អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ស្ថិត​ក្រោម​សម្ពាធ​ក្រោយ​សេណារីយ៉ូ​លេច​ធ្លាយ​កូវីដ​ពី​មន្ទីរ​ពិសោធន៍​នៅ​វូហាន​ចាប់​កក្រើក​ឡើង​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​កំពុង​ទទួល​រង​សម្ពាធ​ខ្លាំង​ ក្រោយ​ប្រធាន​អង្គការ​សុខភាព​ពិភពលោកបាន​គាស់​រំលើង​ឡើងវិញ​នូវ​សេណារីយ៉ូ​ដែលថា​មេរោគ​កូរ៉ូណា​វីរុស​លេច​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុងវូហាន​។ ចំណែក​សហរដ្ឋអាមេរិក​ និង​ក្រុម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​វិញ​ បាន​រិះគន់​ចិន​ថា​លាក់បាំង​មិនប្រគល់​ទិន្នន័យ​គ្រប់គ្រាន់​ដល់​ក្រុម​អ្នក​ស៊ើប​អង្កេត​។ ហេតុអ្វី​បានជា​សេណារីយ៉ូ​លេច​ធ្លាយ​កូវីដ​ចេញ​ពី​មន្ទីរពិសោធន៍​នៅ​ក្រុង​វូហាន​ចាប់​កក្រើក​ឡើង​វិញ​? តើ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​អ្វីខ្លះ​ទាក់ទង​នឹង​រឿង​នេះ​?

លោកតេដ្រូស ប្រធានអង្គការសុខភាពពិភពលោក (ឆ្វេង) និងប្រធានាធិបតីចិនលោកស៊ី ជីនពីង។
លោកតេដ្រូស ប្រធានអង្គការសុខភាពពិភពលោក (ឆ្វេង) និងប្រធានាធិបតីចិនលោកស៊ី ជីនពីង។ Naohiko Hatta/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

សេណារីយ៉ូ​ដែល​ថា​កូវីដ​លេចធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នៅ​វូហាន​កក្រើក​ឡើង​វិញ​

របាយការណ៍​ស្តីអំពី​ប្រភពដើម​កូវីដ​ដែលជា​សមិទ្ធផល​កើតចេញ​មកពី​ការ​ចុះទៅ​ស្រាវជ្រាវ​របស់​ក្រុមអ្នកជំនាញ​អង្គការ​សុខភាពពិភពលោក​នៅទីក្រុង​វូហាន​ប្រទេស​ចិន​ បាន​ចេញ​ផ្សាយកាលពី​ថ្ងៃ​អង្គារ ៣០​ មីនា​ម្សិលមិញ​។

របាយការណ៍​ដែលមាន​កម្រាស់ ១២០ ទំព័រ​របស់​អង្គការ​សុខភាព​ពិភពលោក​ និង​ក្រុម​អ្នក​ជំនាញចិននេះ​បាន​សន្និដ្ឋាន​ថា​ មេរោគ​កូរ៉ណា​ដែល​បង្កជា​ជំងឺ​កូវីដ​១៩​ ទំនង​ជា​ឆ្លង​ពី​សត្វ​ប្រចៀវ​មក​ដល់​មនុស្ស​តាមរយៈ​សត្វ​មួយ​​ប្រភេទ​ទៀត​។ ដោយឡែក​ សេណារីយ៉ូ​ដែលថា​មេរោគ​កូរ៉ូណាវីរុស​បែកធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នៅវូហានវិញ​ ក្រុមអ្នក​ជំនាញ​បាន​បដិសេធ​និងថា​វា​មិនអាចទៅរួចឡើយ​។

ភ្លាមៗនោះ​ ប្រទេសចិន​បាន​ចេញ​ស្វាគមន៍​ចំពោះ​ការសន្និដ្ឋាន​ខាងលើ​ដោយ​ក្តីរីករាយ​។ សម្រាប់​ចិន​ សេចក្តី​សន្និដ្ឋាន​នេះ​គឺជា​ការ​ជួយ​លាង​ជម្រះ​នូវ​មន្ទិល​សង្ស័យ​ និង​ពាក្យ​ចោទ​ប្រកាន់​ចិន​ថា​បាន​ពន្យា​រពេលនៃ​ការ​ចូលទៅ​ស៊ើបអង្កេត​របស់​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ និង​ថាចិន​បាន​កម្រិត​មិនឲ្យដំណើរការស្រាវជាវ​អាច​ប្រព្រឹត្តទៅដោយ​ទូលំទូលាយ​បាន​។

ក៏ប៉ុន្តែ​ ក្តី​រីករាយ​របស់​ចិន​បាន​រលាយបាត់​ទៅ​យ៉ាងលឿន​វិញដែរ​ នៅ​ក្រោយ​ពេលដែល​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ លោក​តេដ្រូស​ និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ថាការ​ស្វែង​រក​ប្រភព​ដើម​កូវីដ​ នឹង​បន្ត​ធ្វើ​ដោយ​មើល​លើ​គ្រប់សម្មតិកម្ម ​ក្នុងនោះ​ក៏មានផងដែរ​សេណារីយ៉ូ​លេចធ្លាយកូវីដ​ចេញពី​មន្ទីរពិសោធន៍​នៅក្នុង​ទីក្រុង​វូហាន។ វូហាន ជាកន្លែង​ដែល​មេរោគកូរ៉ូណា​ បានលេចឡើង​លើកដំបូងគេ​ មុននឹង​ឆ្លងរាលដាល​ពាស​ពេញ​​ពិភព​លោក។

ប្រសាសន៍​របស់​លោក​ប្រមុខ​អង្គការសុខភាពពិភពលោក​បែប​នេះ​ បានធ្វើឲ្យ​សេណារីយ៉ូ​ លេច​ធ្លាយ​កូវីដចេញពី​មន្ទីរពិសោធន៍​នៅ​វូហាន​ចាប់កក្រើក​ឡើងវិញ និងធ្វើឲ្យ​ប្រទេសចិន​ ទទួលរង​សម្ពាធ​កាន់តែខ្លាំងឡើង។

ហេតុអ្វី​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លែង​ធីបចោល​សេណារីយ៉ូ​នេះ​ទៅវិញ​?

កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ លោកតេដ្រូស​ ប្រធាន​អង្គការ​សុខភាពពិភពលោក​ បាន​មាន​ប្រសាសន៍​ថានឹង​ពិចារណា​ឡើងវិញនូវ​សេណារីយ៉ូ​នៃការ​លេចធ្លាយ​កូវីដ​ចេញ​ពី​មន្ទីរពិសោធន៍​ក្នុង​ទីក្រុងវូហាន​របស់​ប្រទេសចិន​។

លោកតេដ្រូស​បាន​សម្រេច​បែបនេះ​ ដោយសារតែ​លោក​មាន​ការ​បារម្ភ​អំពី​កម្រិត​នៃ​ភាព​ទូលំទូលាយ​ក្នុងការ​ទទួលបាន​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​នៅ​អំឡុងពេល​ដែល​ក្រុមអ្នក​ជំនាញ​ចុះទៅ​ស្រាវជ្រាវ​នៅក្រុងវូហាន​ប្រទេសចិន​កាលពី​ចុងខែ​មករា​កន្លង​ទៅ​។

ទន្ទឹមនេះ​ ប្រធាន​ស្ថាប័ន​សុខភាព​កំពូល​រូបនេះ​បាន​ឲ្យដឹងទៀតថា​នៅក្នុង​ពេល​ជួប​ពិភាក្សា​ជាមួយ​ក្រុមការងារ​របស់​លោក​ ពួកគេ​ពិតជា​បានប​ញ្ជាក់ប្រាប់ពី​ការ​លំបាក​ដែល​ពួកគេ​មិន​អាច​ទទួល​បាន​ទិន្នន័យ​ទូលំទូលាយពិតមែន​។

ដោយ​មូលហេតុនេះ​ អង្គការ​សុខភាព​ពិភពលោក​បានអំពាវនាវ​ឲ្យមាន​ការ​ចែករំលែក​ទិន្នន័យ​ឲ្យបាន​ទាន់​ពេលវេលា​និង​ទូលំទូលាយ​នៅក្នុងការ​ស៊ើបអង្កេតថ្មី​ទៀត​នាពេល​អនាគត​។

នៅត្រង់ចំណុចនេះ​ គួរ​រំឭកជូនដែរ​ថានៅគ្រាកន្លងមក​ក្រុមអ្នកជំនាញ​បាន​សន្និដ្ឋាន​ថា​ការ​លេចធ្លាយ​កូវីដ​ចេញពីមន្ទីរពិសោធន៍​ គឺជា​សេណារីយ៉ូ​ដែលពិបាក​នឹងរួចខ្លាំង​ណាស់​។ ហើយ​រហូតមកទល់នឹងពេលនេះ​ គេក៏នៅ​មិន​ទាន់រកឃើញ​ភស្តុតាង​ណាមួយ​ ដើម្បី​គាំទ្រ​ការ​សន្និដ្ឋាន​ខាងលើបានដែរ​។

តែទោះបើជាបែបនេះក្តី​ ប្រធាន​អង្គការ​សុខភាពពិភពលោក​បានលើកឡើងថា​ ការស៊ើប​អង្កេត​បន្ថែម​គឺចាំបាច់ត្រូវតែធ្វើ​ដើម្បី​បញ្ជាក់ឲ្យ​ច្បាស់ថាតើ​ កូវីដ​ពិតជា​លេច​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍​នៅ​វូហាន​ ឬក៏អត់​។ នៅ​ពេល​ការ​ស៊ើបអង្កេត​អាច​ប្រព្រឹត្តិ​ទៅ​គ្រប់​ជ្រុង​ជ្រោយ​ នោះ​លទ្ធផលពិតជាក់ស្តែង​នឹង​អាច​បំបាត់​នូវមន្ទិលសង្ស័យ​ទាំងអស់​ជាមិនខាន​។

ដោយ​បច្ចប្បន្ននេះ​ មន្ទិល​សង្ស័យ​នៅមានច្រើន​ ហើយ​ប្រភពដើម​កូវីដ​នៅមិនទាន់​រក​ឃើញ​ច្បាស់​១០០ %​ នោះ​ អង្គការ​សុខភាពពិភពលោក​បាន​បញ្ជាក់ថា​ ការ​ស្វែង​រក​ប្រភព​ដើម​កូវីដ​នឹង​បន្ត​ធ្វើ​ដោយ​មើល​លើ​គ្រប់សម្មតិកម្ម​ទាំងអស់​ ហើយ​គ្មាន​សេណារីយ៉ូ​ណាមួយ​ត្រូវ​បាន​បោះបង់​ចោល​ ឬ​ធីបចោល​ឡើយ។

សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​រិះគន់​របាយការណ៍​ស្តីអំពី​ប្រភព​ដើម​កូវីដ

ដោយ​ព្រួយបារម្ភ​អំពី​ឯករាជ្យភាព​របស់​អង្គការសុខភាពពិភព​លោកផង​ និង​ដោយ​ម្យ៉ាង​យល់​ថា​ចិន​លាក់ទិន្នន័យ​ មិនបើក​ទូលាយ​ដល់​ក្រុមស៊ើបអង្កេត​ផង​ សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​សម្ព័ន្ធ​ជាច្រើន​ទៀត​ បាន​រិះគន់​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ស្តីអំពី​ប្រភពដើម​នៃកូវីដ​។

ដើម្បី​ជាការ​ឆ្លើយតបទៅនឹង​របាយការណ៍នេះ​ សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ចំនួន​ ១៣ ប្រទេស​រួមមាន​អង់គ្លេស​ កូរ៉េខាងត្បូង​ ជប៉ុន​ និង​អូស្រ្តាលី​ជាដើម​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការស្រាវជ្រាវនេះ​ និង​បាន​ជំរុញឲ្យ​ចិន​ផ្តល់​ឲ្យ​បាន​នូវសិទ្ធិ​ពេញ​លេញ​គ្រប់គ្រាន់​ដល់​ក្រុម​អ្នកជំនាញ​ក្នុងពេល​ធ្វើការ​ស៊ើបអង្កេត​។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​​ អាមេរិក​និង​សម្ព័ន្ធមិត្ត​បាន​លើកឡើថា​បេសក​កម្ម​ទៅ​វូហាន​ត្រូវ​បាន​ពន្យារ​ពេល​យូរ ​ហើយ​ក្រុម​អ្នកស្រាវជ្រាវក៏​គ្មាន​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​និង​គំរូដើម​ពី​អាជ្ញាធរចិន​គ្រាប់គ្រាន់​ឡើយ​។

ឆ្លើយតបនឹង​ការលើកឡើងខាងលើ​ ទីក្រុងប៉េកាំង​ បានអះអាង​ថា​ខ្លួន​មាន​តម្លាភាព​ជាមួយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការសុខភាពពិភពលោក។

ចិន​បាន​គូសបញ្ជាក់ថា​ខ្លួន​បាន​អនុញ្ញាត​ឲ្យអ្នកជំនាញ​ ចូលទៅកាន់​ទីតាំង​ជាច្រើន​ដើម្បី​ស៊ើបអង្កេត​រួមមាន​ទីតាំងផ្សារជាច្រើនកន្លែង​ មន្ទីរពិសោធន៍​ អ្នកជំងឺ​និងទិន្នន័យ​សំខាន់ៗ​ពី​មេរោគកូរ៉ូណា​។

ដោយ​រងសម្ពាធកាន់តែខ្លាំងជុំវិញបញ្ហានេះ​ ប្រទេសចិន​បានប្រកាសថា​ មន្ត្រី​សុខាភិបាល​របស់ខ្លួន​នៅទីក្រុងប៉េកាំង​គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាមួយនស្តីពី​របាយការណ៍​របស់​អង្គការសុខភាពពិភពលោក​ក្នុង​ពេលឆាប់ៗនេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ