អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិន​បញ្ជូន​យន្តហោះចម្បាំង ៣៨​គ្រឿង​ទៅក្នុងតំបន់ការពារដែនអាកាស​របស់តៃវ៉ាន់

តៃវ៉ាន់​សំដែង​ការតវ៉ា មិនពេញចិត្ត​នឹងការណ៍​ដែល​ចិន​បញ្ជូន​យន្តហោះ​ចម្បាំង ដល់​ទៅ ៣៨គ្រឿង ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់ កាលពីថ្ងៃ​សុក្រ។ នៅក្នុង​សេចក្តីប្រកាស កាល​ពី​ថ្ងៃ​សៅរ៍ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ចាត់ទុក​វត្តមាន​របស់​យន្តហោះចម្បាំង​ចិន នៅក្នុង​ដែនអាកាស​តៃវ៉ាន់ ថា ជាការរំលោភឈ្លានពាន​ក្នុង​ន័យ​បំភិតបំភ័យ​តៃវ៉ាន់។

រូបថតរបស់ក្រសួងការពារជាតិតៃវ៉ាន់​បង្ហាញ​យន្តហោះចម្បាំង​របស់​ចិន ប្រភេទJ-16 ដែលហោះចូលក្នុង​តំបន់ការពារដែនអាកាសរបស់​តៃវ៉ាន់ នាខែ​មិថុនា​​ឆ្នាំ ២០២១
រូបថតរបស់ក្រសួងការពារជាតិតៃវ៉ាន់​បង្ហាញ​យន្តហោះចម្បាំង​របស់​ចិន ប្រភេទJ-16 ដែលហោះចូលក្នុង​តំបន់ការពារដែនអាកាសរបស់​តៃវ៉ាន់ នាខែ​មិថុនា​​ឆ្នាំ ២០២១ AP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឱកាស ប្រារព្ធ​បុណ្យជាតិ ខួប ៧២​ឆ្នាំ​នៃ​ការបង្កើតសាធារណរដ្ឋប្រជាជាតិ​មានិត​ចិន ប៉េកាំង បាន​បង្ហាញ​សាច់ដុំ​យោធា ដោយ​បាន​បញ្ជូន​យន្តហោះ ចម្បាំង ដល់ទៅ​២លើក ទៅហោះក្នុងតំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់។ តាម​ក្រសួងការពារ​ជាតិ​តៃវ៉ាន់ កាលពី​ថ្ងៃសុក្រ យន្តហោះ​យោធា​ចិន ចំនួន ២៥គ្រឿង ដែលបាន​ហោះរំលោភចូល​ដែនអាកាស​តៃវ៉ាន់ ដែល​នៅក្នុង​នោះ មានយន្តហោះចម្បាំង ២២គ្រឿង យន្តហោះ​ទម្លាក់គ្រាប់បែក ២គ្រឿង​ដែលមាន​សមត្ថភាព​ដឹកគ្រាប់បែកនុយក្លេអ៊ែរ និង​យន្តហោះ​សម្រាប់​វាយប្រហារ​នាវាមុជទឹកមួយគ្រឿង។ តាម​កងទ័ព​តៃវ៉ាន់​ដដែល តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ ចម្បាំង ទៅបណ្តេញ​យន្តហោះ​ចិន​ចេញពី​តំបន់​ការពារ​ដែនអាកាស​របស់ខ្លួន។ ប៉ុន្តែ នៅយប់ ថ្ងៃសុក្រ ឈាន​ចូល​ដល់​ថ្ងៃ​សៅរ៍ ចិន​ក៏បានបញ្ជូន​យន្តហោះចម្បាំង ១៣គ្រឿង​ទៀត ទៅហោះក្នុង​ដែនអាកាស​តៃវ៉ាន់។

សម្រាប់​តៃវ៉ាន់ នេះជារឿងកម្រ​ដែល​ចិន​បញ្ជូន​យន្តហោះ ចម្បាំង ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់​នៅពេលយប់ ហើយ​នេះ​ជាលើកទី១ ដែល​ចិន​បញ្ជូន​យន្តហោះចម្បាំង ទៅហោះ រំលោភចូល​ដែនអាកាស​តៃវ៉ាន់ ក្នុង​ចំនួន​ច្រើន​បែបនេះ។

តាមតៃវ៉ាន់ ចិន​ធ្លាប់​បញ្ជូន​យន្តហោះចម្បាំង​ច្រើនបំផុត ២៨គ្រឿង ក្នុង​មួយថ្ងៃ កាលពី​ថ្ងៃទី ១៦​មិថុនាកន្លងទៅ។ ចិន​បានបញ្ជូន​យន្តហោះចម្បាំង ទៅហោះក្នុង​តំបន់ការពារ​ដែនអាកាស​តៃវ៉ាន់ កាន់តែ​ញឹកញាប់ ចាប់តាំង​លោកស្រី ត្សៃ អ៊ីងវេន ចូលកាន់តំណែង ជាប្រធានាធិបតី​តៃវ៉ាន់។ ទោះគ្មាន​ជំហរ​ប្រកាស​ឯករាជ្យ​ឲ្យតៃវ៉ាន់ ប៉ុន្តែ លោកស្រីអ៊ីងវេន មិន​ចាត់ទុក​តៃវ៉ាន់ ថា ជាដែន​ដី​របស់​ចិន។

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​មួយ​របស់​ចិន ធ្លាប់អះអាង​ថា ការបង្រួបបង្រួម​ជាមួយ​តៃវ៉ាន់ ជារឿង​ដែលមិនអាច​ជៀសផុត ទោះបីត្រូវ​ប្រើ​កម្លាំងយោធា។

សកម្មភាពហោះរំលោភចូល​ដែនអាកាសតៃវ៉ាន់​ពីសំណាក់ប្រទេស​ចិន មានសឹងជាប្រចាំថ្ងៃ ដោយ​កើនឡើង​ពី​៣៨០លើក នៅ ឆ្នាំ ២០២០ មកដល់ ៥០០លើក ក្នុងរយៈពេល​តែ ៩ខែ​ឆ្នាំ​២០២១នេះ។

មន្រ្តីយោធា​អាមេរិក​ផ្ទាល់​ចាប់ផ្តើម​និយាយ​ដោយ​ចំហរ​ ពី​ការភ័យខ្លាច​ដែលថា ចិន​នឹង​អាច​ចូល​ឈ្លានពាន វាយដណ្តើម​គ្រប់គ្រង​តៃវ៉ាន់។ ប្រទេស​លោកខាងលិច​មួយចំនួន​បាន​ចូលរួម​ជាមួយ អាមេរិក​ដើម្បី​ធានា​សេរីភាព ​ចរាចរណ៍ផ្លូវទឹក នៅ​សមុទ្រ​ចិនខាងត្បូង និង​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។

ចិន​បាន​បញ្ជូន​យន្តហោះ​ដ៏ច្រើន​សម្បើម​ទៅក្នុងតំបន់​ការពារ​ដែនអាកាសតៃវ៉ាន់ ​នៅ​៤ថ្ងៃ​ក្រោយ ចិន​ចេញ​មុខ​ថ្កោលទោស អង់គ្លេស ដែល​បាន​បញ្ជូន​នាវាចម្បាំង លើកទី១ ចាប់តាំង​ពី​ឆ្នាំ ២០០៨ ដើម្បី ទៅបើក​ចរាចរ នៅច្រកសមុទ្រ​តៃវ៉ាន់ កាលពី ថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ។ ម្យ៉ាង ដោយ​បញ្ជូន​យន្តហោះយោធា ជាច្រើនគ្រឿង ដែលមានតាំង​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែកផងនោះ ចិន​មិនមែនត្រឹម​ចង់​ផ្ញើសារ​ទៅ​តៃវ៉ាន់តែប៉ុណ្ណោះទេ ប៉ុន្តែ ចិន ចង់​បញ្ចេញ សាច់ដុំ គំរាម អាមេរិក និង​អង់គ្លេស ដែលកំពុង​បញ្ឈរ តាំងទី​នាវាដឹកយន្តហោះ​របស់ខ្លួន ចំនួន ៣គ្រឿង នៅក្នុងតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ