អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តំណាង​ជាន់​ខ្ពស់​អាមេរិក​និង​ចិន​ជួប​គ្នា​ក្នុងផ្ទៃ​នៃ​ភាព​តានតឹង​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃពុធ​ទី ៦ តុលា ២០២១​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន លោក Jake Sullivan ជេក ស៊ូលីវ៉ាន់ និង​ លោក Yang Jiechi យ៉ាង​ ជៀឈី ប្រធាន​គណៈកម្មការកិច្ចការ​បរទេសនៃ​គណៈកម្មការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ​ត្រូវ​ជួបគ្នា​នៅ​ស្វ៊ីស ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​សម្របសម្រួលគ្នា​តាមផ្លូវ​ចរចា។ តែ​ជំនួប​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង ហើយ​​សំណុំរឿង​តៃវ៉ាន់​ក៏​កំពុងតែឡើង​​ក្តៅ​គគុកខ្លាំង​ទៀត។ ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​លើកឡើង​ថា ចិន​អាច​នឹង​វាយលុក​ចូល​ឈ្លានពាន​តៃវ៉ាន់ នៅ​ត្រឹម​ឆ្នាំ២០២៥​ខាងមុខ។

មន្ត្រីជាន់ខ្ពស់​ចិន-អាមេរិក ជួប​គ្នា​ ជា​លើក​ទី​មួយ (រូបថត​កាលពី​ខែ​មីនា ២០២១ នៅ​អាឡាស្កា)
មន្ត្រីជាន់ខ្ពស់​ចិន-អាមេរិក ជួប​គ្នា​ ជា​លើក​ទី​មួយ (រូបថត​កាលពី​ខែ​មីនា ២០២១ នៅ​អាឡាស្កា) AP - Frederic J. Brown
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​តាំង​ពី​ខែ​មីនា​២០២១​ ថ្ងៃ​​សង្គ្រាម​ពាក្យ​សំដីរវាង​​​ប្រមុខ​ការ​ទូត​នៃ​រដ្ឋបាល​លោក​ដៃ​ដិន​និងប្រមុខ​ការ​ទូត​ចិន ​នៅ​រដ្ឋ​អាឡាស្កា​មក នេះ​ជា​លើក​ទីមួយហើយ​​ដែល​មន្ត្រី​ជាន់​ខ្ពស់​​កំពូល​អាមេរិក​និង​ចិន​ជួប​ពិភាក្សាគ្នា​​ដោយ​ផ្ទាល់​មួយ​ទល់​នឹង​មួយ​យ៉ាង​ដូច្នេះ។

បើ​តាម​សេតវិមាន ជំនួប​រវាង​លោក ជេក ស៊ូលីវ៉ាន់ ទីប្រឹក្សា​សន្តិសុខ​ជាតិអាមេរិក និង​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស ​ លោក យ៉ាង ជៀឈី ជា​សកម្មភាព​បន្ត​ពី​ជំនួប​តាម​ទូរស័ព្ទ ជា​លើក​ទីមួយ​ ​រវាង​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​លោក​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាលពី​ថ្ងៃ​ទី ៩ កញ្ញា ២០២១ ដែលវ៉ាស៊ីនតោន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា​អាមេរិក​នឹង​បន្ត​ស្វែង​រក​វិធីគ្រប់គ្រង​ការ​​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​​ចិន-អាមេរិក​ ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។ ប្រមុខ​ដឹកនាំទាំងពីរយល់​ច្បាស់​ថា​ ​ការ​ប្រកួត​ប្រជែងគ្នា​ មិន​ត្រូវ​កា្លយ​ជា​ជម្លោះ​ទេ។

យោង​តាម​​កាសែត​ហុងកុង South China Morning Post ជំនួប​នៅ​ក្រុង​Zurich ប្រទេស​ស្វ៊ីស​នេះ មាន​កម្មវត្ថុ​ចំបង​មួយ គឺ​ស្ថាបនា​បណ្តាញ​ទំនាក់ទំនង​គ្នា​ឡើង​វិញ​និង​អនុវត្ត​នូវ​អ្វី​ដែល​ប្រធានាធិបតី​ទាំងពីរ បាន​សម្របសម្រួល​គ្នា​។

ដូច្នេះ​មាន​ន័យ​ថា មាន​ប្រធានបទ​រសើបៗ​ច្រើន​ដែល​កំពុង​រង់ចាំ​មន្ត្រី​ទាំង​ពីរ​ តែ​ប្រធានបទ​សំខាន់​ជាង​គេនោះ ប្រាកដ​ជា​​សំណុំ​រឿង​ពាណិជ្ជកម្ម សិទ្ធិមនុស្ស​ និងសំណុំ​រឿង​តៃវ៉ាន់ ... 

លើក​លែង​ការ​ដំឡើង​ពន្ធទណ្ឌកម្មលើ​ផលិតផលខ្លះ

តំណាង​ជាន់​ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​នៃមហាអំណាច​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ក្នុងពេល​ឆាប់ៗ​ នេះបើ​តាម​ការ​អះអាង​របស់​អាមេរិក ដែល​​ទន្ទឹម​គ្នា​នេះ បាន​បង្ហើប​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​ខ្លួន​ ដោយ​មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​សម្រាប់​ផលិតផលមក​ពី​ចិន​មួយ​ចំនួនធំ។

ជាមួយ​នឹង​សេចក្តី​ប្រកាស​ចង់​ផ្តើម​កិច្ចចរចា​ថ្មី​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ជាមួយ​ប៉េកាំង ដើម្បី​ពិនិត្យ​មើល​ការ​ដាក់​ឱ្យ​ដំណើរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម លោកស្រី កាទ្រីន តៃ Katherine Tai ​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក បាន​ប្រកាស​អំពី​ការ​លើក​លែង​ពន្ធ​នាំចូល​ខ្លះ។ តែ​ដំណើរការ​លើកលែងពន្ធនាំ​ចូល​ផលិត​ផល​មក​ពី​ចិន​ ជា​ច្រើនមុខ ធ្វើ​ឡើង​ទៅ​តាម​ករណី​ជាក់ស្តែង ​លើ​ផលិតផលមុខ​​មួយណា ដែល​អាមេរិក​គ្មាន​ជម្រើសផ្សេង​ក្រៅពី​​ត្រូវ​តែ​នាំ​ចូល​មក​ពី​​ចិន​​តែ​ប៉ុណ្ណោះ។ ទង្វើ​នេះ​គឺ​ដើម្បី​ជួយ​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម​អាមេរិក ដែល​កំពុង​ត្រដរ​រស់​ ប្រឈម​នឹង​ផលវិបាក​បង្ក​ឡើង​ដោយ​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ខ្លះ ដោយ​ត្រូវ​ចំណាយ​បង់​ពន្ធ​ខ្ពស់​ជាង​មុន​ ព្រោះ​ពុំ​អាច​រក​អ្វីមក​ជំនួស​ផលិតផល​មកពី​ចិន​បាន។

​ចិន​អាច​វាយយក​តៃវ៉ាន់ នៅ​ឆ្នាំ​២០២៥

នៅ​ចំពោះ​មុខ​សំណុំ​រឿង​តៃវ៉ាន់ ដែល​ស្រាប់​តែ​ស្ទុះ​ឡើង​តាន​តឹង​ខ្លាំង​ គួរឱ្យ​ព្រួយ​បារម្ភ​មែន​ទែន លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន បាន​ប្រកាស​ នៅ​យប់​ថ្ងៃអង្គារ​ទី ៥​តុលា​២០២១ ​ថា លោក​និង​លោកប្រធានាធិបតី​ចិន ​ស៊ីជីនពីង បាន​ព្រមព្រៀង​គ្នា​ យ៉ាង​ច្បាស់​លាស់ គោរព​ “កិច្ចព្រមព្រៀងតៃវ៉ាន់” ព្រោះ​គ្មាន​មធ្យោបាយ​ឬ​ដំណោះស្រាយ​អ្វី ផ្សេង​ល្អ​ជាង​ការ​គោរព​កិច្ចព្រមព្រៀង​ឡើយ។ កិច្ចព្រមព្រៀង​តៃវ៉ាន់ ដែល​លោក​ចូបៃដិន​លើក​ឡើង​នេះ​ ទំនង​ចង់​សំដៅ​លើ​ ការ​ទទួល​ស្គាល់ប៉េកាំង​ជា​តំណាង​ផ្លូវការតែមួយ​របស់​ចិន ឯ​​​តៃវ៉ាន់​​ជា​ខេត្ត​មួយ​ចិន។

សហរដ្ឋ​អាមេរិក​ក៏​បាន​ធានា​ប្រាប់​តៃវ៉ាន់ភ្លាម​ដែរ​​ ក្រោយ​ប្រសាសន៍​របស់​លោក ចូបៃដិន ​ថា​វ៉ាស៊ីនតោន​មិន​ប្តូរ​ផ្លាស់​​នយោបាយ​ជាមួយ​តៃវ៉ាន់​ទេ។ អាមេរិក​បន្តការពារ​និង​ផ្គត់ផ្គង់​តៃប៉ិ ឱ្យ​មាន​មធ្យោបាយ​ការពារ​ខ្លួន​ជា​និច្ច។

ប៉ុន្តែ​តែការ​ធានាអះអាង​នេះ មិន​គ្រប់​គ្រាន់​នឹង​ធ្វើ​ឱ្យ​​​តៃវ៉ាន់​ស្ងប់ភ័យទេ។ កាលពី​សប្តាហ៍មុន ប្រធានាធិបតី​ចិន លោក​ ស៊ី ជីនពីង បាន​ចាត់​ទុក​ស្ថានភាព​តៃវ៉ាន់​ថា​ដុនដាប​អាក្រក់​ខ្លាំង។ នៅ​ថ្ងៃនេះ ក្រោយ​ពី​ឃើញ​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​​ជិត​១៥០​គ្រឿង ក្នុង​រយៈ​ពេល​តែ​បួន​ថ្ងៃ  ហោះ​ចូល​ដែន​អាកាសតៃវ៉ាន់ ​​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ លោក Chui Kuo-Cheng បាន​ប្រកាស​ថា​ស្ថានភាព​យោធា​តៃវ៉ាន់​-ចិន បាន​ឡើង​តាន​តឹង​ខ្លាំង​ដល់​កំពូល មិន​ធ្លាប់​កើត​មានទេ ក្នុង​រយៈ​ពេល​បួន​ទស្សវត្សរ៍​ចុងក្រោយ​មក​នេះ។

នៅ​ចំពោះ​មុខ​សភា​តៃវ៉ាន់ លោក​រដ្ឋមន្ត្រី​បាន​ពញ្ញាក់អាសន្ន​ថា​ បើ​តៃវ៉ាន់​ធ្វេស​ប្រហែស​បាត់​ការ​ប្រុង​ប្រយ័ត្ន​តែ​បន្តិច ឬ​គិត​អី​ខុស​តែប​ន្តិច វិបត្តិ​នៅ​ច្រក​សមុទ្ទ​តៃវ៉ាន់​នឹង​ផ្ទុះ​ឡើង​ភា្លម។ ​ប៉េកាំងអាច​នឹង​វាយលុក​ចូល​​ឈ្លានពាន​​ក្រសោប​យក​តៃ​វាន់​ ​នៅ​​ឆ្នាំ​២០២៥​។ សព្វថ្ងៃ​នេះ ចិន​មានលទ្ធភាព​និង​​សមត្ថភាព​វាយ​យក​តៃវ៉ាន់​បាន​ហើយ តែបើ​តាម​ការ​គុណគិតលើ​កត្តា​ជា​ច្រើន​ផ្សេង​ទៀតទៅ ​ចិន​ត្រូវ​ចំណាយ​​និង​ខាត​បង់​ច្រើន ទើប​ចិន​​មិន​ចង់​ធ្វើភ្លាម។ ហើយ​ចាប់​ពី​ឆ្នាំ​២០២៥​ទៅ តម្លៃ​ធ្វើ​សង្គ្រាម​និង​ការ​ខាត​បង់​នឹង​ធ្លាក់​ចុះ​មក​ទៅ​តិច​បំផុត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោករដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ដដែលដោយ​ពុំ​បាន​ផ្តល់​ការ​លម្អិត​អ្វី​ច្រើន​ជាង​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ