អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាកាសធាតុ ៖ ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ឆ្នាំ​២០២១ ស្ទុះ​ឡើង ស្ទើរស្មើ​ សម័យ​​មុន​កូវីដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅឆ្នាំ​២០២០ ពេល​កំពុង​មាន​វិបត្តិ​កូវីដ​១៩ ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បំពុល​បរិយាកាស​បាន​ធ្លាក់​ចុះ​អស់ ៥,៤%។ គ្រាន់​តែ​វិបត្តិ​បាន​ធូរស្រាល​បន្តិច ឧស្ម័នកាបូនិក ដែល​ប្រភពបង្ក​​ឧស្ម័ន​ផ្ទះកញ្ចក់​ចម្បង​គេ បាន​ស្ទុះ​ឡើង​វិញ​ យ៉ាង​លឿន ក្នុង​កំរិត​ ៤,៩%​។ មាន​ន័យ​ថា​ពិភពលោក​ មាន​ពេល​កាន់​តែ​តិចទៅៗ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ។ នេះ​បើ​តាម​​របាយការណ៍ប្រចាំ​ឆ្នាំ​​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ  Global carbon project ​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ វិច្ឆិកា ២០២១ ចំពេល​កំពុង​បើក​សន្និសីទអាកាសធាតុ COP២៦។ អង់គ្លេស​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​សន្និសីទ​អាកាសធាតុ​បាន​សន្យា​បិទ​បញ្ចប់​សករាជ​កាបោន ដោយ​អះអាង​ គិត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី ៤​វិច្ឆិកា ២០២១ មាន​ប្រទេស​ចំនួន ៧៧ បាន​ព្រម​សន្យា​បោះបង់​ថាមពល​ធ្យូងថ្ម។

រោងចក្រ​អគ្គីសនី​ដើរ​ដោយធ្យូងថ្ម នៅ​ក្បែរទីក្រុង​ប៉េកាំង ប្រទេស​ចិន
រោងចក្រ​អគ្គីសនី​ដើរ​ដោយធ្យូងថ្ម នៅ​ក្បែរទីក្រុង​ប៉េកាំង ប្រទេស​ចិន REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

វិបត្តិកូវីដ ​អាច​ជួយ​អាកាសធាតុ​បាន​មួយរយៈប៉ុណ្ណោះ។ នៅ​ពេល​នេះ ដូច​អ្វី​ដែល​គេ​ធ្លាប់​គិតនិង​​ព្រួយ​បារម្ភ  ពិភពលោក​ចាប់​បញ្ចេញ​ឧស្ម័ន​កាបូនិក ខ្លាំង​ឡើង​វិញ ស្ទើរដូច​សម័យ​មុន​កូវីដ និងអាច​លើស​ដើម​ផង ប្រសិន​បើ​អ្វីៗ ចាប់​មាន​ដំណើរ​ពេញ​ទំហឹង​ឡើង​វិញនោះ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ Global carbon project។

ឧស្ម័នកាបូនិក​របស់​ធ្យូងថ្ម​និង​ហ្គាស ច្រើនជាង​​មុន​វិបត្តិកូវីដ

វិបត្តិកូវីដ​ បាន​មក​បង្អាក់​ និង​បញ្ឈប់​សកម្មភាព​សេដ្ឋកិច្ច​ដែល​ប្រើ​ថាមពល​ធ្យូងថ្ម អស់​មួយភាគ​ធំ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក បាន​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឱ្យ​ជា​ទីមោទនៈ។ ជា​សរុប​បរិមាណ​ឧស្ម័នកាបូនិក​ពិភពលោក​បាន​ចុះថយ​៥,៤%​នៅ​ឆ្នាំ ២០២០។ ប៉ុន្តែដូច​ស្រី​ពេជ្រ​បាន​លើ​ក​ឡើង​ស្រាប់ គ្រាន់​តែ​វិបត្តិ​កូវីដ​ចាប់​ធូរស្បើយ បរិមាណ​បញ្ចេញ​ឧស្ម័ន​ពុល​CO2 បាន​ស្ទុះ​ឡើង​វិញ ស្ទើ​រ​ស្មើ​នឹង​កំរិត​ឯតទគ្គកម្ម​ពិភពលោក​ កាលពី​ឆ្នាំ​២០១៩​។

ថ្វីបើ​​ជា​ប្រទេស​ជា​ច្រើន​បាន​លើក​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​គិត​គូរ​​គោរព​បរិស្ថាន ឬ​ហៅ​ខ្លី​ថា​ផែនការផ្តល់​សន្ទុះ​​សេដ្ឋកិច្ច​បៃតងមែន តែ​កំណើន​​​សេដ្ឋកិច្ច​អាច​ស្ទុះ​ឡើង​បាន​ដោយ​ត្រូវការ​ជា​ពិសេស​ថាមពល​ផូស៊ីល​។ ឧស្ម័នកាបូនិក​បញ្ចេញ​ដោយ​ថាមពល​ធ្យូងថ្ម ​កើន​លើស​ឆ្នាំ​២០១៩​ ពោល​គឺ​មុន​វិបត្តិ​កូវីដ​ ទៅ​ទៀត តែ​ទាប​ជាង​ឆ្នាំ​២០១៤ ដែល​ជា​ឆ្នាំ​បញ្ចេញ ឧស្ម័ន​កាបូនិកច្រើន​បំផុត​ជាប់​ក្នុ​ងកំណត់ត្រា​ពិភពលោក។ ក្រៅ​ពីធ្យូងថ្ម ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​តាម​រយៈ​ការ​ប្រើ​​ថាមពល​ឧស្ម័ន​ហ្កាស ក៏​បាន​ឡើង​ដល់​កំរិត​កំពូល​ដែរ​។ នេះ​បើ​តាម​របាយការណ៍​ដដែល។ ចំណែក​ ​ឧស្ម័ន​កាបូនិក​ ​បញ្ចេញដោយ​ការ​ប្រើ​ថាមពល​ប្រេង​វិញ (សាំង- ម៉ាហ្សូត ...) មាន​កំណើន​ត្រឹម​៤,៤% ពោល​គឺ​នៅ​ទាប​ជាង​កាលពី​ឆ្នាំ ២០១៩​មែន ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រំលឹក​ថា វិស័យ​ដឹកជញ្ជូន​នៅ​មិន​មាន​ដំណើរការ​​ពេញ ដូច​សម័យ​មុន​កើត​វិបត្តិ​កូវីដ​នៅ​ឡើយ​ទេ។ ហើយ​នៅពេល​ណា​វិស័យ​នេះ​​ដើរ​ពេញ​ទំហឹង នោះ​ការ​បញ្ចេញ​ផ្សែងពុល​នឹង​ស្ទុះ​លឿនស្លេវ​ជាក់ជា​មិនខាន។

សល់ពេល​៨ឆ្នាំ

បើ​យោល​ទៅ​តាម​ស្ថានភាព​បច្ចុប្បន្ន​  បរិមាណ​ផ្សែងពុល​នឹង​បន្ត​កើន​ឡើង​ខ្លាំង​ទៀត។ ឆ្នាំ​២០១៩ មិនមែន​ជា​ចំណុច​កំពូល​នៃ​ការ​បញ្ចេញឧស្ម័នកាបូនិក ដូច​ដែល​គេ​ធ្លាប់​គិត​ កាលពី​មុន​វិបត្តិកូវីដ១៩​ទេ។​

ក្នុងរបាយការណ៍​ អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា យោល​តាម​លទ្ធផល​គណនា​ បរិមាណ​កាបោន (ឧស្ម័ន​CO2) ដែល​ផែនដី​អាច​បញ្ចេញ​បាន​ នៅ​សល់​កាន់​តែ​តិច​ណាស់។ នេះ បើ​គេ​ចង់​សម្រេច​កម្មវត្ថុ​ដូច​​មាន​ចែង​ក្នុងកិច្ចព្រមព្រៀងអាកាសធាតុ​​ក្រុង​ប៉ារីស​ ដែល​ចង់​ទប់​កម្តៅ​ភពផែនដី​ឱ្យ​ឡើង​ត្រឹម​១អង្សារ​កន្លះ​នៅ​ចុង​សតវត្សរ៍។ តែ​បើ​ការ​បញ្ចេញ​ផ្សែងពុល​មាន​ ​​ល្បឿនដូចឆ្នាំ ២០២១ គេ​អាច​​​មាន​សង្ឃឹម​៥០% ក្នុង​កំរិត​ការ​ឡើង​កម្តៅ​នៃភពផែនដី ​ត្រឹម​១អង្សាកន្លះ​បាន​ ដោយអាច​បន្ត​​បញ្ចេញ​ឧស្ម័នកាបូនិកទៀត​បាន​​តែ​៨​ឆ្នាំប៉ុណ្ណោះ -២០ឆ្នាំ​សម្រាប់កំរិត​ការ​ឡើង​កម្តៅ​ត្រឹម​១,៧អង្សា និង​៣២ឆ្នាំ​សម្រាប់​កំរិត​កម្តៅ​ត្រឹម​២អង្សា។

កំណើន​ឧស្ម័នកាបូនិក ៣១%​នៅ​ចិន

បរិមាណ​បញ្ចេញ​ផ្សែង​ពុលសម្រាប់​ឆ្នាំ ២០២១​ មិន​ដូច​គ្នាទេបើ​មើល​ទៅ​ទីតាំង​ភូមិសាស្ត្រ ​ អ៊ីចឹង​ហើយ​ទើប​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងនោះ។ ចិន ដែល​ប្រទេស​បញ្ចេញ​ផ្សែងពុល​លេខ​មួយ​ពិភពលោក ​តាំងពី​ឆ្នាំ ២០០៧​មក និង​ដែល​តំណាង​ឱ្យ​១/៤​នៃ​ផ្សែង​ពុល​សរុប​ មា​ន​កំណើន​ឧស្ម័នកាបូនិក ដល់​ទៅ ៣១%​នៅ​ឆ្នាំ ២០២១​នេះ ហើយនឹង​អាច​កើន​ឡើង​បន្ថែម​ទៀត ព្រោះ​ចិន​បាន​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ​មុន​គេ។ នៅ​ឆ្នាំ ២០២០ ក្នុង​ពេល​ដែលការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាសធ្លាក់​ចុះ​ក្នុង​គ្រប់​ប្រទេស ​(សហរដ្ឋ​អាមេរិក​ប្រទេស​បញ្ចេញ​ផ្សែងពុល​លំដាប់​ទីពីរ​ពិភពលោក ១០,៦% អឺរ៉ុប​លេខ​បី​ខាង​បញ្ចេញ​ផ្សែងពុក ថយ​អស់​១០,៩%​ ឥណ្ឌា​លេខបួន​ថយ​អស់​៧,៣%) ចិន​បាន​ឡើងតែ​ម្នាក់​ឯង ចំនួន ១,៤%។

សម្រាប់​ឆ្នាំ ២០២១នេះ ការ​បញ្ចេញ​ឧស្ម័ន​ពុល កើន​ឡើង​៤%​នៅ​សហរដ្ឋ​អាមេរិក ៧,៦%​នៅ​អឺរ៉ុប និង​១២,៦% នៅ​ឥណ្ឌា។

ប៉ុន្តែ​បើ​តាម​របាយការណ៍ ពិភពលោក​មានពន្លឺ​នៃ​ក្តី​សង្ឃឹម​មួយ។ នៅ​ទសវត្សរ៍​ ២០១០-២០១៩ មាន​ប្រទេស​ចំនួន​២៣​ដែល​តំណាង​ឱ្យ​១/៤​នៃការ​បញ្ចេញឧស្ម័ន​កាបូនិកសរុប មាន​នយោបាយ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែងពុល​នេះ​បាន​ជា​លំដាប់​ ហើយ​សេដ្ឋកិច្ច​ជាតិបន្តមាន​កំណើន​រហូត​ទៀត។ ប្រទេស​ទាំងនោះ​ពាក់​កណ្តាល​ជា​ប្រទេស​ជឿនលឿន និង​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​មែន​ទែន មាន​ទាំង​មធ្យោបាយ​ ទាំង​ស្មារតី។

COP២៦ និង​​កិច្ចព្រមព្រៀង​​ធ្យូងថ្ម

របាយការណ៍​នេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​អង្គការ​សហប្រជាជាតិ​​កំពុង​បើក​សន្និសីទ​ស្តី​អំពីអាកាសធាតុ លើក​ទី​២៦ ដែល​នៅ​ថ្ងៃព្រហស្បតិ៍ទី ៤ វិច្ឆិកា ២០២១នេះ​​ ​ ក្រុមប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀងCOP២៦ ទាំង​១៩០ប្រទេស ​ ត្រូវ​ផ្តល់​កិច្ច​សន្យា​ឈប់​ធ្វើ​វិនិយោគ ​រោង​ចក្រ​អគ្គសនី ដើរ​ដោយ​ធ្យូងថ្ម នៅក្នុង​ប្រទេស​ខ្លួន និង​នៅ​បរទេស​ ហើយ​ សន្យា​លុប​បំបាត់​បន្តិចម្តងៗ​ ផលិតកម្ម​អគ្គីសនី​បាន​មក​ពី​ធ្យូងថ្ម ចាប់​ពី​ឆ្នាំ​២០៣០ សម្រាប់​ក្រុមប្រទេស​អ្នកមាន និង​ចាប់​ពី​ឆ្នាំ​២០៤០ សម្រាប់​ក្រុមប្រទេស​ក្រីក្រ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​អង់គ្លេស​ដែល​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​COP២៦ ដោយ​បញ្ជាក់​ថា មាន​យ៉ាង​ហោច ១៩​ប្រទេស​ក្នុង​នោះ​មានសហរដ្ឋ​អាមេរិក និង​កាណាដា​ផង បាន​សន្យា​បិទ​បញ្ចប់​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ទៅ​សាង​សង់​រោងចក្រ​ធ្យូងថ្ម​នៅបរទេស។

ប៉ូឡូញ វៀតណាម ស៊ីលី និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ទើប​បាន​ប្រកាសសន្យា​​នៅ​ថ្ងៃព្រឹក​ព្រហស្បតិ៍​នេះ ឈប់​សាង​សង់​រោងចក្រ​អគ្គីសនី​ប្រើ​ធ្យូងថ្ម និង​លុប​បំបាត់​បន្តិច​ម្តង​ការ​ទាញ​យ​ក​ថាមពល​អគ្គីសនី​ពី​ធ្យូងថ្ម។ ប៉ុន្តែអង់គ្លេស​មិន​បាន​បញ្ជាក់​ថា​តើ​ប្រទេស​ទាំង​នេះ​នឹង​ចុះ​កិច្ចព្រមព្រៀង​COP២៦​ដែរ​ឬ​អត់​ទេ។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ