អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

COP26 បើកទ្វារ​ជាមួយ​នឹង​​អារម្មណ៍​ឥតសង្ឃឹម ក្នុង​លទ្ធភាព​​កាត់​បន្ថយ​​កំដៅ​ផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ ដែល​ហៅកាត់ថា COP26 បានចាប់​ផ្តើម​បើក​ទ្វារ​ជាផ្លូវការ កាលពីថ្ងៃអាទិត្យទី៣១ តុលាម្សិលមិញ នៅទីក្រុង Glasgow តំបន់អេកូស។ នៅថ្ងៃចន្ទនេះ ការប្រជុំពិភាក្សា​គ្នា នឹងចាប់ផ្តើមដំណើរការ។ តែយ៉ាងណា ដំណើរការ​សន្និសីទនេះ ហាក់កំពុងចាប់ផ្តើម​ឡើង ជាមួយ​នឹងអារម្មណ៍គ្មានសង្ឃឹម ថាប្រទេសធំៗទាំងអស់ ដែលជា​អ្នក​បញ្ចេញ​ឧស្ម័នកាបូនិកច្រើនជាងគេបង្អស់នោះ អាចនឹងស្រុះស្រួលគ្នា សន្យាប្រឹងប្រែងបន្ថែមទៀតនោះទេ ក្នុងការដោះស្រាយ​វិបត្តិអាកាសធាតុនេះ។ តើមានភាពបន្ទាន់ និង​ឧបសគ្គអ្វីខ្លះ នៅក្នុងកិច្ចប្រជុំសន្និសីទ COP26 នេះ?

សកម្មជនបរិស្ថានម្នាក់ លើក​បដានៅខាងមុខទីតាំងបើកសន្និសីទ COP26 ទីក្រុងGlasgow តំបន់អេកូស ថ្ងៃទី​ ៣០ តុលា ២០២១
សកម្មជនបរិស្ថានម្នាក់ លើក​បដានៅខាងមុខទីតាំងបើកសន្និសីទ COP26 ទីក្រុងGlasgow តំបន់អេកូស ថ្ងៃទី​ ៣០ តុលា ២០២១ AP - Alastair Grant
ផ្សាយពាណិជ្ជកម្ម

ខកចិត្តនៅជំនួប​កំពូលកG20

សន្និសីទ COP26 ដែលចាប់ផ្តើម​ នៅថ្ងៃចន្ទនេះ កំពុងធ្វើឲ្យ​គេ​មានសង្ឃឹមតិចតួចណាស់ ថាវានឹង​អាច​ឈានទៅសម្រេចវិធានការអ្វី ជាដុំកំភួនមួយបាន ក្នុងការ​កាត់បន្ថយ​កំដៅផែនដី។ អារម្មណ៍គ្មានសង្ឃឹមនេះ គឺដោយសារតែ​ លទ្ធផល​ប្រជុំ​នៃជំនួប​កំពូល ក្រុមប្រទេសG20 នៅទីក្រុងរ៉ូម កាលពីថ្ងៃអាទិត្យ​ទី​៣១តុលា​។

ក្រុមប្រទេស G20 បានត្រឹមតែប្រកាសសន្យា បែបព្រាលៗ ថានឹងប្រឹងប្រែងគោរពការសន្យា ក្នុងកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ស្តីពីអាកាសធាតុ តែពុំមាន​កំណត់ចេញ នូវកម្មវត្ថុ ឬក៏វិធានការណាមួយ​ជាក់ស្តែងទាល់តែសោះ។ តួយ៉ាង ដូចជាក្នុងសំណុំរឿងធ្យូងថ្ម ដែល​ជាប្រភព​បញ្ចេញឧស្ម័​ន​កាបូនិក​ខ្លាំងបំផុត។ ក្រុមប្រទេសG20 បាន​ត្រឹមតែសន្យាថា នឹងឈប់ចំណាយប្រាក់សាងសង់​រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម នៅតាមប្រទេសដ៌ទៃ។ តែនៅក្នុងស្រុករៀងៗខ្លួន អត់មានសន្យាទេ។ សួរថា ប្រទេសដ៏ទៃ ប្រទេសឯងយ៉ាងម៉េច បើប្រទេសទាំងអស់ ស្ថិតនៅលើ​ផែនដីតែមួយដូចគ្នា ហើយ​ផ្សែងឧស្ម័ន​កាបូនិក វាជះផល​វិបាក​មកលើ​យើងទាំងអស់គ្នា ដូចតែគ្នាសោះ។

អង្គការបរិស្ថានអន្តរជាតិ​ទាំងអស់ ដែល​បានតាមដាន​ការប្រជុំ G20នេះ បាន​លើកឡើងថាគេខកចិត្តខ្លាំងណាស់។ យ៉ាងណាមិញ លោក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ ផ្ទាល់តែម្តង បានថ្លែងនៅពេល​ចាកចេញពីជំនួប​កំពូល G20 ថាលោកមាន​ ខកបំណង ខកចិត្ត ដែល​ក្រុមប្រទេស​សេដ្ឋកិច្ច​នាំមុខទាំង២០ មិន​បាន​ប្រឹងប្រែងឲ្យ​បាន​ខ្លាំងជាងនេះ។​

ប្រទេស G20 គឺជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេ ពោលគឺសុទ្ធតែជាប្រទេស ដែល​បញ្ចេញ​ឧស្ម័នកាបូនិកច្រើនជាងគេដែរ សរុបស្មើនឹង​ប្រមាណ​​ជា៨០%នៃឧស្ម័នកាបូកនិក ដែលបញ្ចេញ​ចោកទៅក្នុងបរិយាកាស។ ដូច្នេះ បើប្រទេសទាំង​២០នេះ មិន​ប្រឹង មិនសន្យា តើឲ្យ​ប្រទេសតូចៗឯទៀត អាចរំពឹងអ្វី​បាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។

អ្នក​បញ្ចេញឧស្ម័នពុលច្រើនជាងគេ មិន​មកប្រជុំ

ជាងនេះទៀត ប្រធានាធិបតី ប្រទេសធំៗយ៉ាងហោច៣ ដែលអវត្តមាន នៅក្នុងសន្និសីទCOP26 នេះ ក្នុងនោះ​ គឺលោក​ប្រធានាធិបតីចិន ប្រធានាធិបតីរុស្ស៊ី និង​ប្រធានាធិបតីប្រេស៊ីល ពោលគឺសុទ្ធតែជាប្រទេសធំៗ ដែលបញ្ចេញឧស្ម័ន​កាបូនិក ច្រើនសម្បើមណាស់។ នេះគឺជាសញ្ញាអវិជ្ជមានមួយទៀត ដែលបង្ហាញថា ប្រទេសធំៗទាំង​៣​នេះ​ មិនសូវផ្តល់អាទិភាពខ្លាំង ដល់​បញ្ហាវិបត្តិអាកាសធាតុនេះទេ។

ចិន គឺជាអ្នកបញ្ចេញឧស្ម័នកាបូនិក ច្រើនជាងគេបង្អស់។ ចិនគឺជាប្រទេសដែលសំបូរ រោងចក្រ​អគ្គិសនី​ដើរដោយចំហេះធ្យូងថ្ម ច្រើនជាងគេបង្អស់។ ថ្មីៗនេះ គោលនយោបាយ​កំណែទម្រង់ប្រភពផលិត​ថាមពល ព្រមទាំងកម្មវត្ថុ​កាត់បន្ថយកាបូន ដែល​លោកប្រធានាធិបតីចិនបានប្រកាស ថ្មីៗនេះ ត្រូវបានអង្គការបរិស្ថន ចាត់ទុកថាខ្វះភាពក្លាហាន និងភាពស្តួចស្តើងណាស់ បើប្រៀបទៅនឹង​​ការ​ទទួល​​ខុសត្រូវ​​របស់​ចិន នៅ​ក្នុង​ការបំពុល​បរិយាកាស។ ប្រេស៊ីលវិញ គឺជាដែនគំរបព្រៃឈើ ដ៏មានសារៈសំខាន់។ តែផ្ទុយទៅវិញ លោក ហ្សៃអៀរ បុលសូណារូ ត្រូវបានគេចោទថា បានបើកដៃ ឲ្យ​មានការកាប់បំផ្លាញព្រៃអាម៉ាហ្សូន កាន់តែខ្លាំងឡើង ដើម្បីរានដី យកធ្វើចំការ​ដំណាំកសិឧស្សាហកម្ម។

លោកស្រី Jennifer Morgan នាយកប្រតិបត្តិ​អង្គការ Greenpeace International បាន​លើក​ឡើងថា ថា្នាក់ដឹកនាំពិភពលោកបានខកខាន មិនអាចសន្យា ឬធ្វើអ្វីបាន​នៅក្នុងកិច្ចប្រជុំG20​ ដែលមានន័យថា នៅក្នុងសន្និសីទ COP26 នេះ ក៏ប្រហែល​ជា​មិនមាន​​អ្វី​​ប្រសើរ​ជាងនេះដែរ។ ចំណែក​លោក​​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរីស ចនសុន​ ដែលជាអ្នករៀបចំទទួល​សន្និសីទ COP26 នេះ បាន​លើកឡើង បើ​កិច្ចប្រជុំនៅ Glasgow បរាជ័យ នោះ​មាន​ន័យថា អ្វីៗ​នឹង​បរាជ័យ​ទាំងអស់។

សីតុណ្ហភាពឡើងបន្ថែមចំនួន២.៧°c នៅរវាងឆ្នាំ​២០៥០

របាយការណ៍នៃអ្នកជំនាញឧតុនិយម នៃអង្គការសហប្រជាជាតិ បាន​លើកឡើងថា បើ​ពិនិត្យ​មើលតួលេខ ក្នុងពេលបច្ចុប្បន្ន ទៅតាមអ្វីដែល​ប្រទេសទាំងអស់ បានសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​២០១៥ គឺផែនដីយើង​ នឹងឡើងកំដៅ​ប្រមាណ ២.៧°c នៅរវាងឆ្នាំ​២០៥០។ ការព្យាករណ៍​កន្លងមក ថាសីតុណ្ហភាព អាចឡើងក្តៅថែមជាមធ្យម ១.៥°c នៅរវាងឆ្នាំ​២០៤០​នោះ គឺអាច​នឹងមកដល់មុននេះ១០ឆ្នាំ ពោលគឺនៅកំឡុងឆ្នាំ​២០៣០។

ដូច្នេះ ប្រទេសទាំងអស់ ត្រូវតែ​បន្ថែមការសន្យា ឲ្យ​បានច្រើន​លើសមុនទៀត ដើម្បី​ទប់សីតុណ្ហភាព​​ផែនដី​។ លោក Alok Sharma ប្រធានចាត់ចែងសន្និសីទ COP26 បាន​លើកឡើងថា ប្រទេសធំៗ ដែលបញ្ចេញ​ឧស្ម័នពុលច្រើន គឺត្រូវតែ​រួមគ្នាសន្យា ពង្រឹងទំនុកចិត្តគ្នា និង​ភាពក្លាហាន ដើម្បី​ធ្វើ​យ៉ាងណា ទប់ឲ្យ​បាន កុំឲ្សសីតុណ្ហភាព​ផែនដី ឡើងលើសពី​១.៥°c។

ការសន្យាប្រឹងប្រែងបន្ថែមនេះ គឺត្រូវតែស្តែងឡើង តាមរយៈវិធានការជាក់ស្តែង កាត់បន្ថយ​ប្រភពថាមពល​​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិកខ្លាំង​​ ដូចជាធ្យូងថ្ម ហ្កាស និង​ប្រេងឥន្ធនៈ​ ហើយ​ងាកទៅ​ផ្តល់អាទិភាព​ធំ ដល់ថាមពលដែលស្អាតស្អំ។ ខណៈ​ ដែលចិន រុស្ស៊ី និងប្រេស៊ីល ធ្វើ​មិនឲ្យគេមិន​មានសង្ឃឹម នៅក្នុងសន្និសីទនេះ កែវភ្នែកគ្រប់គ្នា កំពុងសំឡឹងទៅមើលឥណ្ឌា ព្រោះឥណ្ឌាក៏ជាអ្នកបញ្ចេញ​ឧស្ម័នកាបូនិក​មិនណយដែរ។ សន្ទរកថាលោក​ណារិន្ទ្រម៉ូឌី នៅក្នុងសន្និសីទ នឹងត្រូវ​គេរងចាំបំផុត។

ថវិកាជួយ​ប្រទេសក្រីក្រ គឺជារឿងយុត្តិធម៌ មិនមែនជារឿងមនុស្សធម៌ទេ

ប្រទេសធំៗទាំងអស់ ត្រូវ​តែ​ប្រឹងប្រែងដែរ ក្នុងការប្រមូលថវិកាឲ្យ​បាន​១០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីយកទៅជូន​ប្រទេសក្រីក្រី ដើម្បីឲ្យពួកគេ អាចដោះស្រាយ​បញ្ហារងគ្រោះនានា បណ្តាល​​មកពីវិបត្តិអាកាសធាតុ។ រឿង​ប្រមូលប្រាក់នេះ កាលពីមុន ប្រទេសអ្នកមាន គេសន្យាថានឹងធ្វើចាប់ពី​ឆ្នាំ​២០២០ទៅ។ តែឥឡូវ គេបានរុញទៅធ្វើចាប់ពីឆ្នាំ​២០២៣វិញ។ បញ្ហានេះ វានឹងជះ​ផលអវិជ្ជមាន បង្កឲ្យ​មាន​បញ្ហាបាត់បង់ទំនុកចិត្តគ្នា រវាងប្រទេសអ្នកមាន ដែលជាអ្នក​បង្កបញ្ហា និង​ប្រទេសអ្នកក្រ​ ដែលជាអ្នករងផលលំបាក។

លោកស្រី Lia Nicholson តំណាងក្រុម​ប្រទេសដែនកោះតូចៗ (AOSIS) ដែលប្រឈមនឹងការលិចលង់​ដោយ​សារទឹកសមុទ្រឡើងកំពស់ខ្លាំងនោះ បាន​លើកឡើងថា រឿងប្រទេសអ្នកមាន​ប្រមូលប្រាក់ទៅជួយ​ប្រទេសអ្នកក្រនេះ វាមិនមែនជារឿងជំនួយ​សប្បុរសអ្វីទេ។ តែវាជារឿងដែលប្រទេសអ្នកមានត្រូវតែធ្វើ វាជារឿងយុត្តិធម៌។ ពោលគឺប្រទេសធំៗ អ្នកមាន ដែល​បាន​បំពុល​បរិស្ថាន បញ្ចេញឧស្ម័នពុល រាប់សិបឆ្នាំមកនេះ ត្រូវតែមានកាតព្វកិច្ចជួយដល់​ប្រទេសក្រីក្រតូចតាំង ដែលពូកគេគ្មានបានធ្វើអ្វីសោះ ឲ្យផែនដីឡើងកំដៅ តែប្រទេសពួកគេ ជាអ្នករង​នូវបញ្ហាគ្រប់សព្វបែបយ៉ាង ដោយសារតែវិបត្តិអាកាសធាតុ បង្កឡើងដោយ​ពួក​ប្រទេសឧស្សាហកម្មធំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ