អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីទៅជាជំហររបស់ចិនក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​អ៊ុយក្រែន​​កំពុងតែ​បង្ក​ឲ្យ​មាន​ការ​ប្រឈមមុខដាក់គ្នា​យ៉ាងតានតឹង​ រវាង​ម្ខាង​រុស្ស៊ី និង​ម្ខាងទៀត​សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប។ ចុះចិនវិញ​ ដែល​ជាប្រទេស​មាន​ទំនោរ​ទៅខាង​រុស្ស៊ី​ តើ​មាន​ជំហរ​យ៉ាងណា​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​នេះ?

លោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​ក្នុង​អំឡុង​ជំនួបផ្ទាល់ កាល​ពីខែវិច្ឆិកា​ឆ្នាំ២០១៩ (រូបថតឯកសារ)
លោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​ក្នុង​អំឡុង​ជំនួបផ្ទាល់ កាល​ពីខែវិច្ឆិកា​ឆ្នាំ២០១៩ (រូបថតឯកសារ) AP - Ramil Sitdikov
ផ្សាយពាណិជ្ជកម្ម

យើងដឹង​ថា ចិន និង​រុស្ស៊ី មាន​គូប្រជែង​រួម​គ្នា គឺ​សហរដ្ឋ​អាមេរិក ហើយ​យើង​ក៏​អាច​សង្កេតឃើញ​ដែរ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ នៅ​ពេល​ប្រទេស​ទាំងពីរ​មាន​ការ​ប្រឈម​មុខដាក់គ្នា​ខ្លាំង​ជាមួយ​អាមេរិក គឺ​រុស្ស៊ី​ក្នុង​សំណុំរឿង​អ៊ុយក្រែន ចំណែក​ចិន ក្នុង​សំណុំរឿង​សិទ្ធិមនុស្ស សមុទ្រចិនខាងត្បូង និងតៃវ៉ាន់ ទំនាក់ទំនង រវាង​ចិន និង​រុស្ស៊ី​ក៏​កាន់តែ​ខិតទៅជិតស្និទ្ធនឹងគ្នា​ទៅតាមនោះផងដែរ។

ដូច្នេះ វា​គួរតែ​ជា​រឿង​ឡូស៊ិច ដែល​​ចិន​គាំទ្រ​រុស្ស៊ី នៅ​ក្នុង​ការ​ប្រឈម​មុខដាក់គ្នា ជាមួយ​ ​អាមេរិក នៅ​ក្នុង​សំណុំរឿង​អ៊ុយក្រែន នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ជាក់ស្តែង នៅ​ក្នុង​ជំនួប​តាម​វីដេអូ រវាង​លោក​វ៉្លាឌីមៀរ ពូទីន និង​លោក​ស៊ី ជីនពីង កាល​ពី​ថ្ងៃទី១៥ ​ខែធ្នូ​កន្លងទៅ លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជាក់​នូវ​ជំហរ​ប្រឆាំង​នឹង​ការ​លូកដៃ​ពី​ខាង​ក្រៅ​ចូល​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​​ ទាំង​កិច្ចការផ្ទៃក្នុង​របស់​រុស្ស៊ី និង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ ចំណែក​លោក​ប្រធានាធិបតី​ចិនវិញ បង្ហាញ​ពី​ជំហរ​ចង់​ឲ្យ​ចិន និង​រុស្ស៊ី បង្កើន​កិច្ចសហប្រតិបត្តិការ​ ហើយ​ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ការពារ​ផលប្រយោជន៍​រួម និង​ដើម្បី​ពង្រឹង​តួនាទី​របស់​ប្រទេស​ទាំងពីរជាមហាអំណាច នៅ​ក្នុង​ការ​ចាត់ចែង​កិច្ចការអន្តរជាតិ។

បន្ថែម​ពីលើ​នេះ​ទៅទៀត នៅ​ក្នុង​បទវិចារណកថា ចុះផ្សាយ​កាល​ពីថ្ងៃ​អង្គារ​កន្លងទៅនេះ កាសែត China Daily ដែល​ជា​កាសែតផ្លូវការរបស់​គណបក្ស​កុម្មុយនិស្ត​ចិន ហើយ​ដែល​ជាទូទៅ តែងតែ​ឆ្លុះបញ្ចាំង​ពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​បង្ហាញផងដែរ​នូវ​ការគាំទ្រ​ចំពោះ​រុស្ស៊ី ក្នុងការទាមទារ​កិច្ចធានា​ខាង​ផ្នែក​សន្តិសុខ​ពី​សំណាក់​អាមេរិក និង​អូតង់ ដោយ​នៅ​ក្នុង​នោះ China Daily បានស្តីបន្ទោស​បក្សសម្ព័ន្ធ​អូតង់​ថា ជាដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខដាក់គ្នា​បច្ចុប្បន្ន តាមរយៈការ​បន្ត​ពង្រីក​ឥតឈប់​នូវ​​សមាជិកភាព​របស់​ខ្លួន ទៅកាន់​អឺរ៉ុប​ខាងកើត ដែល​គួរតែ​ទុក​ជា​តំបន់​ទ្រនាប់ រវាង​អូតង់ និង​រុស្ស៊ី។

ក្រៅពី​ចង់គាំទ្រ​រុស្ស៊ី ដើម្បី​បាន​ជា​គ្នាជាមិត្ត រួមកម្លាំង​ទប់ទល់​ជាមួយ​អាមេរិក ចិន​ប្រហែល​ជា​សំឡឹង​ឃើញ​ផលប្រយោជន៍​សំខាន់​មួយ​ទៀត​ នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​ពេលនេះ គឺ​បញ្ហា​តៃវ៉ាន់។

គេនៅចាំបានថា កាល​ពីឆ្នាំ២០១៩​កន្លងទៅ នៅក្នុងរបាយការណ៍​ផ្ញើជូន​ទៅសភា ការិយាល័យ​សន្តិសុខជាតិតៃវ៉ាន់​ធ្លាប់​បានវាយតម្លៃ​ថា គណបក្ស​កុម្មុយនិស្ត​ចិន​​ចង់​ចម្លង​តាក់ទិក​ដែល​រុស្ស៊ី​ប្រើ ដើម្បី​កាត់យក​តំបន់​គ្រីមេ​ពី​អ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដើម្បី​ទៅប្រើ​ចំពោះតៃវ៉ាន់។

ដូច្នេះ ដំណើរវិវឌ្ឍ​នៃ​វិបត្តិ​អ៊ុយក្រែន​បច្ចុប្បន្ន (អ្វីដែល​រុស្ស៊ី​ធ្វើចំពោះអ៊ុយក្រែន លទ្ធផល​ដែល​រុស្ស៊ី​​ទទួលបាន និង​ជាពិសេស ​ប្រតិកម្ម​របស់​អាមេរិក និង​​សម្ព័ន្ធមិត្ត)​ អាច​នឹង​ជា​តម្រុយ​​សំខាន់មួយ ឲ្យ​ចិន​ប្រមើល​មើល ពីអ្វីដែល​ចិន​គួរធ្វើ និង​អាចធ្វើ​បាន​ចំពោះ​តៃវ៉ាន់។ ប្រសិនបើ​នៅទីបំផុត​ទៅ រុស្ស៊ី​អាច​គ្រប់គ្រង​អ៊ុយក្រែន​បាន ដោយ​គ្មាន​ការរារាំង​ពី​សំណាក់​អាមេរិក និង​សម្ព័ន្ធមិត្ត នេះ​អាច​នឹង​ក្លាយជា​គន្លងផ្លូវមួយ ដែល​ចិន​អាច​យកទៅ​អនុវត្ត ដើម្បី​ចូល​កាន់កាប់​តៃវ៉ាន់។

ទោះជាយ៉ាងណា ការប្រឈម​មុខដាក់គ្នា រវាង​រុស្ស៊ី និង​ប្រទេស​លោកខាងលិច​នៅពេលនេះ ក៏​មិនមែន​ថា​មិនមាន​ហានិភ័យ​ចំពោះ​ចិន​នោះដែរ ហើយ​នេះ​អាចជា​កត្តាចម្បងមួយ ដែល​ធ្វើ​ឲ្យ​ចិន​ប្រយ័ត្នប្រយែង​ក្នុងការ​​​បង្ហាញ​ជំហរ​ផ្លូវការ និង​ជា​សាធារណៈ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ត្រូវ​គេ​ទាញ​ឲ្យ​ចូល​ទៅ​ជាប់​ផុងខ្លួន​នៅ​ក្នុង​ជម្លោះ ហើយនាំ​ទៅរកផ្លូវ​ដែល​ផ្ទុយ​ពី​ផលប្រយោជន៍​របស់​ចិន​ខ្លួនឯង។

គេ​មិនត្រូវភ្លេចទេ​ថា ថ្វីដ្បិត​តែ​​អាមេរិក​គឺ​ជា​គូប្រជែង​ចម្បង​របស់​ចិន​ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ ក៏ប៉ុន្តែ ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា​វិញ ចិន​មាន​ផលប្រយោជន៍​ជាមួយ​អាមេរិក​ ច្រើន​ជាង​ជាមួយ​រុស្ស៊ី។ បន្ថែម​ពីលើ​នេះទៅទៀត នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​នេះមិនមែន​មាន​ជាប់ពាក់ព័ន្ធតែជាមួយ​អាមេរិក​មួយនោះទេ ក៏ប៉ុន្តែ ក៏មាន​ពាក់ព័ន្ធផងដែរ​ជាមួយ​សហភាព​អឺរ៉ុប ដែល​សុទ្ធតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ចិន គឺ​អាមេរិក​ជាដៃគូពាណិជ្ជកម្ម​លំដាប់ទីមួយ ហើយ​អឺរ៉ុប​ជាដៃគូពាណិជ្ជកម្ម​លំដាប់ទីពីរ។

ដូច្នេះ ប្រសិនបើ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន ហើយចិន​ជាប់ផុងខ្លួនជ្រៅ​ក្នុងជម្លោះ ដោយ​មានជំហរជាក់ច្បាស់​ថា​ឈរ​ខាង​រុស្ស៊ី ចិន​នឹង​ត្រូវ​ប្រឈម​ជាមួយ​អាមេរិកផង និង​ជាមួយ​សហភាព​អឺរ៉ុប​ផង​ក្នុងពេល​តែមួយ។ ​ហើយនេះ​គឺ​ជា​ហានិភ័យ​ដ៏ធំមួយ​សម្រាប់​ចិន ហានិភ័យ​នៃ​ការប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​អាមេរិក និង​អឺរ៉ុប ក៏​ដូចជា​ហានិភ័យ​នៃ​ផលប៉ះពាល់​ដោយប្រយោលខាងផ្នែក​សេដ្ឋកិច្ច បង្ក​ឡើង​ដោយ​ជម្លោះ​ប្រដាប់អាវុធ ការដាក់ទណ្ឌកម្ម​ពីសំណាក់អាមេរិក​និង​អឺរ៉ុប និង​អស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ក្នុងវិស័យថាមពល ដែល​ជា​កម្លាំងចលករ​ដ៏សំខាន់ សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ