អានតួអត្ថបទ
កូវីដ-អូមីក្រុង

WHO/OMS បញ្ជាក់ជាថ្មី​ អំពី​គ្រោះថ្នាក់ នៃ​​កូវីដ​អូមីក្រុង ដែល​ឆ្លងរហ័ស និង​អាច​យកឈ្នះ​ប្រព័ន្ធ​អង់ទីក័រ

គិតមកត្រឹមពេលនេះ កូវីដ​បំប្លែងខ្លួនថ្មី ឈ្មោះអូមីក្រុង បានមានវត្តមាននៅតាម​ប្រទេសជាង៦០ប្រទេសហើយ។ ក្រោយ​ការប្រមូលទិន្នន័យ​បានកាន់តែច្រើន អង្គការសុខភាពពិភពលោក បាន​បញ្ជាក់សារជាថ្មីថា កូវីដអូមីក្រុង​នេះ អាចជាគ្រោះដ៏ធំថ្នាក់​មួយ ដែលមិនអាចប្រហែសបាន។ គ្រោះថ្នាក់ដែលបណ្តាលមកពី កម្លាំងឆ្លងរាលដាលយ៉ាងរហ័ស​នៃមេរោគនេះ ហើយវាថែមទាំងអាចយកឈ្នះ ប្រព័ន្ធអង់ទីក័ររបស់មនុស្ស ដែលបានចាក់វ៉ាក់សាំងហើយ ឬអ្នកដែលធ្លាប់ឆ្លងកូវីដរួចហើយ​ ថែមទៀតផង។

ស្ត្រីម្នាក់កំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការកូរីដ នៅ Hillbrow Clinic ក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ថ្ងៃទី ៦ធ្នូ ២០២១
ស្ត្រីម្នាក់កំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការកូរីដ នៅ Hillbrow Clinic ក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ថ្ងៃទី ៦ធ្នូ ២០២១ AP - Shiraaz Mohamed
ផ្សាយពាណិជ្ជកម្ម

យោងតាមកំណត់ហេតុបច្ចេកទេស នៅថ្ងៃអាទិត្យ ទី​១២ធ្នូ អង្គការសុខភាពពិភពលោកបាន​បញ្ជាក់អះអាងជាថ្មីម្តងទៀតថា កូវីដអូមីក្រុង ពិតជាអាចបង្កហានិភ័យកម្រិតខ្ពស់ ដោយផ្អែកតាមទិន្នន័យជាច្រើន ដែលគេប្រមូលបាន នៅអាហ្វ្រិកខាងត្បូង។ ទិន្នន័យទាំងនោះ បានបង្ហាញ​ឲ្យ​ឃើញ នូវករណី គេចផុតពី​ប្រព័ន្ធអង់ទីក័ររបស់មនុស្ស ព្រមទាំងកម្លាំង​ឆ្លងរាលដាលខ្ពស់ និងយ៉ាងរហ័ស របស់កូវីដ​អូមីក្រុង។  កត្តាទាំងនេះហើយ បានជានៅអាហ្វ្រិកខាងត្បូង ប៉ុន្មានខែមកនេះ មានការផ្ទុះឡើងខ្លាំង នូវករណីអ្នកធ្លាប់ឆ្លងកូវីដហើយ បានឆ្លងជាថ្មីម្តងទៀត។

អ្នកជំនាញអង្គការសុខភាពពិភពលោក បានសន្និដ្ឋាន ប្រព័ន្ធអង់ទីក័រ របស់មនុស្ស ដែលបានចាក់វ៉ាក់សាំងហើយ ឬអ្នកដែលធ្លាប់បានឆ្លងកូវីដហើយម្តង ប្រហែលជា​អាចមានកម្លាំងខ្សោយ មិនអាចទប់ជាប់ ជាមួយនឹង​កូវីដ​អូមីក្រុងបានទេ ក្នុងករណីមួយចំនួនធំ។ ប្រការនេះ មានន័យថា ជាមួយនឹងកូវីដអូមីក្រុង អាចនឹងធ្វើឲ្យ​មានករណី ឆ្លងជាថ្មីម្តងទៀតច្រើន។

តែយ៉ាងណាក៏ដោយ អ្នកជំនាញអះអាងថា យោងតាមតួលេខ នាពេលបច្ចុប្បន្ននេះ គឺ​កូវីដ​អូមីក្រុង បើទោះបីជាឆ្លងលឿនរហ័សមែន តែប្រហែលជាមិនគ្រោះថ្នាក់ ធ្វើឲ្យអ្នកជំងឺឈឺធ្ងន់ ត្រូវបញ្ជូនទៅ​សង្រ្គោះបន្ទាន់ ខ្លាំងនោះដែរ​ បើប្រៀបធៀបទៅកូវីដដែលតា។ តែទន្ទឹមនឹងអ្នកនេះ អ្នកជំនាញកំពុងព្យាយាមប្រមូលទិន្នន័យ​បន្ថែមទៀត ដើម្បីតាមដាន​ចំណុចនេះ។ អង្គការសុខភាពពិភពលោក បាន​រំលឹកថា ទោះជាយ៉ាងនេះក្តី អាជ្ញាធរសុខាភិបាល ត្រូវតែបន្ថែមការប្រុងប្រយ័ត្ន ព្រោះចង់មិនចង់ ការឆ្លងរាលដាលដែលស្ទុះឡើងខ្លាំង ដោយសារកូវីដអូមីក្រុង គឺវានឹងជម្រុញឲ្យ​មានករណី​អ្នកជំងឺឈឺធ្ងន់ និង​ អាចស្លាប់កាន់តែច្រើន ទៅតាមនោះដែរ។

យ៉ាងណាមិញ នៅអង់គ្លេស អាជ្ញាធរសុខាភិបាល បានទាញសញ្ញាអាសន្នថា កូវីដអូមីក្រុងកំពុងឆ្លងយ៉ាងលឿនរហ័ស ដូចផ្លេកបន្ទោល។ ​ករណីឆ្លងថ្មី ប្រមាណ​៤០% នៅទីក្រុងឡុងដ៍ គឺសុទ្ធតែជាកូវីដ​អូមីក្រុង។ មានករណីស្លាប់មនុស្សម្នាក់ ជាលើកទីមួយផងដែរ នៅអង់គ្លេស ដោយសារកូវីដ​អូមីក្រុង កាលពីថ្ងៃចន្ទ ទី​១៣ធ្នូ។ គួរកត់សំគាល់ដែរថា ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ មិនថាទម្រង់​បំប្លែងខ្លួនចាស់ ឬថ្មី ប្រទេសនៅអឺរ៉ុបសឹងទាំងអស់ បានចាប់ផ្តើម​បើកយុទ្ធនាការចាក់វ៉ាក់សាំង ដូសជំរុញ យ៉ាងទូលំទូលាយ​ បន្ទាប់ពីបានសង្កេតឃើញថា ប្រព័ន្ធអង់ទីក័របានចុះខ្សោយទៅវិញ ជាមួយនឹងពេលវេលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ