អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​បិទបញ្ចប់​ជាស្ថាពរសង្រ្គាមរ៉ាំរ៉ៃ២០ឆ្នាំ​នៅ​អាហ្វហ្កានីស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កងទ័ព​អាមេរិក​ចុងក្រោយ​បាន​ដកចេញ​ពី​អាហ្វហ្កានីស្ថាន​កាលពី​យប់ថ្ងៃចន្ទ ពោល គឺ​នៅ​មួយថ្ងៃ​មុន​ចប់ឱសានវាទ ដែល​កងទ័ពអាមេរិក​ត្រូវ​ដកចេញ​ឲ្យអស់​ពីអាហ្វហ្កានីស្ថាន ទៅតាម ការសន្យា​របស់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន។ នៅ​យប់​ថ្ងៃ​ចន្ទ សំឡេងបាញ់កាំភ្លើង​របស់​ទាហាន​តាលីបង់ ឮ​រន្ទឺ​ពេញ​ទីក្រុង​កាប៊ុល ដើម្បី​អបអរ ការដកខ្លួន ចេញទាំងស្រុង​របស់ទាហាន​អាមេរិក ពីអាហ្វហ្កានីស្ថាន។ អាមេរិក​បាន​បិទបញ្ចប់​ជា​ស្ថាពរ​សង្រ្គាមរ៉ាំរ៉ៃ ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែ ចំណោទ​នៅត្រង់ថា តើ​ជនជាតិអាមេរិក និង​ប្រជាជន​អាហ្វហ្កានីស្ថាន ដែល​គេនៅ​មិនទាន់​ជម្លៀស បានកាលពី​ថ្ងៃ​ម្សិលមិញ នឹង​មាន​ជោគវាសនា យ៉ាងណា​ទៅវិញ?

ទាហាន​តាលីបង់​ប្រើសំលៀកបំពាក់ និង​កាំភ្លើងអាមេរិក​ដែលរឹបអូស​បាន​ពីកងទ័ពអាហ្វហ្កានីស្ថាន នៅក្រោយ អាមេរិក​ដកខ្លួន​ទាំងស្រុង​ពី​ព្រលានយន្តហោះ​ក្រុង​កាប៊ុល។ ទាហាន​តាលីបង់​ឈរយាម នៅពេល​អ្នកនាំពាក្យតាលីបង់Zabihullah Mujahid និយាយ​ទៅកាន់​ទាហាន​តាលីបង់ នៅថ្ងៃ​អង្គារ ទី ៣១ ខែ​សីហា ឆ្នាំ ២០២១
ទាហាន​តាលីបង់​ប្រើសំលៀកបំពាក់ និង​កាំភ្លើងអាមេរិក​ដែលរឹបអូស​បាន​ពីកងទ័ពអាហ្វហ្កានីស្ថាន នៅក្រោយ អាមេរិក​ដកខ្លួន​ទាំងស្រុង​ពី​ព្រលានយន្តហោះ​ក្រុង​កាប៊ុល។ ទាហាន​តាលីបង់​ឈរយាម នៅពេល​អ្នកនាំពាក្យតាលីបង់Zabihullah Mujahid និយាយ​ទៅកាន់​ទាហាន​តាលីបង់ នៅថ្ងៃ​អង្គារ ទី ៣១ ខែ​សីហា ឆ្នាំ ២០២១ via REUTERS - TALIBAN HANDOUT
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹកថ្ងៃ​អង្គារ មន្រ្តីជាន់ខ្ពស់​របស់​តាលីបង់ ដែល​បាន​ទៅធ្វើទស្សនកិច្ច​ផ្ទាល់នៅ​ព្រលានយន្តហោះ ក្រុង​កាប៊ុល ​បាន​ថ្លែង​នៅ​ចំពោះមុខ​ទាហាន​តាលីបង់ ដោយ​ចាត់ទុក ថ្ងៃ​ដកទ័ព​អស់​អាមេរិកពី​អាហ្វហ្កានីស្ថាន ជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត​ដែល​ទាហាន​តាលីបង់​ត្រូវ​មាន​មោទនភាព។

ចាប់ពីថ្ងៃ​អង្គារទី ៣១ ខែ​សីហា ក្រុមតាលីបង់​បាន​ចូល​កាន់កាប់​ព្រលានយន្តហោះ ក្នុង​ក្រុង​កាប៊ូល បន្ទាប់ពី យន្តហោះយោធា​ចុងក្រោយ របស់​អាមេរិក​ហោះចេញ​ពី​អាហ្វហ្កានីស្ថាន កាលពី​យប់ថ្ងៃ​ចន្ទ។ អាមេរិកបាន​បិទបញ្ចប់​សង្រ្គាម​រ៉ាំរ៉ៃ ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន ជាមួយ​នឹង​ការជម្លៀសមនុស្ស​ដ៏ប្រផិតប្រផើយបំផុត ចំណែក​ក្រុមតាលីបង់​បាន​ក្លាយ​ជា​ម្ចាស់ដឹកនាំ​ពេញមុខ នៅអាហ្វហ្កានីស្ថាន។

នៅ​មុន​ម៉ោង ១២​អាធ្រាត្រ​ថ្ងៃ​ចន្ទ គ្រាន់តែ យន្តហោះ​យោធា​អាមេរិក ចុងក្រោយ​ហោះចេញ​ពី​ព្រលាន​យន្តហោះ នៅក្រុង​កាប៊ុល​ភ្លាម គេឃើញ​ក្រុមតាលីបង់ បាញ់កាំភ្លើង​ទៅលើ​មេឃ​យ៉ាងស្រុះគ្នា ដើម្បី អបអរ ជ័យជំនះ ទាំងស្រុង​របស់ពួកគេ​អាហ្វហ្កានីស្ថាន។

នៅ​ថ្ងៃ​ចាកចេញពី​អាហ្វហ្កានីស្ថាន កងទ័ពអាមេរិក​បាន​បំផ្លាញ សព្វាវុធ ឬ​ធ្វើ​ឲ្យ​លែងដំណើរការ រាល់​យន្តហោះ​យោធា និង​រថពាសដែក ជាង ១០០គ្រឿង រួម​ទាំង​ប្រព័ន្ធខែលមីស៊ីល ដែល​អាមេរិក​ធ្លាប់​បាន​ប្រើ​សម្រាប់​វាយបក ទប់ទល់ ការវាយប្រហារ​គ្រាប់មីស៊ីល​របស់​ក្រុមជីហាត​អ៊ីស្លាម កាលពី​ប៉ុន្មានថ្ងៃ​មុន។ តាម​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​មជ្ឈឹមបូព៌ា លោក  Kenneth McKenzie សព្វាវុធ​ដែល​សេសសល់ នៅព្រលាន​យន្តហោះ ក្រុងកាប៊ុល មិនអាច​ដំណើរការ ឬ​ហោះហើរ​បានទៀតនោះទេ។ អាមេរិក បាន​បំផ្លាញ រាល់​សព្វាវុធ នៅព្រលាន​យន្តហោះ ដើម្បីធ្វើយ៉ាងណា កុំ​ឲ្យ​ក្រុមតាលីបង់​អាច​ចូលប្រើប្រាស់បាន។

ក្រុមតាលីបង់​ដែល​បាន​ប្រយុទ្ធ​ឈ្នះសង្រ្គាម ចូល​គ្រប់គ្រង​អាហ្វហ្កានីស្ថាន តាំង​ពីថ្ងៃទី ១៥​សីហា កន្លងទៅ បាន​ចាត់ទុក ថ្ងៃចន្ទ ថ្ងៃ ដែល​អាមេរិក​ដកទ័ព​ចេញអស់ ទាំងស្រុង ពីអាហ្វហ្កានីស្ថាន ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​ជា​មេរៀនសំខាន់មួយ​សម្រាប់​អ្នក​ផ្សេងទៀត ដែល​ចង់​ឈ្លានពាន​អាហ្វហ្កានីស្ថាន និង​សម្រាប់​មនុស្សជំនាន់ក្រោយ។

តាម​អ្នកនាំពាក្យ​សំខាន់​ម្នាក់​របស់​ក្រុមតាលីបង់ គឺ​លោក Zabihullah Mujahid ដែលបាន​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​ព្រលាន​យន្តហោះ ក្រុង​កាប៊ុល នៅព្រឹកថ្ងៃ​អង្គារនេះ ជ័យជំនះ​លើកនេះ ជា​ជ័យជំនះ របស់​មនុស្សគ្រប់គ្នា។ វា​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត ដែល​ក្រុមតាលីបង់​មាន​មោទនភាព​បំផុត។

តាំងពី​ព្រឹកព្រលឹម​ថ្ងៃ​អង្គារ ទាហាន​តាលីបង់​បាន​ចូល​កាន់កាប់​ទាំងស្រុង ព្រលានយន្តហោះ ក្រុង​កាប៊ុល បន្ទាប់​ពី​យន្តហោះយោធា​អាមេរិក ចាកចេញ​យ៉ាងបន្ទាន់បំផុត ពោល​គឺ​នៅ ២៤​ម៉ោង​មុន ចប់​ឱសានវាទ ដែល​អាមេរិក​ត្រូវ​ដកទ័ពចេញ​ឲ្យអស់​ពីអាហ្វហ្កានីស្ថាន ទៅតាម​ការសន្យា​របស់​លោកប្រធានាធិបតី​ចូ បៃដិន។

តាម​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន ដែលបាន​ថ្លែង​នៅក្រោយ យន្តហោះយោធា​អាមេរិកចុងក្រោយ ចាកចេញពី​ក្រុង​កាប៊ុល ក្នុង​រយៈពេល ២សប្តាហ៍ ដែល​អាមេរិក និង​ប្រទេស​លោកខាងលិច ចាប់ផ្តើម​ជម្លៀស មនុស្ស​ចេញពី​ទីក្រុង​កាប៊ុល មាន​មនុស្ស​ជាង ១សែន ២ម៉ឺននាក់ ត្រូវ​បាន​ជម្លៀសចេញពី ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល ដែល​នៅក្នុង​នោះ មាន ជាង ៦ពាន់ជា​ជនជាតិ​អាមេរិកាំង។ ប៉ុន្តែ ប្រមុខការបរទេសអាមេរិក ទទួលស្គាល់ថា នៅមានជនជាតិ​អាមេរិកាំង ជាង ១០០នាក់ផ្សេងទៀត និង​ជនជាតិអាហ្វហ្កានីស្ថាន ជាច្រើន​ផ្សេងទៀត​ដែល​ចង់ចាកចេញ ពីអាហ្វហ្កានីស្ថាន ប៉ុន្តែ ដែល​កំពុង​ជាប់គាំង​ក្នុង​ទឹកដីអាហ្វហ្កានីស្ថាន ដោយ​មិនអាច​ចាកចេញទាន់​ជាមួយ​យន្តហោះ​យោធា​អាមេរិក​ចុងក្រោយ កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ។

តើ​ប្រជាជន​អាមេរិក​ដែល​នៅ​សេសសល់ នៅអាហ្វហ្កានីស្ថាន និង​ប្រជាជន​អាហ្វហ្កានីស្ថាន ដែល​មិនទាន់​អាច​ជម្លៀសចេញ ទាន់ពេលវេលា កាលពី​ថ្ងៃ​ម្សិលមិញ​នោះ នឹង​មាន​ជោគវាសនា​យ៉ាងណា

តាម​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​មជ្ឈឹមបូព៌ា លោក  Kenneth McKenzie ប្រតិបត្តិការ​ជម្លៀសមនុស្ស​ចេញពីអាហ្វហ្កានីស្ថាន តាមផ្លូវអន្តរាគមន៍ យោធា​បាន​បិទបញ្ចប់។ ដំណើរការ​ជម្លៀសមនុស្ស​ដែលនៅសេសសល់ នឹង​ក្លាយ​ជា​បន្ទុក​របស់​ក្រសួងការបរទេស​អាមេរិក។ ការណ៍​នេះ​ធ្វើ​ឲ្យ​គេយល់បានថា អាមេរិក​នឹង​ឈប់​បញ្ជូន​យន្តហោះ​យោធា ទៅ​ដឹកជម្លៀស​បន្ទាន់ ប្រជាជនអាមេរិក ដែលនៅ​សេសសល់​ទៀតហើយ។ ប៉ុន្តែ ជនជាតិ​អាមេរិក​ដែល​នៅ​សេសសល់​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន នឹង​អាច​ចាកចេញ ពី​អាហ្វហ្កានីស្ថាន តាម​ផ្លូវចរចា នយោបាយ​ការទូត ដែល​អាមេរិក​ត្រូវបន្ត​ចរចាផ្ទាល់​ជាមួយ​រដ្ឋាភិបាល​តាលីបង់។

ក្រុមតាលីបង់​ធ្លាប់​បាន​ប្រកាស​បើកផ្លូវ​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន ចាកចេញពី​ប្រទេស បើសិន​ពួកគេចង់ និង​បាន​សន្យា​ផងដែរ មិន​សងសឹក អ្នកដែល​ធ្លាប់ធ្វើការ​ឲ្យ​រដ្ឋាភិបាល​មុន ឬ​កម្លាំងទ័ពបរទេស។ ប៉ុន្តែ មន្រ្តីតាលីបង់ ក៏ដូចជា​រុស្ស៊ី ​ធ្លាប់​បាន​រិះគន់​អាមេរិក​ថា បាន​ជំរុញ លើកទឹកចិត្ត ឲ្យ​បញ្ញវន្ត អាហ្វហ្កានីស្ថាន ដែលមាន​សមត្ថភាព ចាកចេញ​ពីប្រទេស ដែលកំពុង​មាន​សេដ្ឋកិច្ចដុនដាប​រួចទៅហើយ ដោយសារ​ការកាត់ផ្តាច់ជំនួយ របស់​អាមេរិក និង​សហគមន៍​អន្តរជាតិ។

ដោយ​ដកទ័ព​ទាំងអស់​ពីអាហ្វហ្កានីស្ថាន កាលពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ អាមេរិក​បាន​ប្រកាស​បិទផងដែរ ស្ថានទូត​របស់ខ្លួន​ប្រចាំ​ក្រុង​កាប៊ុល។ តាមរដ្ឋមន្រ្តី​ការបរទេស​អាមេរិក ស្ថានទូត​អាមេរិក​សម្រាប់​អាហ្វហ្កានីស្ថាន​នឹង​រើទៅនៅ​ទីក្រុង​ដូហា ប្រទេស​ការតា។ គឺ​ស្ថានទូត នៅទីក្រុង​ដូហា​ដែលជាចាត់ចែង ទទួល​បន្ទុក បន្ត​ជម្លៀស​ជនជាតិអាមេរិកាំង ដែលនៅសល់​អាហ្វហ្កានីស្ថាន ហើយនិង​ជនបរទេស ជនជាតិ​អាហ្វហ្កានីស្ថាន ដែល​ធ្លាប់ធ្វើការ​ឲ្យ​កងទ័ពអាមេរិក និង​ដែល​ចង់ចាកចេញពី​អាហ្វហ្កានីស្ថាន។

តាម​ប្រមុខការបរទេស​អាមេរិកដដែល ក្រុមតាលីបង់​បាន​អះអាង​ហើយថា នឹង​ធានា​សុវត្ថិភាព អនុញ្ញាត​បើកផ្លូវ​ឲ្យ​ជនជាតិអាមេរិកាំង និង​ជនជាតិអាហ្វហ្កានីស្ថាន ចាកចេញពី​អាហ្វហ្កានីស្ថាន។

ការធានា​របស់​រដ្ឋាភិបាល​តាលីបង់ ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន អាច​ចាកចេញពី​ទីក្រុង​កាប៊ុល ក៏ជា​ការទាមទារ​ផងដែរ​របស់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ នៅក្នុង​ការបោះឆ្នោត កាលពីល្ងាច​ថ្ងៃ​ចន្ទ ជាមួយ​សំឡេងគាំទ្រ ១៣ និង​អនុប្បវាទ ពីរសំឡេង​របស់​ចិន និង​រុស្ស៊ី ក្រុមប្រឹក្សា​សន្តិសុខ​ មិន​បាន​សម្រេច​បង្កើត​តំបន់​សុវត្ថិភាព នៅ​ព្រលាន​យន្តហោះ តាមសំណើ​របស់​បារាំង និងអង់គ្លេស​ទេ ប៉ុន្តែ បាន​ទាមទារ​ឲ្យ​ក្រុមតាលីបង់ គោរព​ការសន្យា​របស់ខ្លួន ជាពិសេស រឿង ចាកចេញ​ប្រកប​ដោយ​សុវត្ថិភាព​របស់​ជនជាតិ​អាហ្វហ្កានីស្ថាន និង​ជនបរទេស​ដទៃទៀត ដែល​កំពុង​នៅមាន​វត្តមាន​នៅអាហ្វហ្កានីស្ថាន នៅក្រោយ ថ្ងៃ​អាមេរិក​ដកទ័ពអស់ពីអាហ្វហ្កានីស្ថាន។

តើក្រុមតាលីបង់​អាច​គ្រប់គ្រងព្រលានយន្តហោះដែរឬទេ?

ព្រលានយន្តហោះ ក្រុងកាប៊ុល​ជា​ច្រក​ចេញចូល តែមួយគត់ របស់​អាហ្វហ្កានីស្ថាន។ ទោះព្រលាន​យន្តហោះ​ក្រុងកាប៊ុល លែង​ជា​មូលដ្ឋានទ័ព​របស់​អាមេរិក នៅក្រោយ អាមេរិក​ដកខ្លួន​ចេញ​ទាំងស្រុង​ពី​អាហ្វហ្កានីស្ថាន ប៉ុន្តែ អាមេរិក​នៅតែ​ត្រូវការ​ព្រលាន​យន្តហោះ សក្រុងកាប៊ុល សម្រាប់ ជំនួយ​មនុស្សធម៌។ ប៉ុន្តែ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​បាន​ព្រមាន​រួចហើយថា ព្រលានយន្តហោះក្រុង​កាប៊ុល នឹង​អាច​ត្រូវ​បិទ មួយរយៈពេល​យូរទៀត នៅក្រោយ ការដកខ្លួន​របស់អាមេរិក​ពី​អាហ្វហ្កានីស្ថាន ព្រោះថា អាមេរិក​មិន​ជឿថា ក្រុមតាលីបង់ មាន​សមត្ថភាព គ្រប់គ្រង​ព្រលាន​យន្តហោះ អគារត្រួតពិនិត្យ​ការហោះហើរ ដែលមាន​លក្ខណៈ​ស្មុគស្មាញ ទំនើប ដែល​អាមេរិក និង​ប្រទេស​លោកខាងលិច​បាន​បង្កើតឡើង ក្នុង​រយៈពេល ២០ឆ្នាំ​ចុងក្រោយនេះទេ។

ក្រុមតាលីបង់ មិនអាច​គ្រប់គ្រង ព្រលានយន្តហោះ ដោយសារគ្មាន​សមត្ថភាព​ផង និង​គ្មាន​ថវិកា​ផង ព្រោះថា ជំនួយ​របស់អាមេរិក និង​ជំនួយ​អន្តរជាតិ​សម្រាប់​អាហ្វហ្កានីស្ថាន ត្រូវ​ផ្អាកទាំងស្រុង បន្ទាប់ពីតាលីបង់​ចូលត្រលប់​ចូល​គ្រប់គ្រង​អាហ្វហ្កានីស្ថាន។

ក្រុមតាលីបង់​ផ្ទាល់​ធ្លាប់​បាន​សុំ​ជំនួយ​ពី​ប្រទេស​ការតា ឲ្យ​ជួយគ្រប់គ្រង ប៉ុន្តែ រហូតមកដល់ពេលនេះ មាន​តែ​ តួកគី ដែល​បាន​ចេញមុខ​ប្រកាស​ថា ក្រុមតាលីបង់​បាន​ទាក់ទង​ឲ្យ​តួកគី ជួយ​គ្រប់គ្រង​ព្រលាន​យន្តហោះ។ ក្រុមតាលីបង់ ចង់​ឲ្យ​តួកគី គ្រប់គ្រង​ផ្នែក​បច្ចេកទេសស៊ីវិល ចំណែក​ការរក្សា​សន្តិសុខ​ឲ្យព្រលានយន្តហោះ ជា​កិច្ចការ​របស់​ក្រុមតាលីបង់។ តាម​ប្រធានាធិបតីតួកគី តួកគី ដែល​ជា​សមាជិក​មួយ​របស់​អូតង់ កំពុង​ពិចារណា​សំណើ​របស់​តាលីបង់ ដែល​តាមពិត​បាន​ការគាំទ្រ​រួចហើយ​ដែរ ពីភាគីអាមេរិក។

តើ​អាមេរិក និង​ប្រទេស​លោកខាងលិច នឹងប្រកាន់ជំហរ​បែបណា ជាមួយ រដ្ឋាភិបាល​តាលីបង់?

នៅប៉ុន្មាន​ម៉ោង​ក្រោយ​យន្តហោះយោធាអាមេរិក ហោះចេញពីកាប៊ុល រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​បាន​ថ្លែង​នៅក្រសួងការបរទេស​ថា ដោយ​បិទបញ្ចប់​សង្រ្គាម​២០ឆ្នាំ​នៅអាហ្វហ្កានីស្ថាន អាមេរិក​ចាប់បើកទំព័រថ្មី បេសកកម្ម​ថ្មី ផ្នែក​ការទូត​ជាមួយ​អាហ្វហ្កានីស្ថាន។ សម្រាប់​ប្រមុខការបរទេស​អាមេរិក អាមេរិក​នឹងធ្វើការ​ជាមួយ តាលីបង់ បើសិន​ក្រុមនេះ គោរព​តាមការសន្យារបស់ខ្លួន។ តាម​ប្រមុខការបរទេស​អាមេរិក ក្រុមតាលីបង់​ចង់​បាន​ការទទួលស្គាល់​ស្របច្បាប់ និង​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ។ សារ​របស់អាមេរិក​ទៅកាន់​ក្រុមតាលីបង់ គឺថា គេត្រូវធ្វើអ្វី ដែល​សក្តិសម​នឹង​ទទួល​បាន​ការទទួលស្គាល់ ស្របច្បាប់ និង​ការគាំទ្រ​ពីសហគមន៍អន្តរជាតិ។ ពីចំណែកខាង​អាមេរិក អាមេរិក​នឹង​តាមមើល​សកម្មភាព​អនុវត្ត​ជាក់ស្តែង ប៉ុន្តែ មិនមែន​ទៅតាម​សំដី អះអាង​របស់​ក្រុមតាលីបង់​នោះទេ។

អាមេរិក​នឹង​នៅបន្ត​តាមដាន​ការអនុវត្ត​ជាក់ស្តែង របស់​រដ្ឋាភិបាល​តាលីបង់ ថាតើ មាន​បាន​គោរព​សិទ្ធិធ្វើដំណើរ​ផ្លាស់ទី របស់​ប្រជាជន​អាហ្វហ្កានីស្ថាន គោរព​សិទ្ធិស្រ្តី និង​ឈប់ សងសឹក អ្នកដែល​បាន​ធ្វើការ​ឲ្យ​កម្លាំងទ័ព​បរទេស​ដែរឬទេ។ ក្នុងពេល​រង់ចាំនេះ អាមេរិក នៅតែ​បន្តជួយខាងផ្នែក​មនុស្សធម៌ ដល់​ប្រជាជន​អាហ្វហ្កានីស្ថាន ប៉ុន្តែ នៅ​តែ​បន្ត ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមតាលីបង់​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ