អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ WHO សន្យាធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីបិទបញ្ចប់កូវីដ១៩ ក្នុងឆ្នាំ ២០២២

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី២០ ធ្នូ លោក​ទេដ្រូស ប្រមុខ​អង្គការ​សុខភាពពិភពលោក WHO បាន​ថ្លែង​នា​ឱកាស​សន្និសីទកាសែត​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​ថា WHO នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បិទបញ្ចប់​ជំងឺ​ឆ្លង​រាតត្បាត​ដោយ​កូវីដ១៩ នៅ​ឆ្នាំ ២០២២។ ទន្ទឹម​គ្នា​នេះ លោក​ទេដ្រូស​បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ពិធី​អបអរ​ថ្ងៃ​បុណ្យ​ណូអែល និង​ថ្ងៃ​ចូល​ឆ្នាំ​សកល​នា​ពេល​ខាង​មុខ។ ការ​ប្តេជ្ញា និង​ការ​អំពាវនាវ​របស់​លោក​ទេដ្រូស​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​បន្ត​គំរាមកំហែង​ដោយ​មេរោគបំប្លែង​ខ្លួន​អូមីក្រុង។

ប្រមុខ WHO លោកទេដ្រូសសន្យាធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីបិទបញ្ចប់កូវីដ១៩ ក្នុងឆ្នាំ ២០២២។
ប្រមុខ WHO លោកទេដ្រូសសន្យាធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីបិទបញ្ចប់កូវីដ១៩ ក្នុងឆ្នាំ ២០២២។ © Denis Balibouse/Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទកាសែត លោក​ទេដ្រូស​បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ប្រយ័ត្នប្រយែង និង​គិត​មើល​ម្តង​ហើយ​ម្តង​ទៀត​ពី​ការ​ត្រៀម​រៀបចំ​ពិធី​ជួបជុំ​គ្រួសារ​នៅ​ក្នុង​បុណ្យ​ណូអែល និង​ថ្ងៃ​ចូលឆ្នាំ​សកល។ តាម​លោក​ទេដ្រូស ការ​ជួបជុំ​គ្នា​កាន់​ច្រើន​មាន​ន័យ​ស្មើ​នឹង​ចំនួន​អ្នក​ឆ្លង​កាន់​តែ​ច្រើន ចំនួន​អ្នក​ឆ្លង​កាន់​តែ​ច្រើន​នាំ​ឲ្យ​មាន​អ្នក​ចូល​មន្ទីរពេទ្យ​កាន់​តែ​ច្រើន ហើយ​អ្នក​ចូល​មន្ទីរពេទ្យ​កាន់​តែ​ច្រើន​អាច​នាំ​ឲ្យ​មាន​អ្នក​ស្លាប់​កាន់​តែ​ច្រើន។ លោក​ទេដ្រូស​យល់​ថា ណូអែល និង​ឆ្នាំ​សកល​ពិត​ជា​រឿង​សំខាន់​​ដែល​ម្នាក់ៗ​ចង់​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ និង​មិត្តភក្តិ។

តែ​លោក​ទេដ្រូស​ថា វា​ក៏​មិន​យឺត​ពេល​ដែរ បើ​គេ​លើក​ពេល​ជួបជុំ​ទៅ​ពេល​ក្រោយ​នោះ។ លោក​ទេដ្រូស​បាន​ផ្តល់​អនុសាសន៍​ថា គេ​គួរ​តែ​លុប​ចោល​ការ​ជួបជុំ​ឥឡូវ និង​លើក​ពេល​ជួបជុំ​ទៅ​ពេល​ក្រោយ​ជាជាង​ជួបជុំ​ឥឡូវ និង​យំសោក​នៅ​ពេល​ក្រោយ។ បន្ទាប់​មក លោក​ទេដ្រូស​បាន​ទាមទារ​ជា​ថ្មី​ឲ្យ​មាន​ការ​ទទួល​បាន​វ៉ាក់សាំង​ស្មើ​ភាព ពិសេស​សម្រាប់​ក្រុម​ប្រទេស​ក្រីក្រ។ តាម​លោក​ទេដ្រូស បើ​គេ​ចង់​បិទបញ្ចប់​កូវីដ១៩ នៅ​ឆ្នាំ ២០២២ គេ​ត្រូវ​បិទបញ្ចប់​វិសមភាព​វ៉ាក់សាំង​ដោយ​ឲ្យ​ការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​នីមួយៗ​មាន​អត្រា ៧០% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២២។

ជា​ថ្មី​ម្តង​ទៀត លោក​ទេដ្រូស​បាន​ជំទាស់​នឹង​ការ​ចាក់​វ៉ាក់សាំង​ដូសទី៣ ជា​លក្ខណៈ​ទូទៅ និង​ថា គេ​គួរ​តែ​ចាក់​ដូសទី៣ លើ​មនុស្ស​មាន​ហានិភ័យ និង​មាន​អាយុ​លើស​ពី ៦៥ឆ្នាំ។ អ្វី​ដែល​លោក​ទេដ្រូស​ចង់​បាន គឺ​ចង់​ឲ្យ​មាន​ការ​យក​វ៉ាក់សាំង​ដូសទី៣ ទៅ​ឲ្យ​ក្រុម​ប្រទេស​ដែល​មាន​មនុស្ស​ខ្លះ​នៅ​មិន​ទាន់​បាន​ចាក់​ដូសទី១ ផង។

អូមីក្រុង​គំរាមកំហែង​ពិភពលោក​កាន់​តែ​ខ្លាំង?

ការ​ប្តេជ្ញា​របស់ WHO បាន​ធ្វើ​ឡើង ខណៈ​ដែល​ពិភពលោក​កំពុង​បន្ត​គំរាមកំហែង​ដោយ​អូមីក្រុង។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អូមីក្រុង​ដែល​មាន​ប្រភព​ចេញ​ពី​អាហ្រ្វិកខាងត្បូង​កាល​ពី​ជិត ១ខែ​មុន​កំពុង​ឆ្លង​ក្នុង​ល្បឿន​លឿន និង​ឆ្លង​ខ្លាំង​​ចូល​ប្រទេស​កាន់​តែ​ច្រើន។ គួរ​បញ្ជាក់​ថា អ្នក​មាន​ផ្ទុក​អូមីក្រុង​ម្នាក់​មាន​សមត្ថភាព​ឆ្លង​ទៅ ១០នាក់ ពោល​ច្រើន​ជាង​ដែលតា​ដែល​អ្នក​ឆ្លង​ម្នាក់​មាន​សមត្ថភាព​ឆ្លង​ទៅ ៦នាក់។ សព្វថ្ងៃ​នេះ អូមីក្រុង​បាន​ក្លាយ និង​កំពុង​ក្លាយ​ជា​មេរោគបំប្លែងខ្លួន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ពិសេស​នៅ​ក្នុង​ប្រទេស​អឺរ៉ុប។

នៅ​សហរដ្ឋអាមេរិក គ្រាន់​តែ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ករណី​ឆ្លង​ថ្មី​ដោយ​អូមីក្រុង​បាន​កើន​ពី ១២,៦% ដល់​ប្រមាណ​ជា ៧៣%។ នេះ​ជា​សញ្ញាអាសន្ន​មួយ​ដែល​បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ថ្លែង​ក្នុង​ថ្ងៃ​អង្គារ ទី២១ ធ្នូ​នេះ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​បៃដិន​គ្រោង​ចាត់​វិធានការ​អ្វី​ខ្លះ​ដើម្បី​ទប់​នឹង​អូមីក្រុង​ទេ។ តែ​បើ​តាម​អ្នក​នាំពាក្យ​សេតវិមាន លោក​បៃដិន​គ្មាន​គម្រោង​បិទខ្ទប់​ប្រទេស​ទេ តែ​នឹង​ផ្តល់​អាទិភាព​លើ​ការ​ចាក់​វ៉ាក់សាំង​ដោយ​អំពាវនាវ​ដល់​អ្នក​ដែល​មិន​ទាន់​ចាក់ ឬ​អ្នក​ដែល​មិន​ចង់​ចាក់។

ក្រៅ​ពី​អាមេរិក មាន​ប្រទេស​អឺរ៉ុប​ខ្លះ​ក៏​បាន​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ខ្លះ​ទៀត​បាន​ជ្រើស​យក​វិធានការ​ចាស់​ដៃ​ដោយ​បិទខ្ទប់​ប្រទេស ដូច​យ៉ាង​ហូឡង់​ជា​ដើម។ វា​ជា​រឿង​ល្អ​ដែល​មាន​ប្រទេស​ជា​ច្រើន​ចាត់​វិធានការ​ទប់​ស្កាត់ តែ​បើ​តាម​មើល​ទៅ ដូច​ហាក់​ដូច​ជា​ចង់​យឺ​ពេល​បន្តិច។ អ្វី​ដែល​ច្បាស់ អូមីក្រុង​ឆ្លង​លឿន និង​ឆ្លង​ខ្លាំង។ តែ​អ្វី​ដែល​កំពុង​បន្ត​ស្រពិចស្រពិល អូមីក្រុង​ប្រហែល​មិន​គ្រោះថ្នាក់​ខ្លាំង​ដូច​ដែលតា។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្រ្ត​របស់ WHO លោកស្រី Soumya Swaminathan បាន​យល់​ឃើញ​ថា វា​រហ័ស​ពេក​ដែល​គេ​សន្និដ្ឋាន​ថា អូមីក្រុង​កាច ឬ​ស្លូត។

សេដ្ឋកិច្ច​សកល​ឆ្នាំ ២០២២ អាប់អួរ​ដោយ​អូមីក្រុង?

អូមីក្រុង​កាច ឬ​ស្លូត​មិន​ទាន់​ដឹង​ទេ តែ​អូមីក្រុង​កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកល​ឆ្នាំ ២០២២ ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ជា​ថ្មី។ ទីកន្លែង​ដែល​បាន​រំជើបរំជួល​ខ្លាំង​ជាង​គេ គឺ​ផ្សារភាគហ៊ុន។ គ្រាន់​តែ​បើក​ទ្វារ​ភ្លាម​ក្នុង​ថ្ងៃ​ចន្ទ ទី២០ ធ្នូ តម្លៃ​ភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន​ក្រុង​ញូយ៉ក និង​នៅ​អឺរ៉ុប​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក។ ចំណែក​តម្លៃប្រេង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ ៥%។ នេះ​ក៏​ដោយសារ​តែ​ភាព​ស្រពិចស្រពិល​ជុំវិញ​មេរោគបំប្លែងខ្លួន​អូមីក្រុង និង​វិធានការ​ទប់ស្កាត់​ចាស់​ដៃ​របស់​ប្រទេស​មួយ​ចំនួន​ដែល​អាច​ទាញ​ទម្លាក់​សេដ្ឋកិច្ច​សកល​ជា​ថ្មី​សម្រាប់​ឆ្នាំ ២០២២។

បន្ទាប់​មក មាន​ការ​ប្រកាស​លើក​ពេល​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្រុង​ដាវូស ប្រទេស​ស៊្វីស​ដែល​គ្រោង​រៀបចំ​នៅ​ដំណាច់​ខែ​មករា ឆ្នាំ ២០២២។ ការ​លើក​ពេល​បើក​វេទិកា​នេះ​ប្រហែល​មិន​ជះ​ផលវិបាក​អ្វី​ដល់​សេដ្ឋកិច្ច​សកល​ទេ តែ​វា​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ពី​ភាព​ប្រយ័ត្នប្រយែង និង​ការ​បារម្ភ​របស់​ក្រុម​អ្នក​ជំនួញ។ នៅ​ចិន ធនាគារកណ្តាល​បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី២០ ធ្នូ​ពី​ការ​ទម្លាក់​អត្រា​ការប្រាក់​នាំ​មុខ​មួយ​របស់​ខ្លួន។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល​ជិត ២ឆ្នាំ​ដែល​រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​របៀប​នេះ។

កាយវិការ​របស់​ចិន​នេះ​ក៏ ស បញ្ជាក់​ឲ្យ​ឃើញ​ថា ចិន​ចង់​បន្ត​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​សកល​ដែល​កំពុង​បន្ត​ផុយស្រួយ​ខ្លាំង​ដោយ​ជំងឺ​កូវីដ១៩ ពិសេស​អូមីក្រុង។ គួរ​បញ្ជាក់​ថា ក្រោយ​ពី​មាន​សុទិដ្ឋនិយម​ឡើង​វិញ និង​បាន​ស្គាល់​ស្ថានភាព​ប្រសើរ​ឡើង​វិញ​បាន​បន្តិច សេដ្ឋកិច្ច​សកល​ហាក់​កំពុង​ធ្លាក់​ក្នុង​ភាព​អាប់អួរ​ជា​ថ្មី​ដោយ​អូមីក្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ