊ុយក្រែន​កំពុង​បន្ត​ជា​សំណុំរឿង​ប្រទាញប្រទង់​ខ្លាំង​រវាង​ក្រុម​បស្ចិមប្រទេស និង​រុស្ស៊ី។ ខណៈ​ដែល​កិច្ចប្រជុំ​ទម្រង់​ណរម៉ង់ឌី​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង​នា​ថ្ងៃ​ពុធ ទី២៦ មករា​ទទួល​បាន​លទ្ធផល​ស្តួចស្តើង អាមេរិក​បាន​ឆ្លើយ​តប​ជា​លាយលក្ខណ៍អក្សរ​ទៅ​កាន់​រុស្ស៊ី​ដោយ​បដិសេធ​លើ​ការ​ទាមទារ​របស់​រុស្ស៊ី។ តែ​ទន្ទឹម​គ្នា​នេះ អាមេរិក​ក៏​បាន​ដាក់​សំណើ​ផ្សេង​ឲ្យ​រុស្ស៊ី​ពិចារណា។ គួរ​រម្លឹក​ថា ក្តី​បារម្ភ​របស់​ក្រុម​បស្ចិមលោក ពិសេស​អាមេរិក គឺ​ការ​ចូល​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​រុស្ស៊ី។

ប្រធានាធិបតីអាមេរិក​លោកបៃដិន និង​សមភាគី​រុស្ស៊ី​លោក​ពូទីន។
ប្រធានាធិបតីអាមេរិក​លោកបៃដិន និង​សមភាគី​រុស្ស៊ី​លោក​ពូទីន។ AFP - ERIC BARADAT,PAVEL GOLOVKIN
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ទម្រង់​ណរម៉ង់ឌី​ជា​ទម្រង់​នៃ​កិច្ចចរចា ៤ភាគី​ចូល​រួម​ដោយ​ប្រទេស​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយក្រែន។ កិច្ចប្រជុំ​ទម្រង់​ណរម៉ង់ឌី​នេះ​បាន​ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ២០១៥ និង​មាន​កម្មវត្ថុ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​ដុនបាស់​ស្ថិត​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ ជម្លោះ​នៅ​តំបន់​ដុនបាស់​នេះ ជា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​អ៊ុយក្រែន និង​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម​ដែល​គាំទ្រ​រុស្ស៊ី។ ពិត​ណាស់ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​ទម្រង់​ណរម៉ង់ឌី គឺ​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​តំបន់​ដុនបាស់។ តែ​រហូត​មក​ដល់​សព្វថ្ងៃ ជម្លោះ​មួយ​នេះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ និង​កំពុង​បន្ត​អូសបន្លាយ។

កិច្ចប្រជុំ​នៅ​ថ្ងៃ​ពុធ ទី២៦ មករា​រយៈពេល​ជាង ៨ម៉ោង​ក៏​ហាក់​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ដែរ។ ភាគី​ពាក់ព័ន្ធ​ផ្ទាល់ គឺ​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ត្រឹម​ឲ្យ​តម្លៃ និង​ឯកភាព​គ្នា​លើ​ការ​រក្សា​បទឈប់បាញ់​នៅ​ក្នុង​តំបន់​ដុនបាស់។ ទោះ​ជា​យ៉ាង​នេះ​ក្តី បារាំង និង​អាល្លឺម៉ង់​ក្នុង​នាម​ជា​អន្តរការី​បាន​សាទរ​ដោយ​បញ្ជាក់​ថា នេះ​ជា​សញ្ញា​ល្អ​ដែល​ជួយ​កាត់​បន្ថយ​ភាព​តានតឹង និង​ការ​ប្រឈម​មុខ​ដាក់​គ្នា។ វិមាន​ប្រធានាធិបតី​បារាំង​បាន​យល់​ឃើញ​ថា នៅ​ក្នុង​បរិបទ​នៃ​ការ​គំរាម​ចូល​ឈ្លានពាន​អ៊ុយក្រែន​ពី​រុស្ស៊ី​ពេល​នេះ ការ​ទទួល​បាន​លទ្ធផល​កម្រិត​នេះ​ពិត​ជា​ប្រសើរ​ណាស់។

តែ​អ្នក​ចរចា​រុស្ស៊ី​បាន​ព្យាយាម​បញ្ជាក់​ថា ស្ថានការណ៍​នៅ​ក្នុង​តំបន់​ដុនបាស់ និង​ស្ថានការណ៍​តានតឹង​នៅ​តាម​ព្រំដែន​អ៊ុយក្រែន រុស្ស៊ី​ពេល​នេះ​ជា​ស្ថានការណ៍​ពីរ​ដាច់​ដោយឡែក​ពី​គ្នា។ យ៉ាង​ណា​ក៏​ដោយ ភាគី​ក្នុង​ទម្រង់​ណរម៉ង់ឌី​បាន​សន្យា​ជួប​គ្នា​ជា​ថ្មី​នៅ ២សប្តាហ៍​ខាង​មុខ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ដើម្បី​បន្ត​ការ​ចរចា​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត។

អាមេរិក​រក្សា​ជំហរ​ដដែល​នៅ​ក្នុង​លិខិត​ផ្ញើ​ឲ្យ​រុស្ស៊ី

នៅ​ទីបំផុត អាមេរិក​បាន​ឆ្លើយ​តប​ជា​លាយលក្ខណ៍អក្សរ​ទៅ​កាន់​រុស្ស៊ី។ ចម្លើយ​ជា​លាយលក្ខណ៍អក្សរ​ដែល​អាមេរិក​សរសេរ​ទៅ​កាន់​រុស្ស៊ី​ពេល​នេះ​ជា​ទម្រង់​ចម្លើយ​ដែល​រុស្ស៊ី​បាន​ទាមទារ​យ៉ាង​ទទូច​ពី​ក្រុម​បស្ចិមប្រទេស​តាំង​ពី​ពាក់កណ្តាល​ខែ​ធ្នូ។ ឥឡូវ​រុស្ស៊ី​ទទួល​បាន​ដូច​ចិត្ត តែ​ខក​ចិត្ត​ខ្លាំង​ដែល​ចម្លើយ​នោះ​មិន​មែន​ជា​ចម្លើយ​ដែល​ខ្លួន​បាន​រង់ចាំ ឬ​អាច​ថា​ជា​ដែល​ខ្លួន​បាន​រង់ចាំ។ មាន ៣ចំណុច​សំខាន់​ដែល​រុស្ស៊ី​ចង់​បាន​ចម្លើយ​ជា​លាយលក្ខណ៍អក្សរ​ពី​អាមេរិក និង​អូតង់ ចំណុច​ទី១ មិន​ត្រូវ​ទទួល​អ៊ុយក្រែន​ជា​សមាជិក​ថ្មី​របស់​អូតង់ ចំណុច​ទី២ អូតង់​ត្រូវ​ដក​ទ័ព ព្រម​ទាំង​គ្រឿងសព្វាវុធ​ពី​បណ្តា​ប្រទេស​សមាជិក​អូតង់​នៅ​អឺរ៉ុបខាងលិច​ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី និង​ចំណុច​ទី៣ សន្តិសុខ​របស់​រុស្ស៊ី​ត្រូវ​តែ​ទទួល​បាន​ការ​ធានា។

អាមេរិក​បាន​ផ្តល់​ចម្លើយ​ជា​លាយលក្ខណ៍អក្សរ​ចំនួន​ពីរ​ច្បាប់​ផ្សេង​គ្នា​ទៅ​ឲ្យ​រុស្ស៊ី ចម្លើយ​ទី១ អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​រក្សា និង​ការពារអធិបតេយ្យភាព និង​បូរណភាពទឹកដី​អ៊ុយក្រែន រួម​ទាំង​សិទ្ធិ​របស់​រដ្ឋ​នីមួយៗ​នៅ​ក្នុង​ជម្រើស​សម្ព័ន្ធភាព និង​ការ​ការពារ​របស់​ពួក​គេ។ អាមេរិក​បញ្ជាក់​ច្បាស់ៗ​ពី​គោលការណ៍​ទ្វារ​បើក​ចំហ​របស់​អូតង់ មាន​ន័យ​ថា គ្មាន​ការ​សន្យា​ជា​ផ្លូវការ​មិន​ឲ្យ​អ៊ុយក្រែន​ចូល​អូតង់​ទេ។ បន្ទាប់​មក អាមេរិក​រម្លឹក​ជា​ថ្មី​ពី​ការ​វាយ​បក​របស់​ក្រុម​បស្ចិមប្រទេស បើ​រុស្ស៊ី​ហ៊ាន​ចូល​ឈ្លានពាន​អ៊ុយក្រែន។

ក្រៅ​ពី​សំបុត្រទី១ ដែល​ច្រាល​ចោល​សំណើ​របស់​រុស្ស៊ី អាមេរិក និង​អូតង់​ក៏​បាន​ដាក់​សំណើ​ឲ្យ​រុស្ស៊ី​វិញ ក្នុង​នោះ អាមេរិក​ស្នើ​ឲ្យ​ជំរុញ​ការ​ចរចា​ផ្លូវការ​ស្តីពី​ការ​គ្រប់គ្រង​គ្រឿងសព្វាវុធ និង​ការ​ជជែក​គ្នា​ត្រង់​ទៅ ត្រង់​មក​ដោយ​តម្លាភាព​ស្តីពី​ស្ថានភាព​យោធា និង​លំហាត់​យោធា​នៅ​អឺរ៉ុប។

ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​នឹង​ផ្តល់​ចម្លើយ​លើ​ចម្លើយ​របស់​អាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មករា រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ចម្លើយ​របស់​អាមេរិក។ តែ​ជា​ប្រតិកម្ម​មួយ​ដែល​មាន​លក្ខណៈ​ការទូត។ វិមាន​ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែង​ថា ទ្វារ​នៃ​ការ​បន្ត​កិច្ចសន្ទនា​ជាមួយ​អាមេរិក​មិន​ទាន់​បាន​បិទ​ទាំង​ស្រុង​ទេ។ តែ​បាន​កត់​សម្គាល់​ឃើញ​ថា សំណើ​របស់​រុស្ស៊ី ពិសេស​ទាក់ទង​នឹង​ការ​ធានា​សន្តិសុខ​ចំពោះ​រុស្ស៊ី​មិន​ត្រូវ​បាន​អាមេរិក​យក​ទៅ​ពិចារណា​ដិតដល់​ឡើយ។ លោក​ឌីមីទ្រី ប៉េស្កូវ អ្នក​នំា​ពាក្យ​វិមាន​ប្រធានាធិបតី​រុស្ស៊ី​បាន​គូសបញ្ជាក់​ពី​ផលប្រយោជន៍​ដែល​រុស្ស៊ី និង​អាមេរិក​ត្រូវ​បន្ត​កិច្ចសន្ទនា​រវាង​គ្នា។

តែ​លោក​ប៉េស្កូវ​បាន​ឆ្លៀត​បន្ថែម​ថា ចម្លើយ​របស់​អាមេរិក និង​អូតង់​ចំពោះ​រុស្ស៊ី​ពេល​នេះ​ហាក់​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ។ ចំណែក​ប្រមុខ​ការទូត​រុស្ស៊ី​បាន​ថ្លែង​ថា ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​នឹង​ផ្តល់​ចម្លើយ​នា​ពេល​ខាង​មុខ​លើ​ចម្លើយ​ជា​លាយលក្ខណ៍អក្សរ​របស់​អាមេរិក និង​អូតង់។ តើ​ជា​ចម្លើយ​ធម៌ក្តៅ ឬ​ធម៌ត្រជាក់​ដែល​លោក​ពូទីន​ត្រៀម​នឹង​ឆ្លើយ​បក​វិញ។ គ្មាន​អ្នក​ណា​អាច​ដឹង​ក្រៅ​ពី​លោក​ពូទីន​ខ្លួន​ឯង​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​បស្ចិម​ប្រទេស​ហាក់​បាន​ត្រៀម​ខ្លួន​តប​នឹង​គ្រប់​ចម្លើយ​ពី​រុស្ស៊ី។ ប្រមុខ​អង្គការ​អូតង់​បាន​បញ្ជាក់​ពី​ការ​បោះដៃ​រក​រុស្ស៊ី តែ​ក៏​បាន​ត្រៀម​ខ្លួន​នឹង​ត តាំង​ទល់​រុស្ស៊ី​ដែរ។ ឃើញ​ថា វិបត្តិ​អ៊ុយក្រែន​ហាក់​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​បិទបញ្ចប់​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ